Saturday 12 December 2020

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​ស្នើ​ជប៉ុន​​​​​​ឱ្យ​បញ្ឈប់​ជំនួយ​ដល់​ប៉ូលិស​កម្ពុជា​ដែល​បង្ក្រាប​ពលរដ្ឋ​ឥត​ប្រណី​ដៃ


ដោយ ជាតិ ចំណាន
2020-12-11
អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​ស្នើ​ជប៉ុន​​​​​​ឱ្យ​បញ្ឈប់​ជំនួយ​ដល់​ប៉ូលិស​កម្ពុជា​ដែល​បង្ក្រាប​ពលរដ្ឋ​ឥត​ប្រណី​ដៃ
អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​ស្នើ​ជប៉ុន​​​​​​ឱ្យ​បញ្ឈប់​ជំនួយ​ដល់​ប៉ូលិស​កម្ពុជា​ដែល​បង្ក្រាប​ពលរដ្ឋ​ឥត​ប្រណី​ដៃ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
AFP


 

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​រដ្ឋាភិបាល​ជប៉ុន ឱ្យ​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ដល់​ស្ថាប័ន​ប៉ូលិស​កម្ពុជា ដែល​កន្លង​មក​បាន​បង្ក្រាប​ដោយ​ឥត​ត្រា​ប្រណី​លើ​ប្រជាពលរដ្ឋ​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថា សំណើ​បែប​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា ជំនួយ​របស់​ជប៉ុន​ដល់​ស្ថាប័ន​ប៉ូលិស​កម្ពុជា នឹង​ធ្វើ​ឱ្យ​ជប៉ុន​ជាប់​ទាក់ទង​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​ខាងមុខ។ អង្គការ​អន្តរជាតិ​ដដែល​នេះ​បន្ត​ថា រដ្ឋាភិបាល​ជប៉ុន​គួរតែ​ផ្លាស់ប្ដូរ​ការសម្រេចចិត្ត​របស់​ខ្លួន​ជុំវិញ​ការ​ផ្ដល់​ជំនួយ​ដល់​កងកម្លាំង​នគរបាល​កម្ពុជា ដែល​គេ​ដឹងឮ​គ្រប់គ្នា​ថា បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ឥត​ឈប់ឈរ។

កាល​ពី​ដើម​ខែ​វិច្ឆិកា ក្រសួង​ការបរទេស​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​ជិត ៣​លាន​ដុល្លារ​អាមេរិក​ដល់​នគរបាល​ជាតិ​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ ក្រសួង​ការបរទេស​ជប៉ុន​បញ្ជាក់​ថា ថវិកា​ទាំងនោះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ទិញ​យានជំនិះ និង​បរិក្ខារ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ ជាពិសេស​នៅមុន​ការ​មក​ដល់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។


ទោះជា​យ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ពិនិត្យ​ឃើញ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​របស់​កម្ពុជា​កន្លងមក​នោះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​ខុស​ទិសដៅ ដោយ​អ្នករងគ្រោះ​គឺជា​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ទៅវិញ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១១ ធ្នូ ថា ប្រទេស​ជប៉ុន​ប្រាកដជា​មិន​ចង់​ឃើញ​បរិក្ខារ​ដែល​ពួកគេ​ផ្តល់​មក​ឱ្យ​កម្ពុជា​នោះ ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​យក​ទៅ​ប្រើ​ដើម្បី​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ​។ លោក​គូស​បញ្ជាក់​ថា ការ​យក​លុយ​បង់ពន្ធ​របស់​ពលរដ្ឋ​ជប៉ុន​មក​ជួយ​ដល់​កងកម្លាំង​ប៉ូលិស​កម្ពុជា​ដែល​បាន​បង្ក្រាប​យ៉ាង​សាហាវ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​អ្នកកាសែត​រិះគន់​នោះ មានន័យ​ថា ប្រទេស​ជប៉ុន​កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ស្ថិត​ក្នុង​ហានិភ័យ ជាជាង​ការពារ​អាយុជីវិត​របស់​ពួកគេ។

អាស៊ីសេរី​បាន​ផ្ញើ​សំណួរ​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (E-mail) ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ដែរ តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទោះជា​យ៉ាងណា ក្រសួង​ការបរទេស​ជប៉ុន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អង្គការ Human Rights Watch កាលពី​អំឡុង​ខែ​វិច្ឆិកា​ថា ជំនួយ​ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់ និង​រក្សាទុក​ដោយមាន​ប្រសិទ្ធភាព​ពី​សំណាក់​ភាគី​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ប៉ុន្តែ​ក្រសួងការបរទេស​ជប៉ុន​មិន​បាន​ពន្យល់​ថា តើ​អ្វីខ្លះ​ដែល​ត្រូវ​បាន​ចាត់ទុកថា​ជា​អំពើ​ភេរវកម្ម​នោះ​ទេ​។ ក្រសួង​ការបរទេស​ជប៉ុន​បន្ថែម​ថា ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ​នឹង​ឃ្លាំមើល​ដើម្បី​ប្រាកដ​ថា បរិក្ខារ​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ។

