ដោយ ខែ សុណង
2020-12-03
"ក្រសួងគួរត្រួតពិនិត្យតាមរោងចក្រដែលមិនចូលរួមអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩" រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង។
រូបហ្វេសប៊ុក
ក្រោយពីរដ្ឋាភិបាលប្រកាសថា កម្ពុជា បានដើរឆ្លងចូលបន្ទាត់ក្រហម នៃគ្រោះថ្នាក់ធំព្រោះតែជំងឺកូវីដ-១៩ បានឆ្លងចូលក្នុងសហគមន៍ និងចម្លងដល់មនុស្ស១៧នាក់ ត្រឹមតែរយៈពេលខ្លី បាននាំឲ្យមានក្ដីបារម្ភដល់ក្រុមមនុស្សដែលងាយរងគ្រោះខ្លាំងជាងគេ នោះគឺក្រុមកម្មករក្នុងវិស័យកាត់ដេរ។
មន្ត្រីសិទ្ធិការងារព្រួយបារម្ភថា កម្មករកម្មការិនីក្នុងវិស័យកាត់ដេរ ដែលមានស្ថានភាពរស់នៅ ហូបចុក ការធ្វើដំណើរ និងលក្ខខណ្ឌការងារនៅកន្លែងធ្វើការ មិនទាន់ធានានូវការរក្សាគំលាតសង្គមឲ្យពួកគាត់នៅឡើយ។
សង្គមស៊ីវិលចង់ឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធបង្កើនវិធានការមួយចំនួន ដើម្បីតាមដាននិងពង្រឹងវិធានការអនាម័យការពារការឆ្លងរាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មីនេះ។
មន្ត្រីសិទ្ធិការងារ ក្នុងវិស័យកាត់ដេរ ស្នើឲ្យក្រសួងការងារចុះធ្វើអធិការកិច្ច ឬតាមដានត្រួតពិនិត្យនៅតាមបណ្ដារោងចក្រសហគ្រាស ដើម្បីពង្រឹងការអនុវត្តវិធានការបង្ការ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ថ្លែងថា រោងចក្រ សហគ្រាសខ្លះបានអនុវត្តតាមវិធានអនាម័យ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនិងក្រសួងការងារបានត្រឹមត្រូវ ស្របពេលដែលរោងចក្រ សហគ្រាសមួយចំនួនមិនបានអនុវត្តន៍ត្រឹមត្រូវនៅឡើយ។ អ្នកស្រីបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធគួរតែចុះធ្វើអធិការកិច្ចលើក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ដោយដាក់ផែនការជាក់លាក់ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ហើយការដែលក្រសួងចេញសេចក្ដីណែនាំតែនៅលើក្រដាស ខ្វះការចុះត្រួតពិនិត្យផ្ទាល់នោះ អ្នកស្រីពុំមានជំនឿលើប្រសិទ្ធភាពនៃការបង្ការមេរោគឆ្លងនេះទេ៖ «វិធានការទី៧ថាមានការជជែកគ្នាមានវិធានការបាញ់អាកុលមុនពេលចេញដំណើរ ប៉ុន្តែសួរសំណួរថាតើដែលមានទេ? បានធ្វើអ៊ីចឹងទេ? មាននរណាពិនិត្យស្ថានភាពទាំងអស់នេះទេ? មួយវិញរឿងវិធានការមនុស្សចូលក្នុងបរិវេណក្រុមហ៊ុនវិញ មានការកត់ត្រាមនុស្សចេញចូល ប៉ុន្តែសួរថា គ្រប់គ្រាន់ទេ? បើស្ថានភាពមនុស្សកំពុងធ្វើការមិនមានគម្លាតផងហ្នឹង កម្មករធ្វើការតាមចរន្តទឹកហូរបោះអីវ៉ាន់បន្តគ្នាហើយម៉ាស៊ីនដាក់បន្តបន្ទាប់គ្នា គ្មានការដាក់ដាច់ដោយឡែកតាមវិធានការរបស់ក្រសួងសុខាភិបាលទេ។ តើអ្នកចុះអធិការកិច្ចបានទៅរកឃើញទេ ហើយចុះណែនាំទេ? សូមបង្ហាញជាផ្លូវការ និងប្រាប់ទៅសាធារណជនថាក្រុមហ៊ុននេះមិនបានអនុវត្ត ហើយគួរតែមានវិធានការនេះតឹងរ៉ឹង»។
ក្រសួងការងារនៅថ្ងៃទី២ ខែធ្នូ បានចេញសេចក្ដីណែនាំបន្ថែមស្ដីពី វិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ឲ្យផ្ដល់សម្ភារៈអនាម័យ និងវ៉ាស់កម្ដៅកម្មករនៅពេលចូល និងចេញពីធ្វើការ ចាត់តាំងមេក្រុមឲ្យផ្សព្វផ្សាយ ត្រួតពិនិត្យវិធានការបង្ការ និងផ្ដល់ព័ត៌មានឲ្យបានទាន់ហេតុការណ៍នៅពេលមានករណីសង្ស័យ។ សេចក្ដីណែនាំនេះ ក៏ជំរុញឲ្យកម្មករចូលរួមសហការអនុវត្តវិធានការបង្ការ ដោយពាក់ម៉ាស់ជានិច្ច និងតាមដានម្ចាស់យានយន្តដឹកជញ្ជូនកម្មករឲ្យបាញ់អាល់កុលសម្លាប់មេរោគមុនពេលចេញដំណើរជាដើម។ លិខិតដដែលក៏បានព្រមានដល់មន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ឲ្យអនុវត្តវិធានការបង្ការនៅពេលចុះបំពេញការងារ។ ចំពោះមន្ត្រីដែលមិនអនុវត្តគោលការណ៍អនាម័យ នោះនឹងត្រូវរងទណ្ឌកម្មក្នុងករណីដែលរោងចក្រសហគ្រាស ផ្ដល់ព័ត៌មានច្បាស់លាស់។
យ៉ាងនេះក្ដី អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ចង់ឃើញក្រសួងនិងស្ថាប័នរដ្ឋាភិបាលប្រើវិធានការពិនិត្យតាមដានទៅលើក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលធ្វើការផ្ទាល់ជាមួយកម្មករវិញ។
លោក ឃុន ថារ៉ូ ថ្លែងថា បញ្ហាកម្មករខ្វះខាតម៉ាស់ប្រើ និងប្រើប្រាស់ម៉ាស់មិនបានត្រឹមត្រូវនោះ ក៏ជាបញ្ហាប្រឈមមួយ ស្របពេលដែលទិន្នន័យ ឬប្រភពនៃការឆ្លងចូលសហគមន៍ក៏នៅមិនទាន់មានការបង្ហាញព័ត៌មានឲ្យបានច្បាស់លាស់នៅឡើយ។ លោកបារម្ភថា កម្មករក្នុងវិស័យកាត់ដេរគឺជាក្រុមមនុស្សដែលងាយរងគ្រោះខ្លាំងជាងគេ ដែលទាមទារឲ្យភាគីរោងចក្រនិងថៅកែក្រុមហ៊ុនបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្ដល់នូវសម្ភារៈបង្ការអនាម័យដល់កម្មករនិយោជិក បូករួមទាំងការអប់រំផ្សព្វផ្សាយជាប្រចាំអំពីការវិធានការអនាម័យ៖ «ខ្ញុំគិតថា រដ្ឋាភិបាលបើគិតថាហ្នឹងជាបន្ទាត់ក្រហម ហើយវាឈានចូលក្នុងសហគមន៍រដ្ឋាភិបាលគួរបង្កើននូវការវិនិយោគក្នុងការផ្ដល់សម្ភារៈការពារបុគ្គល។ ទន្ទឹមនឹងនេះ ក៏មានសហគ្រាសមួយចំនួនវិវឌ្ឍន៍នូវការផ្លាស់ប្ដូរផលិតកម្មក្នុងការផលិតម៉ាស់ជាដើមក្នុងការនាំចេញ ឬក៏ប្រើប្រាស់ក្នុងស្រុកអ៊ីចឹងរដ្ឋាភិបាលគួរតែគិតគូរអំពីសុខុមាលភាពកម្មករនិយោជិកជាចម្បង ពីព្រោះថាបើសិនជាមានការប៉ះពាល់ ឬឆ្លងដល់កម្មករណាមួយនោះវានឹងអាចជាកត្តាជះខ្លាំង ដល់វិស័យមួយដែលមានកម្លាំងពលកម្មច្រើន ហើយហានិភ័យឆ្លងពីមួយទៅមួយកាន់តែខ្ពស់»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បន្តថា ក្នុងដំណាក់កាលនេះរដ្ឋាភិបាលគួរតែគិតពីបញ្ហាអាទិភាពលើពលរដ្ឋខ្លួនឯង ជាជាងធ្វើកិច្ចការមនុស្សធម៌ផ្ដល់ម៉ាស់ទៅប្រទេសដទៃ៖ «បើអាចរដ្ឋាភិបាលគួរតែគិតពីបញ្ហាអាទិភាពសុខុមាលភាពប្រជាពលរដ្ឋជាសំខាន់ កុំទាន់អាលគិតទៅដល់សកម្មភាពមនុស្សធម៌នៅក្នុងការផ្ដល់ទៅបណ្ដាប្រទេសមួយចំនួន អ៊ីចឹងត្រូវផ្ដល់អាទិភាពនេះចំណាយម៉ាស់រាប់លានដើម្បីឲ្យកម្មករនិយោជិកគាត់អាចប្រើប្រាស់ ហើយបើខ្វះខាតនិយោជកក៏ត្រូវតែចូលរួមចំណែកបន្ថែមទៀត»។
នៅកម្ពុជាមានកម្មករនិយោជិកធ្វើការក្នុងវិស័យកាត់ដេរ សំលៀកបំពាក់និងស្បែកជើងប្រមាណ១លាននាក់។ ទន្ទឹមទៅនឹងការភ័យខ្លាចមេរោគឆ្លងកូវីដ-១៩ នេះ មន្ត្រីសិទ្ធិការងារមើលឃើញថា កម្មករនិយោជិកក៏កំពុងព្រួយបារម្ភពីជីវភាពគ្មានប្រាក់ដោះបំណុលធនាគារ បារម្ភពីការបាត់បង់ការងារ បាត់បង់អត្ថប្រយោជន៍ ក្នុងគ្រាដែលក្រុមហ៊ុនរោងចក្រ សហគ្រាសមួយចំនួនបន្តបិទទ្វារដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលនាំឲ្យក្រុមហ៊ុនទាំងនោះប្រើលេសបិទទ្វារ ឬមានហេតុផលគ្រប់គ្រាន់ក្នុងការផ្ដល់អត្ថប្រយោជន៍ឲ្យពួកគាត់មិនបានសមស្រប៕
No comments:
Post a Comment