Tuesday 1 December 2020

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា​ ​អ្នក​ពុល​ស្រា​ស​ល្មម​នឹង​ស្លាប់​ព្រោះ​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លាយ​ស្រា​ផឹក


ដោយ ទីន ហ្សាការីយ៉ា
2020-11-30
អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា​ ​អ្នក​ពុល​ស្រា​ស​ល្មម​នឹង​ស្លាប់​ព្រោះ​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លាយ​ស្រា​ផឹក

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា​ ​អ្នក​ពុល​ស្រា​ស​ល្មម​នឹង​ស្លាប់​ព្រោះ​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លាយ​ស្រា​ផឹក លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា
AFP

 

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា អ្នក​ពុល​ស្រា​ស​ល្មម​នឹង​ស្លាប់​ព្រោះ​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វល្អិត​លាយ​ស្រា​ផឹក។ ការ​លើកឡើង​បែប​នេះ ខណៈ​ពលរដ្ឋ​ស្លាប់​ដោយសារ​ពុល​ស្រា​ស​នៅ​ខេត្ត​កំពង់​ឆ្នាំង​បាន​កើន​ឡើង​ដល់ ៧នាក់​ហើយ ក្នុង​ចំណោម​អ្នក​ពុល​សរុប​ចំនួន ១៣១នាក់។

មន្រ្តីអង្គការសង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​ករណី​អាជីវកម្ម​ស្រា​ស ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​នេះ ជា​ជាង​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ទិញ ឬ​ប្រជាពលរដ្ឋ។

ករណី​ពលរដ្ឋ​ពុល​ស្រា​ស​ស្លាប់​នេះ អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា រឿង​ពុល​ស្រា​ស​នេះ​មាន​ច្រើនដង​ហើយ ហេតុ​អី​ពលរដ្ឋ​មិន​រាងចាល។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​លើក​ឡើង​បែប​នេះ ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​របស់​លោក​ថ្ងៃ​ទី២៩ ខែវិច្ឆិកា។ លោក​លើក​ឡើង​ថា ពលរដ្ឋ​ដែល​ហ៊ាន​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មក​លាយ​ស្រា​ផឹក​នោះ ល្មម​នឹង​ស្លាប់​មែន។ លោក​បន្ត​ថា៖ «ខ្លួន​ឯង​ចង់​ស្លាប់​ហើយ តើ​ឱ្យ​នរណា​ជួយ​បាន?»។


ឆ្លើយតបនឹង​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា លើក​ឡើង​ថា បើ​ពលរដ្ឋ​ដឹង​ថា ស្រា​ស​នោះ​ពុល​គ្មាន​អ្នកណា​ហ៊ាន​ទិញ​ផឹក​នោះ​ទេ។ លោក​យល់​ថា ការ​ទទួល​ខុស​ត្រូវ​រឿង​នេះ​មួយ​ផ្នែក​ធំ​គឺ​អាជ្ញាធរ​មានសមត្ថកិច្ច​ដែល​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​អាជីវកម្ម​នេះ៖ «យើង​គិត​ថា បើ​មាន​ពលរដ្ឋ​ណា​ដឹង​ថា ស្រា​ណឹង​ពុល​ហើយ​គឺ​នៅ​ផឹក​ឱ្យ​ប៉ះពាល់​អាយុជីវិត​របស់​ខ្លួន​ទេ»។

សេចក្ដីជូនដំណឹង​របស់​​​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​ឱ្យ​ដឹង​ថា ពលរដ្ឋ​ពុល​ស្រា​នៅ​ខេត្ត​កំពង់​ឆ្នាំង​សរុប​ចំនួន ១៣១នាក់ ពុល​ចូល​ពេទ្យ​ព្យាបាល ក្នុង​នោះ​ស្លាប់ ៧នាក់។ ក្រសួង​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​ពុល​ស្រា​ទាំង ១៣១​នាក់​នេះ ក៏​មាន​ស្រ្តី ៦នាក់​ដែរ តែ​មក​ទល់​ពេល​នេះ មាន​អ្នក​ជា​សះស្បើយ​ចំនួន ៩០នាក់​ហើយ។ ករណី​សង្ស័យ​ពុល​ស្រា​ស​នេះ ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹក​ផុស​ខេត្ត​កំពង់ឆ្នាំង ហើយ​មូលហេតុ​ដោយ​ពលរដ្ឋ​ចូលរួម​កំដរ​បុណ្យ​សព​ក្នុង​ភូមិ ហើយ​ជួបជុំ​គ្នា​ពិសា​ស្រា​ស។

ទាក់ទង​ព័ត៌មាន​លម្អិត​ពី​ករណី​នេះ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​លោក​បាន​ប្រាក់ វ៉ុន ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា តែ​លោក​មិន​លើក​ទូរស័ព្ទ។ រីឯ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ។

​អ្នក​សម្របសម្រួល​ទទួល​បន​ន្ទុ​ក​ឃ្លាំមើល​និង​អង្កេត​ ​អង្គការ​លី​កា​ដូ ​ខេត្ត​កំពង់ឆ្នាំង​ ​លោក​ ​គង់​ ​ច័ន្ទ​មុនី​ ​ប្រាប់​ថា​ ​អង្គការ​មិនទាន់​បាន​បើក​ការ​អង្កេត​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​ ​កំពុង​ឃ្លាំមើល​ការ​អនុវត្ត​ការ​របស់​សមត្ថកិច្ច៖ «ករណី​ស៊ីវិល​អ៊ីចឹង​យើង​អត់​ចុះ​ទេ​ព្រោះ​យើង​ធ្វើ​ទាល់តែ​មាន​អ្នក​ដាក់​បណ្ដឹង​អាជ្ញាធរ​ឬ​អាជ្ញាធរ​គេ​តាមដាន​អ៊ីចឹង»។

ក្រោយ​កើតមាន​បញ្ហា​នេះ ក្រសួង​សុខាភិបាល​ចាត់​វិធានការ​ហាម​ការ​ផឹក​ស្រា​ស និង​បញ្ឈប់​ការ​ធ្វើ​ចរាចរ​លក់ដូរ​ស្រា​ស​ជា​បន្ទាន់។ ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ដែរ​ថា ស្ថានការណ៍​ចុង​ក្រោយ​នេះ​អ្នក​ជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល​មានការ​វិវត្ត​មក​ស្ថានភាព​ល្អ​ប្រសើរ​វិញ​ហើយ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ស្នើ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​អនុវត្ត​ការងារ​ដែល​ខ្លួន​បាន​ដាក់​ឱ្យ​បាន​ម៉ឺងម៉ាត់ ខណៈ​បញ្ហា​នេះ​តែង​កើត​ឡើង​ញឹក​ញាប់ និង​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់ជីវិត៕

No comments: