Monday 9 November 2020

មន្ត្រី​បក្ស​ប្រឆាំង និង​យុវជន​ថា របប​ក្រុងភ្នំពេញ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ​ជាតិ


ដោយ សុជីវី
2020-11-08
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA



មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​យុវជន មើល​ឃើញ​ដូចៗ​គ្នា​ថា របប​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​ក្រោម​អាណានិគម​បែប​ថ្មី​ពី​ប្រទេសជិតខាង និង​ប្រទេស​ចិន​។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ស្អែក​នេះ​។ មន្ត្រី​នាំពាក្យ​គណបក្ស​កាន់អំណាច ឆ្លើយតប​ថា អ្នក​ដែល​មើល​ឃើញ​កម្ពុជា​ថា គ្មាន​ឯករាជ្យភាព​ពេញ​លេញ​នោះ គឺ​ជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ខ្វះ​ការ​យល់ដឹង។

មន្ត្រី​គណបក្សប្រឆាំង និង​យុវជន នៅតែ​កោតសរសើរ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ ដែល​បានទា​មទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៥៣ ប៉ុន្តែ​ពួកគេ​យល់ថា កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​នៅ​មិន​ទាន់​មាន​ឯករាជ្យភាព និង​អធិតេយ្យភាព​ពេញលេញ​នោះ​ទេ។

តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​និង​អន្តោប្រវេសន៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា លោក​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញ​បរិបូរ​ពី​បារាំង ឆ្នាំ​១៩៥៣ ប៉ុន្តែ​លោក​សោកស្តាយ​ដែល​របប លោក ហ៊ុន សែន បច្ចុប្បន្ន ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​ក្រោម​ឥទ្ធិពល​ឬ​អាណានិគម​បែប​ថ្មី​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ចិន៖ «​ឯករាជ្យ​យើង​មិន​ពេញលេញ​នោះ​ទេ ដោយសារ​លោក ហ៊ុន សែន យក​ចិន និង​យួន​ជា​ចៅហ្វាយ ដូច្នេះ​ឯករាជ្យ​របស់​យើង​ស្ថិត​នៅ​លើ​ចិន​និង​យួន​ជា​អ្នក​កំណត់​ទេ សព្វថ្ងៃ​នេះ​។ យើង​មើល​ទៅលើ​ផ្នែក​សេដ្ឋកិច្ច គឺ​ពឹង​ទៅលើ​សេដ្ឋកិច្ច​ចិន​និង​យួន បើ​មើល​ទៅលើ​ឯករាជ្យ​នយោបាយ ក៏​ពឹង​ទៅលើ​ចិន​និង​យួន​ដែរ ហើយពី​បូរណភាព​ទឹកដី​វិញ យួន​បាន​រំលោភ​ឈ្លានពាន​ទឹកដី​របស់​យើង យួន​បាន​បោះតង់​នៅ​លើ​ទឹកដី​យើង​ហើយ​ធ្វើ​សំណង់​រឹង​ទៀត​ហ្នឹង ខាង​រដ្ឋាភិបាល​លោក ហ៊ុន សែន អត់​មាន​តវ៉ា​ជាមួយ​យួន​អី​បន្តិច។


​លោក អ៊ុំ សំអាន បន្ត​ថា ដើម្បី​ឲ្យ​កម្ពុជា មាន​ឯករាជ្យភាព និង​អធិតេយ្យភាព​ពេញលេញ​នោះ គឺ​របប លោក ហ៊ុន សែន ត្រូវ​ឈប់​រណប​ចិន និង​វៀតណាម ហើយ​ត្រូវ​ពង្រឹង និង​រក្សា​ឯករាជ្យភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​យោធា៖ «​បើសិនជា​ទាំង​ផ្នែក​សេដ្ឋកិច្ច យោធា និង​នយោបាយ នៅតែ​ពឹង​ផ្អែក​ទៅ​លើ​ចិន​លើ​យួន​ទេ កម្ពុជា​យើង​អត់​មាន​ឯករាជ្យភាព​ទេ​។ យើង​ដឹង​ហើយ​ថា របប លោក​ហ៊ុន សែន ពឹងផ្អែក​ទៅលើ​ចិន​និង​យួន​ទាំង​ផ្នែក​សេដ្ឋកិច្ច យោធា​។ ផ្នែក​បណ្ដុះបណ្ដាល​យោធា​នេះ ក៏​មាន​ចិន​យួន​ជា​អ្នក​បណ្ដាល ហើយ​ផ្ដល់​សម្ភារៈ​យោធា​ឲ្យ​ទៀត​។ នយោបាយ ដូចគ្នា​ដែរ ។​លោក ហ៊ុន សែន យក​របប​កុម្មុយនិស្ត​មក​អនុវត្ត​នៅ​កម្ពុជា ដោយ​មិន​គោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ»។

រីឯ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ថ្លែង​ថា ដរាបណា​ប្រទេស​កម្ពុជា នៅតែ​មាន​កម្លាំងយោធា​និង​សេដ្ឋកិច្ច​ទន់ខ្សោយ និង​គ្មាន​ការ​ឯកភាព​ជាតិ សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ​ទេ គឺ​មិន​អាច​មាន​ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ​ពេញលេញ​បានទេ​។ លោក មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ មិនមែន​តែ​ប្រទេស​មហាអំណាច​ធំៗ​នោះ​ទេ សូម្បីតែ​ប្រទេសជិតខាង​កម្ពុជា មាន​វៀតណាម​ជាដើម ក៏បាន​ទាញ​កម្ពុជា​ឲ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ពួកគេ​ដែរ៖ «បើ​សិន​យើង​អត់​មាន​ឯកភាព​ជាតិ​គ្នា​ជា​ធ្លុង​មួយ​ទេ គឺ​អ្នកនយោបាយ​យើង​ចេះតែ​លម្អៀង​ទៅ​រក​ប្រទេស​នេះ​ប្រទេស​នោះ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ហ្នឹង វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​យើង​បាត់បង់​ឯករាជ្យភាព​ហើយ ព្រោះ​មិន​អាច​មាន​ឯករាជ្យ​ភាព​បានទេ ព្រោះ​យើង​យក​ប្រទេស​ទៅ​យក​អំណាច​ខ្លួនឯង​។ ដើម្បី​ឲ្យ​ប្រទេស​យើង​មាន​ឯករាជ្យភាព នោះ លុះត្រាតែ​កម្ពុជា​យើង​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​យោធា»។

ស្រដៀង​គ្នា​នេះ ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូ​រី ថ្លែងថា ទោះបីជា​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ធានា​អំពី​ឯករាជ្យភាព អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ហើយ​ប្រទេសជិតខាង រួមទាំង​ប្រទេស​មហាអំណាច​ធំៗ ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ក្តី ក៏​លោក​សង្កេត​ឃើញ​ថា ប្រទេស​មហា​អំណា​ចិន និង​ប្រទេស​វៀតណាម រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង នៅ​មិន​ទាន់​បាន​គោរព និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ជា​លក្ខណៈ​អន្តរជាតិ​នេះ​នៅឡើយ​ទេ​។ លោក ស ម៉ូរី កត់សម្គាល់​ថា រយៈពេល​ចុងក្រោយ​នេះ មហាអំណាច​ចិន បាន​បង្ហាញ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ក្នុង​នយោបាយ​កម្ពុជា ដូចជា​ចិន​ចេញមុខ​ការពារ​រដ្ឋាភិបាល​កម្ពុជា​គ្រប់​បែប​យ៉ាង ទាំង​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ទាំង​ការរំលោភ​សិទ្ធិមនុស្ស ហើយ​ចិន​ក៏បាន​ក្លាយ​ជា​ម្ចាស់បំណុល​ដ៏​ធំ​របស់​កម្ពុជា​ផង​ដែរ​។ យុវជន​រូប​នេះ ព្រួយបារម្ភ​ថា ករណី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា៖ «កម្ពុជា ជា​ប្រទេស​តូច​ប្រជាជន​តិច​ហើយ​សេដ្ឋ​និង​យោធា​ខ្សោយ មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេសជិតខាង ក៏ដូចជា​ប្រទេស​មហាអំណាច​បានទេ​។ អ្វី​ដែល​ជា អាវ​ក្រោះ​សម្រាប់​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ដែនដី​កម្ពុជា​បាន គឺ​កម្ពុជា​ខ្លួនឯង ពង្រឹង​ការ​អនុវត្ត​តាម​គោលការណ៍​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ជំរុញ​ឲ្យ​អនុវត្ត តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​បាន​ល្អ​ប្រសើរ​ព្រោះ​ប្រទេសជិតខាង​រួម​ទាំង​មហាអំណាច​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ ដូច្នេះ​ប្រទេស​ទាំងនេះ មាន កាតព្វកិច្ច​គោរព​តាម​ចំពោះ​ច្បាប់​អន្តរជាតិ​នេះ ហើយ​ចំណុច​ទី​៣ កម្ពុជា គួរតែ​មាន​តុល្យភាព​ក្នុង​ការ​ទំនាក់ទំនង​ការបរទេស​ជាមួយ​មហាអំណាច​ទាំងអស់»។

ផ្ទុយ​ពី​ការយល់ឃើញ​ទាំងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ថ្លែង​ថា កម្ពុជា មាន​ឯកភាព​ជាតិ និង​ឯករាជ្យភាព​ជាតិ​ពេញលេញ ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះមហាក្សត្រ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ដោយ​ភាព​សំបូរ​សប្បាយ​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​បញ្ជាក់​ថា ការរស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​របស់​អ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន មិន​​​​​​​​​​​​​​​​​អាច​ចាត់ទុកថា ជា​ការ​បែកបាក់​ឯកភាព​ជាតិ​នោះ​ទេ​៖ «ចោទប្រកាន់​ដោយ​គ្មាន​គោលការណ៍​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ។ ពីមុន​មកពី​ទសវត្សរ៍​ឆ្នាំ​៧០ និង​ឆ្នាំ​៨០ គេ​ចោទ​ថា វៀតណាម​យក​ដី​ខ្មែរ​អស់រលីង​ហើយ ហើយ​បើ​យក​ដី​ខ្មែរ​អ៊ីចឹង ខ្មែរ​១៦​លាន​នាក់​មាន​ដី​ឯណា​នៅ​? ខ្ញុំ​ជា​ខ្មែរ​ម្នាក់​ដែរ​ផ្ទះ​នៅ​ភ្នំពេញ ខ្ញុំ​មាន​ដី​ណា​នៅ​បើ​ភ្នំពេញ​វៀតណាម​យក​អស់ហើយ ។​ឥឡូវ​ទន្ទឹម​នឹង​វៀតណាម​យក​អស់នេះ ចិន​មក​យក អស់​ទៀត ហើយ​សួរ​ថា​មាន​ដី​ឯណា​ឲ្យ​ចិន​នៅ​បើ​វៀតណាម​យក​អស់ហើយ។ យើង​គិតតែ​ប៉ុណ្ណឹង​ដឹង​ហើយ ដូច្នេះ​យើង​គិត​ថា នេះ​គ្រាន់តែ​ជា​វោហារសាស្ត្រ​នយោបាយ​របស់​ក្រុម​ប្រឆាំង​តែ​ប៉ុណ្ណឹង​ទេ»។​

លោក សុខ ឥសាន ឲ្យ​ដឹង​ដែរ​ថា ឆ្នាំនេះ​រដ្ឋាភិបាល នឹង​ធ្វើ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នៅ​វិមានឯករាជ្យ​ដូច​រាល់​ឆ្នាំ​ដែរ ដែល​មាន​ការ​យាង​ចូលរួម​ពី​ព្រះមហាក្សត្រ មន្ត្រី​រដ្ឋាភិបាល និង​អ្នកមុខអ្នកការ រួម​ទាំង​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​រាប់​រយ​នាក់​ផង​ដែរ ប៉ុន្តែ​នឹង​មិន​មាន​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នោះ​ទេ ដោយសារ​លោក កំពុង​ជាប់រវល់​ធ្វើ​ចត្តាឡឺស័ក ដើម្បី​បញ្ជាក់​ថា តើ​លោក​មាន​ឆ្លង​ជំងឺ​កូវីដ​១៩ ឬ​អត់។

​ទាក់ទង​នឹង​ទិវា​ឯករាជ្យ​ជាតិ​នេះ​ដែរ អ្នកវិភាគ​នយោបាយ​ជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ មិន​បកស្រាយ​ថា កម្ពុជា​បច្ចុប្បន្ន​នេះ មាន​ឯករាជ្យ​ជាតិ​ពេញលេញ​ឬ​អត់​នោះ​ទេ ប៉ុន្តែ​លោក​ចោទ​សួរ​ថា តើ​កម្ពុជា នឹង​ឈាន​​​​​​ទៅ​រស់នៅ​ក្រោម​របប​ការពារ​របស់​ចិន​ឬ​យ៉ាងណា​? ។ បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឧទារហណ៍​ថា កាលពីមុន​ខ្មែរ​បាន​ស្នើ​សុំ​ឲ្យ​បារាំង​មក​​ជួយ​ការពារ​ពី​សៀម និង​វៀតណាម ហើយ​បច្ចុប្បន្ន​នេះ ចិន​បាន​ដាក់​ខ្លួន​មក​ជួយ​ការពារ និង​អភិវឌ្ឍ​កម្ពុជា​។ លោក សង្កេត​ឃើញ​ថា តំបន់​ឆ្នេរ​សមុទ្រ​ខ្មែរ កំពុង​ក្លាយ​ដូចជា​នៅ​ទឹកដី​ហុងកុង ឬ​ម៉ាកាវ ក្រោម​ការគ្រប់គ្រង​របស់​ចិន​បណ្តើៗ​ហើយ​។ លោក បន្ត​ថា នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខ្មែរ ដែល​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចិន​មក​រក​ស៊ី​នោះ គឺ​ជនជាតិ​ខ្មែរ​បាន​ក្លា​ជា​ជនជាតិភាគតិច ចំណែក​នៅ​តំបន់​សម្បទាន​តារា​សាគរ និង​បទុម​សាគរ​ក្នុង​ខេត្ត​កោះកុង​នោះ ក៏​ក្រុមហ៊ុន​ចិន បណ្តេញ​ជនជាតិ​ខ្មែរ​ចេញ​ដែរ៕

No comments: