Thursday 12 November 2020

ស្ថានទូត​ខ្មែរ​នៅ​អាមេរិក​ថា ការ​មិន​​ខ្វល់​នឹង​មន្ត្រី​បក្ស​ប្រឆាំង គ្មាន​ន័យ​ថា មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពលរដ្ឋ​ទេ


ដោយ សុជីវី
2020-11-12
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ៤​រូប​ ដែលទៅដាក់លិខិតសុំសុពលភាពលិខិតឆ្លងដែន​នៅខាងមុខស្ថានទូតខ្មែរ​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី (ពាក់ម៉ាស់ខ្មៅ) លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក នុត រំដួល និង​អ្នកគាំទ្របក្សប្រឆាំង​២នាក់។ 
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ២០២០។
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ៤​រូប​ ដែលទៅដាក់លិខិតសុំសុពលភាពលិខិតឆ្លងដែន​នៅខាងមុខស្ថានទូតខ្មែរ​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ក្នុង​នោះ​មាន (ពី​ឆ្វេង) លោក ឡុង រី (ពាក់ម៉ាស់ខ្មៅ) លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក នុត រំដួល និង​អ្នកគាំទ្របក្សប្រឆាំង​២នាក់។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ២០២០។
រូបថតដោយ​ សន ចាន់រដ្ឋា



 

ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រតិកម្ម​តប​ទៅ​នឹង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​ចោទ​ថា ស្ថានទូត​បម្រើ​ផលប្រយោជន៍​ឱ្យ​បក្ស​កាន់អំណាច​ជាជាង​ប្រយោជន៍​ពលរដ្ឋ។

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា លើក​ឡើង​ថា ពួកគេ​សោកស្ដាយ ដែល​ស្ថានទូត​បិទទ្វារ មិន​ធ្វើការ​នៅ​ពេល​ពួកគេ​ទៅ​ដាក់​លិខិត​ស្នើសុំ​សុពលភាព​លិខិតឆ្លងដែន។ ពួកគេ​ចាត់​ទុក​ទង្វើ​បែបនេះ​ថា ជា​ការ​រើសអើង ធ្វើ​ការ​បម្រើ​បក្ស​កាន់អំណាច ជាជាង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។

សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា​នេះ ឱ្យ​ដឹង​ថា ស្ថានទូត​ជ្រើសរើស​មិន​អើពើ នឹង​ក្រុម​អ្នក​ដាក់​លិខិត​នៅ​ស្ថានទូត កាលពី​ថ្ងៃទី​១០ វិច្ឆិកា​នោះ ក៏​ព្រោះតែ​ក្រុម​នោះ​ជា​ក្រុម​នយោបាយ​ក្រៅច្បាប់ ដែល​ពុំ​មាន​ន័យ​ថា ស្ថានទូត​មិន​យកចិត្តទុកដាក់​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ទូទៅ​ឡើយ។


សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់​ថា ករណី​នេះ​មិន​ត្រូវ​ប្រើប្រាស់​យក​ទៅ​ចោទប្រកាន់​ស្ថានទូត​ថា​មិនបាន​ទទួល​ជួប​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ​ស្ថានទូត​អះអាង​ថា បាន​បំពេញការងារ​ដោយ​យកចិត្តទុកដាក់ បម្រើ​ពលរដ្ឋ​តាម​តម្រូវការ និង​សំណូមពរ​តាម​ស្ថានភាព​ជាក់ស្ដែង ដែល​ជា​ការ​ភ្ជាប់​ទំនាក់​ទំនង​ជិត​ស្និទ​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​ទង្វើ​នេះ​មិនមែន​សម្រាប់​ក្រុម​បុគ្គល​ក្រៅច្បាប់​ឡើយ​។​

មន្ត្រី​គណបក្សប្រឆាំង​ចំនួន ៤​នាក់ ដែល​នាំគ្នា​ទៅ​ដាក់​លិខិត​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​(Washington DC) កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បាន​សម្រេច​ដាក់​លិខិត​របស់​ពួកគេ​ទៅ​ក្នុង​ប្រអប់​សំបុត្រ​នៅ​នឹង​របង​ស្ថានទូត បន្ទាប់​ពី​បាន​ចុច​កណ្ដឹង​ជាច្រើន​សា តែ​ពុំ​មាន​មនុស្ស​ចេញ​ពី​អគារ​ស្ថានទូត។

ក្នុង​លិខិត​នោះ​បាន​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តាមរយៈ​ស្ថានទូត​ខ្មែរឱ្យ​ផ្ដល់​សុពលភាព លិខិតឆ្លងដែន ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១​រូប​ដែល​ត្រូវ​ក្រសួង​ការបរទេស​បញ្ឈប់​សុពលភាព​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​សង្ស័យ​ថា មន្ត្រី​ស្ថានទូត​គេចវេះ​មិន​ទទួល​លិខិត ទើប​យក​លេស​បិទទ្វារ​ស្ថានទូត​នៅ​ពេល​ដែល​ក្រុម​របស់​លោក​ទៅ​ដាក់​លិខិត​។ លោក​ចាត់​ទុក​ទង្វើ​បែបនេះ​ថា ជា​ការ​រើសអើង ធ្វើការ​បម្រើ​បក្ស​កាន់អំណាច ជាជាង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​ថា ក្រុម​របស់​លោក ជា​ក្រុម​ក្រៅ​ច្បាប់​នេះ លោក​ចោទ​សួរ​ថា តើ​មាន​ច្បាប់​ណាមួយ​ដែល​ដាក់​ពួកគាត់​ក្រៅច្បាប់ ក្រៅ​តែ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧៖ «គាត់​និយាយ​គាត់​ថា ពួក​ខ្ញុំ​ក្រៅច្បាប់ ពួក​ខ្ញុំ​ស្អីៗ​ហ្នឹង ខ្ញុំ​សួរ​ថា តើ​មាន​ច្បាប់​ណា ដែល​ដាក់​ពួក​ខ្ញុំ​ក្រៅច្បាប់​? បើ​តាម​ខ្ញុំ​ចាំ​ហ្នឹង​មានតែ​ច្បាប់​មួយ​គត់ ដែល​កាលពី​ឆ្នាំ​១៩៩៤ គឺ​កាលពី​២៦​ឆ្នាំមុន​ហ្នឹង ដែល​គេ​ដាក់​ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ច្បាប់ តែ​ចំពោះ​ពួក​ខ្ញុំ​អត់​មែន​ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​ឯណា អត់​មែន​ផង​ហ្នឹង​។ អ៊ីចឹង​ពួក​ខ្ញុំ​គឺ​នៅ​ក្នុង​ច្បាប់ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ៊ីចឹង ការណ៍​ដែល​លុប​សុពលភាព​លិខិតឆ្លងដែន​ពួក​ខ្ញុំ​ដូច​ផាត់​ពួក​ខ្ញុំ​មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​អ៊ីចឹង»។

លោក អេង ឆៃអ៊ាង បន្ត​ថា ការ​ស្នើសុំ​សុពលភាព​លិខិតឆ្លងដែន​នេះ​ជា​ទង្វើ​ស្របច្បាប់​។ ការលុបចោល​សុពលភាព​លិខិត​ឆ្លងដែន​របស់​ពួក​លោក គឺ​ស្មើនឹង​ការ​ដក​ហូត​សញ្ជាតិ​កំណើត​ដូច្នោះ​ដែរ។ លោ​ក​ថា ច្បាប់​បាន​ធានា​ការពារ​សិទ្ធិ​ពលរដ្ឋ​ពី​ការ​ដកហូត​សញ្ជាតិ ដោយ​មិន​ត្រឹមត្រូវ​។ លើស​ពី​នេះ នៅ​ពេល​នេះ​គឺ​ពួក​លោក​ចង់​ទៅ​តតាំង​ក្ដី​នៅ​តុលាការ​តាម​ការ​កោះហៅ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ជាទូទៅ​កម្ពុជា​ត្រូវ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​ធានា​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្មើៗ​គ្នា​ចំពោះ​គ្រប់​ពលរដ្ឋ​។ លោក​ថា ផ្លូវច្បាប់​ធានា​ថា គ្មាន​នរណា​អាច​ទៅ​ដក​សិទ្ធិ​ពលរដ្ឋ​ទាក់ទង​នឹង​សញ្ជាតិ​ពួកគេ​បាន​ទេ៖ «វា​អត់​មាន​ច្បាប់​ណាមួយ ដែល​តម្រូវ​ឱ្យ​ពួក​អ្នក ដែល​ជា​ប្រទេសជាតិ​ហ្នឹង​លុប​សញ្ជាតិ​ពលរដ្ឋ​ខ្លួនឯង​ចោល​ទេ បើ​យើង​និយាយ​ពី​គោលការណ៍​។ បើ​យើង​និយាយ​ពី​ច្បាប់​ក៏​អត់​មាន​ច្បាប់​បណ្ដេញ​ដេញ​ពលរដ្ឋ​ខ្លួនឯង​ឱ្យ​លា​សញ្ជាតិ​ចោល​ដែរ​។ លក្ខខណ្ឌ​មួយទៀត​នៅ​ក្នុង​គោលការណ៍​ក្នុង​ជា​សមាជិក​នៃ​រដ្ឋ​មួយ​ត្រូវតែ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សមាជិក​របស់​ខ្លួន​ជា​ពលរដ្ឋ ហើយ​បើសិនជា​ពលរដ្ឋ​មានទោស​មាន​ពៃរ៍ រត់​ភៀសខ្លួន​អីចឹង ហើយ​បើ​ប្រទេស​ហ្នឹង​ចង់​ចាប់​ពលរដ្ឋ ដែល​ថា​ខុសច្បាប់​ហ្នឹង​គឺ​គួរតែ​សហការ​ជាមួយ​ប្រទេស​សាមី ហើយ​បញ្ជូន​ពលរដ្ឋ​ដែល​ខុសច្បាប់​ហ្នឹង​មក​ប្រទេស​របស់​ខ្លួន​មិន​អាច​ឱ្យ គាត់​ដើរ​ប៉ាចរហាច​ទៅ​ណា​ទៅ​ណី​បាន​ទេ»។

កាលពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រសួងការបរទេស​កម្ពុជា​បាន​លុបចោល​សុពលភាព​លិខិតឆ្លងដែន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១២​នាក់ បច្ចុប្បន្ន​មាន ១១​នាក់​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​ម្នាក់​កំពុង​ស្ថិត​ក្នុង​ប្រទេស​។ នៅ​ក្នុង​ខែ​វិច្ឆិកា​ដដែល​នោះ ក្រសួង​ដដែល​ក៏បាន​លុប​ចោល​សុពលភាព​លិខិតឆ្លងដែន​សកម្មជន​ចំនួន ២៧​នាក់​ផ្សេងទៀត

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​នៅតែ​ប្រកាន់​ជំហរ​ថា នឹង​ទៅកាន់​ស្ថាន​ទូ​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ម្ដង​ទៀត ដើម្បី​ធានា​ថា លិខិត​ស្នើសុំ​សុពលភាព​លិខិតឆ្លងដែន​របស់​ពួកគេ នឹង​បាន​ទៅដល់​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ លោក ស ខេង ហើយ​ពួកគេ​ក៏​សង្ឃឹម​ថា នឹង​ទទួល​បាន​សុពលភាព​លិខិតឆ្លងដែន​មកវិញ​នៅ​ពេល​ណាមួយ៕

No comments: