Friday, 18 December 2020

អតីត​អ្នក​ទោស​នយោបាយ លោក គង់ ម៉ាស់ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​រង​ការ​គំរាម​កំហែង​ជា​ថ្មី​ទៀត


ដោយ សុជីវី
2020-12-17
អតីត​អ្នក​ទោស​នយោបាយ លោក គង់ ម៉ាស់ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​រង​ការ​គំរាម​កំហែង​ជា​ថ្មី​ទៀត

អតីត​អ្នក​ទោស​នយោបាយ លោក គង់ ម៉ាស់ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​រង​ការ​គំរាម​កំហែង​ជា​ថ្មី​ទៀត លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ពលរដ្ឋ



អតីត​អ្នក​ទោស​នយោបាយ​ លោក គង់ ម៉ាស់ ព្រួយ​បារម្មណ៍​ពី​សុវត្ថិ​ភាព​របស់​ខ្លួន ក្រោយ​រង​ការ​គម្រាម​កំហែង​ពី​ជន​មិន​ស្គាល់​មុខ ដែល​លោក​សង្ស័យ​ថា ជា​ការ​ប៉ុនប៉ង​បង្ក​ឲ្យ​​មានរបួស​ស្នាម និង​ជាការ​រៀប​ចំ​ជា​ប្រព័ន្ធ​ពី​អ្នក​មាន​អំណាច​។ លោក​​​​​​​​​​​ស្នើ​សុំ​ទៅ​អង្គ​ការ​ជាតិ និង​អន្តរជាតិ ឲ្យ​ជួយ​ការពារ និង​ជំរុញ​​ទៅរដ្ឋា​ភិបាល​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​​បុក​ម្នេញ​​លើ​រូប​លោក និង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​អស់។ មន្ត្រីសិទ្ធិ​មនុស្ស​យល់​ថា សមត្ថ​កិច្ច​​គួរ​ផ្តល់​កិច្ច​​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោ​បាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់ ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក​ព្រួយ​បារម្ភ​ពី​សុវត្ថិ​ភាព​របស់​លោក​​ជា​ខ្លាំង​ក្រោយ​មាន​ជន​ប្លែក​មុខ​មួយ​ក្រុម​តាម​ដាន និង​ប៉ុនប៉ង​ធ្វើ​បាប​រូប​លោក។ លោក​រៀបរាប់​ថា កាល​ពី​ថ្ងៃ​ទី១៦ ធ្នូ ​មនុស្សមួយ​ក្រុម​បាន​តាមឃ្លាំមើល​រូប​លោក ​និង​យុវជន​​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត​ គឺ​លោក សុន មករា នៅ​ហាង​លក់​ទំនិញ​មួយ​កន្លែង​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម រួច​ពួកគេ​បាន​ជិះម៉ូតូ​តាម​លោក​រហូត​ដល់ផ្ទះ។ លោក​បន្តថា ដោយ​ដឹង​ខ្លួន​ជាមុន ​លោក​ក៏​ប្រញាប់​ជិះគេច​ពី​ជន​នោះ ហើយ​ដោយ​​​តាម​លោក​មិន​ទាន់ ពួកគេ​ក៏​ជិះ​​ចូល​ទៅ​ផ្ទះ​របស់​លោក​​ហើយ​បាន​ជួប​ជាមួយ​ប្រពន្ធ​របស់​លោក រួច​លើក​ហេតុ​ផល​ថា ច្រលំផ្ទះ​រួច​គេច​ចេញ​ទៅ​បាត់។


លោក គង់ ម៉ាស់ សង្ស័យ​ថា នេះ​ជា​ការ​រៀប​ចំជា​ប្រព័ន្ធ​របស់​អ្នក​មាន​អំណាច​ដែល​ប៉ុន​ប៉ង​វាយ​ប្រហារ​បង្ក​របួស មក​លើ​រូប​​លោក មិន​ឲ្យ​ចេញ​មុខ​សម្តែង​មតិ ឬឈឺ​ឆ្អាល​រឿង​សង្គម​តទៅ​ទៀត។ លោក ចាត់​ទុក​រឿង​នេះ​ថា ជារឿង​នយោបាយ ព្រោះ​លោក​មិន​មាន​ជម្លោះបុគ្គល​​ជាមួយ​នរណា​នោះទេ៖ «ខ្ញុំ​ភ័យ​រឿង​មួយ​ត្រង់​ខ្ញុំ​ជា​មន្ត្រី​បក្ស ហើយ​ធ្លាប់​មាន​ការ​វាយ​តប់​កន្លង​មក អញ្ចឹង​ហើយ​ឃើញ​រូប​ភាព​នៃការ​វាយ​តប់ហ្នឹង ធ្វើឲ្យ​ខ្ញុំ​ក្នុង​នាម​មន្ត្រី​បក្ស​ប្រឆាំង​ហ្នឹង មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ រឿង​នេះ​វាជា​រឿង​នយោ​បាយៗ ព្រោះខ្ញុំ​នៅ​តែ​ព្យាយាម​រិះគន់​រដ្ឋា​ភិបាល​ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង ក្នុងការ​ដឹកនាំ​ឯកបក្ស​ហ្នឹង។ ចឹង​ខ្ញុំ​អត់​មាន​ទៅធ្វើ​ប្រព្រឹត្ត​អី​ខុស​ច្បាប់​ដូច​អាជ្ញាធរ​ហ្នឹង​ថា​ទេ។ ខ្លួន​ឯង​ទេ​ដែល​ជា​អ្នក​ប្រព្រឹត្ត​ខុស ហី​ដល់​អាពេល​ចុង​ក្រោយគេ​ដឹង​ទង្វើ​ខ្លួន​ឯង​អាក្រក់​បែរជា​មក​សម្លាប់​អ្នកល្អ​ បែរ​ជា​មក​បិទ​មាត់​អ្នក​ដែល​ដឹង​អញ្ចឹង​ណា»។​​​​​​​

លោក គង់ ម៉ាស់ គឺជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង។ លោក​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធ​នាគារ ​កាល​ពី​ឆ្នាំ២០១៨ បន្ទាប់​ពី​លោក​បញ្ចេញ​មតិ​ពាក់ព័ន្ធនឹង​ការ​បោះ​ឆ្នោត រិះគន់​របៀប និង​ភាព​អសកម្ម​របស់​មន្ត្រី​មួយ​ចំនួន​នៃរដ្ឋា​ភិបាល​លោក ហ៊ុន សែន។ តុលាការ​បាន​កាត់​ទោស​ឱ្យលោក​ពន្ធនាគារ ១៨ខែ និង ១៥ថ្ងៃ ពី​បទ​ប្រមាថ ញុះញង់ និង​បរិហា​កេរ្តិ៍។ លោក​ទទួល​បាន​សេរីភាព​វិញ​នៅ​ដើម​ខែសីហា ឆ្នាំ២០២០ ក្រោយ​អនុវត្ត​ទោស​រួច​រាល់។ ក្រោយ​ចេញ​ពី​ពន្ធ​នាគារ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​បាន​បន្ត​តាម​ដាន​សកម្មភាព និង​ថតរូប​លោក​ជា​ប្រចាំ។

ទាក់ទង​នឹង​ករណីគំរាម​កំហែង​ចុង​ក្រោយ​នេះវិញ លោក គង់ ម៉ាស់ ឱ្យដឹង​ថា លោក​បាន​សរសេរ​លិខិត​រៀប​រាប់​ពី​ស្ថានភាព​នេះ​ជូន​ទៅ​ការិយា​ល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​រួច​ហើយ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​នោះ​ជួយ​ឃ្លាំមើល និង​ការពារ​សុវត្ថិភាព​ជូន​លោក។

អ្នកនាំ​​ពាក្យ​​អគ្គ​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ជាតិ​លោក ឆាយ គឹមខឿន ថ្លែងថា ប្រសិន​បើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់ ព្រួយ​បារម្ភពី​សុវត្ថិភាព​​​នោះ លោកគួរ​តែ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​រក​ជន​ដៃដល់៖ «ខ្ញុំ​ក៏​មិន​ដឹង​ថា គាត់ត្រូវ​ភ័យ​ព្រួយ​រឿង​អី​ទេ ព្រោះ​ស្រុក​ខ្មែរ​វា​ដូច​អត់​មាន​អំពើ​អី​ដូច​គាត់​មាន​ប្រសាសន៍​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​សង្ស័យ​ថា​គាត់​ធ្លាប់​មាន​បញ្ហា គាត់ភ័យ​ គាត់​ព្រួយ ក៏​ប៉ុន្តែ​គាត់​បើសិន​ជា​ពិត​ជា​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន​មែន គាត់​ត្រូវតែ​ទៅ​រាយ​ការ​ប្តឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច។ បើ​គាត់​គិត​តែ​ព្រួយ​អញ្ចឹង​ គាត់​អត់​មាន​សមត្ថ​កិច្ច​ឬ​អាជ្ញាធរ​ណា​ដឹង​ថា គាត់​កើត​ទុក្ខ​រឿង​អីដែរ»។​​​

ទោះជាបែប​នេះ​ក្តី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់ ​ថ្លែងថា គ្មាន​​ជំនឿ​លើ​សមត្ថកិច្ច​​នោះទេ ព្រោះ​កន្លង​មក មាន​​ករណី​វាយ​ធ្វើ​បាប​សកម្មជន​បក្ស​ប្រឆាំ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​អាជ្ញាធរ​មិន​អាច​វែកមុខ​រក​ជន​ដៃដល់​ទាំង​នោះ​ឃើញ​ឡើយ។

កាល​ពីថ្ងៃ​ទី១២ ធ្នូ ថ្មីៗនេះ មាន​អំពើ​ហិង្សា​ពីរ​ករណី បាន​កើត​ឡើង​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សាច់ញាតិ​របស់​ពួកគេ​។ ជន​រងគ្រោះម្នាក់ គឺជាសមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ជាប់​ឆ្នោត​ច្បារ​អំពៅ​ទី​២ រាជធានី​ភ្នំពេញ លោក ជឿន សារឹម ត្រូវ​ជន​ដៃ​ដល់​ស្ទាក់​វាយ​ដោយ​ដំបង បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ដំណំ។ ចំណែក ម្នាក់ទៀត ជា​កូន​ប្រុស​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់​ពន្ធ​នាគារ​ លោក កែវ ថែ គឺ​យុវជន កែវ សុខសិរី ​ត្រូវ​ជន​ដៃ​ដល់​ព្រួត​វាយ​ចំក្បាល​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​នៃ​ការ​លប​វាយ​ប្រហារ​កន្លង​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​សាច់​ញាតិ​របស់​ពួកគេ​នោះ រហូត​មក​ដល់ពេល​នេះ ពុំ​​ទាន់​ឃើញ​សមត្ថកិច្ច​​​វែក​មុខជន​ដៃ​ដល់​យក​​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​បាន​នៅ​ឡើយ​នោះទេ។ លោក​បន្ត​ថា ករណី​នេះ​ហើយ​ដែល​ជា​ការ​បង្កភាព​ភ័យ​ខ្លាច​ដល់​សកម្មជន​ដទៃ​ទៀត​អំពី​សុវត្ថិភាព​របស់​ខ្លួន។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​ផ្តល់​ការ​ការពារ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ស្វែងរក​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​សង្គម និង​លុប​បំបាត់​ភាព​ភ័យ​ខ្លាចររបស់​ពលរដ្ឋ៖ «យើង​ជា​សង្គម​ស៊ីវិល យើង​គ្រាន់​តែ​ថា អាជ្ញាធរ​គួរតែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ម៉េច​បង្កើន​នៃ​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព ក៏​ដូចជា​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​នោះ​ ដើម្បី​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​នោះ»។​

គិត​មក​ដល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ២០​នាក់​ហើយ ដែលត្រូវ​​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ឲ្យរង​របួស។ ករណី​​ភាគ​ច្រើន​កើត​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​រហូត​មក​ដល់​ពេល​នេះ​គ្មាន​ជន​ប្រព្រឹត្ត​ណា​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ ឬក៏​ចាប់ខ្លួន​ឲ្យ​មក​ទទួល​ទោស​នោះ​ទេ​។ ករណី​អំពើ​ហិង្សា​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា គឺ​ជន​ដៃ​ដល់​ជិះ​ម៉ូតូ​ពាក់​មួក​សុវត្ថិ​ភាព លួច​វាយ​ជនរងគ្រោះ​ពី​ក្រោយ​ខ្នង ហើយ​ប្រើ​ដំបង​ដែក​វាយ​សំដៅ​ក្បាល​របស់​ជន​រងគ្រោះ​។ អាជ្ញាធរ​បាន​ត្រឹម​តែ​ឆ្លើយ​ដដែល​ៗថា កំពុង​ស៊ើប​អង្កេត​ករណី​ទាំង​នេះ ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​បង្ហាញ​លទ្ធផល​ ឬ​ភស្តុ​តាង​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ទាក់​ទង​នឹង​ដំណើរការ​ស៊ើប​អង្កេត​នោះ​ឡើយ។

អង្គការ​សម្ពន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ចាត់​ទុក​ថា អំពើ​ហិង្សា​កើត​ឡើង​ញឹក​ញាប់​នេះ ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជឿ​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​ដោយសារ​តែ​ទស្សនៈ​នយោបាយ​របស់​ពួកគេ​។ អង្គការ​នេះ លើក​ឡើង​ថា ករណី​ទាំង​នេះ គឺ​ជន​រងគ្រោះ​និង​គ្រួសារ​របស់​ពួកគេ កំពុង​រងគ្រោះ​ពីរ​ដង។ ពួកគេ​មិន​ត្រឹមតែ​ទទួល​រង​អំពើ​ហិង្សា​ដោយ​សារ​ទស្សនៈ​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ ថែម​ទាំង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថាប័ន​យុត្តិធម៌ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថែម​ទៀត៕

No comments: