ដោយ មួង ណារ៉េត
2021-05-11
អណ្តូងប្រេងនិងឧបករណ៍បូមប្រេងរបស់ក្រុមហ៊ុន KrisEnergy ដែលអាជ្ញាធររដ្ឋាភិបាលកម្ពុជារំពឹងថា ទទួលបានតំណក់ប្រេងជាលើកដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
រូប៖ KrisEnergy
រៀងរាល់ពេលជិតដល់រដូវកាលបោះឆ្នោត គណបក្សកាន់អំណាច តែងតែបញ្ចូលការឃោសនាអំពីក្ដីសង្ឃឹមនៃតំណក់ប្រេងដំបូងនេះ។ ប៉ុន្តែដំណឹងនេះ លិចអណ្ដែតនិងភ្លឹបភ្លែតដូចពន្លឺចេញពីសត្វអំពិលអំពែក។ ជាងនេះទៅទៀត ដំណឹងល្អអំពីប្រេង ក្នុងសារនយោបាយរបស់មន្ត្រីបក្សកាន់អំណាចនេះ អាចជាសារស្អំចិត្ត កុំឲ្យពលរដ្ឋបាក់ទឹកចិត្ត ក្នុងស្ថានភាពដែលស្រុកទេសកំពុងជួបវិបត្តិ។
បន្ថែមលើការនិយាយអួតសម្ញែងទ្រព្យជាតិថា មានមាសរាប់សិបតោន (៣០ តោន) ប្រាក់ពន្ធដារ ពន្ធគយ និងប្រាក់បម្រុងទុករាប់ពាន់លានដុល្លារ ទុកសម្រាប់នៅពេលដែលប្រទេសកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ-១៩ លោក ហ៊ុន សែន កាលពីនៅកៀកដាច់ឆ្នាំចាស់ ឆ្នាំ២០២០ ក៏បានប្រកាសយ៉ាងឱឡារិកម្តងទៀតថា កម្ពុជាមានតំណក់ប្រេងដំបូងហើយ។ ទោះតំណក់ប្រេងដំបូងនេះ បូមបាននៅថ្ងៃទី២៨ ខែធ្នូ តែលោកយកថ្ងៃទី២៩ ខែធ្នូ មកប្រកាសលទ្ធផលនេះ ដើម្បីឲ្យគាប់ជួនគ្នានឹងព្រឹត្តិការណ៍ដែលលោកដាក់ថា ឈ្នះ-ឈ្នះ នោះ៖ «វាគាប់ជួនខ្លាំងណាស់ ជាមួយនឹងខួបលើកទី ២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។ អត់មានសន្តិភាព អត់មានការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាព និងការឯកភាពជាតិ គ្មានទេនូវព្រឹត្តិការណ៍តំណក់ប្រេងលើកដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយសុំបញ្ជាក់ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ សុំយកតំណក់ប្រេងពីឯកឧត្តម ស៊ុយ សែម ទៅរក្សាទុកនៅវិមានឈ្នះ-ឈ្នះផង ព្រោះដោយសារនយោបាយឈ្នះ-ឈ្នះបានវាមានប្រេងកាត។ ដូច្នេះយកតំណក់ប្រេងហ្នឹងតិចតួច ទៅទុកនៅកន្លែងហ្នឹង!»។
ឥឡូវតំណក់ប្រេងនេះ បានហោចទៅវិញហើយ ព្រោះក្រុមហ៊ុនសិង្ហបុរី គ្រីសអែណឺជី (KrisEnergy) បានប្រកាសកាលពីចុងខែ មីនា ថាទិន្នផលប្រេងនៅឈូងសមុទ្រខ្មែរនោះ បូមបានតែមិនដល់ ៣ពាន់ធុង (២.៨៨៣ធុង) ផងក្នុងមួយថ្ងៃ។ ចំនួននេះ តិចជាងការរំពឹងទុកជាងពាក់កណ្តាល។ ដំបូងក្រុមហ៊ុននេះថា នឹងអាចមានប្រេង ៧.៥០០ធុង ក្នុងមួយថ្ងៃ។
ដំណឹងមិនល្អនេះ ធ្វើឲ្យមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន ព្រមានក្រុមហ៊ុនរុករកប្រេងនេះ។ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ កាលពីដើមខែមេសា ប្រាប់សារព័ត៌មានជប៉ុន (Neikkei Asia) ថាបើក្រុមហ៊ុននេះ មិនដោះស្រាយបញ្ហានេះ រដ្ឋាភិបាលនឹងដាក់ពិន័យ ឬលុបកិច្ចសន្យាចោល។ លោកទុកពេលឲ្យក្រុមហ៊ុន ត្រឹមចុងខែមេសា ឬចុងខែឧសភា ដើម្បីបំភ្លឺរឿងនេះ។
ទោះជារងការព្រមានបែបនេះក្ដី តំណាងក្រុមហ៊ុន មិនទាន់មានពេលវេលាជាក់លាក់ដើម្បីបំភ្លឺរឿងនេះ ជូនរដ្ឋាភិបាលកម្ពុជានោះទេ។ អ្នកនាំពាក្យក្រុមហ៊ុន គ្រីសអែណឺជី (KrisEnergy) អ្នកស្រី ជូលៀន រ៉េក (Julian Rake) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក ថាក្រុមហ៊ុននឹងបញ្ចេញព័ត៌មានជាក់លាក់បន្ថែម ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ទៅតាមការគួរ និងពេលវេលាសមស្រប។
