2020-12-01
លោក កឹម សុខា ថា ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសមេដឹកនាំខ្មែរគ្រប់រូប លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
Photo: RFA
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានសេរសរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅមុនការផ្សាយនេះបន្តិចថា ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ការកម្ចាត់គ្នា «នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា»។
លោក កឹម សុខា បញ្ជាក់ថា បើយើងមិនលើកទឹកចិត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ ខ្មែរអាចរស់នៅដោយ ឯករាជភាព ដោយសុខដុមរមនា និងដោយវឌ្ឍនភាពសម្រាប់ខ្មែរដូចគ្នាគ្រប់រូប។
ការលើកឡើងរបស់លោក កឹម សុខា នៅថ្ងៃទី១ធ្នូនេះ នៅស្របពេលមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលនិរទេសខ្លួន ប្រកាសពីផែនការវិលចូលស្រុកវិញ នៅដើមខែមករា ឆ្នាំ២០២១ ខាងមុខ។
លោក កឹម សុខា បានសរសេរថា ក្នុងកាលៈទេសៈនេះ លោកយល់ច្បាស់ថា លោកមិនមានសិទ្ធិ សេរីភាពពេញលេញចង់ធ្វើអ្វី ចង់និយាយស្តីអ្វី ដើម្បីជាប្រយោជន៍ឲ្យបានច្រើនសម្រាប់មាតុភូមិកម្ពុជា សង្គមខ្មែរ និងប្រជាពលរដ្ឋខ្មែរជាទីស្រឡាញ់របស់ខ្ញុំឡើយ ក៏ប៉ុន្តែអ្វីដែលលោកអាចធ្វើបាន ដោយមិនរំលោភច្បាប់ទម្លាប់ត្រឹមត្រូវ ឬមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះ គឺលោកព្យាយាមធ្វើតាមលទ្ធភាព ដើម្បីខ្មែរ ទោះបីមានសមត្ថកិច្ចនៅកន្លែងខ្លះបានសហការល្អបង្កលក្ខណៈងាយស្រួល និងកន្លែងខ្លះទៀតមានការតាមដាន ឃ្លាំមើល ថតរូប ថតសម្លេង សូម្បីតែក្នុងសកម្មភាពមនុស្សធម៌ សកម្មភាពឯកជនជាមួយក្រុមគ្រួសារ កន្លែងស្នាក់នៅ និងពេលទៅធ្វើចម្ការផ្ទាល់ខ្លួនរបស់លោកក៏ដោយ។
លោក កឹម សុខា សរសេរបន្ថែមថា លោកដឹងច្បាស់ថា «អ្វីដែលលោកអាចធ្វើបាន អ្វីដែលមិនអាចធ្វើបាន ទោះបីមានអ្នកខ្លះប្រឹងរុញច្រានឲ្យលោកចូលក្នុងអន្ទាក់គេក៏ដោយ ក៏លោកនៅតែរក្សាជំហរ អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនបង្កជម្លោះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងប្រទេសជាតិខ្លួនឡើយ»។ លោក កឹម សុខា អះអាងថា លោកបានកំណត់ហើយថា «ប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិ ជាជនរួមឈាម ជាបងប្អូនរបស់លោក» ហើយ «ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលលោក កើត រស់ និងស្លាប់» ដែលលោកមិនអាចបោះបង់ និងមិនគាំទ្រអ្នកណា ដែលបង្ករងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាឡើយ ទោះបីលោកស្ថិតក្នុងស្ថានភាពណាក៏ដោយចុះ។
លោក កឹម សុខា បានរៀបរាប់ពីសកម្មភាពរបស់លោកនៅក្នុងស្រុកថា ក្នុងរយៈពេលប្រមាណបីខែចុងក្រោយនេះ លោកអាចធ្វើដំណើរទៅតាមមូលដ្ឋានខ្លះ ដើម្បីចូលរួមក្នុងពិធីទំនៀមទម្លាប់ប្រពៃណី សាសនាខ្មែរ បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងបានស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិដោយផ្ទាល់ គឺកាន់តែធ្វើឲ្យលោកអាណិតស្រឡាញ់ និងដឹងគុណបំផុត ចំពោះមាតុភូមិកម្ពុជា និងបងប្អូនជនរួមជាតិខ្មែរ មិនអាចបោះបង់បានឡើយ។ លោក កឹម សុខា សង្កត់ធ្ងន់ថា ទឹកដីយើង មានភូមិសាស្ត្រ និងធនធានធម្មជាតិអំណោយផលល្អណាស់ ឲ្យតែគ្រប់គ្រងបានត្រឹមត្រូវ មិនបំផ្លិចបំផ្លាញ រីឯប្រជាពលរដ្ឋខ្មែរភាគច្រើនជាទូទៅមានទឹកចិត្តល្អគួរឲ្យគោរពស្រឡាញ់ណាស់។
តុលាការរបបលោក ហ៊ុន សែន បានដកសិទ្ធិ លោក កឹម សុខា មិនឲ្យធ្វើនយោបាយជាង៣ឆ្នាំ មកហើយ គិតចាប់ពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនលោក កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា ឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្ដួលរំលំរដ្ឋាភិបាល។ មកទល់ពេលនេះ តុលាការនៅមិនទាន់យកសំណុំរឿងលោក កឹម សុខា មកជំនុំជម្រះជាថ្មីទៀតនៅឡើយ ទោះបីជាក្រុមមេធាវីរបស់លោកបានស្នើសុំឲ្យពន្លឿនយ៉ាងណាក៏ក្ដី ដោយតុលាការលើកហេតុផលថា មកពីជំងឺកូវីដ១៩ មិនអាចជួបជុំគ្នាច្រើនបាន ខណៈតុលាការបានបើកសវនាការជាទ្រង់ទ្រាយធំជំនុំជម្រះមន្ត្រី និងសកម្មជនបក្សប្រឆាំងជាង ១០០នាក់កាលពីពេលថ្មីៗ នេះ។
សហរដ្ឋអាមេរិក ធ្លាប់ចេញសេចក្ដីថ្លែងការណ៍អះអាងថា មេបក្សប្រឆាំងលោក កឹម សុខា ជាមនុស្សស្អាតស្អំ និងជំរុញឱ្យអាជ្ញាធរកម្ពុជាផ្តល់សិទ្ធិពេញលេញដល់លោក កឹម សុខា ឡើងវិញ ដោយឥតលក្ខខ័ណ្ឌ៕
1 comment:
Karma Sokha,
Are you just awaken from COMA ?
Ah Maha Kbot Cheat Hun Sen is a Yuon's slave. He would do whatever his master Yuon told him to. And unification of the Khmer people is totally detrimental to Yuon's ambition.
You need to stand on your principal and stick with the CNRP. There was no alternative.
Post a Comment