Wednesday, 19 May 2021

បក្ស​កាន់​អំណាច​ថា លោក កឹម សុខា នឹង​គ្មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត​ឡើយ បើ​រឿង​ក្ដី​មិន​ទាន់​បញ្ចប់


ដោយ ខែ សុណង
2021-05-18 rfa
បក្ស​កាន់​អំណាច​ថា លោក កឹម សុខា នឹង​គ្មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត​ឡើយ បើ​រឿង​ក្ដី​មិន​ទាន់​បញ្ចប់

(ឆ្វេង) លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ (ស្ដាំ) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ RFA និង​ហ្វេសប៊ុក Kem Sokha


គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា ទោះបីជា​លោក កឹម សុខា និង​ប្រទេស​មួយ​ចំនួន​ មាន​និន្នាការ​ចង់​ឱ្យ​មាន​ការ​ចរចា​នយោបាយ​ក៏ដោយ ក៏​រឿង​នេះ​មិន​អាច​កើត​មាន​ដាច់ខាត ពីព្រោះ​រចនាសម្ព័ន្ធ​របស់​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​រួច​ទៅ​ហើយ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ជីវិត​នយោបាយ​របស់​លោក កឹម សុខា ក៏​ត្រូវ​បាន​បញ្ចប់​ជា​បណ្ដោះអាសន្ន​សិន​ដែរ ទម្រាំ​មាន​ការ​សម្រេច​ជា​ថ្មី​ពី​តុលាការ។ ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់ និង​អ្នក​សង្កេតការណ៍​អះអាង​ថា ករណី​នេះ​មិន​អាស្រ័យ​លើ​តុលាការ​នោះ​ទេ តែ​ជា​ឆន្ទៈ​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ទៅ​វិញ។

តំណាង​គណបក្ស​កាន់​អំណាច​អះអាង​ថា លោក កឹម សុខា កំពុង​ជាប់​ក្ដីក្ដាំ និង​បម្រាម​នយោបាយ​នៅ​ឡើយ ដូច្នេះ​ទាល់​តែ​សំណុំ​រឿង​ទាំង​មូល​ត្រូវ​បាន​បិទ​បញ្ចប់​ជា​មុន​សិន ទើប​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​អាច​វិល​ចូល​ឆាក​នយោបាយ​វិញ​បាន។


មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា ដំណាក់​កាល​នេះ លោក កឹម សុខា មិន​អាច​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដូច​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត​នោះ​ទេ ព្រោះ​សំណុំ​រឿង​របស់​លោក​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។ លោក​សង្កត់​ធ្ងន់​ថា លោក កឹម សុខា នឹង​មិន​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០២២ និង ២០២៣ ឡើយ ប្រសិនបើ​សំណុំ​រឿង​របស់​លោក​មិន​ទាន់​បិទ​បញ្ចប់​ទេ​នោះ៖ «បើ​តុលាការ​មិន​ទាន់​បញ្ចប់​ករណី​គាត់​ទេ វា​អត់​មាន (វត្តមាន​ក្នុង​ការ​បោះ​ឆ្នោត) ទេ។ មិនមែន​ទំនង​ទេ គឺ​អត់​មាន​តែ​ម្ដង។ មិនមែន​តែ កឹម សុខា ទេ គ្រប់​រចនាសម្ព័ន្ធ ក្បាល​ម៉ាស៊ីន​របស់ CNRP ចាស់​ហ្នឹង វា​លែង​មាន​តែ​ម្ដង។ លើក​លែង​តែ​បង​ប្អូន ២២នាក់ ដែល​បាន​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​រួច​ហើយ​ពី​ព្រះមហាក្សត្រ អា​ហ្នឹង​គឺ​បង​ប្អូន​អាច​បង្កើត​គណបក្ស​នយោបាយ​បាន និង​ធ្វើ​សកម្មភាព​នយោបាយ​បាន»។

តំណាង​គណបក្ស​កាន់​អំណាច​រូប​នេះ សុំ​មិន​បកស្រាយ​អំពី​ការ​ប្រើប្រាស់​ពេល​វេលា​ដ៏​យូរ​នៅ​ក្នុង​សំណុំ​រឿង​នេះ​ទេ ព្រោះ​លោក​ថា នេះ​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ។ ប៉ុន្តែ​លោក​ថ្លែង​ការពារ​ថា សេចក្ដី​សម្រេច​ណា​មួយ​របស់​តុលាការ​ក្នុង​រឿង​ក្ដី​លោក កឹម សុខា គឺ​ជា​ការ​សម្រេច​ដោយ​ឯករាជ្យ ដែល​មិន​រង​ឥទ្ធិពល​នយោបាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​នោះ​ឡើយ។ ​

ទោះ​ជា​បែប​នេះ​ក្ដី ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ និង​អ្នក​ច្បាប់ នៅ​តែ​មើល​ឃើញ​ថា ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ចំណែក​នៅ​លើ​សាច់​ការ​ជាក់​ស្ដែង ស្ថាប័ន​រក​យុត្តិធម៌​មួយ​នេះ​នៅ​តែ​រង​ឥទ្ធិពល​នយោបាយ​ពី​អ្នក​កាន់​អំណាច ជាពិសេស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​តែ​ម្ដង។

លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​ កឹម សុខា មាន​ទោស​ក្បត់​ជាតិ ដែល​ត្រូវ​តែ​ទទួល​ទណ្ឌកម្ម។ ការ​ប្រកាស​បែប​នេះ​របស់​លោក ហ៊ុន សែន ទាំង​នៅ​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត និង​ក្នុង​ពេល​តុលាការ​កំពុង​បើក​សវនាការ​សំណុំ​រឿង​លោក កឹម សុខា ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​ចាត់​ទុក​ថា ជា​ការ​ដាក់​សម្ពាធ និង​ជ្រៀតជ្រែក​លើ​កិច្ច​ការ​តុលាការ៖ «ផែនការ​ដែល​ផ្ដួល​រំលំ​ចុង​ក្រោយ ដែល​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ទី២៩ ខែ​ធ្នូ ឆ្នាំ២០១៣ អា​ហ្នឹង​ជា​ស្អី? ដែល​ជា​ចុង​បំផុត នាំ​ដល់​មនុស្ស​ស្លាប់​និង​របួស​នៅ​ផ្លូវ វេង ស្រេង អា​ហ្នឹង​ជា​ស្អី?។ គិត​មិន​ឱ្យ​គេ​កាត់​ទោស ឬ​ស្អី ត្រូវ​តែ​កាត់ ហើយ​ម្ដង​នេះ មិន​មែន​គុក​ត្រពាំង​ផ្លុង​ទេ ប្រាប់​ឱ្យ​ហើយ គឺ​កន្លែង​ផ្សេង។ តែ​សាលក្រម​ចេញ​គ្រឹប​ហើយ គឺ​ដាក់​ហើយ គ្មាន​ទៅ​ទុក​ទេ»។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ ថា សំណុំ​រឿង​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ២០២៤ ដោយ​លោក​យល់ថា ករណី​នេះ​មាន​ភាព​ស្មុគស្មាញ និង​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​រក​ភស្តុតាង។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្អាក​សវនាការ​លោក កឹម សុខា តាំង​ពី​ចុង​ខែ​មីនា​ឆ្នាំ​២០២០ ក្រោម​ហេតុ​ផល​បង្ការ​ជំងឺ​កូវីដ-១៩។ ពី​ដំបូង​ឡើយ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​បញ្ជាក់​ថា ទាល់​តែ​ស្ថានការណ៍​កូវីដ​បាន​ធូរ​ស្រាល ទើប​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​កំណត់​កម្មវិធី​ជា​ថ្មី។ ប៉ុន្តែ មក​ដល់​ដើម​ឆ្នាំ​២០២១ ខណៈ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ផ្សេងៗ​ជា​បន្ត​បន្ទាប់ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​រូប​នេះ បែរ​ជា​និយាយ​ថា សំណុំ​រឿង​លោក កឹម សុខា មិន​មែន​ជា​រឿង​ក្ដី​អាទិភាព​នោះ​ទេ ព្រោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ។ ការ​ផ្អឹប​ទុក​សំណុំ​រឿង​នេះ គឺ​ស្រប​ទៅ​នឹង​បំណង​របស់​លោក ហ៊ុន សែន។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក តាំង ស៊ុនឡាយ និង​អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ឧសភា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា សហមេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា លោក ផែង ហេង ថ្លែង​ថា សំណុំ​រឿង​កូន​ក្តី​លោក មិន​មែន​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​តុលាការ​នោះ​ទេ តែ​អាស្រ័យ​នឹង​ឆន្ទៈ​នយោបាយ​ទៅ​វិញ។ លោក​ពន្យល់​ថា ក្រសួង​យុត្តិធម៌​អាច​អន្តរាគមន៍​ទៅ​​តុលាការ​ឱ្យ​ពន្លឿន​រឿង​ក្ដី​នេះ និង​រក​ទីតាំង​សមរម្យ​ដើម្បី​បើក​សវនាការ។ លោក​បញ្ជាក់​ថា អវត្តមាន​លោក កឹម សុខា ឬ​គណបក្ស​ប្រឆាំង​មួយ​ដ៏​រឹង​មាំ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​​កម្ពុជា៖ «រឿង​ហ្នឹង​ទាំង​មតិ​ជាតិ និង​អន្តរជាតិ គឺ​គេ​ចង់​ឃើញ​ឱ្យ​មាន​លំហ​ប្រជាធិបតេយ្យ ក្នុង​នោះ​គឺ​ឱ្យ​មាន​បក្ស​ប្រឆាំង​ដែល​មាន​សក្ដានុពល​សមរម្យ​ដើម្បី​ចូល​រួម​ប្រកួត។ អ៊ីចឹង​ការ​ដែល​មិន​អើពើ​រឿង​សម្រេច​ករណី​ឯកឧត្ដម កឹម សុខា វា​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា​បន្ត​ទៀត​ហើយ ព្រោះ​ដូច​បច្ចុប្បន្ន គេ​ដក EBA គេ​ត្បិតត្បៀត​ក្នុង​ជំនួញ​នេះ ជំនួញ​នោះ​ហ្នឹង។ មិន​មែន​ថា យើង​រស់​ពឹង​គេ​រហូត​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ការ​រស់​នៅ​ក្នុង​សហគមន៍​អន្តរជាតិ»។
Pheng_Heng_in_front_of_PP_Court_011520_LightningB.jpg


(កណ្ដាល) លោក ផែង ហេង សហមេធាវី​ការពារ​ក្ដី​លោក កឹម សុខា ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន នៅ​ខាង​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២០។ រូប៖ គេ​ផ្ដល់​ឱ្យ

មេធាវី ផែង ហេង ឱ្យ​ដឹង​ថា លោក កឹម សុខា ជាប់​បម្រាម​នយោបាយ​ចំនួន​ពីរ​ករណី។ ករណី​ទី​មួយ គឺ​លោក​ស្ថិត​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨នាក់ ដែល​តុលាការ​កំពូល​បាន​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ នៅ​ពេល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ២០១៧។ ទីពីរ លោក​ជាប់​បម្រាម​នយោបាយ ក្រោម​ដីកា​ដាក់​ឱ្យ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក ផែង ហេង បន្ថែម​ថា ក្រុម​មេធាវី​កំពុង​រៀបចំ​ដាក់​លិខិត​ថ្មី​មួយ​ទៀត​ទៅ​តុលាការ ដើម្បី​ស្នើ​ឱ្យ​បន្ត​សវនាការ​សំណុំ​រឿង​លោក កឹម សុខា បន្ទាប់​ពី​សំណើ​បី​លើក​កន្លង​ទៅ ត្រូវ​បាន​បដិសេធ។

ជុំវិញ​រឿង​នេះ អ្នក​ឯកទេស​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិ សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​ផ្អឹប​ទុក​សំណុំ​រឿង​លោក កឹម សុខា ជា​អ្វី​ដែល​គណបក្ស​កាន់​អំណាច​ចង់​បាន ព្រោះ​គណបក្ស​នេះ​នឹង​​ឈ្នះ​ឆ្នោត​ម្ដង​ទៀត​នៅ​ឆ្នាំ២០២២ និង ២០២៣ ដោយ​គ្មាន​គូ​ប្រជែង។ លោក​មើល​ឃើញ​ថា សំណុំ​រឿង​លោក កឹម សុខា ស្ថិត​លើ​ការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ឬ​ប្រមុខ​រដ្ឋាភិបាល មិន​មែន​ស្ថិត​នៅ​លើ​តុលាការ​នោះ​ទេ៖ «លោក កឹម សុខា គាត់​ថា ការ​កាត់​ក្តី ការ​ដាក់​បន្ទុក ចោទ​ប្រកាន់​មក​លើ​រូប​គាត់​ហ្នឹង ពុំ​យុត្តិធម៌ ពុំ​មាន​អំណះអំណាង​គ្រប់​គ្រាន់ ប៉ុន្តែ​គាត់​ទទួល​យក​ការ​នៅ​ស្ងៀម​ស្ងាត់។ អ៊ីចឹង​ការ​ទទួល​យក​បែប​នេះ ខ្ញុំ​គិត​ថា គណបក្ស​កាន់​អំណាច និង​តុលាការ គេ​អាច​ទុក​ការ​ទទួល​យក​នៅ​រហូត​ត​ទៅ​ទៀត​ហើយ។ ហើយ​ប្រសិន​បើ​អត់​មាន​ការ​រុញ​ច្រាន ឬ​​ការ​ជំរុញ​ពី​សហគមន៍​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​ការ​បើក​លំហ​សេរីភាព ប្រជាធិបតេយ្យ​ឡើង​វិញ​ទេ ខ្ញុំ​គិត​ថា យន្តការ​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​រក្សា​ចរន្ត​ដូច​ឆ្នាំ​២០១៨ មក​អ៊ីចឹង»។

លោក ឯម សុវណ្ណារ៉ា ថ្លែង​បន្ត​ថា ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ចង់​ឱ្យ​មាន​ការ​ចរចា ឬ​ដំណោះស្រាយ​នយោបាយ​នោះ ពួក​គេ​ត្រូវ​ធ្វើ​សកម្មភាព​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​ពេល​បច្ចុប្បន្ន ទាំង​ការងារ​ការ​ទូត ការ​តស៊ូ​មតិ​នៅ​ក្នុង​ស្រុក និង​ការ​តតាំង​តាម​ផ្លូវ​ច្បាប់៖ «អ្នក​ដឹកនាំ​អតីត​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​អាច​រួម​គ្នា អ្នក​ធ្វើ​ចរន្ត​នយោបាយ​ការ​ទូត​ទាំង​ក្នុង​ស្រុក ក្រៅ​ស្រុក។ គណបក្ស​ដែល​គេ​រំលាយ​ហ្នឹង គាត់​អាច​ទាមទារ​ឱ្យ​គេ​រក​យុត្តិធម៌ ពន្លឿន​យន្តការ​តុលាការ ហើយ​ឱ្យ​សហគមន៍​អន្តរជាតិ​អាច​មើល។ ប្រសិន​បើ​អ្នក​ដែល​មាន​បញ្ហា​ខ្លួន​ឯង មិន​ឈឺ​ឆ្អាល​ផង ហើយ​ឱ្យ​សហគមន៍​អន្តរជាតិ​ឈឺ​ឆ្អាល ខ្ញុំ​គិត​ថា គេ​មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។ កម្លាំង​ហ្នឹង គឺ​វា​នៅ​តែ​ទន់​ខ្សោយ​ដដែល​ទេ ពុំ​អាច​រក​តុល្យភាព​ទៅ​ជជែក​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​បាន​ទេ»។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស» ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ ទាំង​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ជាប់​ឃុំ​ក្នុង​ផ្ទះ។ នៅ​ចុង​ឆ្នាំ២០១៩ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក​មាន​សិទ្ធិ​​ដើរ​ហើរ​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ។ គឺ​ចាប់​ពី​ចុង​ឆ្នាំ​២០១៩ នោះ​ហើយ ដែល​លោក កឹម សុខា បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ជា​ញឹកញាប់​ជាមួយ​តំណាង​ទូត​ប្រទេស​លោក​សេរី។ ជាមួយ​គ្នា​នេះ លោក​តែង​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​បញ្ជាក់​អំពី​ភាព​ស្អាតស្អំ​របស់​លោក និង​មាន​បំណង​ចង់​ដោះ​ស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ-និង​អន្តរជាតិ ព្រម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស នៅ​តែ​ទទួល​ស្គាល់​ថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ ដែល​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។ ពួកគេ​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា ដើម្បី​ឱ្យ​លោក​អាច​ចាប់​ផ្ដើម​ជីវិត​នយោបាយ​បាន​ដូច​ដើម​ឡើងវិញ៕

2 comments:

Anonymous said...

I CANNOT stand with Ah Kantorb Sok Ey San's face.

I want to slap and throw shit to Ah Runteas Banh Sok Ey San's face.

Look at his face !!

Anonymous said...

The evil Yuon and Chen are pests in Cambodia.

The recent rape story stemmed from the evil Yuon: both the male and female.

Now, a news just emerged that Ah Kwack Hun Sen's motherfucker is Yuon, And they added that Ah Kwack Hun Sen knew how how to speak Yuon since he was a child because his motherfucker spoke Yuon with him.

Therefore, Khmer people should think twice about their bad habit of Som Teh Sok because Yuon put a Yuon (Hun Sen) to control Khmer people so that Yuon can swallow Cambodia.

Khmer people should start demanding Ah Hun Sen for the CNRP's restoration.

Inaction produces Zero result.

Ah Prett Kem Min Sok Kha should say something or do something or resign from his bull shit title as CNRP's President.