Wednesday, 14 October 2020

តុលាការ​ក្រុងភ្នំពេញ ​សាកសួរ​យុវជន​ជាប់ឃុំ​ពីរ​នាក់​ជុំវិញ​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម


ដោយ វ៉ែន សុមេធ
2020-10-13
កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា (ឆ្វេង) យុវជន​ខ្មែរ​ថាវរៈ និង​លោក មួង សុភ័ក្ត្រ យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។
កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា (ឆ្វេង) យុវជន​ខ្មែរ​ថាវរៈ និង​លោក មួង សុភ័ក្ត្រ យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។
រូប៖ ពលរដ្ឋ



តុលាការ​ក្រុងភ្នំពេញ ​សាកសួរ​យុវជន​ជាប់ឃុំ​ពីរ​នាក់ ​គឺ​កញ្ញា ​សូ​ មេត្តា​ និង ​លោក ​មួង ​សុភ័ក្ត្រ អំពី​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ទាមទារ​យុត្តិធម៌​សង្គម​កន្លងមក។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ​តុលាការ​គួរតែ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ​និង​ដោះ​លែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ព្រោះ សកម្មភាព​ពួកគេ​ ពុំបាន​ល្មើស​ច្បាប់​នោះ​ទេ។

មន្ត្រីពន្ធនាគារព្រៃស​ នាំ​ខ្លួន​យុវជន​ខ្មែរ​ថាវរៈ ​កញ្ញា ​អេង ​ម៉ាឡៃ ​ហៅ​សូ​ មេត្តា ​និង​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក​ មួង សុភ័ក្ត្រ ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ​ខែតុលា​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​ឲ្យ​បង្ក​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។

មេធាវីការពារ​ក្តី​ឲ្យ​យុវជន​ទាំង​ពីរ​នាក់​ គឺ​លោក​ សំ ​ចំរើន​ ប្រាប់​អាស៊ី​សេរី​ថា​ ចៅក្រម​ស៊ើបសួរ ​បាន​សួរនាំ​កូន​ក្តី​របស់​លោក​​ទាំង​ពីរ​នាក់​ជាច្រើន​ចំណុច​ចាប់តាំង​ពី​ដំណាក់​កាល​ចូលរួម​សកម្មភាព​ការ​ងារ​សង្គម​ជាមួយ​សមាគម​របស់​ពួក​គេ​រៀងៗ ខ្លួន​ រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន ​ក្រោយ​ពេល​ពួក​គេ ​បាន​ព្យាយាម​ចូល​ប្រមូល​ផ្តុំ​គ្នា​សម្ដែង​មតិ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មេធាវី ​សំ​ ចំរើន ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​នីតិវិធី​របស់​តុលាការ​នោះ​ទេ ​ដោយ​ទុក​ឲ្យ​មហាជន​ជា​អ្នក​វាយ​តម្លៃ​ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​លោក ​បាន​ប្ដឹង​ជំទាស់​ចំពោះ​ការ​ឃុំ​ខ្លួន​យុវជន​ទាំង​ពីរ​ទៅ​សាលាឧទ្ធរណ៍​រួចហើយ ​ដើម្បីឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ពិនិត្យ​និង​ដោះលែង​កូន​ក្តី​របស់​លោក​វិញ។


ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​ត្រូវ​ជា​បង​ប្រុស​បង្កើត​យុវជន ​មួង ​សុភ័ក្ត្រ​ គឺ​ លោក ​មួង ​សូនី ​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​ប្អូន​ប្រុស​របស់​លោក​ និង​យុវជន​ផ្សេងទៀត​មិនមែន​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ​គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ ដែល​ពិបាក​សង្ឃឹម​ទទួល​បាន​យុត្តិធម៌។ លោក ​អះ​អាង​ថា ​យុវជន ​មួង​ សុភ័ក្ត្រ​ និង​យុវជន​ដទៃ​ទៀត​ គ្រាន់តែ​ចូលរួម​សកម្មភាព​តស៊ូ​មតិ​អហិង្សា​ ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ​ការ​គោរព​សិទ្ធិមនុស្ស ​ដូច្នេះ​សកម្មភាព​របស់​ពួកគេ​ គ្មាន​ចំណុច​ណា​ដែល​ចាត់​ចូល​ក្នុង​អំពើ​ល្មើស​ច្បាប់​នោះ​ទេ៖ «ការ​ចាប់​ខ្លួន​យុវជន​ដែល​តវ៉ា​មួយ​ចំនួន​ធំ​នេះ យើង​ឃើញ​ថា មាន​គោល​បំណង​ឲ្យ​ឈប់​មាន​ការ​តវ៉ា ឬ​ក៏​គំរាម​កំហែង​អ្នក​ដទៃ​ទៀត កុំ​ឲ្យ​មក​តវ៉ា​ដែរ ហើយ​ខ្ញុំ​ចាត់​ទុក​ថា វា​ជា​រឿង​នយោបាយ»។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​កញ្ញា សូ មេត្តា កាល​ពី​ព្រលប់​ថ្ងៃ​ទី៧ ខែ​កញ្ញា ហើយ​បន្ទាប់​មក អាជ្ញាធរ បាន​បន្ត​តាម​ចាប់​ខ្លួន​យុវជន មួង សុភ័ក្ត្រ នៅ​ថ្ងៃ​ទី១០ ខែកញ្ញា បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់​ស្ថិត​ក្នុង​ចំណោម​យុវជន​ដទៃ​ទៀត​ បាន​ព្យាយាម​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាមទារ​យុត្តិ​ធម៌​សង្គម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១៥ ខែកញ្ញា។ យុវជន​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន ​ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម”។

អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក ​ស៊ឹង ​សែនករុណា ​មានប្រសាសន៍ថា ចំណាត់​ការ​របស់​អាជ្ញាធរ ​និងតុលាការ​លើ​ក្រុម​យុវជន​សង្គមទាំងនេះ ​ហាក់​មិនមែន​ជាការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​នោះទេ។ លោក ​មើល​ឃើញ​ថា ​សកម្មភាព​របស់​យុវជន​ទាំងនេះ​ ធ្វើឡើង​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ ដូច្នេះតុលាការ ​គួរទម្លាក់​ចោល​ការចោទប្រកាន់​ និង​ដោះលែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព​វិញ​ ដើម្បី​បញ្ជៀស​ទណ្ឌកម្មផ្សេងៗ ខណៈ​សហគមន៍​អន្តរជាតិ ​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​អំពី​ការ​វិត្តន៍​ចុង​ក្រោយដ៏អាក្រក់​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ការចាត់​វិធានការ​របស់​សមត្ថកិច្ចឬក៏តុលាការទៅលើអ្នកទាំងអស់នេះ គឺជាវិធានការ​មួយ ដែល​មិន​គោរពទៅលើសិទ្ធិរបស់ពួកគាត់ ហើយ ជា​ការ​រឹតត្បិត​សេរីភាពក្នុង​ការជួបជុំ និងការសម្តែងមតិរបស់ពួកគាត់ក្នុងនាមជាពលរដ្ឋរស់នៅក្នុងប្រទេស​កម្ពុជា ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ។ ប្រសិនបើតុលាការ  បានធ្វើការស្រាវជ្រាវ ឬ​ក៏​រក​មិន​ឃើញ ឬ​ក៏​យ៉ាង​ណា​នោះ សូម​ឲ្យមានការពិនិត្យ និង​ពិចារណា​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ»។

គិត​ចាប់​ពី​ចុងខែកក្កដា​ រហូត​ដល់​ថ្ងៃទី១៣ ខែតុលា ​អាជ្ញាធររបបក្រុ​ងភ្នំពេញ​​បាន​ចាប់ខ្លួនក្រុម​​​ស​កម្ម​ជន អ្នក​នយោបាយ និង​យុវជន​​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់កើន​ឡើង​ដល់ជាង២០នាក់​ហើយ​។ ដើមហេតុនៃ​ការ​ចាប់​ខ្លួន​នោះ គឺពាក់​ព័ន្ធ​នឹង​ការ​​រិះគន់​រឿង​​ព្រំដែន ​ការបញ្ចេញ​មតិរឿង​នយោបាយ​និង​សង្គម​ ការ​ធ្វើ​សកម្មភាពការងារ​បរិស្ថាន​ ការ​តវ៉ា​ទាម​ទារ​ឱ្យ​ដោះលែង​លោក​ រ៉ុង​ ឈុន ​ និង​គម្រោង​​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធីទាមទារ​យុត្តិ​ធម៌សង្គម ​នៅទីលានប្រជាធិបតេយ្យ​ជាដើម។ ​​តុលាការ​​បាន​ចោទ​ប្រកាន់​ពួក​គេពីបទ​ “ញុះញង់ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងនធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី៦ ខែ​ដល់​២ ឆ្នាំ។

ក្រុមអង្គការជាតិ​ និងអន្តរជាតិ ​រួមទាំងក្រុម​ប្រទេសប្រជាធិបតេយ្យធំៗ ​ចេញ​សេចក្តីថ្លែងការណ៍​ជាបន្ត​បន្ទាប់​ និងបង្ហាញ​ជំហរស្របគ្នា​ទាមទារឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ស្តារលទ្ធិប្រជា​ធិបតេយ្យ​និង​ការ គោព​សិទ្ធិ​មនុស្សឡើងវិញ ​ដោយបញ្ឈប់​ទង្វើរារាំង​ចំពោះ​ការតវ៉ា​ដោយសន្តិវិធី​ហើយ​ត្រូវដោះ​លែង​សកម្មជន និង​យុវជនទាំងឡាយ​ដែលត្រូវបាន​ចាប់​ខ្លួនទាំង​បំពាន​ច្បាប់នោះ ​ឲ្យមានសេរីភាព​ឡើងវិញ៕

No comments: