Wednesday 28 October 2020

អ្នក​អភិរក្ស​សត្វព្រៃ​រក​ឃើញ​ថា​ សត្វព្រៃ​សំខាន់​ចំនួន ៧ប្រភេទ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា កំពុង​ថយ​ចុះ​ចំនួន


ដោយ សន ចាន់រដ្ឋា
2020-10-27
សត្វ​ទន្សោង ដែល​អ្នក​អភិរក្ស​សត្វព្រៃ នៃ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី ក្នុង​ឆ្នាំ២០២០។ រូប៖ WCS
សត្វ​ទន្សោង ដែល​អ្នក​អភិរក្ស​សត្វព្រៃ នៃ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី ក្នុង​ឆ្នាំ២០២០។ រូប៖ WCS
Photo: RFA


អ្នក​អភិរក្ស​សត្វព្រៃ នៃ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា រក​ឃើញ​ថា​សត្វព្រៃ​សំខាន់​ចំនួន ៧ប្រភេទ កំពុង​ថយ​ចុះ​ចំនួន នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដែល​លាត​សន្ធឹង​ពី​ខេត្ត​មណ្ឌលគិរី ដល់​ខេត្ត​ក្រចេះ។

ការ​រក​ឃើញ​នេះ បាន​បង្ហាញ​ឡើង​តាម​រយៈ​របាយការណ៍ ដែល​ក្រុម​អ្នក​អភិរក្ស​នៃ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា និង​ស្ថាប័ន​ដៃគូ បាន​ប្រមូល​ទិន្នន័យ​តាម​បែប​វិទ្យាសាស្ត្រ អស់​រយៈ​ពេល ដប់​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ២០២០។ របាយការណ៍​នេះ ក្រុម​អ្នក​អភិរក្ស​បាន ប្រមូល​ទិន្នន័យ​សត្វព្រៃ​សំខាន់ៗ ចំនួន ១៣ ប្រភេទ។

សត្វ​ទាំង ៧ប្រភេទដែលកំពុងថយចុះចំនួននោះ មាន​ដូច​ជា សត្វ​ស្វា​ព្រាម សត្វ​ស្វា​អង្គត់ សត្វ​ឈ្លូស សត្វ​ទន្សោង សត្វ​ខ្ទីង សត្វ​រមាំង និង​សត្វ​ប្រើស។ បន្ថែម​ពី​លើ​នេះ របាយការណ៍​បាន​បញ្ជាក់​ថា សត្វ​ឈ្លូស ជា​ប្រភេទ​សត្វ​ដែល​ប្រឈម នឹង​ការ​បរបាញ់ ដូច្នេះ​ចំនួន​របស់​វា​បាន​ថយ​ចុះ ៥០ភាគ​រយ។ ចំណែក​សត្វ​រមាំង សត្វ​ប្រើស សត្វ​ទន្សោង និង​សត្វ​ខ្ទីង គឺ​មាន​ចំនួន​ទាប​បំផុត ដែល​ក្រុម​អ្នក​អភិរក្ស​បារម្ភ​ថា អាច​នឹង​ពិបាក​គណនា​ចំនួន​របស់​វា នៅ​ថ្ងៃ​អនាគត។


ប្រធាន​ក្រុម​ផ្នែក​អង្កេត​សត្វ​ព្រៃ របស់​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា លោក សូត្រ វ៉ាន់ឌឿន មានប្រសាសន៍ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​សមាគម​ថា ទិន្នន័យ​ដែល​ប្រមូល​បាន​នេះ គឺ​អាច​ជឿជាក់​បាន ដោយសារ​សមាជិក​ស្រាវជ្រាវ​បាន​ប្រមូល​ទិន្នន័យ​ទាំង​នេះ ដោយ​ដើរ​ថ្មើរជើង។ ក្នុង​រយៈ​ពេល​ធ្វើ​ការ​ប្រមូល​ទិន្នន័យ​នេះ ពួក​គេ​បាន​ដើរ​ចម្ងាយ​សរុប​ជាង ប្រាំ​បួន​ពាន់​គីឡូម៉ែត្រ (៩.៤៦០គ.ម)។

ទោះ​យ៉ាង​ណា ក្រុម​អ្នក​អភិរក្ស​ក៏​បាន​សម្ដែង​ក្ដី​រីករាយ​របស់​ខ្លួន ទាក់ទង​នឹង​ការ​កើន​ឡើង និង​រក្សា​ចំនួន​បាន​ឋិតថេរ នៃ​ចំនួន​សត្វ​សំខាន់ ៦ផ្សេងទៀត ដូចជា សត្វ​ស្វា​កន្ទុយ​ស សត្វ​ទោច​ថ្ពាល់​លឿង សត្វ​ស្វា​ក្ដាម សត្វ​ស្វាត្រោស សត្វ​ក្ងោក និង​សត្វ​ជ្រូក​ព្រៃ។

អ្នក​វិភាគ​ទិន្នន័យ និង​ជា​ទីប្រឹក្សា​បច្ចេកទេស របស់​សមាគម​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា លោក អូលី ហ្គ្រីហ្វ៊ីន (Olly Griffin) និយាយ​ថា លទ្ធផល​វិជ្ជមាន​មួយ​ចំនួន គឺ​ជា​កិច្ច​ខិតខំ​របស់​ក្រុម​អ្នក​អភិរក្ស ដែល​បាន​ថែរក្សា និង​ការពារ ពពួក​សត្វ ស្វា និង​សត្វ​ក្ងោក ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ ឱ្យ​កើន​ចំនួន​មក​វិញ​បាន។ ប៉ុន្តែ លទ្ធផល​ស្រាវជ្រាវ​នេះ ក៏​បង្ហាញ​ពី​ទំហំ​នៃ​ការ​គំរាម​កំហែង ចំពោះ​ជីវិត​សត្វ​ព្រៃ​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

របាយការណ៍​ស្រាវជ្រាវ ក៏​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន ដែល​អាច​គំរាម​កំហែង​ដល់​ជីវចម្រុះ ជាពិសេស​ពូជ​សត្វ​ដែល​កំពុង​រស់នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​ផង​ដែរ ក្នុង​នោះ​មាន​ដូចជា ការ​បើក​តំបន់​រុករក​រ៉ែ នៅ​ក្នុង​តំបន់ ព្រែក​ខ្លុង និង អូរ​ខ្ទង់ ក្នុង​ខេត្ត​មណ្ឌលគិរី  ការ​សម្បទាន​ទេសចរណ៍ ការ​កាប់​ឆ្ការ​ព្រៃ​ដោយ​ខុសច្បាប់ ការ​ប្រើប្រាស់​កាំភ្លើង​កែច្នៃ និង​ការ​ប្រើប្រាស់​សត្វ​ឆ្កែ​ប្រមាញ់។

ដែន​ជម្រក​សត្វព្រៃ​កែវសីមា មាន​ចំនួន​ជីវៈចម្រុះ​ច្រើន​ជាង​គេ​បំផុត បើ​ប្រៀបធៀប​នឹង​តំបន់​ការពារ​ធម្មជាតិ​ផ្សេង​ទៀត​នៅ​កម្ពុជា។ ដែន​ជម្រក​សត្វព្រៃ ដែល​មាន​ទំហំ​ជិត បី​សែន​ហិកតារ​នេះ (២៩២.៦៩០) ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឱ្យ​ក្រសួង​បរិស្ថាន​គ្រប់គ្រង កាល​ពី​ខែ ឧសភា ឆ្នាំ២០១៦៕

No comments: