Wednesday 4 November 2020

តុលាការ​កោះហៅ​ថ្នាក់ដឹកនាំ ​និង​សកម្មជន​បក្ស​ប្រឆាំង​ជិត ៦០នាក់ ចូល​បំភ្លឺ​សំណុំ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់


ដោយ សុជីវី
2020-11-03
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha


តុលាការ​របប​ក្រុងភ្នំពេញ​ ចេញដីកា​ថ្មីទៀត​កោះហៅ​ថ្នាក់ដឹកនាំ ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ​៥៩នាក់​ដែល​ភាគ​ច្រើន​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ឲ្យ​ចូល​បំភ្លឺ​សំណុំ​រឿង​រួម​គំនិត​ក្បត់ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។ មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា នឹង​វិល​ចូល​តតាំង​ក្តី ​ប្រសិនបើ​របប​ក្រុង​ភ្នំពេញ ក្លាហាន​បើក​ផ្លូវ​ឲ្យ​ពួកគេ​វិល​ចូល​កម្ពុជា​វិញ។ រីឯ​អ្នក​វិភាគ​ យល់ថា​ ករណី​នេះ ​ជា​រឿង​នយោបាយ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ចេញ​ដីកា​បង្គាប់​ឲ្យ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១៣នាក់ ​និង​សកម្មជន​ចំនួន ៤៦នាក់​សរុប​ចំនួន ៥៩នាក់​ ចូល​រួម​សវនាការ​​ជាកំហិត ​នៅ​ថ្ងៃទី២៦ ​ខែវិច្ឆិកា​ ខាង​មុខ​នេះ​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​រួម​គំនិត​ក្បត់ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ដែល​ជា​សំណុំរឿង​ចាស់​ពាក់ព័ន្ធ​នឹង​ផែនការ​វិលត្រឡប់​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី ​កាលពី​ឆ្នាំ​២០១៩។

ដីកា​របស់​តុលាការ​នេះ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​ច្រើន​នាក់ យក​ទៅ​បិទ​នៅ​មុខ​ទី​ស្នាក់​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ នៅ​រសៀល​ថ្ងៃ​ទី៣ ខែវិច្ឆិកា។

ថ្នាក់​ដឹក​នាំ​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កោះ​ហៅ​នោះ រួម​មាន ប្រធាន​ស្ដីទី​គណបក្ស លោក ​សម​ រង្ស៊ី អ្នកស្រី ជូឡុង ​សូម៉ួរ៉ា អ្នក​ស្រី មូរ ​សុខហួរ ​លោក ​អេង ​ឆៃអ៊ាង ​ រួម​ទាំង​ថ្នាក់​ដឹក​នាំ​ និង​សកម្មជន​ជា​ច្រើន​នាក់​ទៀត។

កាលពីថ្ងៃទី២០​ ខែតុលា ​ថ្មីៗនេះ ​តុលាការ​ក្រុង​ភ្នំពេញ​ ក៏​ចេញ​ដីកា​បង្គាប់​ឲ្យ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​​ជាតិ​ចំនួន៩នាក់​ ចូល​បំភ្លឺ​ នៅ​ថ្ងៃ​ទី១១ វិច្ឆិកា​ ខាង​មុខ​ដែរ ពាក់ព័ន្ធ​នឹង​អំពី​បទ​ចោទ "​ឧប​ឃាត"។


ការចេញ​ដីកា​កោះហៅ​ថ្នាក់ដឹកនាំ ​និង​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ជា​ថ្មី​ទៀត​នេះ​ ក្រោយ​ពី​លោក សម រង្ស៊ី ​បាន​អំពី​ផែន​វិល​ចូល​ស្រុក​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ដឹក​នាំ​កម្លាំង​មហាជន​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល លោក ហ៊ុន សែន។

តំណាងរាស្ត្រ​ជាប់​គណបក្ស​សង្គ្រោះ​ជាតិ ​លោក អ៊ុំ សំអាន ថ្លែង​ថា ការ​ចេញ​ដីកា​របស់​តុលាការ​នេះ​ គឺ​បង្ហាញ​ថា ​របប​លោក ​ហ៊ុន​ សែន​ កំ​ពុង​ភ័យ​ស្លន់ស្លោ​ខ្លាច​បាត់​បង់​អំណាច​មិន​អាច​ផ្ទេរ​ទៅ​កូន​ ទើប ខំប្រឹង​ប្រើប្រាស់​តុលាការ​ឲ្យ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​ទំនើង​ចិត្ត។ លោក ​បន្ត​ថា ក្រុម​ថ្នាក់​ដឹក​នាំ ​​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​វិល​ទៅ​តតាំង​ក្ដី​ភ្លាម​ ប្រសិន​បើ​រដ្ឋាភិបាល​លោក​ ហ៊ុន ​សែន​ ក្លាហាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ទៅ​កម្ពុជា​វិញ ផ្តល់​សុពលភាព​លើ​​លិខិត​ឆ្លង​ដែន​ដែល​ក្រសួង​ការ​បរទេស​បាន​លុប​ចោល និង​សរសេរ​លិខិត​ទៅ​ប្រទេស​សមាជិក​អាស៊ាន​ ជាពិសេស​ប្រទេស​ថៃ ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចេញចូល​បាន៖ «តាម​ពិត​លោក ហ៊ុន សែន កំសាក​ទេ ដោយ​ឲ្យ​តុលាការ​របស់​គាត់​កោះហៅ​ពួក​យើង​ទៅ​បំភ្លឺ ប៉ុន្តែ​បិទ​ជើង​ហោះហើរ​សម្រាប់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​ទៅ​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន មិន​ហ៊ាន​បើក​ជើង​ហោះហើរ​ទេ ព្រោះ​គាត់​ខ្លាច​មហាជន ជា​ពិសេស អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ មក​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ប្រធាន សម សង្ស៊ី និង​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ទៅ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​របស់​គាត់»។

លោក​បន្ត​ថា​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់ នោះ​ទេ​ ប៉ុន្តែ​គឺ​ជា​ជន​រង​គ្រោះ​នៃ​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ដោយ​បំពានច្បាប់​ឥត​ស្រាកស្រាន្ត​ពី​របប​លោក ​ហ៊ុន ​សែន ​ដោយសារ​តែ​ខ្លាច​ចាញ់​ឆ្នោត។

អាស៊ី​សេរី​ មិន​អាច​ទាក់ទង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​លោក ​កុយ​ គួង និង​អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​ លោក ​ជា អូន ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​លើក​បម្រាម ដើម្បី​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​រួម​ដំណើរ​ការ​តុលាការ​បា​នទេ នៅ​ថ្ងៃ​ទី៣ វិច្ឆិកានេះ។

រីឯ​ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ មិន​ដឹង​ឮ​រឿង​នេះ​ទេ ហើយ​ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រក​មធ្យោបាយ​វិល​ចូល​ប្រទេស​ដោយ​ខ្លួន​ឯង ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ​នេះ៖ «រឿង​នេះ មិន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ទេ ព្រោះ​ជា​ការ​កោះ​ហៅ​របស់​តុលាការ ឲ្យ​ចូល​ទៅ​បង្ហាញ​មុខ​ជា​កំហិត ដូច្នេះ​បុគ្គល​និមួយៗ គេ​ដឹង​ច្បាស់​ហើយ​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ ខ្ញុំ​ក្នុង​នាម​រាជ​រដ្ឋាភិបាល យើង​មិន​លូក​មាត់​នៅ​ក្នុង​សាច់​រឿង​នេះ​ទេ»។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ពិនិត្យ​ឃើញ​ថា ករណី​នេះ គឺ​ជា​រឿង​នយោបាយ​តាំង​ដើម​មក ​ហើយ​ការ​កោះហៅ​នៅ​ដំណាក់​កាល​នេះ អាច​ជា​ល្បិច​នយោបាយ​ថ្មី​មួយ​ទៀត​របស់​គណបក្ស​កាន់អំណាច ​ខណៈ ​ប្រព័ន្ធ​យុត្តិធម៌​នេះ រង​ការ​ចោទ​ថា ជា​ឧបករណ៍​មួយ​របស់​អ្នក​កាន់​អំណាច​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «វា​អាច​ទាំង​ពីរ ទី១ វា​អាច​ការ​បន្ត​បង្ហាញ​នូវ​វិធានការ​ច្បាប់​មួយ ដែល​រារាំង​មិន​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​វិល​មក​វិញ ប៉ុន្តែ​ទី២ ទៀត ក៏​ជា​ផ្នែក​មួយ​បង្ហាញ​នូវ ខ្សែ​បណ្ដាញ​នៃ​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ក្នុង​ស្រុក នៅ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្សេងៗ នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ»។

ចាប់​តាំង​ពី​លោក សម រង្ស៊ី បាន​ប្រកាស​វិល​ចូល​កម្ពុជា​សា​ជា​ថ្មី​ម្ដង​ទៀត​មក គឺ​តុលាការ​ស្ទើរគ្រប់​រាជធានី ខេត្ត បា​ន​សើរើ​សំណុំរឿង​ចាស់ៗ និង​កោះហៅ​ពួក​គេ​ឱ្យ​ចូល​រួម​ក្នុង​សវនាការ​ជា​បន្ត​បន្ទាប់។ ចាប់​តាំងពី​ខែ​មករា​មក អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ២០នាក់ ហើយ​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ រួម​គំនិត​ក្បត់​ជាតិ ញុះញង់​ឱ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម។ ក្រៅ​ពី​នេះ​ សកម្មជន​ជា​ច្រើន​នាក់​ទៀត​បាន​រង​ការ​វាយ​ដំ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​គ្មាន​ករណី​ណា​មួយ​នាំ​ជន​ល្មើស​មក​ផ្ដន្ទាទោស​នោះ​ទេ៕

1 comment:

Anonymous said...

Ah Hun Sen is Ah Chker Chkuot (crazy dog).

How come they try to advocate a crazy dog to do something right ?

If that dog Hun Sen can differentiate between wrong and right, then he is not a crazy dog. But he is a crazy dog. He can only understand when baseball bat hits his head.