Khmer Circle:
Whatever happens to a certain Mr Ung Hout? Why not re-instate him as the leader of the 'new opposition party'? But then again there's no shortage of 'opportunists' and turncoats in politics to do Hun Sen's and the Viet Congs' biddings for a small inducement, eh?
🔺🔺🔺
2020-10-07
ដោយ សេក បណ្ឌិត
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងក្នុងកិច្ចសម្ភាសន៍ នាទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
AFP
គណបក្សប្រជាជនកម្ពុជាជំរុញឱ្យក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដែលជាប់បម្រាម សុំសិទ្ធិធ្វើនយោបាយឡើងវិញ ដើម្បីបង្កើតគណបក្សថ្មី ចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។ គណបក្សសង្គ្រោះជាតិជឿថា នេះជាចេតនាចង់បានរបស់បក្សកាន់អំណាចជាយូរមកហើយ ដើម្បីជួយឱ្យរបបដឹកនាំសព្វថ្ងៃក្លាយជារបបស្របច្បាប់។ ចំណែក អ្នកសង្កេតការណ៍យល់ថា បើមន្ត្រីបក្សប្រឆាំងធ្វើតាមនេះមែន នោះគណបក្សកាន់អំណាចនឹងរក្សាឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួននៅកម្ពុជាតទៅទៀត។
គណបក្សកាន់អំណាចអះអាងថា ជម្រើសសម្រាប់ក្រុមមេដឹកនាំបក្សប្រឆាំង មានតែមួយប៉ុណ្ណោះ គឺការសុំសិទ្ធិធ្វើនយោបាយ ដើម្បីបង្កើតបក្សថ្មី បើពុំដូច្នេះទេ ពួកគេនឹងបាត់បង់ឱកាសក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា ស្ថានភាពបច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាគ្មានអ្វីត្រូវចរចាជាមួយបក្សសង្គ្រោះជាតិទៀតទេ ព្រោះបក្សនេះបានរលាយតាមសាលដីកាតុលាការកំពូលរួចទៅហើយ។ លោកបន្តថា ក្រុមអ្នកនយោបាយជាន់ខ្ពស់បក្សប្រឆាំងដែលបាត់បង់សិទ្ធិនយោបាយ មិនគួរដើរតាមបន្ទាត់នយោបាយរបស់លោក សម រង្ស៊ី តទៅទៀតនោះទេ ព្រោះការធ្វើបែបនេះ ពួកគេនឹងខកខានចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ៖ «រាជរដ្ឋាភិបាលបើកទូលាយហើយតាមរយៈការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។ អ៊ីចឹងគេបើកទ្វារចំហជូនហើយទេតើ ហើយជាក់ស្ដែង គឺថាជាង ១០នាក់ហើយដែលអញ្ជើញមកវិញ ហើយគេកំពុងតែបើកគណបក្សថ្មី និងធ្វើសកម្មភាពនយោបាយស្របតាមគោលការណ៍ច្បាប់។ អ៊ីចឹង គេមានបញ្ហាអ្វីកើតឡើង ដូច្នេះខ្ញុំយល់ថា អស់លោកអ្នកដែលនៅនោះ មិនគួរអល់អែកទេ មើលគំរូបងប្អូនដែលអញ្ជើញមកហើយនោះ»។
ទោះជាយ៉ាងណា លោក សុខ ឥសាន ជឿជាក់ថា គណបក្សលោកនឹងបន្តឈ្នះឆ្នោតទៀត ថ្វីបើមានគណបក្សថ្មីចូលរួមប្រកួតប្រជែងក៏ដោយ ព្រោះលោកថា ពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា៖ «ខ្ញុំនៅតែមានជំនឿជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជននឹងឈ្នះឆ្នោតតទៅទៀត អត់មានស្រកស្រុតទេ។ ឥលូវប្អូនគិតមើល ការបោះឆ្នោតឆ្នាំ២០១៨ តើឆ្លងកាត់អ្វីខ្លះ? ឧបសគ្គធំៗ ច្រើនណាស់ ជាពិសេសក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង ឃោសនាម្រាមដៃស្អាត នៅផ្ទះឈ្នះឯង គេហាមប្រជាជនមិនឱ្យទៅបោះឆ្នោត»។
តុលាការកំពូលដែលស្ថិតក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងបានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ ការសម្រេចរំលាយបក្សប្រឆាំងនេះ កើតឡើងក្រោយពេលបក្សកាន់អំណាច បាត់បង់សំឡេងឆ្នោតយ៉ាងគំហុកក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីដើមខែមិថុនា ឆ្នាំ២០១៧ ។
ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជឿជាក់ថា ការរំលាយបក្សប្រឆាំងធំជាងគេនេះ គណបក្សប្រជាជនកម្ពុជា មានគោលដៅនយោបាយមួយច្បាស់។ នោះគឺការធានាជ័យជម្នះបន្តទៀតរបស់គណបក្សនេះនៅក្នុងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៨។ សេណារីយ៉ូនេះ ពិតជាកើតឡើងមែន ដោយគណបក្សប្រជាជនកម្ពុជា បានក្រសោបយកអាសនៈសភាចំនួន១២៥ មកកាន់កាប់តែម្នាក់ឯង ហើយប្រែក្លាយកម្ពុជាជារដ្ឋឯកបក្សថ្មីមួយលើពិភពលោកក្នុងសតវត្សទី២១។ ដោយឡែក ការបិទសិទ្ធិនយោបាយមន្ត្រីបក្សប្រឆាំងរយៈពេល ៥ឆ្នាំនោះ គណបក្សប្រជាជនកម្ពុជាក៏មានគោលដៅនយោបាយជាក់លាក់ដែរ។ នោះគឺការធ្វើឱ្យអ្នកនយោបាយបក្សប្រឆាំងខកខានឱកាស ឬរៀបចំខ្លួនមិនទាន់ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ជាពិសេស លោក ហ៊ុន សែន ផ្ទាល់ ពិតជាមានបំណងចង់ឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិទៅសុំសិទ្ធិធ្វើនយោបាយមែន ព្រោះការធ្វើបែបនេះ នឹងនាំឱ្យរបបដឹកនាំរបស់គាត់មានលក្ខណៈស្របច្បាប់។ ទោះជាយ៉ាងនេះក្ដី លោកថា ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានភាគច្រើន មិនក្បត់ឆន្ទៈម្ចាស់ឆ្នោតឡើយ ហើយបន្តយុទ្ធនាការទាមទាររកយុត្តិធម៌ជូនពលរដ្ឋខ្មែរតទៅទៀត៖ «គណបក្សប្រជាជន គេចង់បានបែបហ្នឹងទេ ដើម្បីធ្វើជាលម្អសួនប្រជាធិបតេយ្យ គេហៅថា ជាប្រជាធិបតេយ្យក្លែងក្លាយ។ ឯសម្រាប់គណបក្សសង្គ្រោះជាតិ គឺយើងត្រូវការគោរពតាមឆន្ទៈពលរដ្ឋ ព្រោះយើងដឹងហើយថា កាលណាយើងចាកចេញពីគណបក្សសង្គ្រោះជាតិ យើងទៅធ្វើអ្វីមួយដែលផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋថ្កោលទោសហើយ»។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា គិតចាប់តាំងពីរបបក្រុងភ្នំពេញរំលាយបក្សសង្គ្រោះជាតិរហូតដល់ខែតុលា ឆ្នាំ២០២០ នេះ មានមន្ត្រីជាន់ខ្ពស់តែ ១២នាក់ប៉ុណ្ណោះ ក្នុងចំណោម ១១៨នាក់ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ចំណែក ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតទាំង ៥០០៧នាក់នោះវិញ មានតែប្រមាណ ២០% ប៉ុណ្ណោះ ដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតួនាទីរបស់ខ្លួន។ ដោយឡែក សមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត និងរាជធានីវិញ លោកថា មានតិចបំផុត ដែលបានលាឈប់ពីគណបក្សសង្គ្រោះជាតិទៅធ្វើនយោបាយជាមួយបក្សកាន់អំណាច។
លោក អេង ឆៃអ៊ាង ជឿជាក់ថា សមាជិកបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋាន ដែលបានទៅចុះចូលជាមួយគណបក្សកាន់អំណាចនោះ គឺដោយសារពួកគាត់ចង់រក្សាសុខ ជាងគាំទ្របក្សកាន់អំណាច។ ចំណែក អ្នកនយោបាយជាន់ខ្ពស់ដែលបានសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន វិញ លោកថា ពលរដ្ឋនឹងបាត់ទំនុកចិត្ត ហើយពួកគេក៏មិនអាចធ្វើនយោបាយពេញលេញដែរ ពោលគឺសេរីភាពនយោបាយស្ថិតក្រោមការគូសវាសរបស់របបលោក ហ៊ុន សែន៖ «អ្នកដែលដើរផ្លូវបំបែកចេញពីគណបក្សសង្គ្រោះជាតិហ្នឹង គឺដូចជាបំផ្លាញជីវិតនយោបាយខ្លួនឯងតែប៉ុណ្ណឹងទេ ហើយដែលធ្វើឱ្យម្ចាស់ឆ្នោតដែលផ្តល់សេចក្ដីទុកចិត្តហ្នឹង ខកចិត្ត។ ប៉ុន្តែគាត់ក៏មិនអស់សង្ឃឹមដែរ ព្រោះគាត់ដឹងថា គណបក្សសង្គ្រោះជាតិ ព្រលឹងរបស់គណបក្សសង្គ្រោះជាតិ គឺតួអង្គសំខាន់ពីរនាក់ ដែលជាធាតុសំខាន់ហ្នឹងណា គឺ សម រង្ស៊ី និង កឹម សុខា។ ឯអ្នកដទៃទៀត គឺជាធាតុរួមផ្សំទេ។ ធាតុរួមផ្សំហ្នឹង មានក៏បាន អត់ក៏អត់បញ្ហា ប៉ុន្តែធាតុសំខាន់ គឺ សម រង្ស៊ី និង កឹម សុខា។ បើ សម រង្ស៊ី និង កឹម សុខា បែកបាក់ អាហ្នឹងបានវាធ្វើឱ្យប៉ះពាល់ដល់គណបក្សសង្គ្រោះជាតិ»។
ឥស្សរជននយោបាយប្រឆាំងដ៏លេចធ្លោ ដែលទទួលបានសិទ្ធិធ្វើនយោបាយ ក្រោយដាក់សំណើទៅរបបលោក ហ៊ុន សែន នោះ គឺអ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ លោក សុន ឆ័យ និងសមាជិកគណៈកម្មាធិការនាយកពីររូបទៀតរបស់បក្សប្រឆាំង។ លោក សុន ឆ័យ ដែលមិនធ្លាប់កំណាញ់ក្នុងការផ្តល់សម្ភាសដល់អ្នកសារព័ត៌មានកាលពីលោកនៅធ្វើនយោបាយនោះ លែងផ្តល់សម្ភាសដល់អ្នកសារព័ត៌មានទៅវិញ ក្រោយពេលលោកទទួលបានសិទ្ធិធ្វើនយោបាយ។ ជាងមួយខែមកនេះ លោក សុន ឆ័យ និងសហការីពីរនាក់ទៀត មិនទាន់បង្ហាញមុខ ឬថ្លែងការណ៍ជាសាធារណៈណាមួយអំពីផែនការសកម្មភាព និងជំហរនយោបាយរបស់លោកនៅឡើយទេ។
