ដោយ មាន ឫទ្ធិ
2020-10-07
រូបខាងឆ្វេង គឺអគារបញ្ជាការដ្ឋាន ថតកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២០។ ឯរូបខាងស្ដាំ គឺដីទំនេរក្រោយអគារនោះត្រូវបានកម្ទេចចោល ថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
Screen Capture from CSIS's ASIA MARITIME TRANSPARENCY INITIATIVE Website
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្ដែងការខកចិត្តខ្លាំងជុំវិញរឿងរ៉ាវដែលអាជ្ញាធរយោធាកម្ពុជាបានវាយកម្ទេចអគារមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់ខ្លួន។ ស្ថានទូតបង្ហាញក្តីបារម្ភថា ការវាយកម្ទេចនេះ អាចពាក់ព័ន្ធនឹងផែនការអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានយោធានៅមូលដ្ឋានកងទ័ពជើងទឹករាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត បដិសេធការចោទប្រកាន់នេះ ហើយប្រកាសថា ប្រទេសនានាអាចចូលចតនៅកំពង់ផែយោធាកម្ពុជាបាន ដោយគ្រាន់តែសុំការអនុញ្ញាតជាមុន។
មន្ត្រីផ្នែកព័ត៌មាននៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាត រ៉ូដឺមៀ (Chad Roedemeir) គូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានការខកចិត្តជុំវិញការណ៍ដែលអាជ្ញាធរយោធាកម្ពុជាបានជ្រើសរើសយកការវាយកម្ទេចចោលអគារសន្តិសុខ លំហសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលលោកថា ទើបតែមានអាយុកាល ៧ឆ្នាំ ហើយជាសញ្ញាណនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ លោកសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានកង្វល់ជុំវិញការណ៍ដែលថា ការវាយកម្ទេចចោលទាំងស្រុងនូវអគារជាជំនួយរបស់សហរដ្ឋអាមេរិកនេះ អាចជាប់ពាក់ព័ន្ធទៅនឹងផែនការនានាដែលកម្ពុជាអនុញ្ញាតឲ្យសាធារណរដ្ឋប្រជាមានិតចិនដាក់មូលដ្ឋានយោធា ដោយមានគ្រឿងបរិក្ខារយោធា និងកងទ័ពចិននៅទីនោះ។ សហរដ្ឋអាមេរិក ព្រមានថា ការអនុញ្ញាតឲ្យមានវត្តមានយោធាចិននៅទីនោះ នឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ហើយក៏នឹងបង្អាក់ និងបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលផងដែរ។
ឆ្លើយតបនឹងកង្វល់របស់អាមេរិកជុំវិញរឿងចោទថា កម្ពុជាប្រគល់កំពង់ផែយោធារាម នៅខេត្តព្រះសីហនុ ទៅឲ្យចិនគ្រប់គ្រងផ្ដាច់មុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧ តុលា ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សមួយនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បដិសេធការចោទប្រកាន់នេះ។ លោកបញ្ជាក់ថា មិនមែនមានតែប្រទេសចិនមួយទេ ដែលមានសិទ្ធិប្រើប្រាស់កំពង់ផែយោធារាមនេះ តែកម្ពុជាស្វាគមន៍ប្រទេសដទៃទៀតដែលចង់ចូលចតនៅទីនោះ តែត្រូវសុំការអនុញ្ញាតជាមុនសិន ព្រោះកំពង់ផែរាម ជាកំពង់ផែយោធា មិនមែនជាកំពង់ផែដឹកទំនិញនោះទេ៖ «រហូតដល់ប៉ុន្មានថ្ងៃនេះ ចោទប្រកាន់ថា កម្ពុជាប្រគល់កំពង់ផែរាមឲ្យចិនប្រើប្រាស់ផ្ដាច់មុខទៅទៀត ដែលបង្ខំចិត្តត្រូវចាក់ឡើងវិញនូវអ្វីដែលខ្ញុំនិយាយនៅខេត្តព្រះសីហនុ តាំងពីខែ៦ ចាក់ឡើងវិញឲ្យស្ដាប់ បកជាភាសាអង់គ្លេសឲ្យមើលទៀត។ ហើយធ្វើកំណត់ទូតផ្ញើឲ្យគ្រប់ស្ថានទូតថាលោក ហ៊ុន សែន និយាយអញ្ចេះ...ម៉េចក៏ថា ចង់ធ្វើកំពង់ផែយោធារាមឲ្យទៅជាកំពង់ផែអន្តរជាតិ? ម៉ែអាណាធ្វើកំពង់ផែយោធាឲ្យទៅជាកំពង់ផែអន្តរជាតិ? យើងអាចឲ្យចូលនៃនាវាប្រទេសច្រើន មិនមែនកំពង់ផែអន្តរជាតិដូចកំពង់ផែដឹកទំនិញ។ យើងមានកំពង់ផែមួយ កំពង់ផែយោធា ជាកំពង់ផែចម្បាំង។ អ៊ីចឹង ត្រូវសុំការអនុញ្ញាត មិនមែនគ្រាន់តែចិនមួយមានសិទ្ធិប្រើប្រាស់ទេ។ ប្រទេសដទៃដែលសុំការអនុញ្ញាត មកចូលចត ចាក់ប្រេង ឬឡើងគោក ដើម្បីសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយនឹងកម្ពុជា យើងស្វាគមន៍»។
យ៉ាងណា លោក ហ៊ុន សែន ព្រលយឲ្យដឹងថា បើចិនមិនលូកដៃចូលជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជានោះទេ តើឲ្យប្រទេសដទៃណាជួយកម្ពុជា។
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា ការវាយកម្ទេចអគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺជាសិទ្ធិអធិបតេយ្យរបស់កម្ពុជា ដូច្នេះកម្ពុជាមិនចាំបាច់ជូនដំណឹងប្រាប់ប្រទេសណាមួយនោះទេ។ លោកហៅការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា គ្រាន់តែជាមហិច្ឆតាបម្រើភូមិសាស្ត្រនយោបាយប៉ុណ្ណោះ។ យ៉ាងណា លោក ទៀ បាញ់ មិនបានចោទប្រកាន់ប្រទេសចិន យ៉ាងដូច្នោះនោះទេ។
កាលពីថ្ងៃទី៥ ខែតុលា គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បញ្ជាក់ថា ខ្លួនធ្លាប់បានពន្យល់ប្រាប់សហរដ្ឋអាមេរិកអំពីផែនការផ្លាស់ប្ដូរទីតាំងនៃទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ហើយពុំទទួលបាននូវការជំទាស់ជាផ្លូវការណាមួយ ចំពោះការផ្លាស់ប្ដូរនេះទេ។ ការផ្លាស់ប្ដូរទីតាំងនេះទៅទីតាំងថ្មីនៅលើកោះព្រាប គឺដោយសារតែបរិវេណមូលដ្ឋានកងទ័ពជើងទឹករាមមានទំហំតូច ហើយកំពង់ផែនៅទីនោះពុំអាចពង្រីករចនាសម្ព័ន្ធបាន។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត សេង សារី មានប្រសាសន៍ថា កម្ពុជាកំពុងតែប្រព្រឹត្តិកំហុសឆ្គងផ្នែកការទូតដោយសារតែមិនបានជូនដំណឹងដល់សហរដ្ឋអាមេរិកឲ្យបានច្បាស់លាស់អំពីការវាយកម្ទេចអគារជាជំនួយរបស់សហរដ្ឋអាមេរិកនេះ។ លោកថា ប្រសិនបើកម្ពុជាពិតជាមានផែនការអនុញ្ញាតឲ្យចិនប្រើប្រាស់ទីតាំងនោះជាមូលដ្ឋានយោធាមែន នោះកម្ពុជាត្រូវតែចេញមុខទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្ត្រ និងរដ្ឋធម្មនុញ្ញដែលបានហាមប្រាមបញ្ហានេះ៖ «រដ្ឋាភិបាលត្រូវទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្ត្រហើយ បើសិនជាក្នុងករណីយើងមិនធ្វើតាមអ្វីដែលយើងមាន ហើយអាវក្រោះ [កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស] មានហើយមិនព្រមប្រើ ហើយរដ្ឋធម្មនុញ្ញក៏បានកំណត់ឲ្យរដ្ឋាភិបាល ដែលទទួលបានការបោះឆ្នោតពីពលរដ្ឋហ្នឹង ត្រូវតែគោរពតាមរដ្ធម្មនុញ្ញ ក៏យើងមិនគោរពទៅតាមរដ្ឋធម្មនុញ្ញ។ នេះគឺបង្ហាញយ៉ាងច្បាស់ថា យើងត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ហើយអ្វីដែលសំខាន់នោះគឺ បញ្ហាត្រង់ថា មកដល់ពេលនេះ រដ្ឋាភិបាលនៅតែប្រកាសមិនទទួលស្គាល់លើការចោទប្រកាន់ទាំងឡាយណា ដែលបង្ហាញទៅលើរដ្ឋាភិបាលថា មានភាពលម្អៀងទៅមហាអំណាចចិន ក៏ប៉ុន្តែ សកម្មភាពហើយនឹងអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ គឺបង្ហាញយ៉ាងច្បាស់ទៅលើរឿងហ្នឹង»។
ជាថ្មីម្តងទៀត មន្ត្រីផ្នែកព័ត៌មាននៃស្ថានទូតសហរដ្ឋអាមេរិក រម្លឹកឡើងវិញ អំពីលិខិតកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រធានាធិបតីអាមេរិក បានបើកផ្លូវឲ្យមានកិច្ចពិភាក្សាគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងការពារដល់អធិបតេយ្យរបស់កម្ពុជា ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកថា សហរដ្ឋអាមេរិក ស្វាគមន៍កិច្ចសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីតម្រូវការនានារបស់កម្ពុជា ដើម្បីកំណត់ថា តើ សហរដ្ឋអាមេរិកអាចជួយផ្ដល់ការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មូលដ្ឋានកងទ័ពជើងទឹករាមនេះបាន ដោយរបៀបណា ដែលនឹងធ្វើឲ្យកម្ពុជាទទួលបានផលប្រយោជន៍នៃភាពឯករាជ្យពិតប្រាកដនោះ៕
1 comment:
This Yuon's slave regime of Ah Kwack tried to please both of his masters Yuon and Chen.
Post a Comment