Sunday 8 November 2020

ស្ថាប័ន​ពាក់ព័ន្ធ​ប្រកាស​វិធានការ​បន្ទាន់​នៅ​គ្រា​ដែល​អង្គរក្ស​ម្នាក់​របស់​លោក ហ៊ុន សែន ឆ្លង​កូវីដ១៩


ដោយ ខែ សុណង
2020-11-08
វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល
វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល
រូប៖ ហ្វេសប៊ុក​​​ក្រសួង​សុខាភិបាល

 

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រួម​ទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​តាម​ផ្នែក​រៀង​ៗ​ខ្លួន ជា​បន្ត​បន្ទាប់​នៅ​គ្រា​ដែល​អង្គរក្ស​ម្នាក់​របស់​លោក ហ៊ុន សែន ដែល​បាន​ការពារ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហុងគ្រី (Hungary) កើត​ជំងឺ​កូវីដ​-១៩​។ ចំណែក អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី​ជិត ៩០០​នាក់ ទៀត កំពុង​ធ្វើ​ចត្តាឡឺស័ក និង​ធ្វើតេស្ត​តាម​ដាន​ជំងឺ​នេះ​ជា​បន្ត​បន្ទាប់។

ក្ដី​បារម្ភ​នេះ បន្ទាប់​មាន​សារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា អង្គរក្ស​របស់​លោក​ម្នាក់​ដែល​បាន​ការពារ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហុងគ្រី ត្រូវ​បាន​រក​ឃើញ​ថា មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩​។ ប៉ុន្តែ​តែ​លោក​មិនបាន​បញ្ជាក់​ថា មាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ណា​ផ្សេងទៀត ឬ​រួម​ទាំង​លោក​ផង​ដែល​បាន​ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ហុងគ្រី នោះ មាន​ជំងឺ​កូវីដ-១៩ ទេ​។ បើ​ទោះ​ជា​បែបនេះ​ក្ដី លោក ហ៊ុន សែន ថា លោក​នឹង​មិនទាន់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ឬ​រាំង​ខ្ទប់​ដំណើរ​ចេញចូល​របស់​ពលរដ្ឋ​នៅឡើយ​ទេ ក្រៅ​ពី​នេះ លោក​អំពាវនាវ​ឲ្យ​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស ហុងគ្រី​ជិត ៩០០​នាក់ បន្ត​ធ្វើ​ចត្តាឡឺស័ក​និង​ធ្វើតេស្ត ឱ្យ​បាន​ហ្មត់ចត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​ខ្លួនឯង និង​អ្នក​នៅ​ជុំវិញ​ខ្លួន ដើម្បី​បង្ការ​ការ​ផ្ទុះ​រីក​រាលដាល​ចូល​ក្នុង​សហគមន៍​៖ «​សូម​រួមគ្នា​ពាក់​ម៉ាស់ រៀបចំ​អនាម័យ ក្នុង​រយៈពេល​២​អាទិត្យ​ខាងមុខនេះ មុន​ពេល​ចេញ​លទ្ធផល​បន្ទាប់ពី​ការ​ធ្វើ​តេស្ត​ជា​បន្តបន្ទាប់ ដែល​ខ្ញុំ​ចាត់ទុកថា នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​ប្រទេស​របស់​យើង​។ ខ្ញុំ​សង្ឃឹមថា យើង​នឹង​ជម្នះ​បាន​នូវ​ការ​លំបាក នៅ​ក្នុង​កាលៈទេសៈ ដែល​សភាពការណ៍​តម្រូវ​ឲ្យ​យើង​ត្រូវ​ចាត់វិធានការ​ចាំបាច់​ដោយ​ខាន​មិន​បាន»។


លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វ៊េសបុក​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា​ថា មក​ដល់​ថ្ងៃ​ទី​៤ នៃ​ការ​ធ្វើ​ចត្តាឡឺស័ក​របស់​លោក និង​គ្រួសារ លោក​ផ្ទាល់​ពុំ​មាន​ឃើញ​មាន​សញ្ញា​ណាមួយ​ខុស​ប្រក្រតី​នៅឡើយ​។ តែ​ទោះ​យ៉ាង​នេះ​ក្តី លោក​បន្ត​​ធ្វើ​ចត្តាឡីស័ក និង​ធ្វើតេស្ត​តាម​ការ​កំណត់​ផ្នែក​សុខាភិបាល​ដែល​លោក​នឹង​ធ្វើ​តេស្ត​ជា​លើក​ទី​២ ទៀត នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​។ លោក​សង្ឃឹម​ថា លទ្ធផល​តេស្ត​នឹង​អវិជ្ជមាន​បន្ត​ទៀត។

អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក ភីតធ័រ ស្ស៊ីចាតូ (Peter Szijjarto) ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ចំនួន​ជិត ៩ រយ (៨៨៩)​នាក់ ដែល​រួមមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​ផង ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ឬ​ធ្វើ​ចត្តាឡឺស័ក ដើម្បី​តាមដាន​អាការៈ និង​តេស្ត​សុខភាព។

ដោយ​ឡែក រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុងគ្រី ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​ប្រាប់​អាស៊ីសេរី​ថា លោក​មាន​សុខភាព​ធម្មតា មិន​មាន​អាការ​ប្លែក​អ្វី​នោះ​ទេ ក្នុង​ពេល​លោក​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​នេះ​។ លោក​ថា អ្នកធ្វើការ​ក្នុង​ផ្ទះ​លោក​ក៏​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ពាក់​ម៉ាស់ ស្រោមដៃ លាងដៃ ជាមួយ​សាប៊ូ និង​អាល់កុល ញឹកញាប់ រួម​ទាំង​រក្សា​គំលាត​ត្រឹមត្រូវ​។ លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​គ្មាន​មន្ត្រី ឬ​បុគ្គលិក​ណា​ក្នុង​ក្រសួង​លោក មាន​បញ្ហា​ទេ។

ក្រសួង​សុខាភិបាល នៅ​យប់​ថ្ងៃ​ទី​០៧ វិច្ឆិកា បន្ទាប់ពី​សារ​សំឡេង​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ថា អង្គរក្ស​ម្នាក់​ដែល​បាន​ការពារ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហុងគ្រី ត្រូវ​បាន​រក​ឃើញ​ថា វិជ្ជមាន​នូវ​ជំងឺ​កូ​វីដ​-១៩ នោះ ស្រាប់តែ​ប្រកាស កំណត់​យក​ទីតាំង​ធ្វើ​ចត្តាឡឺស័ក​ចំនួន ១៤​ថ្ងៃ សម្រាប់​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ទាំងអស់ ដែល​ពុំ​មាន​លទ្ធភាព​ធ្វើ​ចត្តាឡឺស័ក​ដោយ​ខ្លួនឯង អាច​ទៅ​ធ្វើ​ចត្តាឡឺស័ក​ចាប់ពី​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​សណ្ឋាគារ រ៉េស៊ីដង់​សុខា​ភ្នំពេញ នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ភ្លាម​ដែរ ដោយ​បញ្ជា​ឲ្យ​ឪពុកម្ដាយ ឬ​អាណាព្យាបាល​ដែល​ប៉ះពាល់​ដោយ​​​​​​​​​​​​​​​​​​​​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​គណៈប្រតិភូ​ហុងគ្រី ដែល​មាន​កូនចៅ​រៀន​នៅតាម​គ្រឹះស្ថានសិក្សា ត្រូវ​ផ្អាក​បញ្ជូន​កូន​ទៅ​រៀន​ជា​បណ្ដោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ដើម្បី​ធ្វើ​ចត្តាឡឺស័ក និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិច រួម​ទាំង​ផ្ដល់​ព័ត៌មាន​ទៅ​គ្រឹះស្ថាន​អប់រំ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​ព្រះសីហនុ លោក សុន សុផាត ព្រួយ​បារម្ភ​ថា ពី​ករណី​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​ក្នុង​សហគមន៍ ដោយសារតែ​ប្រជាពលរដ្ឋ​ឥឡូវ​គឺ​ធ្វេសប្រហែស​ជាង​មុន ពុំ​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ​នោះ​ទេ​។ ម្យ៉ាងវិញទៀត លោក​រិះគន់​ថា ក្រុម​មន្ត្រី​រដ្ឋាភិបាល​គួរតែ​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ​ចំពោះ​ការអនុវត្ត​ស្តង់ដារ​អនាម័យ មិន​គួរ​ធ្វើ​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដូច្នេះ​ឡើយ​៖ «​យើង​តាម​ប្រជា​សហគមន៍​ក្រីក្រ យើង​ព្រួយ​បារម្ភ​ណាស់ ពី​បញ្ហា​រឿង​ទាំង​អស់ហ្នឹង ពីព្រោះ​យើង​នៅ​តាម​ជនបទ​ហ្នឹង វា​មិន​មាន​គេ​ហៅថា ការ​ការពារ ការ​អី​ឲ្យ​បាន​គ្រប់គ្រាន់​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ គាត់​មិន​សូវ​មាន​ចំណេះដឹង​ហើយ​និង​យល់​ដឹង ហើយ​ណាមួយ​ខាង​រដ្ឋមន្ត្រី​ផ្សេងៗ​ដែល​បាន​ទៅ​ជួប​ជាមួយ​ខាង​រដ្ឋមន្ត្រី​ហុងគ្រី​ហ្នឹង គាត់​សុទ្ធតែ​មាន​ចំណេះដឹង គាត់​ត្រូវតែ​ធ្វើជា​គំរូ​មួយ​សម្រាប់​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស ឬក៏​សហគមន៍​អី​ហ្នឹង តែ​គាត់​បែរជា​អត់​គោរព​តាម​លក្ខខណ្ឌ​របស់​ក្រសួងសុខាភិបាល»។

រីឯ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការ​ធ្វើ​តេស្ត​លើក​ទី​០១ ដែល​បង្ហាញ​ថា ពុំ​មាន​ជំងឺ​កូវីដ​-១៩ គឺ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ដែល​ពុំ​ទាន់​ច្បាស់លាស់​ប៉ុណ្ណោះ​។ លោក​ថា ការ​ធ្វើ​តេស្ត​លើក​ចុង​ក្រោយ​អំឡុង​ពេល​ធ្វើ​ចត្តាឡឺស័ក ទើប​អាច​បញ្ជាក់​​​បាន​ថា មន្ត្រី​ឬ​អ្នក​​​​ពាក់ព័ន្ធ​ណាខ្លះ ដែល​មាន ឬ​គ្មាន​ជំងឺ​កូវីដ​-១៩​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ធ្វើជា​គំរូ​ដល់​អ្នក​ដទៃ​ទៀត ក្នុង​ការ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ដូចជា​ការ​ពាក់​ម៉ាស់ ការ​លាងដៃ ឬ​ការ​រក្សា​គម្លាត​ផ្សេងៗ ដើម្បី​ឲ្យ​ពលរដ្ឋ​អនុវត្ត​តាម​។​

គិត​ត្រឹម​ថ្ងៃ​ទី៧ វិច្ឆិកា ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ សរុប​ទូទាំង​ប្រទេស​កើន​ដល់​ចំនួន ២៩៥​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ ២៨៨​នាក់៕

No comments: