Wednesday 18 November 2020

អាជ្ញាធរ​មិន​ឱ្យ​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ចូល​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ព្រៃ​ស


ដោយ សុជីវី
2020-11-17
(អាវស) លោកស្រី សុខ ប៉ូលីម៉ា ប្រពន្ធ​​លោក ឃឹម ភាណា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រពន្ធ​សម្មជន​មួយ​ចំនួន​ទៀត តវ៉ានៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​គេ​ដោះលែង​ប្ដី​ពួក​គាត់កំពុង​ជាប់​ឃុំ ដោយ​ការ​យំស្រែក ព្រោះតែកងកម្លាំងអាជ្ញាធរ​រារាំង​រំខាន​ការ​តវ៉ា កាល​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
(អាវស) លោកស្រី សុខ ប៉ូលីម៉ា ប្រពន្ធ​​លោក ឃឹម ភាណា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រពន្ធ​សម្មជន​មួយ​ចំនួន​ទៀត តវ៉ានៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​គេ​ដោះលែង​ប្ដី​ពួក​គាត់កំពុង​ជាប់​ឃុំ ដោយ​ការ​យំស្រែក ព្រោះតែកងកម្លាំងអាជ្ញាធរ​រារាំង​រំខាន​ការ​តវ៉ា កាល​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ



 

មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ហាម​ឃាត់​មិន​ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ៣ ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​លោក ឃឹម ភាណា ចូល​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ព្រៃស នៅ​រសៀល​ថ្ងៃ​ទី១៧ វិច្ឆិកា ក្រោម​ហេតុ​ផល​ថា ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​ស្រី សុខ បូលីម៉ា ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ធ្វើ​​បាប​ផ្លូវ​ចិត្ត​លោក​ស្រី​ឱ្យ​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ដោយសារ​តែ​សកម្ម​ភាព​តវ៉ា​របស់​លោកស្រី​ជា​រៀង​រាល់ថ្ងៃ​សុក្រ។

ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ៣ ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ លោក​ស្រី សុខ បូលីម៉ា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១៧ វិច្ឆិកា​ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​មិន​ឱ្យ​លោក​ស្រី​ចូល​សួរ​សុខ​ទុក្ខ​ប្ដី​របស់​គាត់​នៅ​ពន្ធនាគារ​​​មួយ​នេះ​ឡើយ។ លោក​ស្រី​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ជា​ការ​ធ្វើ​ឱ្យ​លោក​ស្រី​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ពីព្រោះ​លោក​ស្រី​មិន​បាន​​​ជួប​មុខ​ប្ដី​របស់​​គាត់​អស់​​​២សប្ដាហ៍​មក​ហើយ ដោយ​ពុំ​ដឹង​ពី​សុខភាព​របស់​ប្ដី​គាត់​ទ្រុឌទ្រោម​បែប​ណា​ឡើយ៖ «ខ្ញុំ​គេ​ហើយ​ គេ​ថា​អត់​ដឹង​ ហើយ​មិន​ដឹង​ពេល​ណា​គេ​បើក​ផង​ ឆ្លើយ​ពីរ​ដង​ក៏​អត់​ដឹង​ឆ្លើយ​៣ដង​ក៏​អត់​ដឹង​។​ដល់​ខ្ញុំ​អត់​បាន​ជួប​គាត់​​អីចឹង​ខ្ញុំ​​បារម្ភ​ពី​សុខភាព​គាត់​មែន​ទែន​ ណា​មួយ​គាត់​លើស​ឈាម​ គាត់​កើត​រមាស់​​ទៀត​ ហើយ​លេច​ថ្នាំ​យ៉ាង​ម៉េច​ក៏​អត់​ជា​ដែរ​ ដោយសារ​ទឹក​ហ្នឹង​មេរោគ​នៅ​ក្នុង​ហ្នឹង​។​ដំណាក់​កាល​នេះ​ខ្ញុំ​អត់​មាន​ទន់​ជ្រាយ​ទេ​ ទោះ​បី​ចាប់​ខ្ញុំ​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ណា​ក៏​ខ្ញុំ​ទៅ​មុខ​ជា​និច្ច​ដែរ»។

លោក​ស្រី ​និយាយ​ថា ​​ការ​ហាម​ឃាត់​នេះ​ទំនង​​ដោយសារ​អាជ្ញាធរ​មិន​ពេញ​ចិត្ត​ពួក​លោក​ស្រី ដែល​តែង​ចូល​រួម​​តស៊ូ​ដោយ​អហិង្សា​រៀង​រាល់​ថ្ងៃសុក្រ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​ពួក​គាត់​ជា​បន្តបន្ទាប់។


លោក​ស្រី ​សុខ បូលីម៉ា ​ត្រូវ​ជន​មិន​ស្គាល់​មុខ​​ជិះ​ម៉ូតូ​​​ធាក់​​ម៉ូតូ​របស់​លោក​ស្រី​​ដួល​បណ្ដាល​ឱ្យ​របួស​​ជើង​ធ្ងន់ធ្ងរ​ម្ដង​រួច​មក​ហើយ​ កាល​ពី​ថ្ងៃ​ទី​៣​វិច្ឆិកា ខណៈ​ប្រពន្ធ​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង កំពុង​ជាប់​ឃុំ​ដទៃ​ទៀត ក៏​ត្រូវ​បាន​អាជ្ញាធរ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​គំរាម​កំហែង​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ជា​រៀង​រាល់ថ្ងៃ​សុក្រ​ដែរ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា រឿង​នេះ​មិន​មែន​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​សកម្មជន​​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​នោះ​ទេ គឺ​ជា​ការ​ធ្វើ​ឡើង​តាម​ការណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ការពារ​​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ដល់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ លោក​បន្ថែម​ថា វិធាន​ការ​នេះ​​មាន​ចំពោះ​តែ​​នៅ​រាជធានី​​​ភ្នំពេញ​​​ប៉ុណ្ណោះ​ ចំណែក​​​ពន្ធនាគារ​​តាម​ខេត្ត​គឺ​អាច​ចូល​សួរ​សុខទុក្ខ​​ជន​ជាប់​ឃុំ​បាន​ជា​ធម្មតា៖ «ដោយ​សារ​នៅ​ម​១​មួយ​ថ្ងៃៗ មាន​មនុស្ស​ចេញ​ចូល​ច្រើន​ ដល់​អីចឹង​កន្លែង​ដើរ​ចុះ​ដើរ​ឡើង​ហ្នឹង​វា​អត់​មាន​លទ្ធភាព​​សម្រាប់​ធ្វើ​ការ​គម្លាត​អី​បាន​ស្រាប​ទៅ​តាម​ សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​ទេ​។​យើង​ពាក់​ម៉ាស់​យើង​លាង​ដៃ​ហើយ​ ប៉ុន្តែ​យើង​​មើល​ម៉េច​ឃើញ​បើ​មាន​អ្នក​ណា​មួយ​គាត់​កណ្ដាស់​ឬ​ក្អក​មួយ​នៅ​ក្នុង​បរិយាកាស​ហ្នឹង​ វា​អាច​មាន​បញ្ហា​ច្រើន​។​អីចឹង​យក​ល្អ​អា​ហ្នឹង​យើង​បិទ​មួយ​រយៈ​រង់ចាំ​មើល​លទ្ធផល​​ចុង​ក្រោយ​បន្ទាប់​ពេល​២សប្ដាហ៍​ដែល​កំណត់​ហ្នឹង​សិន»។

