This disgraceful silencing tactic against Cambodians in exile and residents abroad is the Hun Sen regime's determination to extend its iron-grip control over Khmer people and individuals well beyond the country's borders. Opposition MP Mu Sochua's speech last year in Malaysia was rudely interrupted by the regime's in-country ambassador - Hor Nam Bora - on the same pretext, threatening her with immediate arrest unless she aborted her press conference there and then. Cambodian police were at the same hotel - she was informed!
This CPP regime not only brings shame and disgrace to Cambodia and the Cambodian people but also to the world community by its mere presence at any UN forum. That only representatives of Russia, China, Venezuela and such pariah states gave their voice to the Cambodian regime's attack upon free speech speaks volumes...
🔺🔺🔺
ដោយ មាន ឫទ្ធិ
2020-10-02
សកម្មជនសិទ្ធិមនុស្ស ព្រះអង្គ លួន សុវ៉ាត ថ្លៃងការណីក្នុងកិច្ចប្រជុំប្រឹក្សាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅឯទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
Photo courtesy
អ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នកការពារសិទ្ធិមនុស្ស រិះគន់ឥរិយាបថរបស់តំណាងរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាមរារាំងមិនឲ្យព្រះសង្ឃ លួន សុវ៉ាត ថ្លែងការណ៍នៅ ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជុំវិញបញ្ហាសិទ្ធិមនុស្សរបស់កម្ពុជា នៅឯទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)។ ពួកគេថា ទង្វើនេះ ធ្វើឲ្យកម្ពុជារឹតតែអាម៉ាស់ និងរឹតតែធ្វើឲ្យអន្តរជាតិដឹងពីហេតុផលពិតប្រាកដនៃអំពើរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី ថា ឥរិយាបថរបស់តំណាងកម្ពុជានៅឯសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបែបនេះ គឺជាការភ្លេចគិតពីគុណធម៌ ហើយធ្វើឲ្យមុខមាត់កម្ពុជារឹតតែអាក្រក់នៅលើឆាកអន្តរជាតិ។ លោកបន្តថា ការធ្វើដូច្នេះ នឹងធ្វើឲ្យប្រទេសដទៃអស់សំណើច ហើយរឹតតែកត់សម្គាល់អំពីបញ្ហារំលោភសិទ្ធិមនុស្សដែលកំពុងកើតមានឡើងពិតប្រាកដនៅកម្ពុជា៖ «ពេលខ្លះទង្វើទាំងឡាយណាដែលយើងភ្លេចគិតអំពីថា តើខ្លួនយើងជាមន្ត្រីរបស់រដ្ឋ ហើយយើងគឺជាអ្នកការពារនូវកិត្តិយសជាតំណាងរបស់ប្រទេសមួយ កាលណាយើងធ្វើឲ្យមានភាពមិនល្អមើលនៅក្នុងប្រទេសគេ នោះវាខូចកិត្តិយសខ្មែរទាំងអស់គ្នា...។ ហើយមួយទៀត ជួនកាលទង្វើរបស់យើងដែលធ្វើនៅទីនោះ កាលណាគេមើលឃើញទៅ នោះគេអាចដឹងបានថា តើនៅក្នុងប្រទេសមានរឿងអីកើតឡើង បានជាមានការប្រទូស្តប្រទាំងគ្នាបែបហ្នឹង»។
ការរិះគន់បែបនេះ ក្រោយពីតំណាងរដ្ឋាភិបាលកម្ពុជា លោក អាន សុខឃឿន បានព្យាយាមថ្លែងការពារថា នៅកម្ពុជាគ្មានការរំលោភសិទ្ធិមនុស្ស ហើយថា កម្ពុជាកំពុងលើកកម្ពស់សុខសន្តិភាព និងសេរីភាពនៃការបញ្ចេញមតិ។ ថ្លែងបែបនេះមិនទាន់ផុតពីមាត់ស្រួលបួលផង លោកបានព្យាយាមរារាំងមិនឲ្យព្រះអង្គ លួន សុវ៉ាត ដែលទទួលបានភាពជាតំណាងស្របច្បាប់ឲ្យអង្គការសង្គមស៊ីវិលអន្តរជាតិមួយឈ្មោះអង្គការពិភពលោកប្រឆាំងនឹងអំពើទារុណកម្ម (World Organization Against Torture) អាចថ្លែងការណ៍បញ្ចេញមតិបាន។ ការប៉ុនប៉ងរបស់លោក អាន សុខឃឿន បែបនេះ ធ្វើឡើងមិនតិចជាង ៤ដងនោះទេ ដោយមានការគាំទ្រពីក្រុមប្រទេសប្លុកកុម្មុយនិស្ត ដូចជាមហាមិត្តចិន រុស្ស៊ី និងវៀតណាមជាដើម។ ក៏ប៉ុន្តែ ឥរិយាបថរបស់តំណាងកម្ពុជារូបនេះ បានត្រឹមតែទទួលនូវភាពបរាជ័យ ហើយរងនូវការរិះគន់ពីក្រុមប្រទេសលោកខាងលិច ដោយទីបំផុតទៅព្រះអង្គ លួន សុវ៉ាត នៅតែអាចថ្លែងការណ៍អំពីស្ថានភាពពិតនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជាបានដដែល។ ព្រះអង្គ លួន សុវ៉ាត បានថ្លែងការណ៍ថា ព្រះអង្គចាំបាច់ត្រូវតែភៀសព្រះកាយចេញពីកម្ពុជា ដោយសារតែសកម្មភាពការពារសិទ្ធិមនុស្សអស់រយៈពេលជាង ១១ឆ្នាំរបស់ព្រះអង្គ។ ព្រះអង្គបន្តថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្នកាន់តែអាក្រក់ខ្លាំងដោយសារតែការសម្លាប់ប្រជាធិបតេយ្យ គ្មានការបោះឆ្នោតដោយសេរី គ្មានសេរីភាពនៃការបញ្ចេញមតិ និងប្រមូលផ្តុំ។ ព្រះអង្គអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយទាមទារឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវតម្រូវឲ្យកម្ពុជាចេញមុខទទួលខុសត្រូវចំពោះទង្វើរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន។
តំណាងរដ្ឋាភិបាលកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ លោក អាន សុខឃឿន ថ្លៃងក្នុងកិច្ចប្រជុំប្រឹក្សាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅឯទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។ Photo Screenshot of UN WebTV
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់អាស៊ីសេរី ថា តំណាងកម្ពុជាធ្វើបែបនេះ ជារឿងត្រឹមត្រូវដើម្បីការពារមុខមាត់ប្រទេសជាតិ មិនឲ្យមានការរិះគន់លើរូបភាពអាក្រក់របស់ប្រទេសជាតិ ពីអ្វីមួយដែលលោកហៅថាជា «ក្រុម ឬ បុគ្គលបង្កបញ្ហា» មួយចំនួន៖ «ជារឿងមួយធម្មតាទេ ដែលយើងចង់បានភាពត្រឹមត្រូវ និងកិត្តិយសរបស់ប្រទេស។ យើងចង់បានភាពត្រឹមត្រូវសម្រាប់ប្រយោជន៍ជាតិ យើងមិនមែនទៅគិតតែប្រយោជន៍ក្រុមខ្លួន បុគ្គលខ្លួន ហើយធ្វើឲ្យខូចប្រយោជន៍ជាតិទេ។ អ៊ីចឹងហើយ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីប្រយោជន៍ជាតិ ប្រយោជន៍មាតុភូមិ តំណាងកម្ពុជាត្រូវតែតស៊ូ ត្រូវតែអនុវត្តទៅតាមវិធានការណ៍ ទៅតាមសេចក្ដីណែនាំ ដើម្បីជាមុខមាត់នៃប្រទេសជាតិ មិនឲ្យបុគ្គលមួយចំនួនក្លែងខ្លួន ឬមួយក៏តំណាងមិនស្របច្បាប់ណាមួយចូលទៅបង្កបញ្ហា ឬក៏លាបពណ៌ឲ្យមានរូបភាពអាក្រក់ចំពោះប្រទេសជាតិនោះទេ»។
យ៉ាងណា សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ហៅទង្វើរបស់តំណាងកម្ពុជាថា ជារឿងមួយ «មិនសមរម្យ» ដែលរឹតតែធ្វើឲ្យប្រទេសពាក់ព័ន្ធកត់សម្គាល់បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជាកាន់តែខ្លាំង៖ «តំណាងដែលគាត់ធ្វើហ្នឹងប្រហែលជាវាមិនសូវសមរម្យនៅចំពោះមុខអង្គប្រជុំ។ ប៉ុន្តែ វាគ្រាន់តែជាមធ្យោបាយមួយដើម្បីការពារនូវរដ្ឋាភិបាល។ តែបើសិនជាយើងមើលឥរិយាបថហ្នឹង វាអាចនាំឲ្យមានការរិះគន់ថា ជាឥរិយាបថមិនសូវល្អដែរ ពីព្រោះការប្រជុំ យើងមានវិធីសាស្ត្រច្រើនដើម្បីបកស្រាយ ឬពន្យល់នូវហេតុផល។ ដូច្នេះ មិនចាំបាច់អីទៅបង្ហាញនូវឥរិយាបថដែលធ្វើឲ្យមានការកត់សម្គាល់អីនោះទេ»។
ដូចគ្នានេះដែរ អ្នកការពារសិទ្ធិមនុស្សមួយរូបទៀត និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ទង្វើរបស់តំណាងកម្ពុជាបែបនេះ បង្ហាញឲ្យអន្តរជាតិឃើញកាន់តែច្បាស់ថា កម្ពុជាមិនត្រឹមតែរំលោភសិទ្ធិមនុស្សរបស់ពលរដ្ឋខ្លួនឯង នៅក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងទៅលើពលរដ្ឋខ្លួននៅលើឆាកអន្តរជាតិទៀតផង៖ «ឥរិយាបថនេះកាន់តែបង្ហាញឲ្យកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែរំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋឯងនៅក្នុងប្រទេសទេ ទៅក្រៅប្រទេសហើយនៅចំពោះមុខបណ្ដាប្រទេសលោកសេរីដែលគេកំពុងតែស្ដាប់ថ្លែងសាររបស់ព្រះអង្គហ្នឹង គឺគេកាន់តែយល់កាន់តែច្បាស់ថា ការរឹតត្បិតសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា គឺជាការរឹតត្បិតដែលកាន់តែមានស្ថានភាពធ្ងន់ធ្ងរឡើងទៀត»។
លោក ស៊ឹង សែនករុណា បន្តថា ការណ៍ដែលព្រះអង្គ លួន សុវ៉ាត នៅតែអាចថ្លែងការណ៍បាន បញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានការជឿជាក់លើព្រះអង្គ ជាជាងជឿជាក់លើតំណាងកម្ពុជា។
រីឯ អ្នកសិក្សាបញ្ហាសង្គម និងនយោបាយមួយរូបទៀត គឺបណ្ឌិត សេង សារី យល់ឃើញថា ល្មមដល់ពេលវេលាហើយដែលកម្ពុជាគួរផ្លាស់ប្ដូរវិធីសាស្ត្រនៃការឆ្លើយតបក្នុងរឿងរំលោភសិទ្ធិមនុស្សនេះ ព្រោះថា បើមិនដូច្នោះទេ នឹងរឹតតែធ្វើឲ្យកម្ពុជារងនូវភាពអាម៉ាស់កាន់តែខ្លាំងលើឆាកអន្តរជាតិ៖ «ខ្ញុំមិនព្យាយាមបង្ហាញអំពីរឿងរ៉ាវបញ្ហាដែលកើតឡើងហ្នឹងទៀតទេ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់នោះគឺ វាល្មមដល់ពេលវេលាដែលរដ្ឋាភិបាលផ្លាស់ប្ដូរនៅវិធីសាស្ត្រនៅក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ បើសិនជាក្នុងករណីនៅតែបន្តប្រើវិធីសាស្ត្រដដែលៗ បែបនេះទេ អ្វីដែលកម្ពុជាទទួលបាន គឺមានតែភាពអាម៉ាស់នៅក្នុងកម្រិតអន្តរជាតិទេ...។ នៅពេលដែលស្ថានភាពមិនប្រែប្រួល ហើយរបៀបរបបនៅក្នុងការធ្វើការទាក់ទងទៅនឹងការធ្វើឲ្យប្រសើរឡើងអំពីសិទ្ធិមនុស្សនៅកម្ពុជា លទ្ធផលគឺវាមិនខុសពីមុនទេ គឺវាកាន់តែធ្វើឲ្យស្ថានភាពកាន់តែលំបាកជាងមុន ហើយអ្វីដែលសំខាន់ហ្នឹងគឺភាពអាម៉ាស់ហ្នឹង ក៏រឹតតែអាម៉ាស់ជាងមុនទៅទៀត»។
នៅឯសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះ ក្រៅពីប្រទេសប្លុកកុម្មុយនិស្តដែលបានចេញមុខមកគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ស្របពេលដែលប្រទេសទាំងនោះគ្មានការគោរពសិទ្ធិមនុស្សផងនោះ គ្មានប្រទេសប្រជាធិបតេយ្យ ឬប្រទេសលោកសេរីណាមួយជឿជាក់ថា គ្មានករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជានោះទេ។ ពួកគេសុទ្ធតែយល់ស្រប និងបញ្ជាក់ជំហរស្រដៀងគ្នា ដូចតាមរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដូច្នោះដែរ ដែលថា សិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយ នៅតែរងការរឹតត្បិត តាមរយៈការបន្តចាប់ចង និងឃុំខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស និងបរិស្ថានជាដើម។ ពួកគេនៅតែទាមទារឲ្យដោះលែងសកម្មជនទាំងនោះ រួមទាំងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផង និងធ្វើយ៉ាងណាស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕
1 comment:
Thank You Venerable Luon Savath for all of your efforts to help Khmer people and Cambodia.
Post a Comment