Wednesday 18 November 2020

តំណាងរាស្រ្ត​អាមេរិក ៨ រូប ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​មន្រ្តី​ជាន់​ខ្ពស់​របប​លោក​ ហ៊ុន សែន និង​ពិនិត្យ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ឡើង​វិញ


ដោយ មួង ណារ៉េត
2020-11-17 rfa
រូបពី​ឆ្វេង​ទៅ​ស្ដាំ ១) សមាជិក​ព្រឹទ្ធ​សភា​លោក អិត ម៉ាឃី (Edward J. Markey) ២) សមាជិក​ព្រឹទ្ធ​សភា​ អ្នកស្រី អេលីហ្សា​ប៊ែត ល័ររ៉ិន (Elizabeth Warren) ៣) សមា​ជិកសភា​លោក ថិត យ៉ូហូ (Ted Yoho) ៤) សមាជិក​សភា​អ្នកស្រី​ ល័ររី ត្រាហាន (Lori Trahan) ៥) សមាជិក​សភា​លោក អាឡែន​ ឡូវ៉ិនស្សល (Alan Lowenthal), ៦) សមាជិក​ព្រឹទ្ធសភា​អ្នកស្រី​ ដាយ​អិន ហ្វាញស្តាញ (Dianne Feinstein) ៧) សមាជិក​សភា​លោក​ សេត ម៉ូលតុន​ (Seth Moulton) និង​ ៨) សមាជិក​ព្រឹទ្ធសភា​លោក រ៉ូប៊ើត ខេស៊ី (Robert P. Casey, Jr)
រូបពី​ឆ្វេង​ទៅ​ស្ដាំ ១) សមាជិក​ព្រឹទ្ធ​សភា​លោក អិត ម៉ាឃី (Edward J. Markey) ២) សមាជិក​ព្រឹទ្ធ​សភា​ អ្នកស្រី អេលីហ្សា​ប៊ែត ល័ររ៉ិន (Elizabeth Warren) ៣) សមា​ជិកសភា​លោក ថិត យ៉ូហូ (Ted Yoho) ៤) សមាជិក​សភា​អ្នកស្រី​ ល័ររី ត្រាហាន (Lori Trahan) ៥) សមាជិក​សភា​លោក អាឡែន​ ឡូវ៉ិនស្សល (Alan Lowenthal), ៦) សមាជិក​ព្រឹទ្ធសភា​អ្នកស្រី​ ដាយ​អិន ហ្វាញស្តាញ (Dianne Feinstein) ៧) សមាជិក​សភា​លោក​ សេត ម៉ូលតុន​ (Seth Moulton) និង​ ៨) សមាជិក​ព្រឹទ្ធសភា​លោក រ៉ូប៊ើត ខេស៊ី (Robert P. Casey, Jr)
គណនី​ហ្វេសប៊ុក​របស់​តំណាង​រាស្រ្ត​អាមេរិក



តំណាង​រាស្រ្ត​អាមេរិក​ ៨ រូប ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​នៃ​របបលោក​ ហ៊ុន សែន ដោយសារ​ការ​បន្ត​គំរាម​កំហែង និង​បង្ក្រាប​សំឡេង​ប្រឆាំង​ និង​សកម្មជន​ឥត​ឈប់ឈរ​។ ពួកគាត់​ ក៏ស្នើ​​​ឲ្យ​ពិនិត្យ​ឡើងវិញ​ ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ GSP ដោយសារ​តែ​បរិយាកាស​កាន់​តែ​អាក្រក់​ ផ្នែក​សេរីភាព​សហជីព​ និង​ការងារ​។​

តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​ បួន​រូប​ជាសមាជិក​សភា​ និង​បួន​រូប​ទៀត​ ជា​សមាជិក​ព្រឹទ្ធសភា ​ភាគ​ច្រើន​លើស​លុប​មក​​ពីខាង​គណបក្ស​ប្រជាធិបតេយ្យ (Democrat) បាន​សរសេរ​លិខិត​រួមគ្នា​មួយ​ច្បាប់​ កាល​ពីថ្ងៃទី ១៦​ ខែ​ វិច្ឆិកា​ ជូនទៅ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​ ម៉ៃក៍ ផុមផេអូ (Mike Pompeo) ដោយ​ទទូច​ឲ្យ​រដ្ឋមន្រ្តី​នៃប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​ ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ ដែលកាន់តែ​អាក្រក់​ជាលំដាប់​នៅ​កម្ពុជា​។

តំណាងរាស្រ្ត​ដែល​លេចធ្លោរ​ក្នុង​ការ​ទាមទារ​ ឲ្យ​កម្ពុជា​ស្តារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ទាំងនោះ​រួមមាន​ សមាជិក​ព្រឹទ្ធ​សភា​លោក​ អិត​ ម៉ាឃី (Edward J. Markey) អ្នកស្រី​ អេលីហ្សាប៊ែត​ វ័ររ៉ិន​ (Elizabeth Warren) សមាជិក​សភា​អ្នកស្រី​ ល័ររី ត្រាហាន (Lori Trahan) លោក​ អាឡែន​ ឡូវ៉ិនស្សល​ (Alan Lowenthal) និង​លោក ថិត យ៉ូហូ​ (Ted Yoho)​។ ពួកគាត់​សង្កត់​ធ្ងន់​ លើ​អំណាច​ផ្តាច់​ការ​របស់​លោក​ ហ៊ុន សែន ក្នុងការ​បង្ក្រាប​សំឡេង​ប្រឆាំង​ ដូច​ជា​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ការបន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សំឡេង​ប្រឆាំង និង​ចាប់ខ្លួន​សកម្មជន​ជាបន្ត​បន្ទាប់​ និង​ការបន្ត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុងការ​ជួប​ប្រជុំគ្នា​តវ៉ា​ និង​សិទ្ធិបញ្ចេញ​មតិ​ រួមទាំង​សិទ្ធិ​សហជីពផង​។


មិនតែ​ប៉ុណ្ណោះ ពួកគាត់​ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ក្នុងជួរ​ដឹកនាំ​ជាន់​ខ្ពស់នៃ​របប​សព្វថ្ងៃ​ រួមទាំង​មន្រ្តី​ជាន់ខ្ពស់​ក្នុងជួរ​នគរបាល​ និង​កងរាជ​អាវុធហត្ថ​ផង ដែលអ្នក​ទាំងនេះ​បាន​ចូល​រួម​ចាប់ខ្លួន​ និង​បង្ក្រាប​ពលរដ្ឋ​យ៉ាងដំណំ​។ ពួកគាត់​ស្នើ​ឲ្យ​​ប្រើច្បាប់​ដាក់​ទណ្ឌកម្មជា​​សាកល​ ឬ​ the Global Magnitsky Act ឬ​ទណ្ឌកម្ម​សមស្រប​ណា​ផ្សេងទៀត ដែល​មានស្រាប់​។

ជាងនេះ​ទៅ​ទៀត​ តំណាងរាស្រ្ត​ទាំងនេះ​ ស្នើឲ្យ​តំណាង​ពាណិជ្ជ​កម្ម​អាមេរិក ចាត់វិធាន​ការ​ជាបន្ទាន់​ ដើម្បី​សើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ ឬ GSP​ ដោយសារ​ការរំលោភ​សិទ្ធិ​សហជីព​ និង​ការងារ​។

អ្នកឃ្លាំ​មើល​សង្គម មន្រ្តី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហជីព ព្រួយបារម្ភ​អំពី​ការ​ទាមទារ​ឲ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​នេះ ព្រោះកម្ពុជា​កំពុង​ត្រដាប​ត្រដួស​ស្រាប់​ហើយ​ ក្រោយ​ជួបវិបត្តិ​នៃ​ជំងឺកូវីដ-១៩​ និង​ការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ២០% របស់​សហភាព​អឺរ៉ុបនោះ​។​

លោក​បណ្ឌិត​ សេង សារី យល់​ឃើញ​ថា លិខិត​របស់​តំណាង​រាស្រ្ត​អាមេរិក​នេះ​ គ្មាន​អ្វីក្រៅ​ពី​ការ​ទាមទារ​ឲ្យ​កម្ពុជា​ ងាក​ចូល​គន្លង​ប្រជាធិប​តេយ្យ​ឡើងវិញ​តែ​ប៉ុណ្ណោះ​។ លោក​ថា​ នេះ​ជាការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងដំណាក់កាល​ដែល​កម្ពុជា​រងសម្ពាធ​ពីសហគមន៍​អន្តរជាតិ​ជាច្រើន​មកហើយ​។ លោកបារម្ភ​ថា បើស្ថានភាព​បែបនេះ​ នៅតែបន្ត​ រដ្ឋាភិបាល​កម្ពុជា​ នឹង​ពិបាក​រើ​ខ្លួន​រួច ហើយ​ពិបាក​ធ្វើដំណើរ​បន្ត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ណាស់ <<សំណើរ​សុំ​នៅ​ក្នុង​សំបុត្រ​នេះ គឺបង្ហាញ​ និង​បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​អាមេរិក បោះ​ជំហាន​មួយជំហាន​ទៀត​ នៅ​ក្នុ​ងារ​ដាក់​សម្ពាធ​បន្ថែម​ ឬយើង​ហៅ​ម្យ៉ាង​ទៀតថា ជាការប្រើ​ធម៌​ក្ដៅ នៅក្នុងការ​ជំរុញ​ឲ្យ​កម្ពុជា​ងាក​មក​គន្លង​ប្រជាធិប​តេយ្យ​ឡើងវិញ>>។

ការមិន​ទាន់​ងាក​មក​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ​នេះ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា ក៏បារម្ភណាស់​ដែរ ព្រោះ​លោកថា​សហរដ្ឋអាមេរិក​ មាន​ឥទ្ធិពល​ខ្លាំង​ ក្នុងការដាក់​ទណ្ឌកម្ម​ប្រទេសណាមួយ ដែល​មិនគោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិប​តេយ្យ​នេះ <<សហរដ្ឋ​អាមេរិក​មាន​សម្ពន្ធមិត្រ​ជាច្រើន​ផ្សេង​ទៀត​ អាចនឹង​មានចំណាត់​ការ​មកលើ​ប្រទេស​កម្ពុជា​ជាបន្ត​បន្ទាប់​ទៅទៀត ហើយ​ជាគោលការណ៍​ខាង​អង្គការ​សង្គមស៊ីវិល​យើង យើង​តែង​តែមិន​ចង់​ឃើញ​មានចំណាត់​ការបែប​នេះ​ទេ។ ដូច្នេះ​ហើយ​យើង​តែង​តែ​ទទូច​វ ចង់​ឲ្យ​ខាង​រដ្ឋាភិបាល​កម្ពុជា​យើង​ហ្នឹង ធ្វើយ៉ាងណា​រកដំណោះស្រាយ​ឲ្យបានទាន់ពេល​វេលា កុំ​ឲ្យកម្ពុជា​ធ្លាក់ក្នុង​ស្ថានភាព​កាន់តែធ្ងន់ធ្ងរ​ទៅ ធ្វើឲ្យប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា សេដ្ឋកិច្ច​ និង​នយោបាយ​ផងដែរ​>>។

បញ្ហាប៉ះ​ពាល់​ដល់ឆ្នាំង​បាយកម្មករ​​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ក៏បារម្ភខ្លាំង ព្រោះ​កម្ពុជា​​ពឹងពាក់​ស្ទើរតែទាំងស្រុងលើប្រព័ន្ធ​​ការអនុគ្រោះពន្ធ​ពីសហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប។ កម្ពុជា​បានចំណេញ​ច្រើនណាស់​ ពីប្រយោជន៍​នៃការមិន​យកពន្ធ​លើសម្ភារៈ​ធ្វើដំណើរ ដោយសារ​ការអនុគ្រោះ​ពន្ធ​ទូទៅ​ ឬ GSP។  ប៉ុន្តែ​ផល​ចំណេញ​នេះ នឹង​អាចបាត់បង់​ ដោយសារ​ លោក​ថា​លិខិត​របស់​តំណាងរាស្រ្ត​អាមេរិក​ នឹង​មានឥទ្ធិពល​ដល់​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​ ព្រោះ​ពួកគាត់​សុទ្ធតែ​ជាអ្នកនយោបាយ​ដែល​មានឥទ្ធិពល​ <<ក្នុង​រយៈពេល​ជិត​ ២០ ឆ្នាំនេះ​ កម្ពុជា​បាន​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ពី​ខាងប្រទេសខាងហ្នឹង។ អ្វីដែលបារម្ភ និង​សំណូមពរ​ គឺយើង​គិត​ថា​រដ្ឋាភិបាលកម្ពុជា​ ធ្វើ​យ៉ាងម៉េច​ពិនិត្យ​ចំណុច​ខ្វះខាត ហើយ​អនុវត្ត​ឲ្យបាន​តាមកិច្ច​ព្រមព្រៀង​ ដែល​ចុះជាមួយ​នឹង​សហរដ្ឋអាមេរិក និង​សហគមន៍អឺរ៉ុប ធ្វើម៉េច​ឲ្យបានល្អ​ ដើម្បី​ធានានូវ​ដំណើរការ​ធម្មតា​វិញ​សម្រាប់​កម្ពុជា>>។

អាស៊ីសេរី​ ព្យាយាម​សុំការបំភ្លឺ​ពីមន្រ្តី​នាំពាក្យ​របប​ក្រុងភ្នំពេញ​ លោក​ ផៃ​ ស៊ីផាន​ ជុំវិញ​រឿង​នេះ​ដែរ ប៉ុន្តែ​ ទូរស័ព្ទ​ចូល​ច្រើនសារ​ និង​បានផ្ញើសារ​តាមគណនីហ្វេស​ប៊ុកលោក​ផង តែគ្មាន​ការឆ្លើយតប​។

ក្នុង​ចំណោម​តំណាង​រាស្រ្ត​ទាំង ៨​ ​រូបរូបនេះ​ មាន​ពីរ​រូប​បាន​ដាក់​ស្នើ​ច្បាប់​ស្តី​ពី​ប្រជាធិបតេយ្យ​កម្ពុជា​ ដើម្បី​ដាក់​ទណ្ឌកម្ម​មន្រ្តី​របបលោក​ ហ៊ុន សែន​ ដែល​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​ រង់​ចាំ​អនុម័ត​ចុងក្រោយ​ មុន​បញ្ជូន​ទៅ​ប្រធានាធិបតី​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត​ នៅ​ក្នុង​លិខិត​នេះ​ដែរ​ បានផ្តួចផ្តើម​សេចក្តី​ព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា ដែល​ស្នើឲ្យ​សើរើ​ប្រព័ន្ធការ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ GSP​។ សេចក្តី​ស្នើ​ច្បាប់​នេះ​ កំពុង​ស្ថិតក្នុង​ដៃ​ព្រឹទ្ធសភាដែរ​៕

No comments: