Thursday 12 November 2020

អ្នក​ជំនាញ​ថា អាមេរិក​គួរ​ពិចារណា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​កម្ពុជា ដោយសារ​ការ​កម្ទេច​ចោល​អគារ​ជំនួយ​នៅ​រាម


ដោយ មាន ​​ឫទ្ធិ
2020-11-11
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (ឆ្វេង) (និងរូបភាពស្ដាំ) អគាររបស់សហរដ្ខអាមេរិកដែលបាន​សាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩ នៅកំពង់ផែរាម។
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (ឆ្វេង) (និងរូបភាពស្ដាំ) អគាររបស់សហរដ្ខអាមេរិកដែលបាន​សាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩ នៅកំពង់ផែរាម។
រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific


 

អ្នក​ជំនាញ​លើកឡើង​ថា សហរដ្ឋអាមេរិក​គួរតែ​ពិចារណា​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយ​ចំនួន​ទៀត ដោយ​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម Global Magnitsky Act​។ ការ​លើក​ឡើង​នេះ កើត​មានឡើង​បន្ទាប់ពី​អាជ្ញាធរ​យោធា​កម្ពុជា ទើបបាន​វាយកម្ទេច​ចោល​អគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក មួយ​ផ្សេងទៀត នៅ​កំពង់ផែ​កងទ័ពជើងទឹក​រាម​។ សហរដ្ឋអាមេរិក បាន​សម្ដែង​ការ​ខកចិត្ត​ជាថ្មី​ម្តង​ទៀត​ជុំវិញ​ហេតុការណ៍​នេះ​។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ថា ការ​វាយកម្ទេច​នេះ គ្មាន​អ្វី​ចម្លែក​នោះ​ទេ ដោយសារតែ​មានការ​ផ្លាស់ប្ដូរ​ទីតាំង​អគារ​ទី​បញ្ជា​ការដ្ឋាន​សន្តិសុខ​លម្ហ​សមុទ្រ។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ លើកឡើង​ថា ការ​វាយកម្ទេច​ចោល​អគារ​មួយ​ផ្សេងទៀត​ដែល​ជា​ជំនួយ​របស់​អាមេរិក​នេះ គឺជា​ឧទាហរណ៍​មួយទៀត​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ មាន​ចេតនា​លុប​បំបាត់ចោល​រាល់​កេរដំណែល​ជំនួយ​របស់​សហរដ្ឋអាមេរិក​ទាំងអស់​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដោយ​ពុំ​ខ្វល់​ពី​ផលវិបាក​នានា​ដែល​អាច​កើតមានឡើង។ បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ថា គោលដៅ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ គឺ​ដើម្បី​សាងសង់​អ្វីមួយ ឬ​សំណង់​មួយ​ចំនួន​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​នៅ​ក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​។ លោក​យល់ថា ដោយសារតែ​ចិន​ជា​ម្ចាស់​ជំនួយ ចិន​គឺជា​អ្នក​នៅ​ពីក្រោយ​ការ​បញ្ជា​ឲ្យ​កម្ពុជា​វាយកម្ទេច​ចោល​អគារ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ទាំងនេះ។


រីឯ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី មើលឃើញ​ថា ពេលវេលា​នេះ រដ្ឋាភិបាល​គួរតែ​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដោយ​មិន​ត្រូវ​បង្កើន​ភាព​តានតឹង​នោះ​ទេ​។ លោក​ព្រមាន​ថា បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​ធ្លាក់​ផុង​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ជម្លោះ​រវាង​មហាអំណាច​៖ «​កន្លងមក គឺ​ក្នុងចំណោម​អ្នក​សិក្សា​ស្រាវជ្រាវ​នយោបាយ រហូត​មក​ដល់​ពេលនេះ នៅតែ​បន្ត​មើល​ឃើញ​ថា អ្វី​ដែល​កម្ពុជា​សម្រេចចិត្ត​ធ្វើ​នេះ គឺជា​ការ​ផុងខ្លួន​ជ្រៅ​ទៅ​ក្នុង​ជម្លោះ​រវាង​មហាអំណាច ហើយ​កម្ពុជា​នឹង​អាច​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ឡើងវិញ​ដោយ​យក​កម្ពុជា​ធ្វើជា​ទីលាន​នៃ​ជម្លោះ​របស់​មហាអំណាច»។

កាលពី​ថ្ងៃ​ទី៩ វិច្ឆិកា ស្ថាប័ន​ស្រាវជ្រាវ​មួយ​របស់​អាមេរិក គឺ​មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) តាមរយៈ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហ​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative, AMTI) បាន​លាតត្រដាង​ការ​រកឃើញ​ចុងក្រោយ​របស់​ខ្លួន​តាម​រយៈ​រូបភាព​ថត​បាន​ពី​ផ្កាយរណប​ថា អាជ្ញាធរ​យោធា​កម្ពុជា​ទើប​បាន​វាយកម្ទេច​ចោល​អគារ​ជា​ជំនួយ​របស់​អាមេរិក មួយ​ផ្សេងទៀត នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។ អគារ​នោះ​គឺជា​រោង​ជាង​សម្រាប់​ចត និង​ជួសជុល​អូប័រ​របស់​ទីបញ្ជា​ការដ្ឋាន​ជួរមុខ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ​។ ការ​វាយកម្ទេច​នេះ បាន​កើតមានឡើង​ក្នុង​អំឡុង​ចុងខែ​តុលា ហើយ​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី​០២ វិច្ឆិកា​។ នៅ​មិន​ដល់​មួយ​ខែ​មុន​នេះ ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​ដដែល​នេះ ធ្លាប់​បាន​រក​ឃើញ​ថា កម្ពុជា​បាន​វាយកម្ទេច​ចោល​អគារ​ជំនួយ​អាមេរិក ដំបូង​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ។

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ទទួលស្គាល់​ថា ពិតជា​មានការ​វាយកម្ទេច​ចោល​អគារ​ជំនួយ​របស់​សហរដ្ឋអាមេរិក​នោះ​មែន​។ ក៏ប៉ុន្តែ មិន​ខុស​ពី​លើក​មុន លោក​បញ្ជាក់​ដដែល​ថា ការ​វាយកម្ទេច​នោះ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ ពីព្រោះ​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​បញ្ជា​ការដ្ឋាន​ជួរមុខ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ​ទៅ​ឯ​ទីតាំង​ថ្មី​នៅ​លើ​កោះ​ព្រាប ដែល​មាន​លក្ខណៈ​ទំនើប និង​ធំ​ជាង​មុន ដើម្បី​ការពារ​ដែនសមុទ្រ​របស់​កម្ពុជា​។ យ៉ាងណា លោក​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ថា តើ​មហាអំណាច​ចិន​គឺជា​អ្នក​នៅ​ពីក្រោយ​គម្រោងការ​សាងសង់​ថ្មី​នោះ ឬ​យ៉ាងណា​៖ «​អាហ្នុង ខ្ញុំ​មិន​ដឹង​ជា​ទៅ​រៀបរាប់​របៀប​ម៉េច​ទេ​។ គ្រាន់តែ​ប្រាប់​ហើយ​ប្រាប់​ទៀត​ថា ធ្វើ​ឲ្យ​វា​ល្អ​ជាង​មុន ធំ​ជាង​មុន ឆ្លើយ​តប​តាម​តម្រូវការ​ជាង​មុន ឲ្យ​វា​រីកចម្រើន​ជាង​មុន​។ តែ​ប៉ុណ្ណឹង​ឯង ដូច្នេះ គឺ​ធ្វើ​អស់​ប៉ុន្មាន ធ្វើ​អី​ប៉ុន្មាន​នោះ គឺថា ហាក់​ដូច​ជា​ខ្ញុំ​មិន​ទៅ​រៀបរាប់​បរិយាយ​បញ្ជាក់​ឲ្យ​អស់លោក​ទាំងអស់​នោះ​បាន​ទេ​។ ខ្ញុំ​មិន​មាន​ពេលវេលា​ទៅ​ធ្វើ​របៀប​នោះ​ទៀត​ទេ»។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា សហរដ្ឋអាមេរិក​មាន​ការ​ខកចិត្ត​ដែល​អាជ្ញាធរ​យោធា​កម្ពុជា បាន​វាយកម្ទេច​ចោល​អគារ​សន្តិសុខ​លម្ហ​សមុទ្រ​មួយ​ផ្សេងទៀត​ដែល​សហរដ្ឋអាមេរិក​បាន​ផ្ទល់​មូលនិធិ​ឲ្យ ដោយ​គ្មាន​ការ​ជូនដំណឹង ឬ​ការ​ពន្យល់​។ លោក​រំឮក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ផ្ដាច់មុខ ឬ​អចិន្ត្រៃយ៍​នៅ​តំបន់​ណាមួយ​ក្នុង​ទឹកដី​កម្ពុជា​ឡើយ ហើយ​ថា កម្ពុជា​ស្វាគមន៍​នាវា​មកពី​គ្រប់​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ដែល​ចង់​ចូល​ចត​នៅ​កំពង់ផែ​រាម​។ អ្នកនាំពាក្យ​រូប​នេះ គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បន្ត​គោរព​តាម​គោលជំហរ​មួយ​នេះ។

នាយក​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហ​សមុទ្រ​អាស៊ី (AMTI) នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) លោក ក្រិកហ្គោរី ផលីង (Gregory Poling) ប្រាប់​អាស៊ីសេរី​ថា ការ​វាយកម្ទេច​ចោល​អគារ​ទីពីរ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្ដល់​មូលនិធិ​ឲ្យ ហើយ​ដែល​អគារ​នោះ​ស្ថិត​នៅ​ក្បែរ​អគារ​ដែល​កម្ពុជា​ទើបបាន​វាយកម្ទេច​ចោល​កាលពី​ខែ​កញ្ញា​កន្លងទៅ នឹង​រឹតតែ​ប​ញ្ជេះ​ឲ្យ​មានការ​មន្ទិលសង្ស័យ​កាន់តែ​ខ្លាំង ជុំវិញ​រឿងរ៉ាវ​ដែល​ថា មាន​ហេតុការណ៍​មួយ​ចំនួន​កំពុងតែ​កើតមានឡើង​នៅ​កំពង់ផែ​រាម​៖ «​យើង​មាន​ភស្តុតាង​បន្តិច​ម្តងៗ មាន​រឿងរ៉ាវ​បែក​ធ្លាយ ទទួល​បាន​មកពី​អាជ្ញាធរ​កម្ពុជា​ដែល​បាន​កែប្រែ​សាច់រឿង ជុំវិញ​ការ​សង្ស័យ​ថា នឹង​មាន​ការអនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​កំពង់ផែ​នេះ​។ ហើយ​កាន់តែ​ច្បាស់​ទៅៗ វា​ហាក់បីដូចជា​ថា នេះ​គឺជា​អ្វី​ដែល​កំពុងតែ​នឹង​កើត​មានឡើង​។ មានការ​ពន្យល់​ឲ្យ​បាន​សម​ហេតុផល​តិចតួច​ណាស់​ជុំវិញ​ថា​តើ ហេតុអ្វី​បានជា​អគារ​ទាំងនេះ​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​។ ដំបូង​ឡើយ យើង​បាន​ឮ​អំពី​ការ​បដិសេធ តែ​ពេល​បន្ទាប់មក​កម្ពុជា​អះអាង​ថា ជា​ការ​ផ្លាស់ប្ដូរ​ទីតាំង​។ តាម​ការ​ពិត​ទៅ គឺថា កម្ពុជា​ទើបតែ​នឹង​ស្នើសុំ​ឲ្យ​មន្ត្រី​សហរដ្ឋអាមេរិក ជួយ​កែ​លម្អ​ទីតាំង​អគារ​ដែល​ត្រូវ​បាន​គេ​វាយកម្ទេច​ចោល​កាលពី​ខែ​មុន​នេះ ដែល​ការ​ស្នើសុំ​នេះ បាន​កើតឡើង​កាលពី​ឆ្នាំ​កន្លង​ទៅ​តែប៉ុណ្ណោះ​ឯង​។ ហើយ​ឥឡូវ​នេះ បែរជា​អគារ​ទាំងនេះ ត្រូវ​កម្ពុជា​វាយកម្ទេច​ចោល​ទាំងស្រុង​ទៅវិញ»។

អ្នក​ជំនាញ​រូប​នេះ វាយ​តម្លៃ​ថា អ្វីៗ​ទាំងអស់​ហាក់បីដូចជា​កំពុង​ចង្អុលបង្ហាញ​ចំ​ទិស​ដៅ​តែមួយ ដែល​នោះ​គឺ ប្រទេស​ចិន​កំពុង​ទទួល​បាន​នូវ​លទ្ធភាព​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​កំពង់ផែ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ​។ យ៉ាងណា លោក​ថា ស្ថាប័ន​លោក​នៅ​មិនទាន់​ដឹង​ថា តើ​លទ្ធភាព​ឲ្យ​ចិន​ប្រើប្រាស់​កំពង់ផែ​នេះ នឹង​កើតមាន​ឡើងជា​អចិន្ត្រៃយ៍ ជា​ការ​ផ្លាស់​វេន ឬក៏​ជា​ការ​អនុគ្រោះ​កម្រិត​ណាមួយ​ពី​កម្ពុជា​នោះ​ទេ ទើប​បានជា​កម្ពុជា​លែង​ត្រូវការ​កិច្ច​គាំទ្រ ឬ​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ទីកន្លែង​នោះ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ សារព័ត៌មាន​ល្បីឈ្មោះ​របស់​អាមេរិក ឌឹ វ៉លស្រ៊ីត ជរណល (The Wall Street Journal) ធ្លាប់​រាយការណ៍​ឲ្យ​ដឹង​ថា កម្ពុជា​បាន​លួច​ចុះ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​រយៈពេល​៣០​ឆ្នាំ ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ហើយ​ដែល​កិច្ចព្រមព្រៀង​នេះ អាច​បន្ត​រៀងរាល់​១០​ឆ្នាំ​ម្តង​។ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ជុំវិញ​ព័ត៌មាន​នេះ ដោយ​ចាត់ទុកថា ជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​នៅ​លើ​ទឹកដី​ខ្លួន​ឡើយ។

ឆ្លើយតប​នឹង​ក្ដី​មន្ទិលសង្ស័យ​កាន់តែ​ខ្លាំង​ថា កម្ពុជា​អាច​នឹង​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋានទ័ព​នេះ សហរដ្ឋអាមេរិក កាលពី​ពាក់​កណ្ដាល​ខែ​កញ្ញា បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​របស់​រដ្ឋអំណាច​ចិន ឈ្មោះ UDG ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ព្រលាន​យន្តហោះ និង​កំពង់ផែ​ខ្នាត​យក្ស​អាច​បម្រើ​ឲ្យ​វិស័យ​យោធា​បាន​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង។

ជុំវិញ​ការ​ឆ្លើយតប​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​រឿង​សង្ស័យ​អំពី​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា សហរដ្ឋអាមេរិក គួរតែ​មាន​ភាព​ប្រយ័ត្នប្រយែង​ក្នុង​ការ​ផ្តល់​ជំនួយ​ទៅ​ឲ្យ​កម្ពុជា ដោយសារតែ​កម្ពុជា​អាច​កម្ទេច​ចោល​នា​ពេល​អនាគត​។ លោក​ថា សហរដ្ឋអាមេរិក គួរតែ​បន្ត​ដាក់​បញ្ចូល​ឈ្មោះ​មន្ត្រី​ពាក់ព័ន្ធ​កម្ពុជា​បន្ថែម​ទៅ​ក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​ខ្លួន ដោយ​ប្រើ​ច្បាប់ Global Magnitsky Act ឬ​ពិចារណា​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត ដោយសារតែ​របប​ក្រុងភ្នំពេញ​បាន​រម្លាយ​ប្រជាធិបតេយ្យ បំផ្លាញ​សិទ្ធិមនុស្ស និង​សេរីភាព ដែល​មិនមែន​ជា​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​កម្ពុជា​នោះ​ទេ៕

1 comment:

Anonymous said...

Ah Kandor Krun Tea Teh Banh.