ចំណែក ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ ថ្លែង​ថា សេចក្តី​ថ្លែងការណ៍​របស់​អង្គការ Human Rights Watch ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​។ លោក​បន្ត​ថា ចំណាត់ការ​របស់​កង​កម្លាំង​សមត្ថកិច្ច​លើ​អ្នក​ជួបជុំ​តវ៉ា​កន្លង​មក ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​មាន​លក្ខណៈ​សមាមាត្រ​ទៅ​នឹង​រឿងហេតុ​ដែល​កើត​ឡើង​។ លោក​បន្ថែម​ថា សេចក្ដី​ថ្លែងការណ៍​របស់ Human Rights Watch នេះ នឹង​មិន​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​ស្ថាប័ន​នគរបាល​ជាតិ​នោះ​ឡើយ៖ «ខ្ញុំ​អត់​ជឿ (​ជប៉ុន​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ដល់​ស្ថាប័ន​ប៉ូលិស​) ពីព្រោះ​មិនមែន​ជា​លើកទីមួយ​ទេ​។ នេះ​គ្រាន់តែ​គេ​បញ្ចេញ​ព័ត៌មាន​មួយ ដើម្បី​ជា​រលក​ព័ត៌មាន ដើម្បី​ឱ្យ​ឃើញ​កម្ពុជា​អាក្រក់​តែ​ប៉ុណ្ណឹង​ទេ»។

ទោះជា​យ៉ាងណា អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា កងកម្លាំងប្រដាប់អាវុធ ក្នុង​នោះ​ក៏​រួមទាំង​នគរបាល​ជាតិ​ដែរ ភាគច្រើន​ជា​សមាជិក​គណបក្ស​កាន់អំណាច ដូច្នេះ​ការអនុវត្ត​តួនាទី​ក៏​មាន​ភាព​លម្អៀង​ទៅតាម​នោះ​ដែរ ជាពិសេស​ការ​បង្ក្រាប ឬ​ទប់ស្កាត់​សកម្មភាព​របស់​ពលរដ្ឋ ដែល​មាន​ទស្សនៈ​ផ្ទុយ​។ លោក​កត់សម្គាល់​ទៀត​ថា បច្ចុប្បន្ន​អាជ្ញាធរ​មិនសូវ​ប្រើប្រាស់​កងកម្លាំង​ដែល​មាន​ជំនាញ​ត្រឹមត្រូវ​នោះ​ទេ តែ​បែរជា​ប្រើ​កងកម្លាំង​សន្តិសុខ ដើម្បី​បំបែក​ការ​ជួបជុំ​សម្ដែង​មតិ​របស់​ពលរដ្ឋ​តាមរយៈ​ការ​ប្រើ​ហិង្សា ដែល​ករណី​នេះ​បង្កើត​ជា​រូបភាព​អាក្រក់​សម្រាប់​កង​កម្លាំង​សមត្ថកិច្ច​ទាំងមូល។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ បន្ថែម​ថា ជប៉ុន​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ​នៅ​អាស៊ី ដូច្នេះ​លោក​ជឿ​ថា មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ នឹង​ពិនិត្យមើល​លើ​ការប្រើប្រាស់​ជំនួយ​របស់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា៖ «​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ច្បាស់​ជា​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ទេ ពាក់ព័ន្ធ​នឹង​ជំនួយ​របស់​ជប៉ុន ព្រោះ​កាលណា​យើង​ប្រើប្រាស់​ឧបករណ៍ ឬក៏​សម្ភារៈ​ផ្សេងៗ​ដែល​ផ្ដល់​ដោយ​ជប៉ុន​យក​ទៅ​បង្ក្រាប​លើ​អ្នក​តវ៉ា ឬក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ការធានា​អំពី​ការ​គោរព​សិទ្ធិ​សេរីភាព ដូច្នេះ​រដ្ឋាភិបាល​នឹង​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​ករណី​នេះ​។ ដូច្នេះ​ខ្ញុំ​គិត​ថា ជំនួយ​របស់​ជប៉ុន​អាច​នឹង​មាន​ភាព​ល្អ​ប្រសើរ»។

អង្គការ Human Rights Watch ធ្លាប់​បាន​ចេញផ្សាយ​របាយ​ការណ៍​មួយ ស្តី​អំពី​ឧត្តមសេនីយ៍​បាតដៃ​ប្រឡាក់​ឈាម​ចំនួន​១២ នាក់ ដែល​ជួយ​ទ្រទ្រង់​ដល់​របប​ផ្តាច់ការ​របស់​លោក ហ៊ុន សែន​។ ក្នុង​ចំណោម​ឧ​ត្ត​ម​សេនីយ៍​ទាំង​១២ នាក់​នោះ មាន​៤ នាក់ ស្ថិត​នៅក្នុង​ជួរ​កងកម្លាំង​ប៉ូលិស ដែល​ដឹកនាំ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន។ លោក នេត សាវឿន ដែល​ត្រូវជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន នោះ ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ឧត្តមសេនីយ៍​បាតដៃ​ប្រឡាក់​ឈាម​នេះ​ដែរ។

អង្គការ Human Rights Watch រក​ឃើញ​ថា ចាត់​តាំងពី​ក្លាយ​ជា​មេ​ប៉ូលិស​កម្ពុជា​នៅ​ឆ្នាំ​២០០៨ មក លោក នេត សាវឿន បាន​បន្ត​ដឹកនាំ​យុទ្ធនាការ​បង្ក្រាប​ការ​តវ៉ា​ទាំង​តូច​ទាំង​ធំ​របស់​ពលរដ្ឋ កម្មករ សហជីព អ្នករងគ្រោះ​ដីធ្លី គណបក្សប្រឆាំង និង​បាតុកម្ម​តាម​ទីសាធារណៈ​។ ក្រុម​លោក នេត សាវឿន បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​កាន់អំណាច ដើម្បី​ប្រឌិត​ឡើង​នូវ​ពាក្យ “​បដិវត្តន៍​ពណ៌​” ហើយ​ភ្ជាប់​ពាក្យ​នេះ​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ រួច​ឈាន​ទៅ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ព្រមទាំង​ចាប់ខ្លួន​មេ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​​ពន្ធនាគារ។

ចំណែក ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​បាន​កើតឡើង​ឥត​ឈប់ឈរ​នៅ​កម្ពុជា មាន​ជាអាទិ៍ អំពើ​ឃាតកម្ម​រាប់​រយ​ករណី​លើ​មន្ត្រី​បក្ស​ប្រឆាំង អ្នកកាសែត និង​មេ​សហជីព ព្រមទាំង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​វាយដំ ការ​យាយី និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល ដូចជា​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​សហជីព អ្នកការពារ​បរិស្ថាន និង​ដីធ្លី ហើយ​និង​អ្នក​បញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ជាដើម​។ ឧត្តមសេនីយ៍​បាតដៃ​កខ្វក់​ទាំងអស់ រួម​ទាំង មេ​ប៉ូលិស​លោក នេត សាវឿន ផង មិន​ត្រូវ​បាន​នាំ​ខ្លួន​ឱ្យ​មក​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ទង្វើ​រំលោភបំពាន​របស់​ពួកគេ​ឡើយ។

អង្គការ Human Rights Watch រិះគន់​ប្រទេស​ជប៉ុន​ចំៗ​ថា ដើម្បី​គ្រាន់តែ​ចង់បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រជែង​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត រដ្ឋាភិបាល​ជប៉ុន​សុខចិត្ត​រក្សា​ភាព​ស្ងៀមស្ងាត់​រឿង​សិទ្ធិមនុស្ស គាំទ្រ​ការបោះឆ្នោត​បង្គ្រប់​កិច្ច​ឆ្នាំ​២០១៨ និង​ទុក​មួយ​ឡែក​រឿង​កង្វល់​ស្តីពី​ការ​រំលោភបំពាន​ទាំងឡាយ​ដែល​កំពុង​កើត​មាននៅ​កម្ពុជា ទោះជា​មានការ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​ពី​កង​នគរបាល​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​តាំងពី​ចុង​ឆ្នាំ​២០១៧ យ៉ាង​ណាក្តី​។​

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន គូស​បញ្ជាក់​ថា សម្បទាន​ខាង​នយោបាយ​របស់​ជប៉ុន​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នេះ កំពុង​នាំមក​នូវ​ការខាតបង់​យ៉ាង​ច្រើន​សម្បើម​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ជាពិសេស​លោក​ថា ការ​ផ្តល​លុយកាក់​ដល់​កងកម្លាំង​ប៉ូលិស​ដែល​រំលោភបំពាន​នៅ​កម្ពុជា​នោះ មានតែ​ធ្វើ​ឱ្យ​ជប៉ុន​ជាប់​ឈ្មោះ​ក្នុង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​កង​នគរបាល​កម្ពុជា​ប៉ុណ្ណោះ៕

No comments: