Saturday 12 December 2020

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ជំរុញ​រដ្ឋាភិបាល​ងាក​មក​​គោរព​សិទ្ធិមនុស្ស​ គឺ​ដើម្បី​រួចផុត​ពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ


ដោយ ហេង រស្មី
2020-12-11 rfa
អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ជំរុញ​រដ្ឋាភិបាល​ងាក​មក​​គោរព​សិទ្ធិមនុស្ស​ គឺ​ដើម្បី​រួចផុត​ពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ជំរុញ​រដ្ឋាភិបាល​ងាក​មក​​គោរព​សិទ្ធិមនុស្ស​ គឺ​ដើម្បី​រួចផុត​ពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ (ឆ្វេង) បណ្ឌិត សេង សារី អ្នកឃ្លាំមើល​អភិវឌ្ឍន៍សង្គម (កណ្ដាល) លោក អ៊ុំ សំអាន សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ និង (ស្ដាំ) លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា
រូប៖ ហ្វេសប៊ុក


 

អ្នកឃ្លាំមើល​សង្គម​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ងាក​មក​បើក​លំហ​នយោបាយ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ គឺ​ដើម្បី​រួចផុត​ពី​ទណ្ឌកម្ម​បន្ថែម​របស់​សហគមន៍​អន្តរជាតិ។ ឆ្លើយ​តប​ការ​លើក​ឡើង​នេះ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា ប្រទេស​មួយ​ចំនួន​នៅ​បន្ត​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​នៅ​ឡើយ។

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​សង្កេតឃើញ​ថា រដ្ឋាភិបាល និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល គឺ​ជា​ក្រុម​រំលោភ​សិទ្ធិមនុស្ស ដែល​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម។ ពួកគេ​លើក​ឡើង​ថា សព្វ​ថ្ងៃ​នេះ​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច ការ​ដាក់​ទណ្ឌកម្ម និង​វិបត្តិ​កូវីដ១៩ ផង​នោះ ហើយ​បើ​រដ្ឋាភិបាល​ទទួលរង​ទណ្ឌកម្ម​បន្ថែម​ទៀត​នោះ​អាច​នឹង​ធ្វើ​ប្រទេស​កម្ពុជា​និង​ពលរដ្ឋ​ជួប​វិបត្តិ។


អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុណ្ណរ៉ា យល់​ថា ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប​បើក​ផ្លូវ​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​នៅ​លើ​ពិភពលោក គឺ​អាច​នឹង​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា​ព្រោះ​កន្លង​ទៅ​សភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ​ម្ដង​ហើយ ក្រោយ​រក​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​ថា នេះ​ជា​ភាព​អវិជ្ជមាន​មួយ​សម្រាប់​កម្ពុជា ហើយ​កម្ពុជា​គួរ​តែ​អនុវត្ត​តាម​អនុ​សាស្ត្រ​របស់​សហភាព​អឺរ៉ុប​កន្លង​មក​ដែល​ចង់​ឃើញ​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​ដូច​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៧៖ «កម្ពុជា​អាច​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ខ្ញុំ​គិត​ថា ទណ្ឌកម្ម​របស់​អឺរ៉ុប​នឹង​អ្នក ដែល​ប្រឈម​ជា​បុគ្គល​ហើយ​ដាក់​ផល​ប៉ះពាល់​បុគ្គល គឺ​មាន​ហើយ​បុគ្គល​មួយៗ គាត់​មាន​សក្ដានុពល​កាន់​ក្រុមហ៊ុន​ច្រើន​អ៊ីចឹង បើ​ច្រើន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​មុខ​មាត់​កម្ពុជា​ក៏​មាន​ប៉ះពាល់​ដែរ»។

ស្រដៀង​គ្នា​ដែរ​នេះ អ្នកឃ្លាំមើល​អភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី យល់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ស៊ាំ​នឹង​ទណ្ឌ​របស់​អន្តរជាតិ ដូច្នេះ​លោក​ថា ដើម្បី​បើក​ច្រក​ឱ្យ​មាន​ការ​ក​ចរចា​ផ្នែក​នយោបាយ​លុះ​ត្រា​ណា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​មាន​ភាព​រឹង​មាំ​ក្លាហាន​ជា​មុន និង​ត្រូវ​ហ៊ាន​លះបង់​ជាង​មុខ រួម​មាន​ការ​ក្លាហាន​របស់​ពលរដ្ឋ​ផង ទើប​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ៖ «គណបក្ស​ត្រូវ​មាន​យុទ្ធសាស្ត្រ​ថ្មី​ត្រូវ​មាន​ភាព​ក្លាហាន​ជាង​មុន​ទន្ទឹម​ហ្នឹង គឺ​ពលរដ្ឋ​សកម្ម​នៅ​ពេល​ពលរដ្ឋ​ចាប់​ផ្ដើម​ចង់​ដឹង​ចង់​ឮ​រឿង​នយោបាយ​មើល​ឃើញ​ខុសត្រូវ​មើល​ឃើញ​ល្អ​អាក្រក់ ហើយ​ពលរដ្ឋ​សកម្ម​ក៏​ជា​គ​ន្លឹះ​ធំ​ទាញ​អ្នក​នយោបាយ​ឱ្យ​ងាក​មក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ»។

រីឯ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ដែល​កំពុង​ភៀស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​អះអាង​ថា លោក​ផ្ទាល់​និង​ម​ន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ខ្លួន​រួចហើយ​គឺ​នឹង​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៤ ខែ​មករា​ខាង​មុខ។ លោក​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​នយោបាយ​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន វិល​មក​ដើរ​ផ្លូវ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើង​វិញ៖ «យើង​ជឿ​ថា លោក ហ៊ុន សែន គាត់​មិន​អាច​នៅ​តែ​ចចេស​មិន​ស្ដារ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​នៅ​កម្ពុជា​ឡើង​វិញ ព្រោះ​គាត់​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ណាស់​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ»។

ការ​លើកឡើង​របស់​ឃ្លាំមើល​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ខណៈ​ក្រុមប្រឹក្សា​អឺរ៉ុប​អនុម័ត​ជា​ផ្លូវការ​នូវ​សេចក្ដី​សម្រេច​និង​បញ្ញត្តិ ដែល​បើកផ្លូវ​ទៅ​រក​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​នៅ​លើ​ពិភពលោក។ ក្របខ័ណ្ឌ​ថ្មី​របស់​សហភាព​អឺរ៉ុប​នេះ ស្រដៀង​គ្នា​ទៅ​នឹង​ច្បាប់ Global Magnitsky Act របស់​សហរដ្ឋ​អាមេរិក​ដែរ គឺ​ប្រើប្រាស់​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​មេ​ដឹក​នាំ ឬ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ដទៃ។ ស្រប​គ្នា​នេះ​ដែរ រដ្ឋសភា​ប្រទេស​អូស្ត្រាលី ក៏​គ្រោង​អនុម័ត​ច្បាប់​ស្រដៀងគ្នា​នេះ​ដែរ​នៅ​ដើម​ឆ្នាំ២០២១ ខាង​មុខ។

ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន និយាយ​ថា លោក​មិន​បាន​ឃើញ​អ្នក​ណា​មក​ដាក់​ទណ្ឌ​កម្ពុជា​ទេ ប៉ុន្តែ​ឃើញ​តែ​បរទេស​បាន ផ្ដល់​អំណោយ​ដល់​កម្ពុជា។ អ្នក​នាំ​ពាក្យ​រូប​នេះ​នៅតែ​អះអាង​ដដែលៗ ថា កម្ពុជា គ្មាន​ការរំលោភ​សិទ្ធិមនុស្ស​ឡើយ រីឯ​លំហ​នយោបាយ​វិញ ក៏​គ្មាន​ការ​រឹតត្បិត​អី​ដែរ ដោយ​សព្វ​ថ្ងៃ​នេះ​មាន​គណបក្ស​នយោបាយ​ជាង ៤០បក្ស​កំពុង​ធ្វើ​សកម្មភាព​នយោបាយ៖ «ចរចា​ឱ្យ​ខ្មោច​អតីត​បក្ស​ប្រឆាំង​រស់​ឡើង​វិញ បាន​មាន​សិទ្ធិមនុស្ស? មាន​រំលោភ​សិទ្ធិមនុស្ស​ឯណា​នៅ​កម្ពុជា​គ្រាន់​គេ​ចោទ​ប្រកាន់»។

សហរដ្ឋ​អាមេរិក​បាន​ឈាន​មុខ​គេ​ក្នុង​ការ​អនុម័ត​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់​ទណ្ឌកម្ម​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន រួម​មាន​មេ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេសរដ្ឋមន្ត្រី និង​លោក ទ្រី ភាព ជា​ឈ្មួញ​ឈើ​នៅ​កម្ពុជា​កាលពី​ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ រីឯ​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន យូឌីជី (Union Development Group (UDG) វិនិយោគ​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នៅ​ខេត្ត​កោះកុង ដោយសារ​តែ​ក្រុមហ៊ុន​ចិន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ដីធ្លី។ ក្រៅ​ពី​ក្រុមហ៊ុន​ចិន UDG នេះ មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ខ្មែរ​ចំនួន ១៦ រួច​ទៅ​ហើយ ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស។

អ្នក​ឃ្លាំមើល​សង្គម​ថា ករណី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ​ពី​កម្ពុជា​គឺជា​មូលដ្ឋាន ដែល​សហភាព​អឺរ៉ុប​អាច​នឹង​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ច្បាប់​ថ្មី​របស់​ខ្លួន​ទើប​អនុម័ត ដែល​សំដៅ​លើ​បុគ្គល​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

No comments: