Sunday, 25 October 2020

“កម្ពុជា​មាន​ចន្លោះប្រហោង​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់ ខណៈ​មនុស្ស​ស្លាប់​កើន​ដល់ ៣៩​នាក់”


ដោយ ​មួង ណារ៉េត
2020-10-24
ស្ថានភាព​ទឹក​ជំនន់ នៅ​ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០២០។
ស្ថានភាព​ទឹក​ជំនន់ នៅ​ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០២០។
រូប​រដ្ឋបាល​ខេត្ត​បាត់ដំបង


អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា ការគ្រប់គ្រង​គ្រោះ​ទឹកជំនន់​នៅ​កម្ពុជា​ហាក់​នៅ​មាន​ចន្លោះប្រហោង​ច្រើន ខណៈ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​កើន​ឡើង​ដល់ ៣៩​នាក់​។ ពួកគេ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​សកម្មភាព​ទប់ស្កាត់​ឲ្យ​បាន​មាំទាំ​ជាង​មុន ដើម្បី​ការពារ​ប្រជាពលរដ្ឋ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ ឲ្យ​អាស៊ីសេរី​ដឹង​ថា កម្ពុជា​នៅ​មាន​ចន្លោះប្រហោង​ច្រើន ក្នុង​ការ​គ្រប់គ្រង និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​អំពី​គ្រោះ​ទឹក​ជំនន់ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ និង​បាត់បង់​ដល់​អាយុជីវិត​ជាច្រើន​នាក់​បែបនេះ។រីឯ​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​វិញ លោក​បន្ត​ថា អាជ្ញាធរ​នៅ​មាន​ភាព​ឆក​ល្វែង​ច្រើន​ដែរ ដោយសារតែ​ភព​មិន​ប្រក្រតី និង​ការ​មើល​រំលង​ជនរងគ្រោះ​។ លោក​ស្នើ​ថា កម្ពុជា​គួរតែ​មាន​ប្រព័ន្ធ​នៃ​ការ​ត្រៀម​បម្រុង​ជាមុន អំពី​របៀប​នៃ​ការចាត់ចែង​ជំនួយ ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់លាស់​ជាង​នេះ និង​ចៀសវាង​ការរើសអើង​គ្នា៖ «ហើយ​ការ​ប្រាស្រ័យ​ទាក់ទង​ផ្សេងៗ ជាពិសេស​យន្តការ​បង្ការ​នេះ វា​ត្រូវតែ​បាន​ធ្វើ​ឡើង​ឲ្យ​បាន​ម៉ត់ចត់​ជាង​នេះ រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ជាពិសេស​ប្រទេស​ដែល​ធ្លាប់​មាន​បទពិសោធន៍ ដែល​ពលរដ្ឋ​រងគ្រោះ​នោះ»។

ទោះជា​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​របប​ក្រុងភ្នំពេញ លោក ឃុន សុខា ថា ជំនួយ​មនុស្សធម៌ ដែល​មាន​អំណោយ​ផ្សេងៗ​នោះ គឺ​ចែក​ជូន​ពលរដ្ឋ​គ្រប់ៗ​គ្នា ដោយ​មិន​មាន​ការរើសអើង​នយោបាយ និង​ការប្រព្រឹត្ត​អំពើពុករលួយ​អ្វី​នោះ​ទេ៖ «ជំនួយ​មនុស្សធម៌​មួយ អ្នក​ថា​ម៉េច​ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើការ​ផ្នែក​គ្រោះ​មហន្តរាយ​នេះ ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​អនុវត្ត​ការងារ​នេះ​ច្រើន​ហើយ គឺ​យើង​អត់​ដែល​ប៉ះពាល់ មន្ត្រី​ណា​ក៏​ដោយ​គឺ​អត់​មាន​អ្នក​ទៅ​ប៉ះពាល់​ពុករលួយ​រឿង​លុយ​ជំនួយ​មនុស្សធម៌​នេះ​បាន​ទេ»។

បើ​តាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ខ្មែរ ប្រមាណ​កន្លះ​លាន​នាក់ (៤៨ ម៉ឺន)នាក់ នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ចំនួន ១៩ រង​ផល​ប៉ះពាល់ និង​ត្រូវ​ជម្លៀស ជាង ៤​ម៉ឺន ៦ ពាន់​នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រគល់​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ នា​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ប្រគល់​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ នា​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២០។ រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន


ទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​មុខ ចុះ​ចែក​អំណោយ​ថត​ផ្សាយ​តាម​ទូរទស្សន៍​ព្រោងព្រាត ក៏​ប្រជាពលរដ្ឋ​ជាច្រើន​ត្អូញត្អែរ ថា​ពួកគាត់​មិនបាន​ទទួល​ជំនួយ​អ្វី​សោះ​។ លោក វន់ ពៅ តំណាង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ភ្នំពេញ ដែល​រងគ្រោះ​ផ្ទួនៗ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ផង និង​ទឹកជំនន់​ផង​នោះ ថា កម្មករ​ដូចជា​អ្នក​រើស​អេតចាយ កម្មករ​សំណង់ អ្នក​រត់​ម៉ូតូ​កង់​បី និង​ម៉ូតូឌុប​ជាដើម រងគ្រោះ​រាប់​រយ​នាក់ ហើយ​មិនបាន​ជំនួយ​សង្គ្រោះ​បន្ទាន់​អ្វី​ទាំងអស់៖ «អ៊ីចឹង​បើ​និយាយ​ពី​រឿង​រើស​អេតចាយ​វិញ គឺ​ហ្សេរ៉ូ (សូន្យ) តែម្ដង​។ យើង​ឃើញ​ថា សម័យ​កូវីដ​-១៩ លក់​កំប៉ុង​អេតចាយ លក់​របស់របរ​អ្វី​មិន​ដាច់ គេ​មិន​ទិញ ហើយ​ឥឡូវ​គ្រោះ​ទឹកជំនន់​ទៀត វា​រឹតតែ​ធ្ងន់ធ្ងរ មិន​ដឹង​ជា​ទៅ​រើស​អេតចាយ​នៅឯណា ស្នាក់​នៅឯណា ហ្នឹង​ចំណុច​ទីមួយ ចំណុច​ទី​ពីរ​យើង​ក្រឡេក​ទៅ​មើល​អ្នក​រត់​រ៉ឺម៉ក និង​អ្នក​រត់​ម៉ូតូឌុប គឺ​ពួកគាត់​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន មានន័យថា​ត្រួត​លើ​ត្រួត​បី​ដង​ឯណោះ​។ ទីមួយ​គឺ​បញ្ហា​កូវីដ​-១៩ ទី​ពីរ​បញ្ហា​គ្រោះ​ទឹកជំនន់ ខូចខាត​សម្ភារៈ ទី​បី​ខូចខាត​រ៉ឺម៉ក​គាត់​ដែល​ជា​ស្រែ​សម្រាប់​ចិញ្ចឹមជីវិត​ក្នុង​គ្រួសារ​គាត់ ត្រូវ​បាន​ខូចខាត មិន​អាច​ប្រកបមុខរបរ​អាជីវកម្ម​បាន»។

លោក វន់ ពៅ ដង្ហោយ​រក​ជំនួយ​ពី​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ជួយ​ពួកគាត់​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​ជីវភាព ក្នុង​ស្ថានភាព​ដ៏​លំបាកលំបិន​នេះ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ដែល​អ្នកទទួលខុសត្រូវ​លើ​គោលនយោបាយ​កិច្ច​គាំពារ​សង្គម សូម​មេត្តា​ផ្ដល់​ការ​យកចិត្តទុក​ដាក់​ជូន​ទៅ​យើងខ្ញុំ ដែល​ជា​កម្មករ​ក្រៅ​ប្រព័ន្ធ នៅ​ក្នុង​ស្ថានភាព​ទឹកជំនន់ ដែល​កំពុងតែ​ញាំញី​ជីវិត និង​ជីវភាព​របស់​ពួក​យើង​ផង​។ ជាង​នេះ​ទៅ​ទៀត សូម​អំពាវនាវ​ទៅដល់​ម្ចាស់​ជំនួយ ឬ​សប្បុរសជន​ទាំងអស់ សូម​មេត្តា​ជួយ​ពួក​យើង​ជាបន្ទាន់ ដែល​កំពុង​ដង្ហោយ​ហៅ​រក​ការ​ជួយ​សង្គ្រោះ​ហើយ»។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ក្នុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​របស់​លោក បន្ទាប់​ពី​លោក​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខណ្ឌ​ទឹកថ្លា នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ក្នុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​របស់​លោក បន្ទាប់​ពី​លោក​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខណ្ឌ​ទឹកថ្លា នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា បញ្ហា​មួយ​ចំណែក​នៃ​ទឹកជំនន់​នៅ​ទីក្រុង​ភ្នំពេញ គឺ​បណ្តាល​មក​ពី​ការ​លុប​បឹង ហើយ​ពុំ​មាន​នរណា​មាន​ឥទ្ធិពល​ដែល​អាច​បញ្ឈប់​ដំណើរការ​របស់​រដ្ឋាភិបាល​បាន​នោះ​ទេ ក្នុង​គម្រោង​អភិវឌ្ឍន៍​ដោយ​ការ​លុប​បឹង​ជា​បន្តបន្ទាប់​នេះ។

ប៉ុន្តែ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល គួរ​ត្រៀម​វិធី​បង្ការ​គ្រោះ​ទឹកជំនន់ និង​ត្រូវ​ត្រៀមលក្ខណៈ​ជាមុន ក្នុង​ករណី​មាន​អាសន្ន ដែល​រួមមាន​ទាំង​ថវិកា ប្រព័ន្ធ​នៃ​ការ​ជួយ​សង្គ្រោះ ធនធានមនុស្ស​សម្រាប់​ជួយសង្គ្រោះ​ក្នុង​កាលៈទេសៈ​ដែល​មាន​គ្រោះ​ទឹកជំនន់​ធំ​ជាថ្មី រៀបចំ​ប្រព័ន្ធ​ទឹក ដើម្បី​បញ្ចៀស​ទឹកជំនន់ និង​ថវិកា​សម្រាប់​ស្តារ​ឡើង​វិញ៖ «ជា​ធម្មតា​ក្នុង​កាលៈទេសៈ​ដែល​មាន​គ្រោះអាសន្ន​ហ្នឹង គឺ​កា​រខ្វះខាត​នូវ​ទិន្នន័យ​ច្បាស់លាស់​ពី​ស្ថានភាព​ប្រជាសាស្ត្រ​។ បាន​ន័យថា ចំនួន​ប្រជាជន ឬ​ទីតាំង​របស់​ភូមិ និង​លំនៅឋាន នេះ​ជា​រឿង​សំខាន់ បើ​ខ្វះ​ទិន្នន័យ​បែបនេះ ការ​ជួយ​សង្គ្រោះ​មិន​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​ទេ ហើយ​តំបន់​ណា​ដែល​មិន​បាន​ហ្នឹង ក៏​វា​ចេះតែ​អត់​តទៅ​ទៀត»។

រីឯ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គីមអេង ថា កត្តា​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ជួប​គ្រោះ​ទឹកជំនន់​នេះ បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​ផង និង​អាជ្ញាធរ​ផង ដែល​មិនបាន​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​ជូន​ដល់​ប្រជាពលរដ្ឋ ឬ​ការ​ប៉ាន់​ប្រមាណ​ហានិភ័យ​នេះ មិន​គ្រប់​ជ្រុងជ្រោយ​។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​ត្រៀមលក្ខណៈ​ចំពោះ​ឆ្នាំក្រោយៗ​ទៀត ចំពោះ​បញ្ហា​ទឹកជំនន់​នេះ​ដែល​បាន​គំរាមកំហែង​ដល់​ប្រទេស​កម្ពុជា៖ «ព្រោះ​បញ្ហា​នេះ វា​ជា​មេរៀន​មួយ​សម្រាប់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ក្នុង​ការ​ត្រៀមលក្ខណៈ​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។ បញ្ហា​ទឹកជំនន់​នេះ ជា​កត្តា​គំរាមកំហែង​សម្រាប់​ប្រទេស​កម្ពុជា នៅ​តំបន់​លិចលង់ ជា​ហានិភ័យ»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី២៣ ខែ តុលា ថា ទឹកជំនន់​បាន​​​​​​ចាប់ផ្ដើម​ស្រប​បន្តិច​នៅ​ក្នុង​ខេត្ត​​​​​​​​​​​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ មិនទាន់​ឆ្លង​ផុត​ពី​គ្រោះ​ទឹកជំនន់​នៅឡើយ «​ទឹក​វា​ចាប់ផ្ដើម​ធូរស្រាល​ហើយ ប៉ុន្តែ​នៅ​តំបន់​មួយ​ចំនួន មិនទាន់​ឆ្លង​ផុត​​ពី​ហានិភ័យ​ទេ»។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​តុលា នេះ ទឹកជំនន់​នៅ​ទូទាំង​ប្រទេស បាន​ធ្វើ​ឲ្យ​លំនៅឋាន ជាង​១​សែន ខ្នង រង​ផល​ប៉ះពាល់ ដំណាំ​ស្រូវ​ប្រមាណ ជាង​២​សែន ៣​ម៉ឺន ហិកតារ ក៏​ប៉ះពាល់ ឯ​ដំណាំ​ជាង ១​សែន ៣​ម៉ឺន​ហិកតារ និង​ផ្លូវជាតិ និង​ផ្លូវ​ទី​រួម​ខេត្ត ប្រមាណ​ជាង ៤០០​គីឡូម៉ែត្រ បាន​ខូចខាត​ទាំងស្រុង​។​

លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា របប​របស់​លោក មាន​ប្រាក់​បម្រុង​រាប់ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​គ្រាអាសន្ន ដូច​បញ្ហា​ជំងឺ​កូវីដ​-១៩ និង​ទឹកជំនន់​នេះ​ជាដើម​។ ប៉ុន្តែ ឲ្យ​តែ​មាន​គ្រោះអាសន្ន របប​លោក​ចាប់ផ្ដើម​ពឹង​លើ​ជំនួយ​សប្បុរស​ពី​មន្ត្រី​គ្រាក់ៗ និង​ឧកញ៉ា ទៅវិញ ដែល​ប្រការ​នេះ ធ្វើ​ឲ្យ​របប​នេះ រង​ការរិះគន់ ថា​មិន​មាន​ថវិកាបម្រុង​ឯណា ដូច​ការ​អះអាង​នោះ​ទេ ប៉ុន្តែ ធ្វើ​នយោបាយ​ប្រជាភិថុតិ៕

1 comment:

Anonymous said...

By looking at Ah Runteas Banh Hun Sen's face made me so furious. This is the face of the worst evil in the world at this time.