ដោយឡែក អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយ រួចបង្កើតជាបក្សនយោបាយថ្មីវិញ រួមមាន លោក រៀល ខេមរិន្ទ បង្កើតបក្សថ្មីមួយឈ្មោះ “គណបក្សខ្មែរអភិរក្សនិយម” ក្រុមលោក ជីវ កត្តា បង្កើតបក្សឈ្មោះ “គណបក្សខ្មែរស្រឡាញ់ជាតិ” ហើយក្រុមលោក គង់ គាំ បង្កើតបក្សថ្មីឈ្មោះបក្ស “គណបក្សឆន្ទៈខ្មែរ” និងចូលរួមជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ បង្កើតឡើងដោយលោក ហ៊ុន សែន។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា សង្កេតឃើញថា គណបក្សថ្មីៗ ទាំងនេះមិនទាន់មានធនធាន និងសក្ដានុពលគ្រប់គ្រាន់ ក្នុងការទាក់ទាញការគាំទ្រពីពលរដ្ឋនោះឡើយ។ ដូច្នេះ លោកថា ការសុំសិទ្ធិនយោបាយដើម្បីបង្កើតបក្សថ្មីប្រជែងសំឡេងឆ្នោតនោះ មិនមែនជាផ្លូវទៅរកជោគជ័យនោះទេ។ ផ្ទុយទៅវិញ លោកថា នេះជាការជួយគណបក្សកាន់អំណាចឱ្យបន្ថយឥទ្ធិពលបក្សប្រឆាំង និងជំរុញឱ្យអន្តរជាតិមើលឃើញថា កម្ពុជាមានប្រជាធិបតេយ្យ៖ «ខ្ញុំមើលឃើញចរន្តបក្សនយោបាយថ្មី ដែលទើបតែបង្កើត ឬក៏តាំងពីមុនមកហ្នឹង អត់ទាន់មានកម្លាំងគ្រប់គ្រាន់នៅក្នុងការទាក់ទាញប្រជាប្រិយភាពទេ។ បានន័យថា រចនាសម្ព័ន្ធ មធ្យោបាយ ឧបករណ៍ដែលគាត់ប្រើប្រាស់ហ្នឹង អត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអូសទាញប្រជាពលរដ្ឋឱ្យគាំទ្រទេ។ បើដូច្នេះទេ យន្តការនេះវាអត់ឈានទៅរកការជោគជ័យទេ មានតែបរាជ័យទេ វាអត់មានការគាំទ្រពីប្រជាពលរដ្ឋទេ»។
លោក ឯម សុវណ្ណរ៉ា ថ្លែងទៀតថា គណបក្សសង្គ្រោះជាតិត្រូវពង្រឹងសាមគ្គីផ្ទៃក្នុងបក្ស ដើម្បីរក្សាទម្ងន់នយោបាយរបស់ខ្លួន ហើយស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអន្តរជាតិ ព្រោះដំណាក់កាលបច្ចុប្បន្ន គណបក្សកាន់អំណាចមិនផ្តល់តម្លៃក្នុងការចរចាជាមួយបក្សប្រឆាំងឡើយ។ លោកបន្ថែមថា វិបត្តិនយោបាយពេលនេះ លែងអាចផ្សះផ្សាគ្នាបានក្នុងចំណោមអ្នកនយោបាយខ្មែរទៀតហើយ ពោលគឺទាល់តែមានសហគមន៍អន្តរជាតិជាអ្នកសម្របសម្រួលដោះស្រាយ។
សហគមន៍អន្តរជាតិបានថ្កោលទោសរបបលោក ហ៊ុន សែន ម្ដងហើយម្ដងទៀតអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងទាមទារឱ្យរបបនេះស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសទណ្ឌកម្មផ្សេងៗ។ ទោះជាយ៉ាងណា របបក្រុងភ្នំពេញនៅតែប្រកាន់ឥរិយាបថបែបព្រងើយកន្តើយចំពោះសំណើទាំងនេះ រហូតដល់សហគមន៍អន្តរជាតិទ្រាំមិនបាន រួចដាក់ទណ្ឌកម្មបណ្ដើរៗ លើរបបនេះ មានជាអាទិ៍ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% និងការដាក់ទណ្ឌកម្មមន្ត្រីគ្រាក់ៗ មួយចំនួនជាដើម៕
1 comment:
Ah Min Sok Ey San,
Create a new party and when that party is big enough to topple Ah Kwack, you dissolve it again before the election.
Reinstating the CNRP Ah Roleuy is the right thing to do and your SEE PEE PEE must do before the social unrest strangle Ah Kwack and Yuon's dominance over Cambodia.
Post a Comment