Khmer Circle:
So "analysts" are still worried about the good 'reputation' or
'honour' of the "government" and the "Monarch", eh? Some
might say these precious things are as about as real as Bun Ranny Hun Sen's
eyebrow!
It so happens that one of these tycoons [all tycoons or okhnas are considered "the Royal Government's partners in development" otherwise also known as Hun Sen's cronies] is called 'Tree' Pheap who also happens to be the major driving force behind the country's mass deforestation. Other tycoons should also carry names like "Land-grabs", "Sands", "Money-laundering", “drug-trafficking” etc. to more aptly reflect their distinguished achievements and contributions to the nation.
🔺🔺🔺
ដោយ ហេង រស្មី
2021-05-17 rfa
(ឆ្វេង) ឧកញ៉ា គិត ធាង លោកឧកញ៉ា ពង់ ខៀវសែ និងឧកញ៉ា ទ្រី ភាព។
រូប៖ ហ្វេសប៊ុក
ក្រុមអ្នកវិភាគលើកឡើងថា ប្រសិនបើការផ្ដល់គោរមងារជាឧកញ៉ាដល់អ្នកណាម្នាក់ដោយសារគាត់មានលុយជួយរដ្ឋាភិបាល ប៉ុន្តែមិនពិនិត្យប្រភពលុយនិងចរិយាសម្បត្តិបុគ្គលនោះ នឹងអាចធ្វើឱ្យការទទួលបានងារឧកញ៉ាបង្កបញ្ហាដល់សង្គម។ ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃពីទ្រព្យសម្បត្តិ លក្ខណៈសម្បត្តិបុគ្គល និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ឱ្យបានគ្រប់ជ្រុងជ្រោយមុនផ្ដល់គោរមងារឧកញ៉ានេះទៅឱ្យនរណាម្នាក់។
អ្នកវិភាគជើងចាស់លោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើហ្វេសប៊ុកលោកថា ពីរឆ្នាំមកនេះឧកញ៉ាមួយចំនួនមានរឿងអាស្រូវបែកធ្លាយជាសាធារណៈដែលធ្វើឱ្យប៉ះពាល់មិនតិចដល់តម្លៃនិងខ្លឹមសារឥស្សរិយយសដើមនៃគោរមងារឧកញ៉ានេះ។ ជាងនេះទៅទៀតលោកបណ្ឌិតថា ករណីនេះបានប៉ះពាល់ដល់កិត្តិនាមអ្នកស្នើសុំនិងព្រះកិត្តិនាមព្រះមហាក្សត្រដែលជាអ្នកប្រទានគោរមងារនេះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា គោរមងារឧកញ៉ានេះបានកែក្លាយពីគ្រឿងឥស្សរិយយសពិសេសទៅជាទំនិញឱ្យតែអ្នកទិញមានលុយដល់ ទោះអ្នកទិញនោះជាមនុស្សប្រភេទណាក៏ដោយ។ លោកស្នើឱ្យលុបគោរមងារសក្ដិភូមិនេះចោល ដែលងារនេះ ជាឧបសគ្គដល់ការកសាងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋដែលសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា ឧកញ៉ាប្រព្រឹត្តខុសជារឿងបុគ្គល ហើយទង្វើនោះក៏មិនប៉ះពាល់ដល់ឧកញ៉ាផ្សេងទៀតដែលធ្វើល្អ និងរឹតតែមិនប៉ះពាល់ដល់រដ្ឋាភិបាលជាអ្នកស្នើផ្តល់ងារនេះរួមទាំងព្រះមហាក្សត្រដែលជាអ្នកប្រទានគោរមងារនេះដែរ។ លោកអះអាងទៀតថា គ្មានការចាំបាច់ណាមួយដែលប្ដូររបៀបរបបនៃការផ្ដល់គោរមងារឧកញ៉ានេះដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យរូបនេះថា លោកមិនទាន់ដឹងថារដ្ឋាភិបាលវាយតម្លៃលក្ខណៈសម្បត្តិអ្វីខ្លះមុននឹងស្នើទៅព្រះមហាក្សត្រផ្ដល់គោរមងារឧកញ៉ាទៅឱ្យជនណាម្នាក់នោះទេ៖ «កាលតែងតាំងគាត់ល្អណាស់ដល់ក្រោយមកគាត់បានតួនាទីគាត់មិនល្អ អាណឹងជារឿងបុគ្គលគាត់យើងបន្ទោសអ្នកតែងតាំង អ្នកស្នើតែងតាំង អ្នកចុះហត្ថលេខា ឡាយព្រះហស្តលេខា តែងតាំងម៉ិចកើត»។
ទោះជាលោក សុខ ឥសាន អះអាងបែបនេះក្ដី ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់គ្រប់គ្រងឧកញ៉ាការផ្ដល់គោរមងារឧកញ៉ា និងការដកហូតគោរមងារនេះវិញ។ លិខិតចុះកាលពីខែមេសា ប៉ុន្តែទើបតែផ្សព្វផ្សាយថ្ងៃទី១៧ ខែឧសភា ឲ្យដឹងថា ក្រុមការងារនេះមានភារៈកិច្ចសិក្សាស្រាវជ្រាវច្បាប់លិខិតបទដ្ឋានគតិយុត្តិនានាដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្ដល់គោរមងារឧកញ៉ានិងការដកហូតគោរមងារឧកញ៉ា។ សិក្សាអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្ដាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ។
ទោះកម្ពុជាជាប្រទេសក្រីក្រ ប៉ុន្តែមានឧកញ៉ាឬភាសាសាមញ្ញហៅថាឈ្មួញអភិជនរាប់រយនាក់។ ទន្ទឹមគ្នានោះដែរ ឧកញ៉ាខ្លះជាប់ទាក់ទងការរំលោភដីធ្លីពលរដ្ឋ ចាក់ដីលុបទន្លេដូចជា ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ឡៅ ម៉េងឃីន ឧកញ៉ា គិត ម៉េង និងលោកឧកញ៉ា ពុង ឃាវសែ។ ក្រៅពីនេះ ឧកញ៉ាខ្លះទៀតជាប់ចោទជាមេខ្លោងជួញដូរគ្រឿងញៀន ដូចជា លោក តាន់ សេងហាក់ និងលោក គិត ធាង ដែលទើបរួចខ្លួនពីពន្ធនាគារយ៉ាងអាថ៌កំបាំង និងមានឧកញ៉ាមួយចំនួនទៀតរងការចោទប្រកាន់ថា រកស៊ីជួញដូរព្រៃឈើ ដូចជាលោក ទ្រី ភាព លោក សឹង សំអុល លោក គង់ ក្រឹង លោក តុប វីរដា លោក វន់ ប៊ុនថៃ លោក ស៊្រុន ម៉េងលាងជាដើម។ ក្រៅពីនេះ ថ្មីៗនេះដែរមានករណីឧកញ៉ាខ្លះមានឈ្មោះអាស្រូវរឿងវាយប្រពន្ធនិងបញ្ហាផ្លូវភេទ គឺឧកញ៉ា ឌួង ឆាយ និងឧកញ៉ា ហេង សៀ ដែលត្រូវពិធីការិនីទូរទស្សន៍ក្នុងស្រុកម្នាក់ប្ដឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។ ចំណែកឧកញ៉ាដែលជាកូនក្មួយរបស់លោក ហ៊ុន សែនវិញ រួមមាន លោក ហ៊ុន ជា និងលោក ហ៊ុន តូ ជាដើម មានឈ្មោះអាស្រូវរឿងជួញដូរគ្រឿងញៀន និងបាញ់បោះសេរី។ ឧកញ៉ា ថោង សារ៉ាត ពាក់ព័ន្ធនឹងអំពើឃាតកម្ម។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី យល់ថា បើការផ្ដល់គោរមងារឧកញ៉ាទៅនរណាម្នាក់ត្រឹមតែជាការបរិច្ចាគថវិកាជូនរដ្ឋាភិបាល គឺស្មើនឹងអ្នករៀនទិញសញ្ញាប័ត្រក្លែងក្លាយដែរ។ លោកបន្តថា ប្រសិនរដ្ឋាភិបាលទទួលលុយពីអ្នកបរិច្ចាគដើម្បីបានងារឧកញ៉ាហើយបុគ្គលនោះយកលុយកខ្វក់តាមរយៈការរកស៊ីទុច្ចរិតជួយរដ្ឋាភិបាលក៏ត្រូវចូលរួមខុសជាមួយជននោះដែរ៖ «អាចមានរឿងច្រើនថែមទៀត យើងដឹងហើយថា អ្នកខ្លះមានលុយមែន ប៉ុន្តែអត់មាន សីលធម៌ អត់មានយុត្តិធម៌ ក្នុងសង្គមទេ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ទៅធ្វើបាបអ្នកតូចតាចតាមរយៈដីធ្លីអីផ្សេង យើងឃើញ ស្ទើរតែ៩០ភាគរយនៃទំនាស់ដីធ្លីក្នុងស្រុកវិបត្តិប្រឈមជាមួយឧកញ៉ាហ្នឹងឯង»។
លោកបន្តថា បើសិនគ្មានការរឹតបន្តឹងការផ្ដល់គោរមងារនេះទេ នឹងធ្វើឱ្យប៉ះពាល់ដល់សង្គម ឬពលរដ្ឋជាងនេះទៀត។
វចនានុក្រមសម្ដេច ជូន ណាត ពន្យល់ថា ពាក្យឧកញ៉ាជាឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ ឬ អ្នកចេះត្រួតត្រាមុខការក្នុងក្រសួង ឬនាទីរបស់ខ្លួន។
ទោះយ៉ាងណាសព្វថ្ងៃ គោរមងារ «ឧកញ៉ា» ត្រូវបានប្រមុខរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រដើម្បីផ្ដល់ឱ្យជនណាម្នាក់ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជួយសង្គមជាតិ។ ដំបូងចាប់ពីមួយសែនដុល្លារឡើងទៅ និងត្រូវបាននាយករដ្ឋមន្ត្រីស្នើសុំទៅព្រះមហាក្សត្រ ដើម្បីព្រះរាជទាននូវគោរមងារនេះ។ បន្ទាប់មកគិតចាប់តាំងពីឆ្នាំ២០១៧ សប្បុរសជនទាំងឡាយណាដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជួយស្ថាបនាជាតិ ចាប់ពី ៥០ ម៉ឺនដុល្លារឡើងទៅ ទើបនាយករដ្ឋមន្ត្រីសម្រេចស្នើសុំទៅព្រះមហាក្សត្រព្រះរាជទាននូវគោរមងារឧកញ៉ាដែលអាចបញ្ជាក់បានថា តម្លៃឧកញ៉ានេះបានកើនឡើងមួយគុណនិងប្រាំដង៕
1 comment:
Puok Prett Teang Bey Kbal.
These 3 assholes are Cambodia's destroyers.
Post a Comment