Sunday 8 November 2020

ពលរដ្ឋ​រស់​តាម​ព្រំដែន មិន​ពេញចិត្ត​ចំពោះ​ការ​បោះ​បង្គោល​​រួច​នៅ​​ត្បូងឃ្មុំ ព្រៃវែង និង​ក្រចេះ


ដោយ មួង ណារ៉េត
2020-11-07
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA


ពលរដ្ឋ និង​ក្រុម​យុវជន មិន​ពេញចិត្ត​ចំពោះ​ការ​បោះបង្គោល​ព្រំដែន​ខ្មែរ​វៀតណាម​ចប់​ជា​ស្ថាពរ ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​ខេត្ត​ព្រៃវែង ព្រោះ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ ជាពិសេស​រដ្ឋាភិបាល​ដឹកនាំ​ដោយ រដ្ឋសភា​ឯក​បក្ស គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​។ ទោះបី​យ៉ាងណា គណៈកម្មាធិការ​ព្រំដែន បង្ហាញ​មោទនភាព ចំពោះ​លទ្ធផល​នៃ​ការ​បោះបង្គោល​ព្រំដែន​ទាំងនេះ​ថា ជា​សមិទ្ធផល​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​យូរអង្វែង។

ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន និង​ក្រុម​យុវជន រួម​ទាំង​គណបក្សប្រឆាំង​បារម្ភ​ថា បើ​ទោះបី​ជា​មាន​ភាព​ចម្រូងចម្រាស​បែប​ណា​ក្តី ក៏​រដ្ឋាភិបាល​នៅតែ​មានះ បោះ​បង្គោល​ព្រំដែន​ស្រេច​តែ​ចិត្ត ហើយ​សម្រេច​បាន​ក្នុង​នៅ​ខេត្ត​ចំនួន ៣​ទៀត​។ ពួកគេ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​បង្ក​ភាព​ស្មុគស្មាញ និង​លំបាក​សើរើ​ព្រំដែន​ឡើងវិញ ប្រសិនបើ​រដ្ឋាភិបាល​ក្រោយៗ​កាន់អំណាច ហើយ​ចង់​ដោះស្រាយ​បញ្ហា​នេះ តាម​យន្តការ​អន្តរជាតិ និង​មរតត​របស់​បារាំង។

ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ លោក ជា វីរៈ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ ចូល​ដី​ខ្មែរ​ស្ទើរ​គ្រប់កន្លែង ជាពិសេស​ចំណុច​ជាំ​ប្រាំ​ល្វែង ក្នុងស្រុក​មេមត់ ធ្វើ​ឱ្យ​បាត់​ដីស្រែ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​ហិកតារ ហើយ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​នៅឡើយ​ទេ​។ លោក​ថា កន្លង​ទៅ​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន ដោយ​ស្ងាត់ៗ មិន​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ ហើយ​ថែមទាំង​គំរាមកំហែង​​ពលរដ្ឋ ដែល​ស្រែក​តវ៉ា ទាមទារ​ដីស្រែ​របស់​ខ្លួន ដែល​របូត​ទៅ​វៀតណាម​គ្រប់គ្រង​នោះ​ទៀត​៖ «​ការ​បោះ​បង្គោល​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ទេ គឺ​បោះ​សុទ្ធតែ​ក្រុម​គាត់ គ្នា​គាត់ មិនបាន​ផ្តល់​ដំណឹង​ឱ្យ​ពលរដ្ឋ​ផង ហើយ​ការ​បោះ​នេះ ប្រជាពលរដ្ឋ ភាគច្រើន​គឺ ពួកគាត់​មិន​គាំទ្រ​ទេ​។ ពួកគាត់​មិន​ពេញចិត្ត​ទេ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នេះ»។


ចំណែក​សមាជិក​ក្រុមការងារ ១០០​រាត្រី លោក ឃឹម សុខុម ក៏​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល នៃ​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ដែរ ព្រោះ​ខ្វះ​តម្លាភាព​ស្ទើរ​គ្រប់​តំបន់ ជាពិសេស​រដ្ឋាភិបាល បាន​គំរាមកំហែង និង​ចាប់ចង​អ្នកឃ្លាំមើល​ព្រំដែន​។ លោក​ថា ពលរដ្ឋ និង​ក្រុម​យុវជន​ភាគច្រើន ខ្លាច​ញញើត មិន​ហ៊ាន​បញ្ចេញមតិ​រិះគន់​រឿង​ព្រំដែន​នោះ​ទេ​៖ «​មិន​ពេញចិត្ត​ចំពោះ លទ្ធផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង​ទេ និង​មិន​ពេញចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​រាល់ថ្ងៃ​ហ្នឹង​តែម្ដង​។ កម្ពុជា​យើង​មិនទាន់​ឯករាជ​ពិតប្រាកដ​ទេ គឺ​ហាក់បីដូចជា ក្រោម​គំនាប​បរទេស ជាពិសេស​ប្រទេស​ជាប់​ព្រំដែន​យើង មាន​វៀតណាម»។

ឆ្លើយតប​រឿង​នេះ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង និយាយ​យ៉ាង​ខ្លី ខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម​ដូចជា ខេត្ត​ត្បូងឃ្មុំ ព្រៃវែង និង ក្រចេះ បាន​បញ្ចប់​ជា​ស្ថាពរ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ភាគី​វៀតណាម​។ លោក​បដិសេធ​មិន​អធិប្បាយ ចំពោះ​ការ​មិន​ពេញចិត្ត​របស់​ពលរដ្ឋ ក្នុង​ពេល​ដែល​គណៈកម្មាធិការ​ជំនាញ​មួយ​នេះ បោះ​បង្គោល​ព្រំដែន​រួចរាល់​នៅ​ខេត្ត​ទាំងនោះ។

ចំណែក​តំណាងរាស្ត្រ និង​មន្ត្រី​កិច្ចការ​ព្រំដែន​របស់​គណបក្សប្រឆាំង​វិញ មិន​ទទួល​ស្គាល់ ការ​បោះបង្គោល​ព្រំដែន ក្នុង​ខេត្ត​ចំនួន ៣​នេះ​ទេ​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថា​ការ​មិន​ទទួល​ស្គាល់​នេះ គឺ​ដោយសារតែ​ការ​បោះបង្គោល​ព្រំដែន ធ្វើឡើង​លាក់លៀម ខ្វះ​តម្លាភាព និង​បង្កើត​មន្ទិលសង្ស័យ​ច្រើន​។ លោក​ថា ការ​បោះបង្គោល​ព្រំដែន​កន្លង​ទៅ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ជាពិសេស​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​មិន​ត្រឹមត្រូវ ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺចាប់ ដោយសារ​បាត់បង់​ដីស្រែ​តាម​បណ្ដោយ​ព្រំដែន ទៅ​វៀតណាម ៖ «​គេ​បោះ​បង្គោល​រួចហើយ​ហ្នឹង​គឺ ពលរដ្ឋ​គាត់​អះអាង​ថា បាត់​ដីស្រែ​ចម្ការ​របស់​គាត់ បាត់​ដីស្រែ​របស់​គាត់ គឺ​បាត់​ដី​ខ្មែរ​ហើយ ដូច្នេះ​គឺ​ការ​ប្រគល់ ដីស្រែ​ចម្ការ និង​ការ​ប្រគល់​ដី​ខ្មែរ​ឱ្យ​យួន​ស្របច្បាប់ នៅ​ពេល​គេ​បោះ​បង្គោល​ចប់​សព្វគ្រប់ នៅ​ខេត្ត​ទាំង​បី​ហ្នឹង​។ យើង​ដឹង​ហើយ​ថា ការ​បោះ​បង្គោល​ហ្នឹង​គឺ មិនបាន​អ្វី ដែល​ជា​មរតក របស់​បារាំង​ទេ»។

គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ឱ្យ​ដឹង​ថា ក្នុងចំណោម​ខេត្ត​ទាំង​៩​របស់​កម្ពុជា ដែល​នៅ​ជាប់​ព្រំដែន វៀតណាម មាន​ខេត្ត ព្រៃវែង ក្រចេះ និង ត្បូងឃ្មុំ ការ​បោះ​បង្គោល​ព្រំដែន ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ហើយ នៅ​សល់​តែ​ខេត្ត​កំពត ស្វាយរៀង រតនគិរី មណ្ឌលគិរី តាកែវ និង ខេត្ត​កណ្ដាល​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា គណៈកម្មាធិការ​ជំនាញ​មួយ​នេះ មិន​បញ្ជាក់​លម្អិត​ថា ការ​បោះ​បង្គោល​ព្រំដែន នៅ​ខេត្ត​ទាំង ៣​នេះ បាន​ចាប់ផ្ដើម​នៅ​ពេល​ណា​នោះ​ទេ។

លោក វ៉ា គឹមហុង ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​ចំនួន ១៦ ភាគរយ ក៏​មិន​ទាន់​ច្បាស់​ថា នឹង​បញ្ចប់​នៅ​ពេល​ណា​ដែរ ព្រោះ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ផ្ដល់​បច្ចេកទេស​ផែនទី ក្នុង​ការ​កំណត់​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់។

កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១ ២៧០ គីឡូម៉ែត្រ​។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា បោះ​បង្គោល​សរុប​ចំនួន ៣១៤​បង្គោល ឬ ស្មើនឹង​៨៤% នៃ​បង្គោល​ព្រំដែន​សរុប ៣៧៥​បង្គោល៕

No comments: