Tuesday 24 November 2020

កសិករ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះថោក​លក់​មិន​បាន​ប្រាក់​កម្រៃ


ដោយ វ៉ែន សុមេធ
2020-11-22
ទិដ្ឋភាព​ស្រូវ​ទុំ​ក្នុង​ស្រែ បន្ទាប់​ពី​រង​ការ​ជន់លិច។ រូប​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០២០។
ទិដ្ឋភាព​ស្រូវ​ទុំ​ក្នុង​ស្រែ បន្ទាប់​ពី​រង​ការ​ជន់លិច។ រូប​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០២០។
រូបពី​ហ្វេសប៊ុក​នាយកដ្ឋាន​ផ្សព្វផ្សា​យ​កសិកម្ម
ស្ដាប់ ឬ​ទាញ​យក​សំឡេង


 

ប្រជាកសិករ​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា តម្លៃ​ស្រូវ​ចុះថោក​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ពួកគាត់​លក់​កសិផល​មិន​បាន​ប្រាក់កម្រៃ​ចំណេញ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ។ កសិករ​ទាំងនោះ​កំពុង​ខ្វល់ខ្វាយ​ខ្លាច​ដាច់​ស្បៀងអាហារ​នៅ​ពេល​ខាងមុខ ហើយ​គ្មាន​ប្រាក់​សង​ធនាគារ​ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើមទុន​ដាំ​ដុះ​កាលពី​រដូវវស្សា​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា រឿង​នេះ​ដោយសារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល។

ប្រជាកសិករ​លើកឡើង​ស្រដៀង​គ្នា​ថា នៅ​ឆ្នាំ​២០២០​នេះ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ក្រីក្រ ដោយសារ​ជួប​គ្រោះធម្មជាតិ​ផ្ទួនៗ​គ្នា គឺ​គ្រោះ​ទឹកជំនន់​ផង និង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ផង ហើយ​ចុង​ក្រោយនេះ​ជួប​បញ្ហា​តម្លៃ​ស្រូវ​ចុះថោក​ទៀត។

ពលរដ្ឋ​នៅ​រស់​នៅ​ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោក ផន ផានី ថ្លែង​ថា ក្រោយពី​ជួប​គ្រោះធម្មជាតិ​ផ្ទួនៗ​ហើយ តម្លៃ​ស្រូវ​របស់​ពួក​លោក​ក៏​ចុះថោក​ទៀត ធ្វើ​ឱ្យ​ជីវភាព​កាន់តែ​លំបាក ដោយ​កសិករ​ខ្លះ​បាន​នាំ​គ្នា​ទៅ​ស្វែងរក​ការងារ​នៅ​ប្រទេស​ថៃ​បណ្ដើរៗ​ហើយ។ កសិករ​រូប​នេះ​ឱ្យ​ដឹង​ថា ឆ្នាំនេះ​លោក​ធ្វើស្រែ​ចំនួន ៦​ហិកតារ ដោយ​ចំណាយ​អស់​ដើមទុន​ប្រមាណ ២​ពាន់​ដុល្លារ​អាមេរិក ក្នុង​នោះ​ថវិកា​៥០​ភាគរយ លោក​ខ្ចី​ពី​ធនាគារ ដោយ​រំពឹង​ថា នឹង​សង​គេ​វិញ​ក្រោយពេល​ប្រមូល​ផល​ស្រូវ​រួច ក៏ប៉ុន្តែ​អ្វី​មិន​ដូច​ក្ដី​ស្រមៃ​ឡើយ ។​លោក​និយាយ​ថា ទឹកជំនន់​បាន​លិច​ស្រូវ​របស់​លោក​ខូច​អស់ ៣​ហិកតារ ចំណែក​៣​ហិកតារ​ទៀត​បាន​ផល​តិចតួច​គឺ​បាន​ប្រហែល ២​តោន​ក្នុង​មួយ​ហិកតារ ហើយ​បាន​ទិន្នផល​តិច​ជាង​ពី​ឆ្នាំ​មុខ​ពាក់កណ្ដាល។ កសិករ​រូប​នេះ​បន្ត​ថា ស្រូវ​របស់​លោក​ចាប់ផ្ដើម​ប្រមូល​ផល​ហើយ ស្រាប់តែ​តម្លៃ​ចុះថោក ដោយ​ស្រូវ​ផ្កា​រំដួល​តម្លៃ​ប្រមាណ ៩៥០​រៀល​ក្នុង​គីឡូក្រាម​ប៉ុណ្ណោះ៖ «យ៉ាប់​ខ្លាំង​ព្រោះ​ឥឡូវ​អ្នកស្រែ​យើង ទី​១​យើង​ធ្វើ​ដើមទុន​វា​អស់​ច្រើន ដល់ពេល​ប្រមូល​ផល​ទៅ​លក់​បាន​ថោក។ ដល់ពេល​ស្រូវ​យើង​បាន​ភ្លាម​ចាប់ផ្ដើម​ថោក ដល់​អីចឹង​កសិករ​ខ្មែរ​យើង​វា​ជួប​បញ្ហា​អីចឹង​ច្រើន។ អ្នកខ្លះ​គេ​ចង់​ទៅ​ថៃ ចំពោះ​ខ្ញុំ​ទៅ​ចោល​ម្ដាយ​អត់​រួច​ដល់​អីចឹង​ទៅ នៅ​ដាំ​បន្លែ​យក​ចំណូល​សង​ថ្លៃ​ជី​គេ និង​ថ្លៃ​ថ្នាំ​គេ»។


ស្រដៀង​គ្នា​នេះ​កសិករ​នៅ​ស្រុក​ថ្មគោល​ម្នាក់ទៀត គឺ​លោក ប៊ុត រ៉ាន់ រៀបរាប់​ឱ្យដឹង​ថា កូនប្រុស​របស់​លោក​ធ្វើ​ស្រូវ​ចំនួន ៥​ហិកតារ ចំណាយ​អស់​ថវិកា​ជិត​២​ពាន់​ដុល្លារ។ លោក​បន្ថែម​ថា ស្រូវ​ចុះថោក​ប្រហែល ៣​ថ្ងៃ​ហើយ ធ្វើ​ឱ្យ​ពួកគាត់​គ្មាន​កម្លាំងចិត្ត​ប្រមូល​ផល​ស្រូវ​នោះ​ទេ ពីព្រោះ​តម្លៃ​ស្រូវ​សព្វថ្ងៃ​នេះ លក់​មិនបាន​ប្រាក់កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ។ លោក​និយាយ​ថា កសិករ​នៅ​តំបន់​លោក​មួយ​ចំនួន​បាន​បោះបង់​របរ​ដាំ​ដុះ​បង្ខំចិត្ត​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស ទាំង​ប្រថុយប្រថាន​ក្នុងអំឡុងពេល​កូវីដ​១៩ ដើម្បី​រក​ប្រាក់​សង​ធនាគារ ពីព្រោះ​នៅ​ក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ​ក្រៅ​អំពី​របរ​ធ្វើ​ស្រែ​ឡើយ៖ «គ្រប់គ្នា​មិន​ដឹង​ថា បាន​អី​ទប់​អី​ទេ​ឥឡូវ​ហ្នឹង​គាត់​ត្អូញត្អែរ​ខ្លាំង​មែន ឥឡូវ​ហ្នឹង​ដល់ពេល​ច្រូត​រួច​អត់​ឱ្យ​តម្លៃ​គ្នា ដល់ពេល​ទៅ​មើល​ស្រែ​ថា​ស្រូវ​ហ្នឹង​អាច​បាន​លក់​បាន​៧៨០​រៀល​ហើយ។ ដល់ពេល​ច្រូត​ទៅ​ឱ្យ​គ្នា​៧០០ ឬ​៧២០​អី​ទៅ ហើយ​ម្នាក់ៗ​ដើរ​គ្រវីក្បាល​បណ្ដោយ​មិន​ដឹង​យក​ទៅ​ណា​បើ​គាត់​អត់​មាន​ពេល​ហាល ហើយ​គ្មាន​អី​ទុកដាក់ គាត់​ត្រូវការ​យក​លុយ​សង​គេ។ កូវីដ​ហើយ​ជន់​លិច​ទៀតហើយ​គាត់​ជំពាក់​លុយ​អាហ្នឹង​ធ្ងន់​មែនទែន»។

ចំណែក​កសិករ​នៅ​ស្រុក​មោងឫស្សី លោក ព្រំ ចាន់ថុក វិញ​និយាយ​ថា ឆ្នាំនេះ​លោក​ធ្វើស្រែ​នៅ​លើ​ផ្ទៃដី​ចំនួន ៣០​ហិកតារ ដោយ​ចំណាយ​អស់​ប្រាក់​ប្រមាណ ៧​ពាន់​ដុល្លារ ក្នុង​នោះ​ប្រាក់ ៥០​ភាគរយ​លោក​ខ្ចី​ពី​ធនាគារ​។ កសិករ​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ទឹកជំនន់​បាន​លិច​ស្រូវ​របស់​លោក​ខូច​អស់​ពាក់កណ្ដាល​នៅសល់​ប្រមាណ ១៥​ហិកតារ ដោយ​ចាប់ផ្ដើម​ប្រមូល​ផល​បណ្ដើរៗ​ហើយ។ លោក​បន្ថែម​ថា ស្រូវ​ទាំងនោះ​ពេល​ប្រមូល​ផល​ហើយ​លក់​មិនបាន​សង​ធនាគារ​នោះ​ទេ ព្រោះ​តម្លៃ​ស្រូវ​ចុះថោក ដោយ​តម្លៃ​ស្រូវ​ស្រង៉ែ​ឈ្មួញ​ប្រមូល​ទិញ​ពី​កសិករ​ប្រមាណ​៨៨០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ស្រូវ​សែន​ក្រអូប​តម្លៃ ១​ពាន់​រៀល​(១.០០០)​ក្នុង​មួយ​គីឡូក្រាម ។ លោក​បញ្ជាក់​ថា តម្លៃ​ស្រូវ​អាច​នឹង​ចុះថោក​បន្ថែម​ទៀត ពីព្រោះ​កសិករ​កំពុង​ប្រមូល​ផល​មិន​ទាន់​អស់​នៅ​ឡើយ៖ «បញ្ហា​សំខាន់​អាស្រូវ​បាន​តិច​ហើយ​ដល់ពេល​ច្រូត​ថ្លៃ​ទៀត​ដោយសារ​កសិករ​ធ្វើ​ស្រូវ​ច្រើន​ហើយ​ម៉ាស៊ីន​ច្រូត វា​តិច វា​ច្រូត​អត់​ទាន់។ ម្ល៉ោះហើយ​ស្រូវ​ច្រូត​បាន​១​តោន​អី​អាហ្នឹង​កាន់តែ​វ័ណ្ឌក​ហើយ»។

កសិករ​ទាំង​នេះ​ឱ្យ​ដឹង​ទៀត​ថា ពួកគាត់​បាន​ដាំ​ដុះ​ឡើងវិញ​បាន​តិចតួច ដោយសារ​គ្មាន​ប្រាក់​ធ្វើ​ដើមទុន​បង្កបង្កើនផល​លើក​ទី២។

ទាក់ទង​នឹង​បញ្ហា​នេះ​អនុប្រធាន​មន្ទីរ​កសិករ​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បាត់ដំបង លោក អ៊ឹម សុវណ្ណមុនី ប្រាប់​អាស៊ីសេរី​ថា តម្លៃ​ស្រូវ​ចុះថោក​ដោយសារ​ឆ្នាំនេះ​ស្រូវ​របស់​កសិករ​មិន​សូវ​មាន​គុណភាព បណ្ដាល​មកពី​ទឹកជំនន់​ជាន់​លិច​ធ្វើ​ឱ្យ​គ្រាប់ស្រូវ​មិនសូវ​ស្អាត​ល្អ។ លោក​បន្ថែម​ថា នៅ​ក្នុង​ខេត្ត​បាត់ដំបង ដំណាំ​ស្រូវ​ត្រូវ​ទឹកជំនន់​លិច​ខូច​អស់​ ៤២.០០០​ហិកតារ ប៉ុន្តែ​កសិករ​ដាំ​ដុះ​ឡើងវិញ​បាន​ជាង ១​ម៉ឺន​ហិកតារ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២២ វិច្ឆិកា៖ «គាត់​ប្រើ​ពូជ​ដូចគ្នា​ពេលវេលា​ប្រមូល​ផល​ដូចគ្នា បាន​ន័យ​ថា ឈ្មួញ​មួយ​ចំនួន​គាត់​ឆក់​ឱកាស​ដែរ។ អីចឹង​បាន​មន្ទីរ​កសិកម្ម​ចង់​ឱ្យ​ប្រមូល​ផ្ដុំគ្នា​ក្រុម​ទៅជា​សហគមន៍ វា​ងាយស្រួល​គាត់​ចរចា​ជាមួយ​ឈ្មួញ​បាន។ អីចឹង​យន្តការ​ហ្នឹង​យើង​កំពុងតែ​រុញ​ដែរ»។

លោក​ឱ្យ​ដឹង​ថា ថ្វីបើ​ឆ្នាំនេះ​ជួប​គ្រោះធម្មជាតិ​ក្ដី​ក៏​ទិន្នផល​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​អាច​នឹង​បាន​ទិន្នផល​ច្រើនជាង​ឆ្នាំ​កន្លង​ទៅ ពីព្រោះ​កសិករ​បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃ​ជាង ៣៧​ម៉ឺន​ហិកតារ ហើយ​ទិន្នផល​ស្រូវ​ច្រើនជាង​ឆ្នាំ​មុនៗ​ដែរ ដោយសារ​មាន​ទឹក​គ្រប់គ្រាន់​ស្រោចស្រព។

កាល​ពី​ឆ្នាំមុន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​ប្រកាស​ថា នឹង​បញ្ចេញ​ថវិកាជាតិ​ចំនួន ៥០​លាន​​ដុល្លារ​អាមេរិក ដើម្បី​ផ្ដល់​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ខ្ចី​យក​ទិញ​ស្រូវ​ពី​កសិករ​ស្តុក​ទុក ដើម្បី​រក្សា​តម្លៃ​ស្រូវ​របស់​កសិករ​កុំ​ឱ្យ​ចុះថោក។

ទោះជា​យ៉ាងណា​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន កត់សំគាល់​ថា វិធាន​របស់​លោក ហ៊ុន សែន គ្រាន់តែ​ការប្រកាស​ឱ្យ​ល្អមើល ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​គឺ​ពុំ​មាន​ឡើយ​ដូច្នេះ​ហើយ​បានជា​ក្រុម​ឈ្មួញកណ្ដាល​ចាប់ដៃ​គ្នា​បញ្ចុះតម្លៃ​ស្រូវ​របស់​កសិករ​ជា​រៀងរាល់​ឆ្នាំ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ និយាយ​ថា តម្លៃ​ស្រូវ​នេះ​ចុះថោក​នេះ​បណ្ដាលមកពី​រដូវ​នេះ​ជា​រដូវ​ដែល​កសិករ​នៅ​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​ប្រមូល​ផល​ស្រូវ​ព្រម​គ្នា ធ្វើ​ឱ្យ​បរិមាណ​ស្រូវ​ច្រើនជាង​តម្រូវការ នៅ​ក្នុង​ទីផ្សារ។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋាភិបាល​គួរតែ​បញ្ចេញ​ថវិកាជាតិ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​យក​ទៅ​ស្តុក​ទុក ដើម្បី​កិនស្រូវ​ទៅជា​អង្ករ​នាំ​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស ព្រមទាំង​ជួយ​ទប់ស្កាត់​កុំ​ឱ្យ​មិន​ឱ្យ​ក្រុម​ឈ្មួញកណ្ដាល​បញ្ចុះតម្លៃ​ស្រូវ​តាម​អំពើ​ចិត្ត​បាន៖ «ហើយ​ទី​៣​នោះ​ទំនាក់​ការទូត​ពាណិជ្ជកម្ម​ស្វះ​ស្វែងរក​ទីផ្សារ។ ហើយ​ដឹង​ថា មាន​ការ​លើកឡើង​ថា ប្រទេស​ចិន​ទទួល​ទិញ​កសិផល ប៉ុន្តែ​មានតែ​តួលេខ​ការទិញ ក៏​ប៉ុន្តែ​លទ្ធផល​ជាក់ស្ដែង​នៃ​ការ​លក់​ស្រូវ​របស់​កសិករ​ហ្នឹង​មិន​ទទួល​បាន​ផល​ទេ។ អីចឹង​គិត​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​ហ្នឹង​តើ​យើង​គួរតែ​ធ្វើ​ពាណិជ្ជកម្ម​ការទូត​ជាមួយ​ប្រទេស​ណា​ទៀត ជាពិសេស​ប្រទេស​លោក​សេរី ដែល​ជា​ប្រទេស​ពេញ​និយម​ក្នុង​ការ​នាំ​ស្រូវ​អង្ករ​ចេញ ហើយ​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ដែល​មាន​តម្លៃ​សមរម្យ ដែល​ផល​ផ្ដល់​ប្រយោជន៍​ដល់​កសិករ»។

លោក ថេង សាវឿន ឱ្យ​ដឹង​ទៀត​ថា បញ្ហា​នេះ​ប្រសិនបើ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ទេ នឹង​មាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​របស់​កសិករ​រាប់​ម៉ឺន​គ្រួសារ ហើយ​កសិករ​មួយ​ចំនួន​អាច​ប្រឈម​នឹង​លក់​ដីស្រែ​យក​ប្រាក់​សង​ធនាគារ ហើយ​អ្នកខ្លះ​នឹង​ចាក​ចេញពី​ជនបទ​ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​ក្រុង និង​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយប្រថាន​កាន់តែ​ច្រើន ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ និង​សង​ធនាគារ ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើមទុន​ដាំ​ដុះ​កន្លង​ទៅ៕

No comments: