Manekseka Sangkum: Having and showing one's sense of humour is a punishable crime under most totalitarian regimes!
🔺🔺🔺
ដោយ យន់ សាមៀន
2020-12-12 rfa
តុលាការក្រុងភ្នំពេញ ឃុំខ្លួនអ្នកលេងហ្វេសប៊ុកម្នាក់ ក្រោយបង្ហោះសារឌឺដងរដ្ឋាភិបាល លោក នី ណាក់ ដែលលោកបង្ហោះរូបលោក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អមជាមួយអត្ថបទថា "ខ្ញុំបានត្រៀម ឬព្រាងលិខិត និងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុមានមេរោគផ្ដាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន"។
រូប៖ ហ្វេសបប៊ុក IMan-KH
មន្ត្រីសិទ្ធិមនុស្សរិះគន់ ការចាប់ និងឃុំខ្លួនអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់រដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ អង្គការសិទ្ធិមនុស្សចាត់ទុក ការឃាត់ខ្លួននេះថា ជាការរំលោភសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះអាយមែន ខេអេច (IMan-KH) ដែលមានឈ្មោះពិតថា នី ណាក់ ដាក់ពន្ធនាគារ ព្រៃស (ម១) បណ្ដោះអាសន្ន នៅរសៀលថ្ងៃទី១២ ខែធ្នូ ដោយចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គីមឡុង បានទេនៅថ្ងៃទី១២ ធ្នូ ប៉ុន្តែលោកបានប្រាប់វិទ្យុក្នុងស្រុកថា ការឃុំខ្លួនលោក នី ណាក់ ដោយសារតែបង្ហោះខ្លឹមសារក្នុងបណ្ដាញសង្គម (Facebook) ឌឺដងរដ្ឋាភិបាល ដែលកំពុងចាត់វិធានការប្រឆាំងជំងឺកូវីត១៩ កាលពីថ្ងៃទី៧ ខែធ្នូ ដោយបានប្រើប្រាស់ «ពាក្យទិញម៉ាស់ពាក់ឲ្យកូនមាន់»។ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន លោក នី ណាក់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ។
លោក នី ណាក់ ធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅព្រមានម្ដងហើយកាលពីខែមីនា ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់រឿងប្រជាពលរដ្ឋជំពាក់បំណុលធនាគារ ក្នុងពេលមានជំងឺកូវីត១៩ ប៉ុន្តែ ពេលនោះ សមត្ថកិច្ចបានដោះលែងវិញ បន្ទាប់ពីលោកសុំទោសជាសាធារណៈ។ បន្ទាប់មកនៅចុងខែវិច្ឆិកា ក្រសួងកសិកម្ម ក៏ធ្លាប់អំពាវនាវឲ្យសមត្ថកិច្ច ចាប់ខ្លួនលោក នី ណាក់ ដែរ ក្រោយលោកបង្ហោះសារ ថា ចង់ចិញ្ចឹមឪម៉ាល់ឲ្យទិចមន្ត្រីកសិកម្ម ដែលដេកស៊ីតែប្រាក់ខែ តែមិនជួយដោះស្រាយបញ្ហា កសិករ។ លោកក៏តែងតែរិះគន់បញ្ហាសង្គម និងមន្ត្រីអសកម្មក្នុងជួររដ្ឋាភិបាលដែរ។
កូនស្រីរបស់លោក នី ណាក់ គឺកញ្ញា ណាក់ ពុទ្ធាវឌ្ឍនា ទទូចសុំទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងឪពុករបស់ខ្លួនឲ្យមានសេរីភាពឡើងវិញ។ កញ្ញាយល់ថា ការចោទប្រកាន់ និងការឃុំខ្លួន ដោយគ្រាន់តែបញ្ចេញមតិនេះ គឺជារឿងធ្ងន់ធ្ងរមិនអាចទទួលយកបានឡើយ។ កញ្ញា បញ្ជាក់ថា ឪពុករបស់ខ្លួន គឺជាអ្នកជំនាញកសិកម្ម និងជាមនុស្សចិត្តល្អតែងបង្ហាត់បង្រៀនដល់ប្រជាកសិករខ្មែរជាច្រើន ដូច្នេះសូមឲ្យរដ្ឋាភិបាល យោគយល់ចំពោះកំហុសឆ្គងបន្តិចបន្តួចនោះ៖ «ខ្ញុំអត់ចង់ឲ្យតុលាការកាត់ក្តីថា ប៉ាខ្ញុំជាប់ទោសប៉ុន្មានឆ្នាំៗ ទេ ដោយសារតែការផុសមួយចំនួន ព្រោះពេលខ្លះ ការផុសនោះ វាអាចប៉ះពាល់បន្តិចមែន តែពេលខ្លះដោយសារតែគាត់មិនបានគិត ចេះដឹងអីឲ្យបានជ្រៅជ្រះ ហើយណាមួយគាត់ធ្លាប់ផុសមេរៀនកសិកម្មជា ច្រើន ដែលធ្លាប់ជួយកសិករខ្មែរមួយចំនួនឲ្យគាត់មានចំណេះដឹងខាងផ្នែកហ្នឹង។ ប៉ាខ្ញុំធ្វើ ការងារខាងហ្នឹងច្រើន និងធ្វើ ដើម្បីប្រជាជនខ្មែរមួយចំនួនដែរ»។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការបង្ហោះសារនៅលើ ទំព័រហ្វេសប៊ុករបស់លោក នី ណាក់ នេះ គឺជាការបញ្ចេញមតិស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ លោកបន្តថា អាជ្ញាធររដ្ឋាភិបាល មិនគួរអាងអំណាច ហើយចេះតែចាប់ខ្លួន និងចោទប្រកាន់ពលរដ្ឋបែបនេះទេ ព្រោះអាចនាំឲ្យមានការរិះគន់ជាបន្តទៀតពីមតិជាតិ និងអន្តរជាតិ ឬឈានដល់ការដាក់ទណ្ឌពីសហគមន៍អន្តរជាតិជាដើម៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ យើងឃើញហើយថា មានពហុគំនិត និងនិន្នាការរបស់ពលរដ្ឋតែងតែផ្ទុយគ្នា ដូច្នេះហើយការរិះគន់ក្នុងនាមជាមន្ត្រីសាធារណៈមិនគួរមានប្រតិកម្មអីទៅលើមតិរបស់ប្រជាពលរដ្ឋទេ ព្រោះធម្មតាពលរដ្ឋមានសិទ្ធិបញ្ចេញមតិរិះគន់អំពីការមិនពេញចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល គឺអាហ្នឹងក្នុងប្រទេសប្រជាធិបតេយ្យណាក៏មានដែរ»។
គិតចាប់ពីខែមករា មកដល់ដើមខែធ្នូនេះ មានសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រះសង្ឃ និងយុវជន ប្រមាណជិត ៥០នាក់ហើយ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនដាក់ពន្ធនាគារដោយសារការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេទាំងនៅក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ីនធឺណិត។ អង្គការជាតិ និងអន្តរជាតិ ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយាយី និងការចោទប្រកាន់អ្នករិះគន់ទាំងបំពានច្បាប់ ហើយដោះលែងឲ្យពួកគេមានសេរីភាព និងត្រូវធានាលើកស្ទួយសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋឡើងវិញ៕
No comments:
Post a Comment