ដោយ វ៉ែន សុមេធ
2020-10-29
នគរបាលខេត្តកណ្ដាល ចុះទៅប្រាប់ទាហានវៀតណាមឱ្យរុះរើតង់ស្នាក់នៅចំនួន ៩កន្លែង បោះនៅចំណុចដំបូកចែវ ខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដែលជាតំបន់សមិនទាន់បានឯកភាពគ្នាវាស់ចែកខណ្ឌសីមា និងបោះបង្គោលនៅឡើយ។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
ក្រុមយុវជន ពលរដ្ឋ និងអ្នកឃ្លាំមើលបញ្ហាព្រំដែន ខកចិត្តចំពោះរដ្ឋាភិបាលថា គ្មានវិធានការច្បាស់លាស់ ជំរុញឱ្យវៀតណាម រុះរើតង់ និងសំណង់រឹងចេញពីតំបន់ព្រំដែន មិនទាន់ឯកភាពគ្នាកំណត់បង្គោលព្រំដែននៅឡើយទេ។ ពួកគេចោទថា រដ្ឋាភិបាលបានមើលរំលងក្តីកង្វល់របស់ពលរដ្ឋ និងព្យាយាមលាក់លៀមព័ត៌មានស្ដីពីបញ្ហានេះ។
ពលរដ្ឋរស់នៅក្បែរព្រំដែន កម្ពុជាវៀតណាម ក្នុងខេត្តត្បូងឃ្មុំ លោក ជា វីរៈ ប្រាប់ស៊ីសេរីនៅថ្ងៃទី ២៨ តុលា វៀតណាមបោះតង់ជិត ១០កន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះមានតង់មួយចំនួន បានប្រែក្លាយជាសំណង់រឹងមាំ មិនទាន់ឃើញអាជ្ញាធរចុះទប់ស្កាត់នៅឡើយទេ។ លោកថា អាជ្ញាធរខេត្តនេះ មិនត្រឹមតែព្យាយាមលាក់បាំងព័ត៌មាននេះទេ ថែមទាំងរឹតត្បិតមិនឱ្យពលរដ្ឋ និងក្រុមយុវជន ចុះទៅពិនិត្យតំបន់ព្រំដែនទៀតផង៖ «មិនក្រោម ១០ តង់ទេ ដែលខ្ញុំបានឃើញ ហើយកន្លែងមួយចំនួន បានកែទៅជាសំណង់ បាត់ទៅហើយបាត់ទៅហើយ អាជ្ញាធរយើងមិនជម្រាប ឬក៏ថ្នាក់លើមិនដឹង ហើយគេត្រូវគ្នាគេរបៀបម៉េច? ខ្ញុំមិនដឹង? គ្រាន់តែតែថា យើងពលរដ្ឋយើងបានដឹងថា តំបន់កន្លែងនេះ ជារបស់យើង ដែលយើងធ្លាប់ប្រមូលផល ធ្លាប់ធ្វើតាំងពីយូរយារមកហើយ»។
ចំណែក សមាជិកក្រុមការងារ ១០០រាត្រី លោក ឃឹម សុខខុម សង្កេតឃើញថា ក្រោយពីរដ្ឋាភិបាល ចាប់ខ្លួនអ្នករិះគន់បញ្ហាព្រំដែនមក ពលរដ្ឋហាក់ខ្លាចញញើតមិនហ៊ាននិយាយពីបញ្ហាព្រំដែននោះទេ។ ក្រៅពីនេះទៀត ពលរដ្ឋមិនទាន់ទទួលព័ត៌មាន ស្ដីពីបញ្ហាព្រំដែន ឱ្យបានទូលំទូលាយនោះទេ ព្រោះរដ្ឋាភិបាលនៅតែព្យាយាមលាក់លៀម និងដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីវៀតណាម ដោយស្ងាត់ៗ។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលហាក់មិនផ្ដល់តម្លៃ និង លើកទឹកចិត្ត ចំពោះពលរដ្ឋណា ដែលឈឺឆ្អាលរឿងបញ្ហាព្រំដែន និងសង្គមជាតិនោះឡើយ៖ «ខ្ញុំសម្ដែងការព្រួយបារម្ភ និងខកចិត្តចំពោះរដ្ឋាភិបាលយើង ដែលគាត់អត់មានវិធានការ ដោះស្រាយជាមួយវៀតណាម ឱ្យសមស្រប ឬឱ្យប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេស គាត់បានស្ងប់អារម្មណ៍ ចំពោះបញ្ហាព្រំដែន។ ជារឿងមួយ ដែលសំខាន់ បំផុតសម្រាប់ប្រទេស។ ខ្ញុំចង់ឱ្យថ្នាក់ដឹកនាំ គាត់គិតគូរបញ្ហាហ្នឹងឱ្យបានខ្លាំង ជាពិសេសរកដំណោះស្រាយលក្ខណៈអន្តរជាតិ»។
ការលើកឡើងរបស់ពលរដ្ឋ និងយុវជននេះ គឺដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ហាក់ស្ងៀមស្ងាត់ចំពោះករណីវៀតណាមបោះតង់ និងសង់សំណង់រឹងក្បែរព្រំដែនមិនទាន់ឯកភាពគ្នា។
អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី កាលពីចុងខែកក្កដាថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែងនៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែនក្នុងខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។ ក្រោយមក វៀតណាមបានប្រែក្លាយតង់យ៉ាងហោចណាស់១២ កន្លែងទៅជាសំណង់រឹង ក្នុងនោះ១០ កន្លែងស្ថិតនៅខេត្តកណ្ដាល មួយកន្លែងនៅក្នុងខេត្តតាកែវ និងមួយកន្លែងទៀតនៅខេត្តកំពត។
ទោះយ៉ាងណា អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បដិសេធមិនអធិប្បាយលម្អិតថា វៀតណាមបានប្រែក្លាយតង់ ទៅជាសំណង់រឹង មានចំនួនប៉ុន្មាននោះទេ មកទល់ពេលនេះ? លោកអះអាងថា តង់ដែលវៀតណាមបោះនោះស្ថិតក្នុងតំបន់មិនទាន់ឯកភាពគ្នា កំណត់បង្គោលព្រំដែន មិនឋិតក្នុងទឹកដីកម្ពុជាទេ។ លោកថ្លែងទៀតថា សមត្ថកិច្ចគ្រប់តំបន់ កំពុងបង្កើន ការយកចិត្តទុកដាក់ ចុះល្បាត និងការពារសន្តិសុខនៅតាមព្រំដែនយ៉ាងប្រុងប្រយ័ត្ន៖ «កងកម្លាំងរបស់យើង នៅតែមានឆន្ទៈ នៅតែពង្រឹងស្មារតីការពារបូរណភាពទឹកដីទាំងអស់ ២៤ ម៉ោង មិនធ្វេសប្រហែសទេ។ មានការអីរាយការណ៍ភ្លាម មានការអី ត្រូវដោះស្រាយ គឺដោះស្រាយភ្លាម»។
អាស៊ីសេរីបានព្យាយាមទាក់ទង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង និង អ្នកស្រី កុយ ពិសី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរសព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី២៨ តុលា។ ចំណែក អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ និង អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គង ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត សង្កេតឃើញថា រដ្ឋាភិបាលហាក់ព្យាយាមសម្រាលបញ្ហានេះឱ្យរួមតួច និងបណ្ដោយឱ្យវៀតណាមបោះតង់ និងសង់សំណង់រឹងតាមអំពើចិត្ត តាមបណ្ដោយព្រំដែនមិនទាន់ឯកភាពគ្នា រំលោភអធិបតេយ្យភាពកម្ពុជា។ លោកស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែពិចារណាដោះស្រាយរឿងនេះឡើងវិញ ដើម្បីស្ដារកិត្តិយសខ្លះៗ ក្នុងប្រវត្តិសាស្ត្រ៖ «សកម្មជនព្រំដែន ចុះទៅមើលព្រំដែនគេចាប់ដាក់គុក វាអត់មានតម្លាភាពអ្វីទាំងអស់ ទាំងច្បាប់ក៏ធ្វើដោយស្ងាត់ៗ ការបោះបង្គោលព្រំដែន ក៏ធ្វើគ្មានតម្លាភាព បោះតង់នៅតាមបណ្ដោយព្រំដែន ក៏ធ្វើឡើងដោយលាក់លៀម មិនឱ្យសកម្មជន មិនឱ្យពលរដ្ឋខ្មែរទៅមើល។ ដូច្នេះទាំងអស់ហ្នឹងហើយសុទ្ធតែជា ចេតនាលាក់លៀម និងឃុបឃិតជាមួយប្រទេសវៀតណាម តាមរយៈការធ្វើសម្បទានថ្មីឱ្យវៀតណាម»។
គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ របបលោក ហ៊ុន សែន សម្រេចបោះបង្គោលព្រំដែនគោកជាមួយភាគីវៀតណាមបាន៣១៥ បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុប ៣៧៥ បង្គោល។ របបលោក ហ៊ុន សែន បានផ្ដល់សច្ចាប័នលើបង្គោលព្រំដែនដែលបោះរួចទាំងនេះកាលពីចុងឆ្នាំ២០១៩។ ក្រុមសង្គមស៊ីវិល និងអ្នកឃ្លាំមើលបញ្ហាព្រំដែនមួយចំនួន នៅតែរិះគន់ថា កម្ពុជាចាញ់ប្រៀបវៀតណាម ឬខាតបង់ទឹកដីទៅខាងភាគីវៀតណាម ដោយសារការបោះបង្គោលព្រំដែនកន្លងមក ធ្វើឡើងដោយខ្វះតម្លាភាព៕
1 comment:
The evil Yuon will never fully removed their structures or tents. The evil Yuon's mindset is to steal the land. They will tell every lie and do anything to steal land. Look at the past, this is exactly the same method they employ to steal land. Unless Cambodia force them out, no way will they ever leave. Puppet Hun Sen and his allies will be dispose of when the evil Yuon achieved their goal. No wonder Malaysia and Philippines just shoot the evil Yuon for trespassing rather than play games with them.
Post a Comment