Wednesday 16 December 2020

សកម្មជន​ព្រៃ​ឡង់ ៤រូប ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​ព្រះវិហារ ពី​បទ​ញុះញង់​កាល​ពី ៥ឆ្នាំ​មុន


ដោយ វែន សុមេធ
2020-12-14
សកម្មជន​ព្រៃ​ឡង់ ៤រូប ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​ព្រះវិហារ ពី​បទ​ញុះញង់​កាល​ពី ៥ឆ្នាំ​មុន
សកម្មជន​ព្រៃ​ឡង់ ៤រូប ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​ព្រះវិហារ ពី​បទ​ញុះញង់​កាល​ពី ៥ឆ្នាំ​មុន សកម្មជន​ព្រៃ​ឡង់ ៤រូប ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​កាល​ពី ៥ឆ្នាំ​មុន ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ



តុលាការ​ខេត្ត​ព្រះវិហារ បើកសវនាការ​ជំនុំជម្រះ​លើ​សកម្មជន​ព្រៃ​ឡង់​ ៤​នាក់​ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​វៀតណាម​មួយ ដែល​ចោទ​ពួកគាត់​ថា​ បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ ដែល​រំលោភ​បំពាន​ដីស្រែ​ចម្ការ​ប្រជាពលរដ្ឋ ​នៅ​ឃុំ​រៀបរយ ស្រុក​រវៀង កាល​ពី ​៥ឆ្នាំ​មុន។

សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​រឿង​នេះ មិន​មានការ​ស៊ើប​អង្កេត​ច្បាស់លាស់ និង​រក​មិន​ឃើញ​ភស្តុតាង​ជាក់​លាក់​ទេ តុលាការ​គួរ​តែ​ទម្លាក់​ចោល​បទ​ចោទ​លើ​ពលរដ្ឋ​ ដើម្បី​ទុក​ពេល​ឲ្យ​ពួកគាត់​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ។

ប្រធាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ លោក សាយ ណូរិទ្ធ នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ប្រឆាំង​នឹង​សកម្មជន​ព្រៃ​ឈើ ៤រូប នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២១ បន្ទាប់​បើក​សវនាការ​កាត់​ក្ដី កាល​ពី​ល្ងាច​ថ្ងៃ​ទី១៤ ខែ​ធ្នូ។


ក្រោយ​បញ្ចប់​សវនាការ​ដោយ​ប្រើ​ពេល​ជាង ៤ម៉ោង សកម្មជន​ព្រៃ​ឈើ​ និង​ជា​ពលរដ្ឋ​រង​បណ្ដឹង​ លោក ខេម សុឃី ប្រាប់​អាស៊ី​សេរី ថា​ខាង​ព្រះ​រាជអាជ្ញា និង​ចៅក្រម​ មិន​មាន​ការ​សួរ​ដាក់​បន្ទុក​លើ​ពួកគាត់​ច្រើន​នោះ​ទេ ដោយ​សារ​តែ​ដើម​បណ្ដឹង មិន​មាន​សាក្សី និង​ភស្តុតាង។ លោក​បន្ត​ថា ការ​លើក​យក​សំណុំរឿង ដែល​កន្លង​ផុត​ជាង ៥ឆ្នាំ មក​បើក​ការ​ក្ដី​នៅ​ពេល​នេះ គឺ​ការ​គំរាមកំហែង​ បំបាក់​ស្មារតី​ពលរដ្ឋ និង​សកម្មជន​ព្រៃឈើ​មិន​ឲ្យ​ហ៊ាន​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី និង​ការពារ​ព្រៃ​ឈើ​របស់​សហគមន៍។

លោក​បញ្ជាក់​ថា លោក​ក៏​ដូចជា​ពលរដ្ឋ​ដទៃ​ទៀត​ ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ កាល​ពី​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ភី.អ៊ែន.ធី (PNT) កាល​ពី​ឆ្នាំ២០១៥ នោះ គឺ​ពួក​គាត់​ចេញ​មុខ​ទាំង​អស់​គ្នា គ្មាន​នរណា​ញុះញង់​ពលរដ្ឋ​ឡើយ។ សកម្មជន​ព្រៃ​ឈើ​រូប​នេះ ស្នើសុំ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​គាត់​ទាំង ៤នាក់ ព្រោះ​ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ខ្ញុំ​សូម​ឲ្យ​តុលាការ​ហ្នឹង ទម្លាក់​បទ​ចោទ​ ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​រួច​ផុត​ពី​ការ​ចោទ​របស់​ក្រុមហ៊ុន ដែល​ប្ដឹង​ពួក​ខ្ញុំ ព្រោះ​ពួក​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ សូម​ឲ្យ​តុលាការ​រំសាយ​បទ​ចោទ​ហ្នឹង​ចោល​ទៅ។ ឲ្យ​ពួក​ខ្ញុំ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ហ្នឹង​ទៅ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ករណី​លើក​យក​សំណុំរឿង​ព្រហ្មទណ្ឌ​ មក​ជំនុំ​ជម្រះ​ពេល​នេះ ពី​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោកស្រី ជុំ កន្និយ៉ា និង​អ្នកនាំពាក្យ​ខាង​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោកស្រី ភី ស៊ីថង បាន​នៅ​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

ទាក់​ទង​នឹង​រឿង​ក្ដី​នេះ អ្នកនាំពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា តុលាការ​គួរ​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ចោទ​ប្រកាន់​ពី​ភាគី​ម្ខាង ដាក់​ភាគី​ម្ខាង​ទៀត គឺ​ត្រឹមត្រូវ​តាម​អង្គហេតុ និង​អង្គច្បាប់។ លោក​បន្ត​ថា ប្រសិន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អាស្រ័យ​ផល​នឹង​​ធ្វើ​ស្រែ​ចម្ការ មិន​បាន​ប្រព្រឹត្ត​សកម្មភាព​ដូច​ការ​ចោទ​ប្រកាន់​ទេ តុលាការ​គួរ​ទម្លាក់​ចោល​បទ​ចោទ។

លោក​យល់​ថា បើ​ខាង​ភាគី​ក្រុមហ៊ុន​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ច្បាប់​វិញ ក្នុង​ករណី​មាន​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ និង​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្រៅ​បរិវេណ​ក្រុមហ៊ុន ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ តុលាការ​គួរ​ចាត់​វិធានការ​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង​ទៅ​លើ​ក្រុមហ៊ុន៖ «តុលាការ​គួរ​តែ​ការ​សម្រេច​ចាត់​នូវ​ក្រុម​មន្ត្រី​ជំនាញ​ណា​មួយ ដើម្បី​ចុះ​ស្រាវជ្រាវ​ ហើយ​ដើម្បី​ផ្ដល់​នូវ​កម្មសិទ្ធិ​ស្រប​ច្បាប់​ដល់​ពួកគាត់​ឲ្យ​មាន​ឱកាស​បង្ក​បង្កើន​ផល​នៅ​លើ​ដី​ពួក​គាត់ ដើម្បី​កុំ​ឲ្យ​មាន​ការ​រារាំង និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ អី​បន្ត​ទៀត»។

ក្រុមហ៊ុន ភីអ៊ិនធី (P.N.T Co., Ltd.) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨ពាន់​ហិកតារ (៧.៩០០) នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ២០១០ ក្រោម​កិច្ចសន្យា​រយៈ​ពេល ៧០ឆ្នាំ។ ក្រុមហ៊ុន​នេះ មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម​ឈ្មោះ ផាន់ ហួណាម (Phan Huu Nam)។ ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ជាក់ស្ដែង​ក្រុមហ៊ុន​មិន​បាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ​ទៅ​វិញ៕

No comments: