Thursday 26 November 2020

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​បញ្ឈប់​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម


ដោយ ហេង រស្មី
2020-11-25
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA


 

សមាជិក​ជាប់​ឆ្នោត​គណ​បក្ស​ប្រឆាំង​ស្នើ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់​ការ​សាងសង់ ឬ​វាយកម្ទេច​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​នៅ​លើ​ទឹកដី​ខ្មែរ​ចោល ដោយ​លើកឡើង​ថា ស្ដូប​នេះ​ជា​បង្ហាញ​ពី​ការឈ្លានពាន​របស់​វៀតណាម​លើ​ទឹកដី​កម្ពុជា​។ ទោះ​យ៉ាងណា មន្ត្រី​គណបក្ស​កាន់អំណាច​ថា ស្តូប​នេះ​បង្ហាញ​ពី​ប្រវត្តិ​ដែល​វៀតណាម​ជួយ​កម្ពុជា​ហើយ​ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​ចង់​កម្ទេច​ស្តូប​នេះ​ចោល អាច​សាកល្បង​ចូល​មក​បាន។

មន្ត្រី​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ថា ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ជាង ២០ នៅ​លើ​ទឹកដី​កម្ពុជា​គួរ​ប្ដូរ ឬ​ដាក់​ជំនួស​នូវ​រូប​សំណាក់​ព្រះបាទ​ជ័យវរ្ម័នទី​៧ និង​រូប​សំណាក់​អតីត​មេទ័ព វីរៈ​បុរស​ខ្មែរ និង​រូប​វិមានឯករាជ្យ​វិញ​ជា​ការ​ល្អ​ជាង​។ លោក​ថា ក្នុង​ដំណាក់កាល​នេះ​ហើយ កម្ពុជា​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ទៀត​ទេ៖ «យើង​សូម​អំពាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង​ឈប់​សាងសង់​ស្ដូប​យួន​(​វៀតណាម​)​បន្ត​ទៀត​ទៅ ហើយ​ស្តូប​យួន​ដែល​មាន​ប៉ុន្មាន​គួរតែ​វាយចោល ឬក៏​កែច្នៃ​យ៉ាងម៉េច​វា​ល្អ​ជាង ព្រោះ​កាលណា​នៅតែ​សាងសង់​នៅតែ​ដឹងគុណ​គឺ​ខ្មែរ​នៅតែ​ជំពាក់​គុណ​យួន​មិន​ចេះ​ចប់ ហើយ​ទឹកដី​ខ្មែរ​កាន់តែ​រួញ​ទៅ​ៗ»។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ថា ករណី​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​អនុញ្ញាត​ឱ្យ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​គឺជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល​នៅតែ​រណប​វៀតណាម​និង​អាច​ធ្វើ​ឱ្យ​ខាតបង់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន និង​ខាត​ប្រយោជន៍​ជាតិ​ផ្សេងទៀត​។​


​ប្រតិកម្ម​បែបនេះ ក្រោយពេល​រដ្ឋាភិបាល បាន​បើក​ការដ្ឋាន​សាងសង់​វិមាន​មិត្តភាព​កម្ពុជា​-​វៀតណាម​ទី​២២​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​កន្លង​ទៅ​។ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុកផេក​របស់​ខ្លួន​ឱ្យ​ដឹង​ថា វិមាន​មិត្តភាព​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ បាន​សាងសង់​ក្នុង​បរិវេណ​សួនច្បារ​ដែល​មាន​ទំហំ​៤​ហិកតារ​នៅ​ជិត​មជ្ឈមណ្ឌល​រដ្ឋបាល​ថ្មី​របស់​ខេត្ត។ ស្ដូប​នេះ​គឺជា​វិមាន​ទី​២២ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ប្រទេស​កម្ពុជា​។ ស្ថានទូត​វៀតណាម​លើកឡើង​ទៀត​ថា ការសាងសង់​វិមាន​មិត្តភាព​កម្ពុជា​-​វៀតណាម​ក្នុង​គោលបំណង​រម្លឹក​ដល់​គុណូបការៈ​ដ៏​មហិមា​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​កងកម្លាំង​រំដោះ​ជាតិ​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​កម្ពុជា​ឱ្យ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ការ​ចំណាយ​ថវិកា​សាងសង់​និង​ប្រភព​ថវិកា​ដែល​ត្រូវ​ចំណាយ ប៉ុន្តែ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

រីឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​ដឹង​ថា ការ​សង់​សង​ស្តូប​នេះ កន្លងមក​បាន​ពី​សប្បុរសជន ថវិកា​រដ្ឋ និង​ថវិកា​របស់​ប្រទេស​វៀតណាម ប៉ុន្តែ​ចំពោះ​ការ​ថវិកា​សម្រាប់​សាងសង់​ស្តូប​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ​លោក​មិន​ដឹង​ច្បាស់​បាន​ប្រភព​ខាង​ពី​ណាខ្លះ​ទេ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ដដែល ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ថា មតិ​មន្ត្រី​គណបក្សប្រឆាំង​តែងតែ​ជំទាស់​នូវ​អ្វី​ដែល​គណបក្ស​កាន់អំណាច​បាន​ធ្វើ និង​កសាង​។ លោក សុខ ឥសាន នៅតែ​អះអាង​ថា ស្ដូប​នេះ​ជា​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ដែល​កងទ័ព​វៀតណាម​និង​កម្លាំង​រណសិរ្ស​បាន​រំដោះ​ប្រជាជន និង​ប្រទេស​កម្ពុជា​រួច​រស់​ជីវិត​ពី​ឆ្នាំ​១៩៧៩ និង​មក​ដល់​សព្វថ្ងៃ​នេះ៖ «បើ​ថា អ៊ុំ សំអាន ចង់​វាយ​ឱ្យ​គាត់​មក​វាយ​ខ្លួនឯង​សាក​មើល​ទៅ​ដឹង​ហើយ​ថា មាន​ប្រតិកម្ម​ពី​ប្រជាជន​យ៉ាងម៉េច?»។

ទោះយ៉ាង​ណា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក និង​អ្នក​និយម​ប្រជាធិបតេយ្យ​យល់ថា បើ​កម្ពុជា​នៅតែ​បន្ត​ដឹងគុណ​វៀតណាម​តាមរយៈ​ថ្ងៃ​៧​មករា ឬ​ការសាងសង់​ស្តូប​នេះ​បន្ត​ទៀត​វាសនា​កម្ពុជា​នឹង​មិន​ខុស​ពី​កម្ពុជា​ក្រោម​ឡើយ។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី យល់​ថា ថ្វី​ដ្បិត​ភាគី​រដ្ឋាភិបាល​លើកឡើង​ពី​គុណសម្បត្តិ​នៃ​ការសាងសង់​ស្តូប​នេះ​ក្តី ប៉ុន្តែ​លោក​ក៏​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​មិន​តិច​ជាង​កន្លះ​ប្រទេស​នោះ​ទេ ដែល​បង្ហាញ​ការ​មិន​គាំទ្រ​។ លោក​លើកឡើង​ថា ការសាងសង់​ស្តូប​នេះ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​អាច​បាត់បង់​អត្តសញ្ញាណ​នៅ​ក្នុង​ខេត្ត​របស់​កម្ពុជា៖ «បំភ័ន្ត​នូវ​អត្តសញ្ញាណ​របស់​ខេត្ត​នីមួយៗ​ដូច​ករណី​ជាក់ស្ដែង​នៅ​ខេត្ត​កំពង់ធំ​ស្តូប​វៀតណាម នៅ​ពីមុខ​រូប​ខេត្ត​នេះ​គឺ​ដំរី​ជាន់​ខ្លា ដែល​អ្នក​កំពង់ធំ​តែង​និយាយ​ថា ជា​អត្តសញ្ញាណ​របស់​ខ្លួន»។

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា សព្វថ្ងៃ​ស្តូប​ចំនួន​១៧​វិមាន​បាន​សម្ពោធ​រួច​ជា​ស្រេច ចំណែក​ស្ដូប​០៤​ផ្សេងទៀត នៅ​ខេត្ត​ប៉ៃលិន ព្រៃវែង កំពង់ស្ពឺ និង​ឧត្តរមានជ័យ​គ្រោង​បើក​ការដ្ឋាន​សាងសង់​ចុង​ឆ្នាំ​នេះ។

កាលពី​ចុង​ឆ្នាំ​២០១៧ សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​វៀតណាម បាន​ចំណាយ​ប្រាក់ ៧​លាន ៨​សែន​ដុល្លារ​ដើម្បី​ជួសជុល​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ចំនួន ១៧ស្ដូប​នៅ​តាម​បណ្ដា​ខេត្ត​/​ក្រុង​មួយ​ចំនួន​។ តាម​គម្រោង​រដ្ឋាភិបាល​លោក ហ៊ុន សែន យល់ព្រម​ឱ្យ​មាន​ការសាងសង់​ស្តូប​នេះ​គ្រប់​២៥​រាជធានី​/​ខេត្ត​នៅ​ទូទាំង​ប្រទេស៕

1 comment:

Anonymous said...

Ah Chker Chkuot Hun Sen cannot do anything facing his master Yuon. Ah Hun Sen is the cheapest lowest scumbag in Cambodia.