ដោយ ទីន ហ្សាការីយ៉ា
2020-10-18 rfa
ទិដ្ឋភាពទឹកជន់លិចផ្លូវ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
រូប៖ ក្រសួងធនធានទឹក និងឧតុនិយម
ជំនន់ទឹកភ្លៀងនៅទីក្រុងភ្នំពេញ និងខេត្តមួយចំនួន ថមថយចុះបន្តិចនៅថ្ងៃទី១៨ ខែតុលា ខណៈខេត្តជាប់ព្រំដែនថៃដូចជាខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម កំពុងរងការគំរាមកំហែងខ្លាំង។ ពលរដ្ឋជាច្រើនគ្រួសារត្រូវបានអាជ្ញាធរបន្តជម្លៀសខ្លួនចេញពីទឹកជំនន់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ឲ្យដឹងថា ខេត្តបន្ទាយមានជ័យកំពុងរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីថៃបានបើកទំនប់ទឹកបង្ហូរមកកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ស្រុក ក្រុងចំនួន ៣គឺ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។ លោក អះអាងថា មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចផងដែរ។ ទោះយ៉ាងណា លោកពុំទាន់ទទួលបានពត៌មានជាផ្លូវការនៅឡើយនោះទេ ទាក់ទិននឹងចំនួនគ្រូពេទ្យ និងអ្នកជំងឺដែលត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យនេះ៖ «រាជរដ្ឋាភិបាលបានចែកទូក ចែកកាណូតបន្ថែមទៀត ទៅដល់កងកម្លាំង និងដល់ខេត្តដែលរងផលប៉ះពាល់ទាំងអស់ហ្នឹង គឺមធ្យោបាយដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ហើយមកដល់ពេលនេះ ក៏មានការផ្តល់ជំនួយពីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែរ ដូចជាអង្គការការីតាសអី បានផ្តល់តាមរយៈគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ជូនទៅដល់ខេត្តរាជធានីដែលបានរងគ្រោះ»។
ទិដ្ឋភាពទឹកជន់លិចផ្ទះនៅភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ រូប៖ រដ្ឋបាលខេត្តមន្ទាយមានជ័យ
ទឹកជន់លិចផ្ទះនៅភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
អាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានប្រាប់កាសែតក្នុងស្រុកថា ក្រុមគ្រូពេទ្យប្រមាណ១០០នាក់ និងអ្នកជំងឺចំនួន១៣នាក់ ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេកបណ្ដោះអាសន្ន។ ដោយឡែក ពលរដ្ឋប្រមាណជាង ១០០គ្រួសារ នៅតាមតំបន់ដងអូរ និងតំបន់ទំនាប ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាពផងដែរ នៅក្រុងប៉ោយប៉ែត។
ពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ លោកស្រី ថន ធឿង ត្អូញថា ទឹកជំនន់កំពុងបន្តជន់លិចផ្ទះប្រជាពលរដ្ឋ ហើយលោកស្រីត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។ លោកស្រីបន្តថា លោកស្រីកំពុងជួបការលំបាកជាខ្លាំងក្នុងជីវភាពដោយខ្វះស្បៀងអាហារ និងបារម្ភពីសុវត្ថិភាពកូនតូចៗ របស់លោកស្រីដែលរស់នៅក្នុងខ្ទមធ្វើពីកៅស៊ូក្បែរមាត់ទឹកនោះ។ លោកស្រីបន្ថែមថា ផ្ទះលោកស្រីនៅឆ្ងាយពីផ្សារ ដែលតម្រូវឲ្យលោកស្រីត្រូវប្រើពោងជាពោះវៀនកង់ឡាន ដើម្បីទៅផ្សារដែលប្រឈមនឹងហានិភ័យជាខ្លាំង៖ «នែ! មិនថយទេ គឺទឹកកាន់តែឡើងមក ខ្ញុំនៅលើទួលបន្តិចហ្នឹង ផ្ទះសម្បែងលិចអស់ហើយ នៅតែលើទួលបន្តិច។ គេបង្ហូរពីថៃមក កន្លែងដេកលិចអស់ហើយនៅតែលើទួលធ្វើរោងដាក់កៅស៊ូហ្នឹង ដាក់គ្រែ ១ ក៏ដាក់រោងហ្នឹង។ ពិបាកពេលទៅលក់ដូរ ភ្លៀងយប់ព្រលប់ ពិបាកកន្លែង ពិបាកអីលក់។ ខ្លាចតែកូនទៅលេងទឹកលេងភក់ហ្នឹងឯង ណាមួយអត់ហូប អត់ចុកផងចេះតែព្រួយបារម្ភ»។
ដូចគ្នានេះដែរ ជំនន់ទឹកភ្លៀង នៅភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែតុលា ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងថា ជំនន់ទឹកភ្លៀងកើតឡើងសាជាថ្មី ដោយទឹកជន់លិចចូលផ្ទះប្រជាពលរដ្ឋជាង ១៤០ខ្នង និងលិចផ្លូវប្រហែល ១៤០០ម៉ែត្រ ហើយតំបន់នេះ ជាតំបន់ស្ទើរទំនាប ដែលងាយនឹងជន់ ហើយក៏ស្រកទៅវិញលឿន។
ក្រៅពីនោះ ក្រសួងធនធានទឹក និងឧតុនិយមបង្ហាញថា នៅខេត្តមួយចំនួន ដូចជាខេត្តកំពត ខេត្តកែប ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ព្រមទាំងរាជធានីភ្នំពេញជាដើមនោះ ទឹកចាប់ផ្ដើមស្រកចុះបន្តិចហើយ។
ពលរដ្ឋនៅខេត្តកំពង់ស្ពឺមួយរូបទៀតលោក ជា ហ៊ាន ឲ្យដឹងថា ទឹកនៅតំបន់មួយចំនួនក្នុងខេត្តនេះ បានស្រកចុះ ជាបណ្តើរៗ ហើយ ដោយសារអស់ទឹកពីទំនប់ដែលបាក់កាលពីកន្លងមក។ លោកបន្តថា អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះដោយសារទំនប់បាក់នោះទាន់ពេលវេលា និងបន្តចែកស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។ ទោះជាយ៉ាងណា លោកស្នើឲ្យរដ្ឋាភិបាលបន្តជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះនោះជាបន្តទៀត និងកុំមានការរើសអើងពីខាងនយោបាយលើប្រជាពលរដ្ឋដែលកំពុងរងគ្រោះ៖ «ពេលដែលឃើញថា មានទឹកជំនន់ គឺថា អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋហ្នឹង លោកបានសហការគ្នា បានផ្តល់ព័ត៌មានមកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ហើយរួមទាំងអាជ្ញាធរស្រុក ហើយឃុំ ហើយពេលនោះអាជ្ញាធរ និងកងកម្លាំង គឺបានចុះទៅដល់ភ្លាមៗ ផងដែរ។ មកដល់ថ្ងៃទី១៨ នេះ គឺមានការថយចុះ ប៉ុន្តែមេឃក៏នៅតែខ្មៅងងឹតដដែល សង្ស័យអាចថា យប់នេះអាចនឹងមានភ្លៀង ហើយបើសិនជាមានភ្លៀង អ្នកនៅតាមដងស្ទឹងព្រែកត្នោត ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ការពារទឹកបាក់មកពីខាងលើ អាចនឹងបាក់ច្រាំងស្ទឹង ដូច្នេះប្រជាពលរដ្ឋដែលនៅតាមដងស្ទឹងព្រែកត្នោតគួរតែមានការប្រុងប្រយ័ត្នខ្ពស់»។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា លោកមានការសោកស្ដាយដែលមានប្រជាពលរដ្ឋជាច្រើនត្រូវស្លាប់ដោយសារគ្រោះទឹកជំនន់ ហើយលោកមិនចង់ឃើញប្រជាពលរដ្ឋស្លាប់ដោយសារទឹកជំនន់នេះបន្តទៀតនោះទេ។ លោកបន្តថា រដ្ឋាភិបាលគួរមានវិធានការដ៏ជាក់លាក់មួយ ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាល ដោយត្រូវបង្កើនក្រុមជិះល្បាតផ្ទះប្រជាពលរដ្ឋបន្ថែម ដើម្បីតាមដាន និងសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយត្រូវរៀបចំគណៈកម្មការ ដើម្បីចុះជួយប្រជាពលរដ្ឋដោយផ្ទាល់នៅតំបន់រងគ្រោះ និងផ្គត់ផ្គង់ស្បៀងអាហារដល់ពួកគេឲ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយផងដែរ៖ «វិធានការបន្ទាន់មួយ គឺរដ្ឋាភិបាលត្រូវរៀបចំការពារសុវត្ថិភាពដោយផ្ទាល់ កុំឲ្យមានការខ្វះខាត ព្រោះអីប្រជាពលរដ្ឋគឺគាត់រងទុក្ខលំបាកដោយសារគ្រោះទឹកជំនន់ម្ដងហើយ ក៏ប៉ុន្តែប្រសិនបើអាជ្ញាធរមិនយកចិត្តទុកដាក់ នោះគាត់នឹងរងគ្រោះមួយជាន់ទៀត។ អញ្ចឹងហើយរដ្ឋាភិបាលគួរតែត្រៀមស្បៀងនៅពេលដែលទឹកជំនន់ចាប់ផ្ដើមស្រក»។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា រាជធានី-ខេត្តដែលរងផលប៉ះដោយសារទឹកជំនន់ មានចំនួន ១៩។ ចំណែក តួលេខពលរដ្ឋដែលស្លាប់ដោយទឹកជំនន់វិញ បានកើនឡើងដល់ ២៤នាក់ហើយ គិតត្រឹមថ្ងៃទី១៧ តុលា ស្របពេលពលរដ្ឋជិត ៣ម៉ឺននាក់ត្រូវជម្លៀសចេញពីលំនៅឋាន ដំណាំកសិកម្មពលរដ្ឋរាប់សែនហិកតាររងការខូចខាត ហើយហេដ្ឋារចនាសម្ព័ន្ធតូចធំជាច្រើនកន្លែងក៏ត្រូវខូចខាតដូចគ្នា។ អាជ្ញាធរបញ្ជាក់ថា ស្ថានភាពគ្រោះមហន្តរាយនេះមិនទាន់ចប់នៅឡើយទេ ដោយសារកម្ពុជានៅជួបព្យុះជាបន្តបន្ទាប់ទៀត៕
No comments:
Post a Comment