ដោយ សេក បណ្ឌិត
2020-12-14
ព្រះសង្ឃខ្មែរ ២អង្គជួបការលំបាកក្នុងពេលភៀសព្រះកាយនៅប្រទេសថៃ ដើម្បីគេចចេញពីអាជ្ញាធរតាមចាប់ (ឆ្វេង) ព្រះតេជព្រះគុណ ស៊ុម សុវណ្ណឌី និងព្រតេជព្រះគុណ បូរ បេត ដែលកំពុងជួបការលំបាកក្នុងពេលគង់ភៀសព្រះកាយនៅប្រទេសថៃ។
រូប៖ ពលរដ្ឋ
ព្រះសង្ឃពីរអង្គ ដែលតែងឈឺឆ្អាលបញ្ហាសង្គម នយោបាយ និងធនធានធម្មជាតិ គឺព្រះតេជព្រះគុណ ស៊ុម សុវណ្ណឌី និងព្រះអង្គ បូរ បេត កំពុងជួបការលំបាកក្នុងពេលភៀសព្រះកាយនៅក្រៅប្រទេស។ ភិក្ខុទាំងពីរអង្គភៀសព្រះកាយ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជា បន្ទាប់ពីព្រះអង្គចូលរួមសម្ដែងមតិសុំឱ្យតុលាការដោះលែងលោក រ៉ុង ឈុន កាលពីពេលកន្លងទៅ ហើយអាជ្ញាធរនៅតែបន្តតាមចាប់ព្រះអង្គនៅឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា ព្រះអង្គនៅតែប្រឈមនឹងការចាប់ព្រះកាយ ប្រសិនបើព្រះអង្គវិលចូលកម្ពុជាវិញអំឡុងពេលនេះ។
ព្រះតេជព្រះគុណ ស៊ុម សុវណ្ណឌី មានថេរដីកានៅរសៀលថ្ងៃទី១៤ ធ្នូថា ក្នុងពេលភៀសព្រះកាយនៅក្នុងប្រទេសថៃ ព្រះអង្គគង់ក្នុងវត្តមិនហ៊ាននិមន្តចេញពីក្នុងបន្ទប់ឡើយ ដោយខ្លាចអាជ្ញាធរថៃចាប់ព្រះអង្គបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។ ភិក្ខុព្រះជន្ម ៥៤ព្រះវស្សារូបនេះ ឱ្យដឹងថា ព្រះអង្គមិនទាន់រកវត្តគង់នៅជាប់លាប់នៅឡើយទេ និងបានផ្លាស់ប្ដូរវត្តពីមួយទៅមួយជាបន្តបន្ទាប់។ បន្ថែមពីនេះ នៅពេលមានអាពាធម្ដងៗ គឺព្រះអង្គមិនហ៊ានចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យឡើយ ដោយខ្លាចអាជ្ញាធរថៃសួរនាំបង្កបញ្ហាដល់ព្រះអង្គ៖ «អាត្មាកំពុងតែរកកន្លែងផ្លាស់ទៀតហើយ មើលទៅបែបមិនទុកចិត្តទេ ព្រោះវាដឹងកន្លែងអីចឹងវាអាចមកចាប់ថ្ងៃណាក៏បាន។ ទី២ សុខភាពភាពអាត្មាឧស្សាហ៍ចុកពោះពេក ប៉ុន្មានថ្ងៃនេះចុកពោះប្រកាច់ប្រកិន ប៉ុន្តែអត់ហ៊ានចេញទៅក្រៅ ព្រោះខ្លាចយកទៅពេទ្យទៅគេសួរលិខិតឆ្លងដែនទៅហ្នឹង យើងហ្នឹងក៏វាគ្រោះថ្នាក់ដែរ។ អត់ហ៊ានចេញទេ បានលោកសង្ឃខ្មែរទៅបណ្ឌិតបាតទៅយកមីពីរបីកញ្ចប់មកឱ្យឆាន់ទៅ ហើយយើងបានប៉ុណ្ណាឆាន់ប៉ុណ្ណឹងទៅ យើងអត់មានសេរីទេ»។
ដូចគ្នានេះដែរ ភិក្ខុ បូរ បេត មានថេរដីកាថា ក្នុងពេលព្រះអង្គភៀសព្រះកាយទៅដល់ប្រទេសថៃប្រមាណមួយសប្ដាហ៍ ក៏បានបែកពីព្រះអង្គ ស៊ុម សុវណ្ណឌី ដើម្បីចែកផ្លូវគ្នានិមន្តរកវត្តគង់នៅរៀងៗ ខ្លួន។ ភិក្ខុព្រះជន្ម ៣២ព្រះវស្សារូបនេះបន្ថែមថា ការធ្វើបែបនេះ ជាការងាយស្រួលដល់ព្រះសង្ឃខ្មែរជួយសុំព្រះចៅអធិការវត្តរបស់ថៃគង់នៅបណ្ដោះអាសន្នបាន។ ព្រះអង្គឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៨ វិច្ឆិកាមក ព្រះអង្គបានផ្លាស់ប្ដូរវត្តចំនួន ៣កន្លែងរួចមកហើយ មិនទាន់រកបានវត្តគង់នៅជាប់លាប់នៅឡើយទេ៖ «ពិបាករកវត្តស្នាក់នៅជាងគេមែនទែន ហើយស្នាក់នៅវត្តនេះវត្តគេរៀន ហើយយើងមកយើងអត់ចេះថៃយើងអត់អាចចូលរៀនជាមួយគេបានទេ ដល់អីចឹងជូនកាលព្រះសង្ឃថៃខ្លះគេរើសអើងយើងបន្តិចបន្តួចដែរ។ តែមិនស្រួលគេចាក់ចុចចៅអធិការគេឱ្យយើងចេញ ប៉ុន្តែអាត្មាកំពុងតែពិភាក្សាជាមួយព្រះសង្ឃខ្មែរ ប្រសិនបើលោកអត់ឱ្យអាត្មាគង់នៅបន្តទៀត អីចឹង អាត្មាមានតែស្នើឱ្យលោក ដែលស្គាល់វត្តនៅជិតៗ ហ្នឹង ឱ្យលោកជួយទំនាក់ទំនងហើយ យើងអាចផ្លាស់ប្ដូរបន្តទៀត»។
ព្រះសង្ឃទាំងពីរអង្គ ធ្លាប់គង់នៅវត្តប្រយូរវង្ស រាជធានីភ្នំពេញ ហើយអង្គបានចាកចេញពីវត្ត កាលពីយប់ថ្ងៃទី៤ ខែសីហា ទៅលាក់ព្រះកាយក្នុងព្រៃនៅតំបន់ព្រំដែនកម្ពុជា និងថៃអស់ជាង ២ខែ ដើម្បីគេចចេញកុំឱ្យអាជ្ញាធរចាប់ផ្សឹកព្រះអង្គ។ ព្រះអង្គបាននិមន្តឆ្លងកាត់អូរ និងព្រៃយ៉ាងលំបាក ដើម្បីភៀសព្រះកាយទៅរកកន្លែងមានសុវត្ថិភាព។ ព្រះអង្គបានទៅដល់ព្រំដែនប្រទេសថៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ហើយបាននិមន្តបន្តទៅទីក្រុងបាងកក។ ព្រះអង្គទាំងពីរឱ្យដឹងថា មន្ត្រីសង្ឃ និងអាជ្ញាធររបបក្រុងភ្នំពេញបានបញ្ជូនមនុស្សជាច្រើននាក់ នៅតែបន្តតាមសួររកព្រះអង្គនៅវត្តប្រយូរវង្ស ខណ្ឌចម្ការមនដើម្បីចាប់ព្រះអង្គសឹងបញ្ជូនដាក់ពន្ធនាគារ ដូចករណីព្រះតេជព្រះគុណ កើត សារ៉ាយ ដែរ។
អាស៊ីសេរីមិនទាចទាក់ទងព្រះមេគណរាជធានីភ្នំពេញ ព្រះតេជព្រះគុណ ឃឹម សន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៤ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ប៉ុន្តែ ព្រះអង្គ ឃឹម សន ធ្លាប់មានថេរដីកាថា មន្ត្រីសង្ឃ និងអាជ្ញាធរមិនបានតាមចាប់ព្រះអង្គ បូរ បេត និងព្រះអង្គ ស៊ុម សុវណ្ឌឌី ដូចការចោទប្រកាន់ឡើយ គឺព្រះសង្ឃទាំង ២អង្គនេះបានរត់ភៀសព្រះកាយដោយព្រះអង្គឯង។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អំឡុងពេលនេះ ប្រសិនបើព្រះសង្ឃ ទាំងពីរអង្គត្រឡប់មកកម្ពុជាវិញ អាចប្រឈមនឹងអាជ្ញាធរចាប់ព្រះកាយដាក់ពន្ធនាគារ។ លោកយល់ថា អាជ្ញាធរមិនពេញចិត្តនឹងសកម្មភាពរបស់ព្រះអង្គទាំងពីរឡើយ ព្រោះបានចូលរួមតវ៉ានាពេលកន្លងមក៖ «យើងដឹងហើយថា ព្រះអង្គគ្រាន់តែចូលរួមនៅក្នុង កិច្ចការងារសង្គមប៉ុណ្ណឹងទេ មិនមែនជារឿងអីខុសច្បាប់ទេ សេរីភាពនៅក្នុងការជួបជុំការតវ៉ាទាមទារ ឬក៏សេរីភាពក្នុងការប្រកាន់យកគោលនយោបាយគណបក្សណាមួយ គឺសុទ្ធតែជាសិទ្ធិ ដែលមានចែងធានាដោយច្បាប់ទាំងអស់អត់មានអ្វីដែលខុសច្បាប់ទេ»។
ព្រះសង្ឃទាំងពីរអង្គនេះ មុនពេលរត់ភៀសព្រះកាយ ព្រះអង្គបានចូលរួមតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យតុលាការដោះលែងមេដឹកនាំសហជីព និងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កាលពីដើមខែសីហាកន្លងទៅ។
ភិក្ខុទាំង ២អង្គនេះតែងចូលរួម ចុះល្បាតតំបន់ព្រំដែនកម្ពុជា និងវៀតណាម ចូលរួមតស៊ូមតិឱ្យមានយុត្តិធម៌សង្គម ចុះល្បាតការពារព្រៃឈើ នៅតំបន់ព្រៃ ឡង់ និងព្រៃមួយចំនួនទៀតនៅជាប់ព្រំដែនថៃ និងតែងចូលរួមរំលឹកខួបមរណភាពរបស់លោក បណ្ឌិត កែម ឡី ជាប្រចាំ។
បច្ចុប្បន្នព្រះអង្គទាំង ២ នៅបន្តបង្ហោះសារតាមហ្វេសប៊ុក (Facebook) របស់ព្រះអង្គរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ព្រះអង្គនៅតែទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងសកម្មជននយោបាយ សកម្មជនសង្គម ព្រះសង្ឃខ្មែរថាវរៈ គឺព្រះភិក្ខុ កើត សារាយ និងក្រុមយុវជន សរុបជាង ៤០នាក់ ដែលចាប់ដាក់ឃុំនៅពន្ធនាគារព្រៃស ឱ្យមានសេរីភាពវិញ។ តុលាការបានចោទប្រកាន់អ្នកទាំងនោះពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរនៅក្នុងសង្គម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ព្រះអង្គចាត់ទុករឿងនេះថា ជាការធ្វើបាបពលរដ្ឋ ដើម្បីរារាំងកុំឱ្យតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញធនធានធម្មជាតិរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន៕
No comments:
Post a Comment