ដោយ ហេង រស្មី
2020-12-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
AFP
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យកាន់តំណែងដឹកនាំថ្មីមួយទៀតនៅក្នុងបក្ស បង្ហាញកាន់តែច្បាស់ថា លោកជាបេក្ខភាពឈានមុខគេក្នុងការស្នងតំណែងនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ ទោះបីជាយ៉ាងណា គណបក្សកាន់អំណាចបកស្រាយថា ការតែងតាំងនេះ គឺជារឿងធម្មតា ស្របតាមរចនាសម្ពន្ធគណបក្ស មិនពាក់ព័ន្ធនឹងរឿងផ្ទេរអំណាចអ្វីនោះទេ។
ការត្រួសត្រាយផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ឆ្ពោះទៅកាន់តួនាទីជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត លេចឡើងកាន់តែច្បាស់ នៅពេលលោកត្រូវបានតែងតាំងឱ្យកាន់តំណែងសំខាន់ៗនៅក្នុងគណបក្សប្រជាជនកម្ពុជា។ អ្នកសង្កេតការណ៍ជឿថា លោក ហ៊ុន សែន នឹងរៀបចំជំហានបន្តបន្ទាប់ទៀត ដើម្បីឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអនុប្រធានគណបក្ស ដើម្បីមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីទទួលមរតកអំណាចពីគាត់។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបាន លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់តួនាទីជាតំណាងរាស្ត្រជាមុនសិន ខណៈបច្ចុប្បន្នលោកជានាយទាហាន មិនទាន់បទពិសោធន៍ការងារក្នុងស្ថាប័ននីតិប្បញ្ញត្តិនៅឡើយ។ ប៉ុន្តែលោកថា បញ្ហានេះអាចដោះស្រាយបានយ៉ាងងាយ គឺលោក ហ៊ុន ម៉ាណែត ព្យួរតួនាទីយោធាបណ្ដោះអាសន្នសិន រួចមកឈរជាតំណាងរាស្ត្រ ដើម្បីមានឱកាសក្លាយជានាយករដ្ឋមន្ត្រី។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះជឿថា ការមិនឯកភាពផ្ទៃក្នុងពីសំណាក់មន្ត្រីចាស់ៗទៅវិញទេ ទើបជាឧបសគ្គនៃការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត៖ «ទោះបីលោក ហ៊ុន សែន ដាក់ឱ្យកូនគាត់ក្តី ឬដាក់ឱ្យអ្នកណាក្តី វាមិនសំខាន់ទេ។ សំខាន់ខ្លួនគាត់ទេ ខ្លួនគាត់ត្រូវវិលមកស្តារប្រជាធិបតេយ្យ មកប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ មានការគោរពសិទ្ធិមនុស្សពិតប្រាកដ អាហ្នឹងវាជាការប្រសើរជាង។ ទីបំផុតនោះ ទោះបីកូនគាត់ជាប់ធ្វើជានាយករដ្ឋមន្ត្រីក៏វាមានតម្លៃដែរ ជាជាងអ្វីដែលគាត់ចង់បានឱ្យកូនគាត់ ប៉ុន្តែប្រទេសកម្ពុជាដើរតាមគន្លងបែបផ្ដាច់ការអ៊ីចឹង វាមិនល្អទេ»។
គណបក្សប្រជាជនកម្ពុជាបានតែងតាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជន នៅថ្ងៃទី២៣ ធ្នូ បន្ថែមលើតួនាទីជាន់ខ្ពស់មួយចំនួនទៀតដែលលោកកំពុងមានស្រាប់នៅក្នុងគណបក្ស។ គណៈចលនាមហាជននេះ គឺជាអង្គការចាត់តាំងដែលទទួលខុសត្រូវសំខាន់ក្នុងការឃោសនាផ្សព្វផ្សាយអំពីគោលនយោបាយ ធ្វើយ៉ាងណាឱ្យមហាជនយល់ដឹង ជឿជាក់ និងដើរតាមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ អង្គការចាត់តាំងមួយនេះ មានអ្នកស្រី ម៉ែន សំអន ជាប្រធាន ហើយមានវិសាលភាពការងារគ្របដណ្ដប់ទូទាំងប្រទេស។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ពន្យល់ថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជន គឺដោយសារលោកជាប្រធានចលនាយុវជនរបស់បក្ស ដែលស្ថិតក្នុងរចនាសម្ពន្ធរបស់អង្គការចាត់តាំងមួយនេះ។ លោកអះអាងថា ការតែងតាំងឱ្យស្របតាមរចនាសម្ពន្ធនៅក្នុងបក្សនេះ គឺជារឿងធម្មតា និងមានគោលដៅធ្វើឱ្យគណៈចលនាមហាជនកាន់តែមានភាពរឹងមាំ។ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះច្រានចោលមតិដែលថា ការតែងតាំងនេះ ជាជំហានឆ្ពោះទៅរកការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត៖ «ការកសាងធនធានមនុស្សដើម្បីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា គឺមុខសញ្ញាបេក្ខភាពនាយករដ្ឋមន្ត្រីអាស្រ័យទៅលើមហាសន្និបាតដែលជាអង្គការកំពូលរបស់គណបក្ស មិនអាចនរណាមួយដាក់បានទេ ហើយមុខសញ្ញានេះមិនមែនមានតែម្នាក់ទេ មានច្រើននាក់»។
កាលពីខែមិថុនា លោក ហ៊ុន សែន បានតែងតាំងកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាប្រធានយុវជនគណបក្ស ដឹកនាំសមាជិកជំនាន់ក្រោយដែលភាគច្រើន ជាកូនចៅ ឬសែស្រឡាយមន្ត្រីចាស់ៗនៃគណបក្សប្រជាជនកម្ពុជា។ ពេលនោះ គណបក្សនេះក៏បានតែងតាំងកូនចៅមន្ត្រីជាន់ខ្ពស់ និងក្រុមមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត ចំនួន២៣ នាក់ទៀត ឱ្យធ្វើជាសមាជិកគណៈអចិន្ត្រៃយ៍យុវជន អមជាមួយលោក ម៉ាណែត ផងដែរ។ ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត មានតួនាទីជាន់ខ្ពស់មួយទៀតនៅក្នុងបក្ស គឺជាសមាជិកគណៈអចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំកំពូលទាំង៣៤ រូបរបស់គណបក្សកាន់អំណាច។
ដោយឡែក ក្នុងជួរកងទ័ពវិញ លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នមានវ័យ៤៣ ឆ្នាំ គឺជាឧត្តមសេនីយ៍ផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យកាន់តំណែងសំខាន់ជាបន្តបន្ទាប់បែបនេះ គឺជាការរំលេចឱ្យឃើញកាន់តែច្បាស់អំពីតួអង្គអ្នកដឹកនាំនយោបាយថ្មីនៃគណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត។ លោកបន្តថា នេះក៏ជាការបើកឱកាសឱ្យ លោក ហ៊ុន ម៉ាណែត បានខិតទៅជិតពលរដ្ឋ ដើម្បីបង្ហាញស្នាដៃ និងទាក់ទាញការគាំទ្រផងដែរ៖ «ការរៀបចំតាមយន្តការផ្ទៃក្នុងបក្ស វាមិនមានជាឧបសគ្គអ្វីនោះទេ ដោយសារតែឪពុកលោកជានាយករដ្ឋមន្ត្រីស្រាប់។ អ៊ីចឹងការរៀបចំ ការចង្អុលបង្ហាញតួនាទីមួយចំនួនហ្នឹង គឺជាការរំលេចតួអង្គនេះហើយ វាជាជណ្ដើរឡើងទៅហើយ។ ក៏ប៉ុន្តែបញ្ហាប្រឈមសម្រាប់តួអង្គនយោបាយម្នាក់ៗនោះ គឺសំខាន់ទៅលើការកសាងនូវសមិទ្ធផល និងស្នាដៃដើម្បីកៀរគរការគាំទ្រពីមហាជន នោះទើបជាកិច្ចការមួយដែលពិបាក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីខែមិថុនាថា លោកគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត និងកំពុងជួយជ្រោមជ្រែងកូនប្រុសច្បងរូបនេះ ឱ្យឈោងចាប់តួនាទីជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ ប៉ុន្តែ ក្រោយមក លោក ហ៊ុន សែន ស្រាប់តែប្រកាសថា មនុស្សជំនិតរបស់លោកម្នាក់ដែលកំពុងកាន់តំណែងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច គឺលោក អូន ព័ន្ធមុនីរ័ត្ន ក៏ជាបេក្ខភាពដ៏មានសក្ដានុពលនៃគណបក្សប្រជាជនកម្ពុជាដែរ។
ក្រុមអ្នកសង្កេតការណ៍ វាយតម្លៃថា នេះគ្រាន់តែយុទ្ធសាស្ត្ររុញទូកបណ្ដោយទឹក ឬជាល្បិចពង្វាងដានរបស់លោក ហ៊ុន សែន ដើម្បីកុំឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍នឹងតួអង្គលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។ អ្នកសង្កេតការណ៍លើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាមានកំណើតចេញពីគណបក្សកុម្មុយនិស្ត ដូច្នេះការសម្រេចលើបេក្ខភាពណាម្នាក់ មានការរៀបចំទុកជាមុនរួចស្រេចទៅហើយ រីឯមហាសន្និបាតបក្ស ធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។ ក្នុងបរិបទបែបនេះ លោក ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាពឈានមុខគេនៃការស្នងតំណែង ពីព្រោះលោកកំពុងទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងពីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផង និងជានាយករដ្ឋមន្ត្រីផង៕
2 comments:
Dear Hun Sen, can you wonder son with a PhD in economics from Bristol do some thing about the poor Cambodians without jobs or with shorty jobs?
Hun Sen will become Saddam Hussein or Gadafe, and will finally go to hell with all of his children.
Post a Comment