អ្នកវិភាគថា ការព្រមានក្រុមហ៊ុនដែលក្ស័យធននេះ គឺជាការគួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះនរណាក៏ដឹងដែរ ថាទិន្នផលប្រេង នឹងមិនមានច្រើននោះទេ។ អ្នកដែលមិនដឹង ឬធ្វើមិនដឹង គឺមន្រ្តីខ្មែរនៃរដ្ឋាភិបាលលោក ហ៊ុន សែន ដែលស្រមើលស្រម៉ៃក្នុងរឿងនេះប៉ុណ្ណោះ។ អ្នកវិភាគគោលនយោបាយ និងជាសាស្រ្តាចារ្យ ផ្នែកការទូត និងកិច្ចការពិភពលោក នៅមហាវិទ្យាល័យអុកស៊ីដិនថល (Occidental) ក្រុងឡូសអែនជឺលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California)សហរដ្ឋអាមេរិក ថាក្រុមហ៊ុននេះ ជាក្រុមហ៊ុនខ្មោច និងជំពាក់បំណុលគេរុំសួត រកប្រាក់ត្រឹមសងការប្រាក់នៃប្រាក់ជំពាក់គេ មិនគ្រប់ផង។ ប៉ុន្តែ ក្រុមហ៊ុននេះ ចេះតែផ្សងព្រេង។
លោក អៀ សុផល ហួសចិត្តនឹងការណ៍ដែលមន្រ្តីរដ្ឋាភិបាលកម្ពុជា ព្រមានក្រុមហ៊ុននេះ។ លោកចោទជាសំណួរ ថាតើឲ្យក្រុមហ៊ុននេះ ជប់ប្រេងចេញពីថ្ម ឬយ៉ាងដូចម្តេច? លោកបន្ថែមថា អាជ្ញាធរកម្ពុជា មិនដែលមានតម្លាភាពរឿងប្រេងនេះទេ។ ដូច្នេះ គ្មានរឿងអ្វីដែលត្រូវភ្ញាក់ផ្អើល ពេលដែលរដ្ឋាភិបាលមិនអាចពន្យល់ខ្លួនឯងបាន ថាតើហេតុអ្វីបានជាខ្លួនរកស៊ីជាមួយក្រុមហ៊ុន ដែលមានតែសម្បកបែបនេះនោះ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា ក៏គួរដឹងដែរថាក្រុមហ៊ុនប្រេងរបស់អាមេរិក ឆេវ៉ឺរ៉ុន (Chevron)បានសេងអាជីវកម្មរុករកប្រេងនេះតាំងពីយូរយាណាស់មកហើយ ព្រោះគេអត់សង្ឃឹមថា មានប្រេង។ លោកថានេះហើយជាលទ្ធផល ដែលចង់ធ្វើនំអត់ម្សៅ។ លទ្ធផលគឺបែបនេះឯង។
ក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនបរទេសជាច្រើន ដែលបន្តកន្ទុយគ្នា រុករកប្រេងនៅឈូងសមុទ្រកម្ពុជា។ ប៉ុន្តែ ព័ត៌មានអំពីលទ្ធផលសិក្សា និងស្រាវជ្រាវទាំងនេះ មិនមានផ្សព្វផ្សាយជាសាធារណៈនោះឡើយ។ ភាពខ្វះតម្លាភាពនេះ ធ្វើឲ្យសកម្មជនបរិស្ថាន ដាក់ការមន្ទិលសង្ស័យកាន់តែច្រើនលើសម្ព័ន្ធភាពរវាងក្រុមហ៊ុន គ្រីសអែណឺជី (KrisEnergy) និងការរកស៊ីជាមួយរដ្ឋាភិបាលកម្ពុជា។ ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) សង្ស័យថា ក្រុមហ៊ុននេះ អាចមានអ្វីអាថ៌កំបាំងច្រើនទៀត នៅពេលក្រោយការវិនិយោគដែលដឹងថា អត់ចំណេញនេះ៖ «ក្រុមហ៊ុននេះ យើងមិនអាចទុកចិត្តបានទេ ក្រែងលោកជាក្រុមហ៊ុនមួយដែលមានការពាក់ព័ន្ធនឹងបុគ្គលមានអំណាចកំពូលនៅក្នុងរដ្ឋាភិបាលោក ហ៊ុន សែន ទេដឹង? អាហ្នឹងអាចជាយន្តការមួយ ពាក់ព័ន្ធនឹងការលាងលុយក្រខ្វក់ និងឧក្រិដ្ឋកម្មណាមួយ អាហ្នឹងយើងសង្ស័យពីចំណុចហ្នឹង»។
ប៉ុន្តែអ្វីដែលលោក អាឡិច មិនសង្ស័យនោះ គឺព្រឹត្តិការណ៍តំណក់ប្រេងនេះ លោក ហ៊ុន សែន នឹងលែងអាចយកមកធ្វើជាឧបករណ៍ឃោសនានយោបាយ ដើម្បីបង្វែងព្រឹត្តិការណ៍បានដូចមុនទៀតហើយ។ លោកថាការបូមប្រេងនៅកម្ពុជានេះ នឹងបរាជ័យជាស្ថាបពរ ហើយគ្មានក្រុមហ៊ុនណាមួយ នឹងហ៊ានវិនិយោគ និងហ៊ានពាក់ព័ន្ធទៀតទេ ព្រោះខ្លាចក្ស័យធនដែរ។ ដូចថា នេះជាការបញ្ចប់ការបោកប្រាស់របស់លោក ហ៊ុន សែនដែរ។
ទោះជាយ៉ាងនេះក្តី សកម្មជនបរិស្ថានរូបនេះថា បរាជ័យនៃទិន្នផលប្រេងនេះ ជាលាភក្នុងគ្រោះ ពោលជាគ្រោះរបស់លោក ហ៊ុន សែន ប៉ុន្តែជាលាភរបស់អ្នកប្រជាធិបតេយ្យនៅកម្ពុជាទៅវិញ។ លោកថា វាជារឿងល្អសម្រាប់អ្នកចង់បានការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា៖ «ហេតុអ្វីបានខ្ញុំថាល្អ ដោយសាររបបផ្តាច់ការលោក ហ៊ុន សែន បើសិនជាគាត់មានលទ្ធភាពបូមប្រេងចំណូលរាប់រយលានដុល្លារ ក្នុងមួយឆ្នាំ គឺជារឿងដែលគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ជារឿងគ្រោះថ្នាក់សម្រាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយសារកន្លងមករបបផ្តាច់ការណាមួយដូចជានៅ អ៊ីរ៉ាក់ លីប៊ី ដូចប្រទេសនៅទ្វីបអាហ្វ្រិកមួយចំនួន របបផ្ដាច់ការណាដែលមានប្រេងអាចបូមបាន អាចនាំចេញទៅក្រៅប្រទេសបាន គឺរបបនោះជិះសេះលែងដៃមែនទែន មិនខ្វល់ខ្វាយសោះរឿងទណ្ឌកម្ម មិនខ្វល់ខ្វាយសម្ពាធអន្តរជាតិទេ។ ដូច្នេះលើកនេះ ហ៊ុន សែន គាត់បរាជ័យ គាត់មិនអាចមានចំណូលពីប្រេងបាន គឺជាសង្ឃឹមសម្រាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា»។
រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងរងទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិ រឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ ក្នុងពេលជាមួយគ្នានេះ វិបត្តិដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចជាតិដាំក្បាលចុះរហូតក្រោមសូន្យ។ ក្នុងស្ថានភាពបែបនេះ ការបាត់ចំណូលពីផលចំណេញពីប្រេងនេះ ក៏ជាការបន្ថែមបន្ទុកមួយទៀត ទៅលើទម្ងន់នៃវិបត្តិសេដ្ឋកិច្ចជាតិ `ដែលកំពុងតែដាបស្រាប់៕
2 comments:
Leader Kanduoy Meh Vear !!
This asshole Hun Sen did not finish even 8th grade, and Ah Kantorb put him in power to execute all Yuon's orders.
That's the main reason why Cambodia has so much trouble and Khmer people have too much trouble with each other - one side pro Ah Kantorb, and the other pro Khmer nationalists.
This is Ah Yuon Kantorb's tricks: make Khmer hate each other.
The evil Vietnam and its slave Hun Sen's ultimate goal is to force Khmer people to emigrate out of Cambodia so the evil Vietnamese could move in and take over Cambodia.
Therefore, all kind of problems that Khmer people have been facing are just part of the evil Yuon's manipulation.
What happen to the 99 years land concession to Vietnam ? the triangle area, the 2005 supplemental treaties to revive the illegitimate treaties of the 1980s, the influx of the evil Vietnamese into Cambodia, the destruction of Khmer natural resource, the brutal suppression of Khmer nationalists, etc...
Ah Roleuy Hun Sen has done it all.
Post a Comment