ដោយ ហេង រស្មី
2020-10-10
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ក្នុងជំនួបនាប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។
Photo courtesy of Hun Sen Facebook page
ប្រមុខការទូតចិននឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ធ្វើឡើងចំពេលកម្ពុជា និងអាមេរិក កំពុងមានភាពរកាំរកូស ជាពិសេសក្នុងទំនាក់ទំនងលើវិស័យយោធា។ អ្នកសង្កេតការណ៍ជំរុញឱ្យរបបក្រុងភ្នំពេញរក្សាអព្យាក្រឹតភាពរបស់ខ្លួនក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាច ដើម្បីកុំឱ្យកម្ពុជាក្លាយជាសមរភូមិនៃការប្រជែងគ្នារវាងប្រទេសមហាអំណាច ដូចក្នុងអតីតកាល។
ក្នុងដំណើរមកកាន់ដែនដីអាស៊ីអាគ្នេយ៍រយៈពេល ៥ថ្ងៃ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជ្រើសរើសយកកម្ពុជាជាប្រទេសដំបូងគេ ដែលលោកត្រូវមកបំពេញទស្សនកិច្ច។ លោកគ្រោងចំណាយពេលពីរថ្ងៃនៅកម្ពុជា គឺថ្ងៃទី១១ និងទី១២ ខែតុលា មុននឹងបន្តដំណើរទៅប្រទេសម៉ាឡេស៊ី ឡាវ ថៃ ហើយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៥ តុលា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី មិនមានគម្រោងទៅប្រទេសវៀតណាម និងហ្វីលីពីន ដែលកំពុងមានទំនាស់ស្រួចស្រាល់ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។
កាសែត គ្លូបល ថាមស៍ (Global Times) ដែលដើរតាមមាគ៌ានយោបាយរបស់បក្សកុម្មុយនិស្តចិន ផ្សាយថា ការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតចិនរូបនេះ គឺដើម្បីរឹតចំណងទាក់ទងកាន់តែស្អិតរមួតរវាងចិន និងប្រទេសសមាជិកអាស៊ាន។ កាសែតដដែលនេះសង្កត់ធ្ងន់ថា ទស្សនកិច្ចនេះ គឺនៅចំពេលសហរដ្ឋអាមេរិកកំពុងបង្កើតរឿងមិនទុកចិត្តគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង និងបំផុសគំនិតប្រឆាំងចិននៅក្នុងតំបន់។
ដោយឡែក ចំពោះករណីកម្ពុជាវិញ ក្រសួងការបរទេសកម្ពុជាអះអាងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ តុលាថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី លើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសាកលនៃជំងឺកូវីដ-១៩។ ជាពិសេស ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងឯកសារមួយចំនួនទៀត។
អ្នកតាមដានស្ថានការណ៍នយោបាយ និងជាអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា ទិសដៅសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនមកកម្ពុជានេះ មិនមែន ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ ព្រោះកិច្ចការនេះបានដំណើរការយ៉ាងរលូនរួចទៅហើយ។ លោកជឿថា មន្ត្រីជាន់ខ្ពស់ចិនមកកម្ពុជាពេលនេះ គឺដើម្បីបង្ហាញថា ប៉េកាំងនៅតែជាបង្អែកដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា ខណៈសហរដ្ឋអាមេរិកបានបង្ហាញការខកចិត្តជាខ្លាំង ចំពោះទង្វើរបស់អាជ្ញាធរកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ៖ «រដ្ឋាភិបាលកម្ពុជាចាប់ចងយុវជនជាច្រើននាក់ថ្មីៗហ្នឹង យើងឃើញថា ចិនបានថ្លែងនៅក្នុងអង្គការសហប្រជាជាតិហ្នឹង គឺគាំទ្រកម្ពុជាយ៉ាងពេញទំហឹងចំពោះការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាហ្នឹង។ អ៊ីចឹងជារួមមក ដំណើរទស្សនកិច្ចនេះ គឺជាការបញ្ជាក់ជំហររបស់ចិនទៅកាន់រដ្ឋាភិបាលខ្មែរថា ចិននឹងនៅពីក្រោយគ្រប់កាលៈទេសៈ ហើយកម្ពុជាមិនគួរព្រួយបារម្ភទៅនឹងសម្ពាធអន្តរជាតិ ឬក៏ប្រតិកម្មរបស់ប្រទេសសេរីហ្នឹងទេ»។
រឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ តាមការពិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា លោកនឹងទៅចុះហត្ថលេខានៅទីក្រុងប៉េកាំងឯណោះទេ។ ចំណែក លោក ហោ ណាំហុង ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងកម្ពុជា-ចិនវិញ ក៏ធ្លាប់អះអាងដែរថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខា មុនថ្ងៃទី១២ សីហា ពោលគឺមុនសហភាពអឺរ៉ុបប្រកាសដកហូតការអនុគ្រោះពន្ធ EBA ចំនួន ២០% ជាផ្លូវការ ដើម្បីជាសារប្រាប់ទៅសហភាពអឺរ៉ុបថា កម្ពុជាមានជម្រើសទីផ្សារធំ ក្រៅពីអឺរ៉ុប។
ទោះជាយ៉ាងណា ផែនការទាំងនេះមិនបានដំណើរការដូចការគ្រោងទុកឡើយ ហើយរបបលោក ហ៊ុន សែន បានរក្សាភាពស្ងប់ស្ងាត់ រហូតទាល់តែដល់ថ្ងៃទី៩ តុលា ទើបប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នឹងត្រូវបានចុះហត្ថលេខា អំឡុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជា។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺរឿងនេះដែរ តែលោកមិនលើកទូរស័ព្ទ ចំណែកអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ក៏មិនទទួលទូរស័ព្ទដូចគ្នា នៅថ្ងៃទី១០ តុលា។
ដំណើរមកកាន់កម្ពុជារបស់លោក វ៉ាង យី នៅពេលនេះ គឺនៅក្រោយពេលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនចិន យូឌីជី (UDG) ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយនៅកម្ពុជា។ ក្រុមហ៊ុនចិន UDG រងការសង្ស័យថា កំពុងអនុវត្តគម្រោងការសម្ងាត់ឲ្យរដ្ឋអំណាច និងយោធាបក្សកុម្មុយនិស្តចិន ដើម្បីបម្រើឲ្យគោលដៅយោធារបស់ចិន។ នៅតំបន់តារាសាគរក្នុងខេត្តកោះកុង ក្រុមហ៊ុននេះកំពុងអភិវឌ្ឍវាលយន្តហោះខ្នាតធំ និងកំពង់ផែទឹកជ្រៅ ដែលត្រូវបានក្រុមអ្នកជំនាញសន្តិសុខវាយតម្លៃថា ជាទីតាំងដែលអាចឱ្យយន្តហោះ និងនាវាចម្បាំងចិនអាចចូលចតបាន។
ម្យ៉ាងវិញទៀត របបលោក ហ៊ុន សែន កាលពីពេលថ្មីៗ នេះ បានវាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅក្នុងមូលដ្ឋានទ័ពជើងទឹករាម។ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានប្រតិកម្មដោយក្ដីកង្វល់ថា ការវាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកដោយស្ងាត់ៗ បែបនេះ អាចមានជាប់ទាក់ទងនឹងផែនការអនុញ្ញាតឱ្យប្រទេសចិនដាក់កងទ័ព និងអាវុធយុទ្ធភណ្ឌនៅក្នុងមូលដ្ឋានទ័ពជើងទឹករាម ក៏ប៉ុន្តែត្រូវបានរបបក្រុងភ្នំពេញបដិសេធ។
ក្រុមអ្នកជំនាញវាយតម្លៃថា ប្រសិនបើចិនអាចបង្កើតមូលដ្ឋានទ័ពជើងទឹកនៅរាម និងមានកន្លែងផ្ទុកយន្តហោះចម្បាំងនៅខេត្តកោះកុងមែន នោះចិននឹងមានអំណាចកាន់តែខ្លាំងក្នុងការទាមទារយកតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសម្បើម។ លើសពីនេះទៅទៀត ចិននឹងអាចពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតលើច្រកសមុទ្រម៉ាឡាកា (Malacca) ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់។ នេះជាសេណារីយោដ៏គ្រោះថ្នាក់ និងគំរាមកំហែងយ៉ាងខ្លាំងដល់ប្រទេសសម្ពន្ធមិត្តរបស់អាមេរិកក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដែលសហរដ្ឋអាមេរិកមិនអាចឱបដៃឈរមើលបានឡើយ។
ក្នុងន័យនេះ សហរដ្ឋអាមេរិកបានដាស់តឿនរបបលោក ហ៊ុន សែន ម្ដងហើយម្ដងទៀតថា វត្តមានរបស់យោធាចិននៅកម្ពុជា នឹងប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយបង្កការរំខាន និងអស្ថិរភាពដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា ក្រុមលោក ហ៊ុន សែន កំពុងលេងល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ ដោយជ្រើសរើសនៅខាងចិន និងប្រឈមមុខជាមួយសហរដ្ឋអាមេរិក។ លោកថា លោក ហ៊ុន សែន លម្អៀងទៅរកចិន ដោយសារមេដឹកនាំក្រាញអំណាចរូបនេះ ត្រូវការចិនជាខ្នងបង្អែកការពារអំណាចរបស់គាត់៖ «បើយើងមើលទិដ្ឋភាពនៅពីក្រោយហ្នឹង គឺជាការជំរុញ និងលើកទឹកចិត្តឱ្យរបប ហ៊ុន សែន ហ្នឹងកាន់តែបន្តរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងច្បាស់អំពីឯករាជភាព អព្យាក្រឹតភាពរបស់ខ្លួន រំលោភកិច្ចព្រមព្រៀងក្រុងប៉ារីស។ ហើយចំណុចនេះឯង ដែលជាចំណុចគន្លឹះដែលធ្វើឱ្យកម្ពុជាហ្នឹង ក្លាយជាប្រទេសរងគ្រោះដោយសារតែរបបលោក ហ៊ុន សែន ចាប់យកនយោបាយការបរទេសហ្នឹងទៅឱបចិន ឱ្យចិនធ្វើអ្វីៗ តាមតែទំនើងចិត្ត»។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មិនបកស្រាយអំពីទំនាក់ទំនងរវាងកម្ពុជា និងចិននោះទេ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានសារភាពហើយថា លោកដឹកនាំលម្អៀងទៅរកចិន ព្រោះងាយធ្វើការជាមួយ៖ «វាសុទ្ធតែថា កម្ពុជាដឹកនាំប្រទេសទៅជិតចិន ចុះបើចិនគេស្រួលជាមួយខ្ញុំ មិនឱ្យទៅជិតជាមួយគ្នាយ៉ាងម៉េច?»។
ក្រៅពីនេះ លោក ហ៊ុន សែន បានចេញមុខការពារចិនម្ដងហើយម្ដងទៀត រហូតដល់លោកបោះពាក្យថា ប្រសិនបើចិនមិនជួយទេ តើប្រទេសណាជាអ្នកជួយស្ថាបនាហេដ្ឋារចនាសម្ពន្ធ និងគម្រោងវិនិយោគធំៗ នៅកម្ពុជា។
ទោះជាបែបនេះក្តី ក្រុមអ្នកតាមដានស្ថានការណ៍ព្រមានថា របបលោក ហ៊ុន សែន គួរតែរក្សាឱ្យបាននូវគោលនយោបាយអព្យាក្រឹត្យដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសត្រូវតែធានាឱ្យបានថា ពិតជាគ្មានវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម និងតំបន់តារាសាគរខេត្តកោះកុងដូចការអះអាងមែន។ បើពុំដូច្នេះទេ កម្ពុជាអាចនឹងដើរជាន់ដានប្រវត្តិសាស្ត្រម្ដងទៀត គឺក្លាយជាសមរភូមិនៃការប្រជែងអំណាចគ្នារវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក៕
1 comment:
The kleptocratic regime of Ah Prett Hun Sen will be crumbled when his second master China itself suffered the isolation stemmed from the condemnation of the COVID19.
Post a Comment