Tuesday, 18 May 2021

មន្រ្តីគណបក្ស​ប្រឆាំង​ប្រតិកម្ម​សារ​ព្រមាន​លោក ហ៊ុន សែន ឱ្យ​កង​កម្លាំង​នគរបាល​បង្រ្កាប​ពលរដ្ឋ​មាន​និន្នាការ​ផ្ទុយ


ដោយ ម៉ៅ សុធានី
2021-05-15 rfa
មន្រ្តីគណបក្ស​ប្រឆាំង​ប្រតិកម្ម​សារ​ព្រមាន​លោក ហ៊ុន សែន ឱ្យ​កង​កម្លាំង​នគរបាល​បង្រ្កាប​ពលរដ្ឋ​មាន​និន្នាការ​ផ្ទុយ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក SPM


មន្រ្តី​គណបក្ស​​សង្រ្គោះជាតិ​​ចោទ​​ប្រកាន់​​បក្ស​កាន់​​អំណាច​​ថា កំពុង​រៀប​ចំ​​បន្តកាន់​​អំណាច​​ផ្តាច់​ការ ដោយ​ផាត់​ចោល​​សម្លេង​​ប្រជាពលរដ្ឋ​ដែល​​ចង់​​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ​​តាម​ការ​​បោះឆ្នោត​​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ កំពុង​រស់​នៅ​​សហរដ្ឋ​អាមេរិកលោក អ៊ំ សំអាន ថ្លែងថា គណបក្ស​ប្រឆាំង​តស៊ូ​អហិង្សា និង​​ជំរុញ​​ឱ្យ​មាន​ការ​​បោះឆ្នោត​​ដោយ​​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ឆន្ទៈ​ម្ចាស់​ឆ្នោត ដើម្បី​កុំ​ឱ្យ​លោក ហ៊ុន សែន ងាក​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ លោក​បន្តថា ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ​គឺ​មាន​បំណង​រៀប​ចំការ​បោះឆ្នោត​បង្រ្គប់​កិច្ច  ដើម្បី​បន្ត​កាន់​អំណាច​ផ្តាច់​ការ​តវង្ស​ត្រកូល ព្រោះ​លោក ហ៊ុន សែន ដឹង​ថា​ពលរដ្ឋ​មិន​បោះឆ្នោត​គាំទ្រ។


មន្រ្តី​គណបក្ស​ប្រឆាំង​​រូបនេះ​មើល​ឃើញ​ថា ​មេដឹកនាំ​នគរ​បាល​ជាតិ​មួយ​ចំនួនបាន​ចូល​ដៃ​នឹង​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស ដែល​​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌ​កម្ម​ជាបន្ត​បន្ទាប់​មក​លើ​របប​នេះ។ ប៉ុន្តែ​លោក​ថា ​មន្រ្តី​គរបាល​មួយ​ចំនួន​ក៏​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​​របស់​​លោក ហ៊ុន សែន ព្រោះ​ពួក​គាត់​ក៏​យល់​អំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ៖ «កង​នគរ​បាល​ជាតិ​មួយ​ចំនួន​ជា​ពិសេស​មេៗ​មួយ​ចំនួន​គឺ ដើម្បី​រក្សា​អំណាច​ បុណ្យ​ស័ក្តិ​របស់​គាត់​ហ្នឹង​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន បានរំលោភ​សិទ្ធិ​មនុស្ស បាន​ចូល​រួម​បំផ្លាញ​ប្រជាធិបតេយ្យ ចឹង​បាន​ជា​មាន​ការដាក់​ទណ្ឌ​កម្ម ប៉ុន្តែ​យើង​ឃើញ​កន្លង​មក​នេះ​ខាង​កង​កម្លាំង​ប្រដាប់​អាវុធថ្នាក់ក្រោម​ហ្នឹង គឺ​ថា​នគរបាលមាន​ការ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​ច្រើន​ថ្វីត្បិត​គាត់​មិន​បាន​ចេញ​ឈ្មោះ​ក៏​ដោយ»។
Election_Commun_2017.jpg


លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សំឡឹងមើល​ហឹប​ឆ្នោត ក្រោយពី​បាន​បោះឆ្នោត​រួច​ក្នុងអំឡុង​ការបោះឆ្នោត​ឃុំ-សង្កាត់ នៅក្នុង​ខេត្តកណ្តាល ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ (រូប៖ HRW/Reuters)

 

ការ​លើក​​ឡើង​នេះ​​បន្ទាប់​ពីលោក ហ៊ុន សែន បញ្ជាក់​ក្នុង​សារ​ជូនពរ​កង​កម្លាំងនគរបាល​ជាតិ​ក្នុង​ឱកាស​រំឭក​ខួប​អនុស្សាវរីយ៍ ៧៦ ថ្ងៃ​កំណើត​នគរបាលជាតិ​កម្ពុជា។ កម្ពុជា​ត្រូវ​ត្រៀម​រៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណាត្តិ​ទី៥ ឆ្នាំ​២០២២។ លោក​ចោទ​ថា ក្រុម​ឧទ្ទាម​ក្បត់​ជាតិ​ចង់វាយ​ប្រហារ ការ​រៀប​ចំបោះ​ឆ្នោត​នេះ។ លោក​ថា ​ស្ថាន​ការណ៍ទោះ​បី​តិចឬ​ច្រើន ផ្ទាល់​ឬ​ប្រយោល សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃ​ក្នុង ដែលបញ្ហា​ទាំង​អស់​នេះ តម្រូវ​ឱ្យ​កង​​កម្លាំង​​នគរ​បាល​ជាតិ ទប់​ស្កាត់ និង​បង្រ្កាបឱ្យ​ទាន់​ពេល​វេលា។

អាស៊ីសេរី​​​មិន​​អាច​​​ទាក់​ទងអ្នក​នាំ​​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិលោក ឆាយ គឹមខឿន ដើម្បី​​​សុំ​​​ការ​​​បញ្ជាក់​រឿង​​​នេះ បាន​​ទេ នៅ​ថ្ងៃទី​១៥ ខែឧសភា។

របប​លោក ហ៊ុន សែន បាន​​រំលាយ​​គណបក្ស​​សង្គ្រោះជាតិ​​ដែល​​មាន​​អ្នក​​គាំទ្រ​ជិត​​ពាក់​កណ្តាល​​ប្រទេស កាល​​ពី​ចុង​ឆ្នាំ២០១៧ រួច​​រៀប​​ចំ​ការ​បោះ​ឆ្នោត​ដោយ​​ប្រមូល​យក​​​អាសនៈ​សភា​ទាំង​ស្រុង​​មក​​កាន់​​កាប់​​តែ​ម្នាក់​​ឯង។ របប​នេះ​​បាន​​បំបិទ​សិទ្ធិ​​ថ្នាក់​ដឹកនាំ​​គណបក្ស​​ប្រឆាំង​​ចំនួន​​ ១១៨ នាក់ មិន​​ឱ្យ​​ធ្វើ​នយោ​បាយ​រយៈ​ពេល​​៥ ឆ្នាំ និង​​ដក​ហូត​​យក​​អាសនៈពី​​ថ្នាក់​​មូលដ្ឋាន​​រហូត​​ដល់​​ថ្នាក់​ជាតិ​​របស់​​បក្ស​​សង្គ្រោះជាតិ​​ទៅ​​ចែក​​គ្នា​​កាន់​​កាប់។ មកដល់​​ពេល​​នេះ ថ្នាក់ដឹកនាំ និង​​សកម្មជន​បក្ស​ប្រឆាំង​​​ជា​ច្រើន​រូប កំពុង​​ជាប់​​បណ្តឹង​នៅ​​តុលាការ ក្រោម​​បទ​ចោទញុះញង់ និង​​រួម​​គំនិត​ក្បត់ ក្នុង​​នោះ​​មួយ​​ចំនួន​​កំពុង​​ជាប់​​ឃុំ​​ក្នុង​ពន្ធនាគារ រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជា​ដើម។

Election_2016.jpeg


ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។ (រូប៖ RFA)

 

ជុំវិញ​​រឿង​​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា កង​កម្លាំង​នគរ​បាលជាតិ ដើរ​តួនាទី​រក្សា​​សន្តិសុខ​​សុវត្ថិភាព​​ជូន​​សង្គម​​ជាតិ​​ដោយ​​មិន​​រើស​អើងគណបក្ស​​នយោបាយ ប៉ុន្តែ​​មន្រ្តី​​មួយ​​ចំនួន​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ។ លោក​បន្តថា​មន្រ្តី​ដែល​ប្រព្រឹត្ត​ខុស គួរ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ដើម្បីប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌ និង​សិទ្ធិ​ស្មើ​គ្នា ដោយ​គ្មាន​ការ​រើស​អើងនិន្នាការ​នយោបាយ៖ «ជា​បុគ្គល​ជា​កង​កម្លាំង​ណា​ដែល​ធ្វើ​ខុស​ច្បាប់​រំលោភបំពាន​ទៅ​លើ​ប្រជា​ពលរដ្ឋ​ហ្នឹង អនុវត្ត​តាម​ផ្លូវ​ច្បាប់​ដូច​ពលរដ្ឋ​ទៅ កង​កម្លាំងនគរ​បាល​ហ្នឹង​ត្រូវ​តែ​អនុវត្ត​តួនាទី​របស់​ខ្លួន​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឱ្យ​ស្មើ​គ្នា​គ្រប់​រូប ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោ​បាយ​ទេ ប្រសិន​ជា​ពួក​គាត់​មាន​បញ្ហា ឬ​ក៏​មាន​​បទ​ល្មើស​កើត​ឡើង ត្រូវ​អនុវត្ត​ឱ្យ​ស្មើ​គ្នាចំពោះ​ពួក​គាត់​ហើយ​ទទួល​ភាព​យុត្តិធម៌​ក៏​ដូច​ជា​សិទ្ធិ​ស្មើ​គ្នា»។

លោក អំ សំអាត បញ្ជាក់ថា​ រដ្ឋាភិបាល​រង​ការ​រិះគន់​ពី​សហគន៍​អន្តរជាតិ ពិសេស​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទាក់​នឹង​ការ​បង្រ្កាប​ និងការ​ចោទ​ប្រកាន់​លើ​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។ លោកក៏បាន​ជំរុញ​ឱ្យអ្នក​នយោបាយ​គ្រប់​ភាគី​គួររក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ ដើម្បី​ឈានទៅ​រក​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌៕

1 comment:

Anonymous said...

Based on his characters, Ah Roleuy Hun Sen is notm a Khmer.

It is about time that Khmer people wage a nationwide peaceful protest demanding for the CNRP's reinstatement.

Khmer people must step up their courage for Cambodia's survival.

The CNRP will never come back to life by itself. We must fight for it.

No blood, no glory.