Monday 30 November 2020

លោក កឹម សុខា ថា កងកម្លាំង​ស៊ីវិល​​ដែល​តាមដាន​ឃ្លាំមើល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាច​និង​បង្ក​ការ​បារម្ភ


ដោយ ហេង រស្មី
2020-11-29
លោក កឹម សុខា ថា កងកម្លាំង​ស៊ីវិល​​ដែល​តាមដាន​ឃ្លាំមើល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លាច​និង​បង្ក​ការ​បារម្ភ 

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ពេល​ចុះជួបកសិករ នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២០។
Photo courtesy of Kem Sokha Facebook


 

ប្រធាន​បក្ស​ប្រឆាំង​លោក កឹម សុខា អះអាង​ថា កម្លាំង​សមត្ថកិច្ច​ដែល​មិន​ស្លៀក​ពាក់​ឯកសណ្ឋាន មាន​ទាំង​ជិះ​ម៉ូតូ និង​ជិះ​ឡាន បាន​តាមដាន​លោក និង​តាម​ថត​សកម្មភាព​របស់​លោក ស្ទើរតែ​នៅ​គ្រប់​ខេត្ត​នៃ​ភាគ​ឦសាន។ ប៉ុន្តែ​អ្នកនាំពាក្យ​នគរបាល​ឆ្លើយតប​វិញ​ថា បើ​មាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​តាមដាន​មែន​នោះ គឺ​មិន​បង្ហាញ​ឱ្យ​លោក កឹម សុខា ដឹងខ្លួន​នោះ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ដឹង​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា​ថា ក្នុង​ពេល​លោក​ចុះ​មូលដ្ឋាន​ក្នុង​ទឹកដី​ភូមិភាគ​ឦសាន រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​រយៈពេល​ពីរ​យប់ បី​ថ្ងៃ អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​បាន​ផ្ដល់​កិច្ចសហការ​ឱ្យ​ពលរដ្ឋ​បាន​ជួប និង​ទទួល​ជំនួយ​សប្បុរសធម៌​ពី​លោក។ ក៏ប៉ុន្តែ លោក​ថា មាន​អាជ្ញាធរ​ខ្លះ​មិន​បាន​សហការ​ល្អ​នោះ​ទេ ដោយ​តម្រូវ​ឱ្យ​លោក​សុំច្បាប់​ទៅ​ថ្នាក់​លើ​របស់​ពួកគេ។

លោក​បន្ត​ទៀត​ថា នៅ​កន្លែង​ខ្លះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ បាន​មក​ជួយ​ការពារ និង​រៀបចំ​សណ្ដាប់ធ្នាប់ រហូតដល់​ជួយ​លើក​ជំនួយ​ជូន​ពលរដ្ឋ​ចាស់ជរា ស្ត្រី ឬ​កុមារ​ទៀត​ផង​។ ទោះជា​យ៉ាងណា លោក​ថា មាន​កម្លាំង​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​បាន​តាម​ជិះ​ម៉ូតូ​ឡាន​តាមដាន និង​តាម​ថត​សកម្មភាព​របស់​លោក​ស្ទើរ​គ្រប់កន្លែង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ និង​ភ័យខ្លាច មិន​ដឹង​ថា ជា​មនុស្ស​ល្អ ឬ​អាក្រក់​នោះ​ឡើយ។


​ទាក់ទង​ការ​លើកឡើង​នេះ អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​ពី​អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន តែ​លោក​ប្រាប់​ថា ជាប់រវល់៖ «ខ្ញុំ​ជាប់​មាន​ភ្ញៀវ​បង​សុំ​អធ្យាស្រ័យ​បង»។

អាស៊ីសេរី​ក៏​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន អភិបាលខេត្ត​រតនគិរី លោក ថង សាវុន អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ប៉ុន្តែ​ពេល​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

ចំណែក អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន យល់​ថា មនុស្ស​ដែល​តាម​សកម្មភាព​លោក កឹម សុខា នោះ អាច​ជា​អ្នកគាំទ្រ​លោក កឹម សុខា។ លោក​អះអាង​ថា ប្រសិនបើ​សមត្ថកិច្ច​ស្លៀកពាក់​ជា​ស៊ីវិល គឺ​បន្លំ​ខ្លួន​មិន​ឱ្យ​លោក កឹម សុខា ដឹង​ខ្លួន​នោះ​ទេ៖ «គេ​តាម​ថត​តាម​អីចឹង​គេ​តាម​គាំទ្រ​គាត់ (លោក កឹម សុខា​) តាម​ខ្ញុំ​យល់ អត់​ត្រូវ​ភ័យ​អី​សោះ រឿង​កម្លាំង​ស៊ីវិល​អី​ខ្ញុំ​អត់​ឆ្លើយ​ទេ​សំនួរ​ហ្នឹង គេ​ស៊ីវិល​ហ្នឹង​គេ​សមត្ថកិច្ច​ត្រង់​ចំណុច​ណា​? សួរ​ថា លោក កឹម សុខា គាត់​ស្គាល់​សមាជិក​ដែល​គាំទ្រ​គាត់​អស់​អត់​?»។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ​ក្រោយ ក្រោម​បទ​ចោទ​ក្បត់ជាតិ​កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​កាលពី​ចុង​ឆ្នាំ​២០១៩​តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​អនុញ្ញាត​ឱ្យ​លោក​ធ្វើដំណើរ​ក្នុង​ប្រទេស​តែ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​។ ទោះ​យ៉ាងណា ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ទើប​ធ្វើ​សកម្មភាព​តាម​បណ្ដា​ខេត្ត​ញឹកញាប់​កាលពី​ខែ​កក្កដា ឆ្នាំ​២០២០។

ជា​ញឹកញាប់​មេធាវី និង​មន្ត្រី​លោក កឹម សុខា ដែល​ចុះ​មូលដ្ឋាន​ជាមួយ​លោក កឹម សុខា តែង​ត្អូញត្អែរ​ថា សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បន្ត​ឃ្លាំមើល​រាល់​សកម្មភាព​លោក កឹម សុខា។ តែ​ទោះ​យ៉ាងណា លោក ឆាយ គឹម ខឿន និយាយ​ថា ជា​តួនាទី​របស់​សមត្ថកិច្ច​ក្នុង​កិច្ចការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហើយ​បើ​លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ​មិន​គួរ​ខ្លាច​វត្តមាន​សមត្ថកិច្ច​ឡើយ។

​សាលាដំបូង​រាជធានី ភ្នំពេញ​បាន​ផ្អាក​សវនាការ​លោក កឹម សុខា អស់​រយៈពេល​ជាង ១០​ខែ​មក​ហើយ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ សហ​មេធាវី​បាន​ស្នើ​តុលាការ​បន្ត​សវនាការ​លោក កឹម សុខា ឡើងវិញ​ពីរ​ដង​មក​ហើយ ប៉ុន្តែ​តុលាការ​មិនទាន់​បើក​ការ​ជំនុំជម្រះ​វិញ​នៅឡើយ​ទេ គិត​ត្រឹម​ចុងខែ​វិច្ឆិកា​នេះ ទោះ​ជា​ស្ថានការណ៍​កូវីដ​-១៩ បាន​ធូរស្រាល​ជាង​មុន​យ៉ាង​ណា​ក្តី៕

No comments: