ដោយ ហេង រស្មី
2021-05-03
(ពីឆ្វេងទៅស្ដាំ) លោក អ៊ុំ សំអាន សមាជិកសភាគណបក្សសង្គ្រោះជាតិ កំពុងរស់នៅសហរដ្ឋអាមេរិក, លោក គឹម សុខ អ្នកវិភាគនយោបាយ, លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេស ន័រវេសន៍ (Norway) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម៉ែន ណាត នៅប្រទេស ន័រវេស (Norway) យល់ថា លោក ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោកទាំង ៤រូប
មន្ត្រីបក្សប្រឆាំងរិះគន់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែលយកកីឡាករបាល់ទាត់ពិភពលោក ដើម្បីវាយប្រហារបកទៅលើអ្នករិះគន់លោក ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរបស់ចិន។ ប្រតិកម្មបែបនេះក្រោយពេលលោក ហ៊ុន សែន សរសេរលើហ្វេសប៊ុកដោយលើកពីឈ្មោះកំពូលកីឡាករបាល់ទាត់មីសស៊ី (Messi) និងនីម៉ា (Neymar) ដែលត្រូវបានសារព័ត៌មានចិនចុះផ្សាយថាអ្នកទាំងពីរគ្រោងចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន ទោះពួកគេមានជម្រើសចាក់វ៉ាក់សាំងផ្សេងក៏ដោយ។
មន្ត្រីបក្សប្រឆាំងចំអកទៅលោក ហ៊ុន សែន ថា ដើម្បីអាចជួយផ្សព្វផ្សាយវ៉ាក់សាំងចិនដែលជារបស់ចៅហ្វាយខ្លួន ទើបលោកបានយកកីឡាករបាលទាត់ពិភពលោកមកប្រឡូកប្រឡាក់នឹងរឿងនយោបាយខ្លួនឯង។ ទោះយ៉ាងណាពួកគេថា លោក ហ៊ុន សែន មិនទទួលបានផលចំណេញអ្វីពីការយកឈ្មោះអ្នកល្បី ដើម្បីកេងចំណេញរឿងនយោបាយនោះឡើយ។
សមាជិកសភាគណបក្សសង្គ្រោះជាតិ កំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន យល់ថា លោក ហ៊ុន សែន ត្រូវការចិនដើម្បីការពារអំណាច ដូច្នេះលោក ហ៊ុន សែន ធ្វើគ្រប់យ៉ាង ដើម្បីជួយផ្សាយពាណិជ្ជកម្មវ៉ាក់សាំងចិន ខណៈវាក់សាំងចិនមានគុណភាពទាប។ តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ប្រាប់ទៅលោក ហ៊ុន សែន គួរកុំយកឈ្មោះកីឡាករលំដាប់ពិភពលោកមកជាប់ពាក់ព័ន្ធរឿងនយោបាយនិងរឿងវ៉ាក់សាំងចិន ព្រោះជារឿងអាម៉ាស់ដល់ប្រទេសជាតិ៖ «គេជួយបញ្ហាហ្នឹងគេមិនបានគិតរឿងបញ្ហានយោបាយទេ ប៉ុន្តែលោក ហ៊ុន សែន យកបញ្ហាហ្នឹងធ្វើជាបញ្ហានយោបាយឱ្យប្រជាពលរដ្ឋគាំទ្រវ៉ាក់សាំងរបស់ចិន»។
ប្រតិកម្មបែបនេះក្រោយលោក ហ៊ុន សែន សរសេរលើហ្វេសប៊ុករបស់កាលពីយប់ទី២ ឧសភា ចោទជាសំនួរថា តើកំពូលកីឡាករបាល់ទាត់ មីសស៊ី (Messi) និង នីម៉ា (Neymar) អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន?។ មេដឹកនាំដែលមានប្រវត្តិភ្នាល់បាលរូបនេះបន្តទៀតថា តើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱ្យការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត?។ ក្រោយលើកឡើងរឿងកីឡាករបាល់ទាល់គ្រោងចាក់វ៉ាក់សាំងចិននេះ លោកអួតអាងភ្លាមៗ ថា កម្ពុជាមានវ៉ាក់សាំងចិនចាក់ឱ្យពលរដ្ឋពេលនេះ គឺដោយលោកសារលោករឹងក្បាលស្វះស្វែងរកវ៉ាក់សាំងចិនទើបមិត្តដែកថែបរបស់លោកបានឧបត្ថម្ភ និងផ្គត់ផ្គង់អាចឱ្យរដ្ឋាភិបាលចាក់ជូនពលរដ្ឋ។ លោក ហ៊ុន សែន ថែមទាំងហៅអ្នកនយោបាយបក្សប្រឆាំង និងអ្នករិះគន់រឿងវ៉ាក់សាំងចិននេះថា ជាអ្នកនយោបាយស្ទើរភ្លើង គួរតែខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ។
ក្រោយលោក ហ៊ុន សែន បង្ហោះសារបែបនេះ មានអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយចំនួន ចូលទៅបញ្ចេញមតិ ឬខំមិន (Comment) ថា ការរិះគន់រឿងវ៉ាក់សាំងចិននេះ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងធ្លាប់ប្រកាសសន្យាថា នឹងមិនទិញវ៉ាក់សាំងណាដែលមិនទាន់ទទួលស្គាល់ពីសុខភាពពិភពលោក ចាក់ជូនពលរដ្ឋនោះទេ។ ភ្លាមៗ លោក ហ៊ុន សែន បានឆ្លើយតបថា អ្នកបញ្ចេញមតិបែបនេះ គឺក្នុងគោលបំណងឌឺដងផ្ចាញ់ផ្ចាល និងជាមនុស្សទំនើង ព្រមទាំងព្រមានប្រើនគរបាលឲ្យឃាត់ខ្លួនទៀតផង។
ទោះយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត នៅប្រទេស ន័រវេសន៍ (Norway) យល់ថា លោក ហ៊ុន សែន កុំទាល់អាលមានមោទនភាពលើវ៉ាក់សាំងចិនពេក ព្រោះមកដល់ពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់ទទួលស្គាល់វ៉ាក់សាំងចិននៅឡើយទេ។ ការយកឈ្មោះកីឡាករបាល់ទាត់មកពាក់ព័ន្ធរឿងនយោបាយពេលនេះប្រហែលលោក ហ៊ុន សែន ចង់យកឈ្មោះកីឡាករទាំងនោះទៅដៀមដាមឱ្យលោក សម រង្ស៊ី ដែលកាលពីមុនមេដឹកនាំបក្សប្រឆាំងរូបនេះរិះគន់ការចាក់វ៉ាក់សាំងចិន៖ «ចិនហ្នឹងប្រកាសផ្ដល់វ៉ាក់សាំងមួយចំនួនទៅឱ្យលោក ហ៊ុន សែន ជាវ៉ាក់សាំងប្រភេទខ្សោយទៀតវ៉ាក់សាំងកាន់តែខ្សោយមេរោគស្គាល់វ៉ាក់សាំងហើយវាអត់ខ្លាចទេ វាអាចបំប្លែងទៅជាអ្វីផ្សេងទៀតដូចលោក ទៀ បាញ់ គាត់ប្រកាសមានអ្នកខ្លះចាក់វ៉ាក់សាំងហើយឆ្លងទៀត។
ខណៈរដ្ឋាភិបាលលោក ហ៊ុន សែន បានបន្តបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ព្រមទាំងខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើមនោះ មានពលរដ្ឋមួយចំនួនបានត្អូញត្អែរថា ការផ្ដល់ស្បៀងអាហាររបស់រដ្ឋាភិបាលមិនបានគ្រប់គ្រាន់និងមិនទាន់ពេល។ ទន្ទឹមគ្នានោះដែរគេសង្កេតឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ប្រើវិធានការក្ដៅដេញវាយពលរដ្ឋ ឬចាប់ចងពលរដ្ឋដាក់គុក ជាជាងវិធានជួយសង្គ្រោះពលរដ្ឋ។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ការវ៉ាក់សាំងចិនតែមួយមុខមិនមែនជាដំណោះស្រាយក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដនោះទេ ព្រោះលោកសង្កេតឃើញថា ទោះពលរដ្ឋកំពុងចាក់វ៉ាក់សាំងក្ដី ប៉ុន្តែពលរដ្ឋនៅតែឆ្លងជំងឺកូវីដ១៩ ហើយថែមទាំងមានពលរដ្ឋស្លាប់រាល់ថ្ងៃ។ អ្នកវិភាគរូបនេះ ជំរុញទៅលោក ហ៊ុន សែន ព្យាយាមដោះស្រាយបញ្ហាចំពោះមុខរបស់ពលរដ្ឋ ដូចជា ការខ្វះស្បៀងអាហារការបាត់បង់ការងារការបាត់បង់ចំណូល និងបញ្ហាខ្វះមន្ទីរពេទ្យព្យាបាលអ្នកជំងឺជាដើម៖ «ដើម្បីធ្វើរឿងទាំងនេះបានទាល់តែរដ្ឋាភិបាលជួយប្រពលរដ្ឋជួយទាំងជីវភាព ថ្លៃទឹកថ្លៃភ្លើងថ្លៃផ្ទះ ហើយនឹងសម្រួលការបង់បំណុលធនាគារមីក្រូហិរញ្ញវត្ថុទើបប្រជាពលរដ្ឋមិនជ្រួលច្របល់ ហើយអាចនៅគម្លាតពីគ្នាដោយសុខចិត្តបាន»។
ទោះលោក ហ៊ុន សែន សរសេរពីគុណសម្បត្តិវ៉ាក់សាំងចិនក្ដី ប៉ុន្តែលោកផ្ទាល់ និងភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលលោកមួយចំនួនមិនបានចាក់វ៉ាក់សាំងចិនទេ ទោះដំបូងឡើយលោកប្រកាសថា នឹងចាក់វ៉ាក់សាំងចិនក្ដី។ តែទីបំផុតលោក ហ៊ុន សែន និងភរិយារបស់លោក រួមទាំងមន្ត្រីកំពូលៗ មួយចំនួនផង បាននាំគ្នាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្ស៊េណេកា (AstraZeneca) របស់ប្រទេសអង់គ្លេសដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកទៅវិញ។ គិតមកដល់ពេលនេះទាំងពលរដ្ឋ និងយោធាបានជាងមួយលានបីនាក់ហើយ ដែលបានចាក់វ៉ាក់សាំងដែលវ៉ាក់សាំងភាគច្រើនជាវ៉ាក់សាំងចិន៕
No comments:
Post a Comment