Wednesday 11 November 2020

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ថា ជនជាតិ​វៀតណាម​ធ្វើ​ស្រែ​ក្នុង​ដី​ខ្មែរ​តាម​ព្រំដែន​ដែល​បោះ​បង្គោល​រួចរាល់


ដោយ វ៉ែន សុមេធ
2020-11-10
ខ្សែ​ពណ៌​បៃតង ជា​គំនូស​បង្ហាញ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លើ​ខ្នាត ១/២៥.០០០ ដែល​ប្រទេស​ទាំង​ពីរ​បាន​គូរ និង​បោះ​បង្គោល​ថ្មី​រួច បាន​ចំនួន ៨៤% កាល​ពី​ឆ្នាំ២០១៩។
ខ្សែ​ពណ៌​បៃតង ជា​គំនូស​បង្ហាញ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លើ​ខ្នាត ១/២៥.០០០ ដែល​ប្រទេស​ទាំង​ពីរ​បាន​គូរ និង​បោះ​បង្គោល​ថ្មី​រួច បាន​ចំនួន ៨៤% កាល​ពី​ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក



ពលរដ្ឋ​រស់​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា ពលរដ្ឋ​វៀតណាម​រាប់​រយ​នាក់​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ធ្វើ​កសិកម្ម​តាម​បណ្ដោយ​ព្រំដែន ក្នុង​ឃុំ​ចំនួន៤ ក្នុង​ស្រុក​មេមត់។ អ្នក​ភូមិ​នៅ​តំបន់​នោះ​ចាត់​ទុក​ទង្វើ​របស់​ពលរដ្ឋ​វៀតណាម​នេះ​ជា​រូបភាព​ឈ្លានពាន​ដី​ខ្មែរ បើ​ទោះ​បី​ជា​តំបន់​នោះ បាន​កំណត់​ខណ្ឌសីមា​ព្រំដែន​រួចរាល់​ហើយ​ក្ដី។

ពលរដ្ឋ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ភាព​ច្បាស់លាស់ ដោះ​ស្រាយ​បញ្ហា​ព្រំដែន ឱ្យ​ដាច់​ស្រឡះ បន្ទាប់​ពី​បោះ​បង្គោល​ព្រំដែន​រួចរាល់​ហើយ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ពួក​គេ​ប្រទះ​ឃើញ​ពលរដ្ឋ​វៀតណាម​រាប់​រយ​នាក់​ឆ្លង​ដែន ចូល​ដី​ខ្មែរ​មក​ដាំ​អំពៅ​ស្រូវ និង​ដំឡូងមី​ជា​ដើម ហ៊ុមព័ទ្ធ​បង្គោល​ព្រំដែន លេខ៨៨ រហូត​ដល់​បង្គោល​លេខ ៩៥ ឆ្ងាយ​ពី​អ័ក្ស​ព្រំដែន​ជាង ១០០រយ​ម៉ែត្រ ឋិត​ក្នុង​ឃុំ​ចំនួន៤ នៅ​ស្រុក​មេមត់ គឺ​ឃុំ​ជាំ​ឃុំ​ចាន់​មូល ឃុំ​រូង និង​ឃុំ​ជាំ​ក្រវៀន។

ពលរដ្ឋ​រស់នៅ​ស្រុក​មេមត់​លោក ចាន់ ឌឺន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ថា ប្រសិនបើ​បញ្ហា​នេះ​រដ្ឋាភិបាល​មិន​រក​មធ្យោបាយ​ដោះ​ស្រាយ​ជាបន្ទាន់​ទេ នោះ​ពលរដ្ឋ​វៀតណាម​អាច​នឹង​រំកិល​ចូល​ដី​ខ្មែរ​បន្តិច​ម្តងៗ សង់​ផ្ទះ ឬ​ខ្ទម និង​ធ្វើ​កសិកម្ម​កាន់​តែ​រីក​ធំ​ឡើង។ លោក​ថា សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​តំបន់​នោះ​មិន​អើពើ​ចាត់វិធានការ​រឿង​នេះ ផ្ទុយ​ទៅ​វិញ​បែរជា​ព្យាយាម​រារាំង និង​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​ទៅ​តំបន់​ព្រំដែន​នោះ​ឡើយ៖ «ចង់​បាន​ដំណោះ​ស្រាយ​សាច់​ការ​ទាំង​អស់​ទាំង​ខាង​វៀតណាម និង​ភាគី​កម្ពុជា។ នៅ​ជាប់​ព្រំ​គ្នា​កុំ​ឱ្យ​ឈ្លោះ​ប្រកែក​គ្នា បើ​ថា​បោះ​បង្គោល​ត្រូវ​ស្រាយ​ចម្ងល់​ឱ្យ​ស្រេច។ រដ្ឋាភិបាល​សម័យ​ឥលូវ​កុំ​ឱ្យ​មាន​ឈ្លោះ​គ្នា​ទៀត ខ្ញុំ​ទទួល​ស្គាល់​ពលរដ្ឋ»។


ពលរដ្ឋ​ម្នាក់​ទៀត រស់​នៅ​ក្បែរ​ព្រំដែន​ក្នុងស្រុក​មេមត់ លោក ជា វីរៈ ថ្លែង​ថា ដី​ខ្មែរ​ដែល​ពលរដ្ឋ​វៀតណាម​ធ្វើ​កសិកម្ម​តាម​បណ្ដោយ​ព្រំដែន​ភាគច្រើន​ជា​ដី​របស់​ក្រុមហ៊ុន​ឯកជន​តែ​លោក​មិន​ប្រាកដ​ថា ជា​ដី​របស់​ក្រុមហ៊ុន​ណា​នោះ​ទេ។ លោក​ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ដោះ​ស្រាយ​រឿង​នេះ​ឱ្យ​ហ្មត់ចត់ ជាពិសេស ត្រូវ​បែងចែក​ឱ្យ​ដាច់​ស្រឡះ​រវាង​ដី​ខ្មែរ និង​ដី​វៀតណាម ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​រួចរាល់៖ «ទោះ​បី​បោះ​បង្គោល​ព្រំដែន​ហើយក៏​ដោយ​អាជ្ញាធរ​យួន និង​ពលរដ្ឋ​យួន ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​នៅ​មក​ធ្វើ​ស្រែ​ចម្ការ​ហួស​បង្គោល​ព្រំដែន​សេរី​តែ​ម្ដង។ ជាក់​ស្ដែង​ដូច​ជា​នៅ​ភូមិ​ជាំ​ក្រវៀន គឺ​យួន​ចូល​មក​ខ្មែរ​សេរី​ចូល​ធ្វើ​ចម្ការ​ម្នាក់ៗ សុទ្ធ​មាន​ដី​ឡូ ហើយ​ក្នុង​មួយ​ឡូ​មិន​ដឹង​ប៉ុន្មាន​ហិកតារ​ទេ? អត់​ជឿ​សោះ​ថា យួន​ថា បញ្ឈប់​ការ​ឈ្លានពាន ព្រោះ​ខ្ញុំ​ស្ដែង​ហ្នឹង​ភ្នែក»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​មេឃុំ​ជាំ លោក មើក នូវ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ្ឌ និង​ស្នងការ​ខេត្ត លោក បែន រ័ត្ន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

ចំណែក​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន​លោក វ៉ា គឹម​ហុង និង​អ្នកស្រី​ ​កុយ ពិសី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាង​ណា ​លោក​ ​វ៉ា​ ​គឹម​ហុង​ ​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ​ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​រួចរាល់​ ​អាច​ការពារ​ទឹក​ដី បញ្ចប់​ជម្លោះ​ព្រំដែន​ ​និង​ផ្តល់​ប្រយោជន៍​ធំធេង​សម្រាប់​ជាតិខ្មែរ។ លោក​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ទម្រាំ​កសាង​ព្រំដែន​សន្តិភាព​ ​និង​បោះ​បង្គោល​ព្រំដែន​សម្រេច​បាន ៨៤ភាគ​រយ។

គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ឱ្យ​ដឹង​ថា ក្នុងចំណោម​ខេត្ត​ទាំង​៩​របស់​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម​មាន​ខេត្ត​ព្រៃវែង ក្រចេះ និង​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ហើយ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​សល់​ខេត្ត​កំពត ស្វាយរៀង រតនគិរី មណ្ឌលគិរី តាកែវ និង​ខេត្ត​កណ្ដាល។

បើ​ទោះ​ជា​មាន​ការ​បោះ​បង្គោល​ព្រំដែន​រួចរាល់​ហើយ​ក្ដី អ្នកភូមិ​ថា មាន​ដីស្រែ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១១៩ ដល់ ១២០ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​មាន​ទំហំ​ជាង ៦០ហិកតារ​នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ប្រគល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ស្រែ​ចម្ការ​នៅ​ឡើយ​ទេ។ កន្លង​ទៅ​អ្នក​ភូមិ​ជាង ១រយ​គ្រួសារ បាន​ទៅ​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​ភាគច្រើន​មិន​ហ៊ាន​និយាយ និង​តវ៉ា​រឿង​ព្រំដែន​ខ្លាច​ក្រែង​អាជ្ញាធរ​ចាប់​ដាក់​គុក។

កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០ ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ជាង ៤០នាក់ ភាគ​ច្រើន​ជា​ម្ចាស់ដី​ស្រែ​រស់នៅ​ភូមិ​ត្រពាំង​ផ្លុង ឃុំ​ត្រពាំង​ផ្លុង បាន​តវ៉ា​ទាម​ទា​ដីស្រែ​នៅ​ចំណុច​ដែល​វៀតណាម​ឈ្លានពាន​ដោយ​ខឹង​សម្បា​នឹង​ទាហាន​វៀតណាម​ជាង ៣០នាក់ ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់​ឆ្លង​ចូល​ដី​ខ្មែរ ហើយ​ពួក​គេ​បាន​ថត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម។ ក្រុម​ពលរដ្ឋ​ទាំង​នោះ​រិះគន់​អាជ្ញាធរ​ខ្មែរ​ថា មិន​ហ៊ាន​តទល់​ជាមួយ​ទាហាន​វៀតណាម​ទាំងនោះ​ទេ។

រីឯ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវេ (Norway) លោក ម៉ែន ណាត យល់​ថា ការ​បណ្ដោយ​ឱ្យ​វៀតណាម​ដាំ​ដំណាំ​ហ៊ុមព័ទ្ធ​បង្គោល​ព្រំដែន ឆ្លង​ចូល​ដី​ខ្មែរ គឺ​ជា​ទង្វើ​ឈ្លានពាន​អធិបតេយ្យ​ជាតិ​កម្ពុជា ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់។ លោក​ថា ប្រសិន​បើ​បញ្ហា​នេះ គណៈកម្មាធិការ​ព្រំដែន​ខ្មែរ និង​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​មិន​អាច​ដោះ​ស្រាយ​រួច​ទេ ឆ្លុះ​បញ្ចាំង​ថា រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី៖ «គេ (ពលរដ្ឋ​វៀតណាម) មាន​សិទ្ធិ​ចូល​មក​ដាំ​ធ្វើ​ស្រែ​ចម្ការ​ហ៊ុមព័ទ្ធ​បង្គោល​ព្រំដែន​អ៊ីចឹង​ទៀត។ យើង​សង្ឃឹម​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​លោក វ៉ា គឹម​ហុង ជា​តំណាង​ហ្នឹង តើ​មក​ធ្វើជា​មុខ​មាត់​ស្អី​កើត ក្នុង​បញ្ហា​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ហ្នឹង? បើ​រដ្ឋាភិបាល​ហ្នឹង​ធ្វើអ្វី​តាមតែ​បំណង​ឈ្លានពាន​របស់​វៀតណាម។ បើ​រដ្ឋាភិបាល​ធ្វើ​ឯកសារ​ព្រំដែន​ធ្វើ​ផែនទី​ព្រំដែន​ថ្មីៗ ហ្នឹង ផ្អែក​តាម​អ្វី​ដែល​វៀតណាម​ចង់​បាន​តែ​ទាំង​អស់​ហ្នឹង»។

កាល​ពី​ឆ្នាំ២០១៥ ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ដែល​គ្រប់គ្រង​តំបន់​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម ឡាវ និង ថៃ ទប់​ស្កាត់​ពលរដ្ឋ​ខ្មែរ​ជួល​ដី​ទៅ​កសិករ​ប្រទេស​ជិត​ខាង ដើម្បី​រក្សា​ការពារ​ឲ្យបាន​នូវ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ។

ទោះ​ជា​យ៉ាង​ណា ក្រុម​ពលរដ្ឋ​រស់​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា ពលរដ្ឋ​វៀតណាម​ឆ្លង​ចូល​ដី​ខ្មែរ​ធ្វើ​ស្រែ​ចម្ការ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ទឹកដី​ខ្មែរ​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​មិន​ចាត់​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ​ហាក់​ដូច​ជា​ចាត់​ទុក​ថា រឿង​នេះ​ជា​រឿង​តូចតាច។ ចំណែក​យោធា​វៀតណាម​វិញ តែង​ឆ្លង​ចូល​ដី​ខ្មែរ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន ដើម្បី​គំរាម​កំហែង និង​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន​ជា​ញឹកញាប់៕

1 comment:

Anonymous said...

The evil Yuon are crooks. They will never leave unless they are force. They will steal the land and puppet Hun Sen will allow them to do it. They won't stop there. They will keep moving inch by inch into Khmer land.