ទោះ​ជា​យ៉ាង​ណា​​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក​ នី សុខា មាន​ប្រសាសន៍​ថា ​​​ការ​ហាម​ឃាត់​​​ពលរដ្ឋ​​ចូល​សួរ​សុខទុក្ខ​​​ប្ដី​ក្នុង​ពន្ធនាគារ គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​ជន​ជាប់​ឃុំ​។​លោក​បញ្ជាក់​ថា ​​រដ្ឋាភិបាល​​កម្ពុជា​​មិន​ទាន់​​ប្រកាស​​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដែល​ហាម​ឃាត់​ពលរដ្ឋ​​​ចេញ​ពី​ផ្ទះ​នៅ​ឡើយ​​ ដូច្នេះ​មន្ត្រី​ពន្ធនាគារ​គួរតែ​អនុញ្ញាត​ឱ្យ​​សាច់​ញាតិ​​ចូល​សួរសុខទុក្ខ​​​ជន​ជាប់​ឃុំ​បាន​ ដោយ​អនុវត្ត​​តាម​វិធាន​ការណែនាំ​​របស់​ក្រសួង​សុខាភិបាល​ ដូច​ជា​ការ​ពាក់​ម៉ាស់ លាង​សំអាត​ដៃ​​ដោយ​អាល់កុល និង​​រក្សា​គំលាត​សង្គម​ជា​ដើម៖ «ពីព្រោះ​ថា បើ​យើង​រឹត បន្តឹង​ខាង​បញ្ហា​ជំងឺ​ឆ្លង​គឺ​យើង​មាន​វិធី​យើង​ផ្សេង។ យើង​មើល​បើ​យើង​ប្រៀបធៀប​ជា​មួយ​ថា​យើង​ប្រុងប្រយ័ត្ន​នៅ​ក្នុង​ពន្ធនាគារ​ ក៏​ប៉ុន្តែ​បើ​យើង​ប្រៀបធៀប​នៅ​តាម​ទី សាធារណៈ​និង​នៅ​កន្លែង​ផ្សេង​ៗ​អី​ ខ្ញុំ​គិត​ថា ​យើង​មិន​គួរ​អី​ដល់​ថ្នាក់​រឹត​បន្តឹង​មិន​​អាច​ជួប​បាន​ទេ​ គ្រាន់​តែ​ឱ្យ​​មាន​លក្ខណៈ​​គោរព​ទៅ​តាម​គោលការណ៍​អនាម័យ​ការ​និយាយ​នៅ​ក្នុង​កម្រិត​គម្លាត​អី​ហូរហែ​អីចឹង​ទៅ​ខ្ញុំ​ថា​​​​អា​ហ្នឹង​វា​ជា​លក្ខណៈ​ល្អ​ប្រសើរ»។

ប្ដី​របស់​លោក​ស្រី​សុខ បូលីម៉ា​ គឺ​លោក ឃឹម ភាណា​ជា​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣​​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​ខណ្ឌ​ទួល​គោក​ ក្រុង​ភ្នំពេញ​ ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២ មេសា ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​កុំ​ឱ្យ​យោធិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​។​គិត​ត្រឹម​ថ្ងៃ​ទី​១៧​វិច្ឆិកា​​នៅ​ពន្ធនាគារ​ព្រៃស​មាន​សកម្មជន​​នយោបាយ​ ​សកម្មជន​សង្គម​ ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ និង​ក្រុម​​យុវជន​ជាង​៤០​នាក់​​ជាប់ឃុំ។ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ និង​ប្រមាថ​ថ្នាក់​រដ្ឋាភិបាល​ជា​ដើម។

មន្ត្រី​អង្គការ​ជាតិ​និង​ អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ផង​បាន​ចេញ​សេចក្ដី​ថ្លែង​​ការណ៍​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ ថា​ជា​រឿង​នយោបាយ និង​​ស្នើ​​សុំ​ឱ្យ​រដ្ឋាភិបាល​​ដោះលែង​ពួកគេ​​ឱ្យ​មាន​សេរីភាព​វិញ​ ហើយ​បើក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​រួម​សម្ដែង​មតិ​​ដោយ​សន្តិវិធី​ឡើង​វិញ៕

No comments: