Saturday 28 November 2020

យូណេស្កូ​ស្នើ​​កម្ពុជា​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​វិនិយោគ​របស់ NAGA CORP នៅ​សៀមរាប


ដោយ មាន ​​ឫទ្ធិ
2020-11-25
និមិត្តសញ្ញា​​នៃ​អង្គការ​យូណេស្កូ (UNESCO)
និមិត្តសញ្ញា​​នៃ​អង្គការ​យូណេស្កូ (UNESCO)
screenshot



អង្គការ​យូណេស្កូ (UNESCO) កំពុង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​វិនិយោគ​រមណីយដ្ឋាន​ក្នុង​ទឹកដី​ខេត្ត​សៀមរាប​របស់​ក្រុមហ៊ុន​ណាហ្គាខប (NAGA CORP)​។ អង្គការ​នេះ គូស​បញ្ជក់​ថា ព័ត៌មាន​ទាំងនេះ នឹង​ត្រូវ​យក​ទៅ​ចែករំលែក​បន្ត​ដើម្បី​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នានា​ដែល​អាច​កើតមាន​ឡើង​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ព័ត៌មាន​លម្អិត​ដែល​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ ឬ​ហៅ​កាត់​ថា យូណេស្កូ កំពុង​ស្នើសុំ​ពី​អាជ្ញាធរ​កម្ពុជា រួមមាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់ និង​លម្អិត​អំពី​ផែនការ​នានា​ជុំវិញ​គម្រោង​វិនិយោគ​ខ្នាត​យក្ស​មួយ​នេះ​។ ក្នុង​នោះ​ក៏​រួមមាន​របាយការណ៍​វិភាគ​អំពី​ផល​ប៉ះពាល់​ដល់​បេតិកភណ្ឌ និង​បរិស្ថាន ដល់​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក។

មន្ត្រី​ជំនាញ​កម្មវិធី​ផ្នែក​វប្បធម៌​របស់​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា លោក ម៉ាសាណូរី ណាហ្គៅកា (Masanori Nagaoka) ពន្យល់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​ថា ស្របតាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ព័ត៌មាន​ដែល​អង្គការ​យូណេស្កូ​កំពុង​ស្នើសុំ​ពី​អាជ្ញាធរ​កម្ពុជា​នេះ នឹង​ត្រូវ​ចែករំលែក​ជាមួយ​ស្ថាប័ន​ប្រឹក្សា តាមរយៈ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO World Heritage Center) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​នានា ​ដែល​​អាច​កើត​មាន​ឡើង​ទៅ​​លើ​​តំបន់​បេតិកភណ្ឌ​ពិភពលោក។


ការ​ពន្យល់​របស់​អង្គការ​អន្តរជាតិ​ដែល​មាន​តួនាទី​ការពារ និង​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក​នេះ កើត​មានឡើង​ក្រោយពី​មាន​ព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ដ៏​សម្បើម​មួយ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ណាហ្គា ខប បង្កើត​រមណីយដ្ឋាន​ឈ្មោះ «Angkor Lake of Wonder» នៅ​តំបន់​សៀមរាប​អង្គរ ដែល​មាន​ចម្ងាយ​៥​រយ​ម៉ែត្រ ពី​ភាគ​ខាងត្បូង​នៃ​ឧទ្យាន​ជាតិ​អង្គរ។ ក្នុង​គម្រោង​នេះ រដ្ឋាភិបាល​បាន​ជួល​ដី​ទំហំ ៧៥​ហិកតារ ឲ្យ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ក្រុង​ហុងកុង (Hong Kong) មួយ​នេះ វិនិយោគ រយៈពេល​ដល់​ទៅ ៥០​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៧០​។ ផ្អែក​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នោះ រដ្ឋ​មិន​យក​ថ្លៃឈ្នួល​ពី​ក្រុមហ៊ុន ណាហ្គា ខប ឡើយ​ក្នុង​រយៈពេល ៧​ឆ្នាំ ទៅ​១០​ឆ្នាំ​ដំបូង តែ​នា​ពេល​បន្ទាប់ ក្រុមហ៊ុន​នេះ ត្រូវ​បង់ថ្លៃ​ឈ្នួល​ដី ក្នុង​តម្លៃ​៤​សែន ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​នឹង​មានការ​ដំឡើង​ថ្លៃ​៥​ភាគរយ នៅ​ឆ្នាំ​បន្ទាប់ៗ​។ គម្រោង​អភិវឌ្ឍន៍​នេះ រួមមាន​សណ្ឋាគារ​ផ្កាយ​ប្រាំ កន្លែង​ជិះ​ក្តារ​លើ​ទឹក សួន​ទឹក​ខ្នាត​ធំ សួន​បុប្ផា​ចម្រុះ​ពណ៌ ឧទ្យាន​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ទីក្រុង​ចិន China Town។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ថា តើ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជូនដំណឹង​អំពី​ព័ត៌មាន និង​ការវាយតម្លៃ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​វិនិយោគ​មួយ​នេះ​ដល់​ស្ថាប័ន​អង្គការ​យូណេស្កូ​ដែរ ឬ​អត់​។ លោក​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដដែល​ថា គម្រោង​នេះ​នឹង​មិន​ប៉ះពាល់​ដល់​តំបន់​ការពារ​ក្នុង​ឧទ្យានជាតិ​អង្គរ​នោះ​ទេ​៖ «​គម្រោង​នេះ​វា​អត់​មាន​ទៅ​ប៉ះពាល់​អី​ទៅដល់​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​ទេ។ ចំពោះ​គម្រោង​វាយតម្លៃ​ទៅ​លើ​បរិស្ថាន ឬ​អី នោះ​ក្រុមការងារ​ខាង​ផ្នែក​របស់​គេ​មួយទៀត​ដែល​ពាក់ព័ន្ធ គេ​បាន​ធ្វើ​កិច្ច​ការងារ​របស់​គេ ពីព្រោះ​យើង​ត្រូវ​ដឹង​ថា គម្រោង​នេះ វា​អត់​មាន​ទៅ​ពាក់ព័ន្ធ​ដល់​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​ទេ​។ បើ​វា​ស្ថិត​នៅ​ក្រៅ​តំបន់​ហ្នឹង ក្រៅ​ចំណុច​ការពារ​បេតិកភណ្ឌ​ពិភពលោក​ហ្នឹង ដូច្នេះ កិច្ច​ការងារ​មួយ​ចំ​នួន គឺ​គេ​ធ្វើ​តាមរយៈ​ការងារ​របស់​គេ​ផ្សេង​ដាច់ដោយឡែក វា​មាន​លក្ខខណ្ឌ​ផ្សេងៗ​គ្នា»។

នៅ​ពេល​ចោទ​សួរ​ថា បើ​ទោះ​ជា​គម្រោង​នេះ​ធ្វើ​ក្រៅ​តំបន់​ការពារ​ឧទ្យានជាតិ​អង្គរ​ក៏ដោយ ក៏ប៉ុន្តែ វា​អាច​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ហួស​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ប្រយោល​ដល់​តំបន់​បេតិកភណ្ឌ​ពិភពលោក លោក ឡុង កុសល អះអាង​ថា រដ្ឋាភិបាល​បាន​ប្រមើល​មើល​ឃើញ​ពី​ការ​រីកចម្រើន​នៃ​សក្ដានុពល​ទេសចរណ៍​នេះ​ហើយ​។ ដូច្នេះ លោក​ថា គម្រោង​នេះ នឹង​ជា​ការ​ចូលរួម​ជួយ​រៀបចំ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ​ឲ្យ​មាន​ចិរភាព​ទៅវិញ​ទេ​៖ «​អ៊ីចឹង​ហើយ​ដើម្បី​រៀបចំ​ឲ្យ​ការ​ទទួល​បដិសណ្ឋារកិច្ច​នូវ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មាន​របៀបរៀបរយ​ប្រកប​ទៅ​ដោយ​ចិរភាព គឺ​យើង​បាន​រក្សាទុក​នៅ​ដី​តំបន់​នោះ ដី​ដែល​បម្រុង​រក្សាទុក​ដើម្បី​ធ្វើ​ការងារ​អភិវឌ្ឍ​ទៅលើ​ផ្នែក​វិស័យ​ទេសចរណ៍​នេះ»។

ផ្ទុយ​ពី​ការ​អះអាង​នេះ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​សិល្បៈ និង​ជា​ឧត្តមទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ លោក សឺន ស៊ូបែរ្តិ៍ មាន​ប្រសាសន៍​ថា លោក​មិន​យល់ស្រប​ចំពោះ​ការអនុញ្ញាត​ឲ្យ​មាន​គម្រោង​វិនិយោគ​នៅ​តំបន់​សៀមរាប​នេះ​ទេ។ លោក​ថា គម្រោង​វិនិយោគ​នេះ នឹង​ជៀស​មិន​ផុត​ពី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​វប្បធម៌​នៃ​តំបន់​អង្គរ ដែល​ជា​បេតិកភណ្ឌ​របស់​ពិភពលោក​មួយ​នេះ​៖ «កាលពី​ឆ្នាំ​១៩៩២-៩៣ ខ្ញុំ​មាន​ចូលរួម​ទៅ​ក្នុង​ប្លង់ ZEMP (Zoning Environment Master Plan)​។ គឺ​គេ​បារម្ភ​ពី​រឿង​ថា ទេសចរណ៍​ទៅ​ច្រើន​ពេក វា​[​ប៉ះពាល់​]​ដល់​ការ​ថែរក្សា​ប្រាសាទ​ទាំងអស់​ហ្នឹង។ ទៅ​ដាក់​ស្អី​ហ្នឹង​ទៅទៀត គឺ​រឹតតែ​យ៉ាប់​។ បើ​ខ្ញុំ​យល់​បើ​ធ្វើ​ស្អី​ដូច Disney Land គួរ​ដាក់​ចន្លោះ​កំពង់ធំ និង​សៀមរាប​ទៅ វា​ល្អ​ជាង។ តាម​ខ្ញុំ​យល់​វា​អ៊ីចឹង កុំ​ឲ្យ​ទេសចរណ៍​ គេ​​មិន​បាច់​ទាក់ទាញ​ទេ ព្រោះ​អី​គេ​ទៅ​អង្គរ​ដោយសារ​ល្បី​អង្គរវត្ត អង្គរធំ​អី​អស់​ហ្នឹង មិនបាច់​ទៅ​ដាក់​ស្អី​អស់​ហ្នឹង​នៅ​កន្លែង​ហ្នឹង​ទៀត វា​អត់​សូវ​មានន័យ​។ ព្រោះ​វា​ជា​តំបន់​វប្បធម៌ ព្រោះ​វា​ប៉ះពាល់​ដល់​បរិស្ថាន​របស់​អង្គរ​ហ្នឹង​ទៅទៀត ប្រហែល​យូណេស្កូ គេ​អត់​ស្រប​ហើយ»។

គិត​រហូត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជិត ​៣០​ឆ្នាំ​ហើយ​ ដែល​តំបន់​រមណីយដ្ឋាន​អង្គរ​ ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ កាលពី​ខែ​ធ្នូ ឆ្នាំ​១៩៩២ អង្គការ​យូណេស្កូ (UNESCO) បាន​ដាក់​ប្រាសាទ​ទាំងឡាយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំងមូល ព្រមទាំង​បរិវេណ និង​ព្រៃ​ព្រឹក្សា​នៅ​តំបន់​អង្គរ ដែល​មាន​ទំហំ​ប្រមាណ​ជាង​ ៤០០​គីឡូម៉ែត្រ​ការ៉េ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ អង្គការ​យូណេស្កូ បញ្ជាក់​ថា​តាម​គម្រោង អាជ្ញាធរ​កម្ពុជា នឹង​ត្រូវ​ពន្យល់​អំពី​ផែនការ​វិនិយោគ​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ នៅ​ថ្ងៃ​ទី១៦ ខែ​ធ្នូ ចុង​ឆ្នាំ​នេះ​។ មន្ត្រី​ជំនាញ​អង្គការ​យូណេស្កូ​បញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​ខាងមុខនេះ អ្នក​ជំនាញ​វប្បធម៌​អន្តរជាតិ នឹង​ពិនិត្យមើល​ឡើងវិញ​អំពី​ផែនការ​វិនិយោគ​នេះ ព្រមទាំង​ដាក់​ចេញ​នូវ​សំណើ​ជា​អនុសាសន៍​ផង៕

No comments: