ដោយ សេក បណ្ឌិត
2020-12-08
បងស្រីរបស់សកម្មជននយោបាយថៃ លោក វ៉ាន ឆាឡឺម ដែលគេចាប់ពង្រត់នៅភ្នំពេញ ចូលបំភ្លឺតុលាការ លោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) ផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មុនពេលចូលទៅបំភ្លឺចៅក្រមស៊ើបសួរ អំពីករណីប្អូនប្រុសឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) សកម្មជននយោបាយថៃ ដែលត្រូវគេចាប់ពង្រត់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២០។
បងស្រីរបស់សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) ដែលត្រូវគេចាប់ពង្រត់នៅរាជធានីភ្នំពេញ ចូលបំភ្លឺសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់របស់តុលាការនៅព្រឹកថ្ងៃទី៨ ធ្នូ។ ការចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីលោកស្រីបានប្ដឹងរកយុត្តិធម៌កាលពីពេលថ្មីៗ នេះ។ មន្ត្រីសង្គមស៊ីវិលយល់ថា តុលាការគួរតែស៊ើបអង្កេតរឿងនេះឱ្យបានហ្មត់ចត់ ដើម្បីយុត្តិធម៌ដល់ជនរងគ្រោះ។
បងស្រីរបស់លោក វ៉ាន់ឆាឡឺម គឺលោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) ផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខតុលាការក្រុងភ្នំពេញថា លោកស្រីបានប្រគល់ភស្តុតាងជាច្រើនជូនដល់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញគឺស៊ិន សុវណ្ណរ័ត្ន ដើម្បីរកយុត្តិធម៌ជូនប្អូនប្រុសលោកស្រី។ លោកស្រី ស៊ីតាណាន់ បានដាក់ឯកសារចំនួន ១៧៧ទំព័រ និងផ្តល់សក្ខីកម្មដល់ចៅក្រមស៊ើបសួរបញ្ជាក់ថា ប្អូនប្រុសរបស់គាត់បានស្នាក់នៅកម្ពុជា ពេលដែលត្រូវគេចាប់ពង្រត់ កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២០។ ក្រៅពីនេះ លោកស្រីបានដាក់រូបថតវីដេអូ ភស្តុតាងជាទូរស័ព្ទ ព័ត៌មានលម្អិតអំពីគណនេយ្យធនាគារ និងលិខិតឆ្លងដែន ដែលបង្ហាញថា លោក វ៉ាន់ឆាឡឺម បានស្នាក់នៅភ្នំពេញ បន្ទាប់ពីគាត់រត់ភៀសខ្លួនពីប្រទេសថៃតាំងពីក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។
បងស្រីរបស់សកម្មជននយោបាយថៃរូបនេះ នៅតែអះអាងថា ប្អូនប្រុសរបស់ខ្លួនបានស្នាក់នៅ និងបាត់ខ្លួននៅក្រុងភ្នំពេញពិតប្រាកដ ពីព្រោះនៅមុនពេលបាត់ខ្លួនលោក វ៉ាន់ឆាឡឺម បានទាក់ទងជាមួយលោកស្រីជាប្រចាំ ដោយមិនមានការអាក់ខានឡើយ៖ «ខ្ញុំគិតថា យើងបានប្រគល់ឯកសារគ្រប់គ្រាន់ហើយ។ បន្ទាប់ពីនេះវាសិទ្ធិរបស់ខាងអាជ្ញាធរកម្ពុជា លោកនឹងចាត់វិធានការ ឬធ្វើការស៊ើបអង្កេតបន្ត អាស្រ័យលើគាត់ តើគាត់នឹងឱ្យមន្ត្រីតុលាការធ្វើការស៊ើបអង្កេត ឬអត់ វាជាសិទ្ធិរបស់គាត់ ចា!»។
លោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ គ្រោងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី១៥ ធ្នូ បន្ទាប់ពីលោកស្រីបានមកស្នាក់កម្ពុជាប្រមាណ ១ខែ ដើម្បីរៀបចំឯកសារដំណើរក្ដីក្ដាំងរឿងនេះ។ លោកស្រីថា ប្រសិនបើមានការកោះហៅពីតុលាការពេលណានោះ លោកស្រីនឹងវិលត្រឡប់មកបំភ្លឺនៅតុលាការក្រុងភ្នំពេញជាបន្តបន្ទាប់ទៀត។
ចំណែកមេធាវីការពារក្ដីឱ្យបងស្រីលោក វ៉ាន់ឆាឡឺម គឺលោក សំ ចំរើន ផ្ដល់សម្ភាសន៍អ្នកសារព័ត៌មានក្រោយចេញពីតុលាការថា ចៅក្រមស៊ើបសួរ លោក ស៊ិន សុវណ្ណរ័ត្ន បានប្រាប់លោកថាសំណុំរឿងនេះដំណើរការលឿនឬឆាប់អាស្រ័យលើ ដើមបណ្ដឹងមានភស្តុតាងគ្រប់គ្រាន់ដាក់ជូនតុលាការ។ លោកបន្ថែមទៀតថា កូនក្ដីរបស់លោក និងរកភស្តុតាងបន្ថែមទៀត ប្រសិនបើតុលាការត្រូវការ៖ «យើងមិនទាន់ហ៊ានថាយ៉ាងទេ វាជាចំណុចចាប់ផ្ដើម ចាំមើលកិច្ចហ្នឹងប្រើប្រាស់រយៈពេលបន្តិចទៀតមើល ព្រោះអីនេះចំណុចចាប់ផ្ដើមការស៊ើបសួរដើមបណ្ដឹងរដ្ឋប្បវេណីជាចំណុចចាប់ផ្ដើមរឿងក្ដីរបស់ចៅក្រមស៊ើបសួរ»។
លោកមេធាវី សំ ចំរើន ឱ្យដឹងថា តុលាការនឹងកោះហៅកូនក្ដីរបស់លោកជាថ្មីទៀត ប្រសិនបើមានការចាំបាច់ត្រូវកោះហៅ។
ដំណើរការក្ដីសំណុំរឿងសកម្មជននយោបាយថៃនៅថ្ងៃដំបូងនេះ មានមន្ត្រីស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញជាច្រើននាក់អមដំណើរលោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ ដល់មុខតុលាការ។ អ្នកនាំពាក្យស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់មានប្រសាសន៍ថា ប៉ូលិសកម្ពុជាកំពុងស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជនអាវក្រហមថៃរូបនេះ ប៉ុន្តែមកទល់ពេលនេះ នៅតែមិនទាន់តម្រុយពីការបាត់ខ្លួននេះនៅឡើយទេ។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ថា ភស្តុតាងដែលដើមបណ្ដឹងដាក់ជូនតុលាការនេះនឹងធ្វើឱ្យមន្ត្រីតុលាការ និងអាជ្ញាធរខ្មែរអាចស៊ើបអង្កេតបន្ថែមរកយុត្តិធម៌ជូនលោក វ៉ាន់ឆាឡឺម បានងាយស្រួលជាងមុន៖ «យើងមើលទៅនេះជាលើកទីមួយហើយដែលយើងមើលតាំងពីដើមមកទើបតែជួបករណីលើកទី១ ទេ។ អីចឹងសំណុំរឿងនេះវាជាការសំខាន់មួយដែរ ដែលអាជ្ញាធរក៏ដូចជាតុលាការ ត្រូវតែធ្វើការខិតខំប្រឹងប្រែងស៊ើបអង្កេតរកការពិតនិងរកយុត្តិធម៌នោះ»។
លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មានវ័យ ៣៧ឆ្នាំ ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់ កាលពីថ្ងៃទី៤ មិថុនា ក្នុងពេលដែលលោកកំពុងដើរតាមផ្លូវទៅទិញម្ហូបអាហារ នៅមុខកន្លែងស្នាក់នៅរបស់លោកនៅក្នុងទីក្រុងភ្នំពេញ។ អ្នករិះគន់រដ្ឋាភិបាលថៃរូបនេះ បានរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ២០១៤ និងបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកម្ពុជា ហើយលោកនៅតែបន្តរិះគន់រដ្ឋាភិបាលថៃនៅលើទំព័របណ្ដាញសង្គមរបស់គាត់។កន្លងទៅអាជ្ញាធរថៃបានបដិសេធថា ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនសកម្មជននយោបាយនេះទេ។
ករណីបាត់ខ្លួនសកម្មជននយោបាយថៃនៅកម្ពុជានេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែស៊ើបអង្កេតដោយម៉ត់ចត់ និងឥតលម្អៀង។ បន្ថែមពីនេះ រដ្ឋាភិបាលត្រូវផ្តល់ព័ត៌មានលំអិត ឬការវិវត្តនៃការស៊ើបអង្កេតនោះ ដើម្បីធានាថា លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ នៅកន្លែងណា និងបង្ហាញថា សមត្ថកិច្ចកំពុងស៊ើបអង្កេត និងស្វែងរកជនល្មើស៕
No comments:
Post a Comment