ដោយ សុជីវី
2021-06-02 rfa
អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុរដ្ឋមន្ត្រីសហរដ្ឋអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបនៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
រូប៖ US Embassy Phnom Penh Flicker
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល សង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងងាកមកស្តារបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ស្របតាមបំណងរបស់ប្រជាពលរដ្ឋ។ ពលរដ្ឋយល់ឃើញបែបនេះ បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដោយអ្នកស្រីបានស្នើឱ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅមុនការបោះឆ្នោតមកដល់។
ប្រជាពលរដ្ឋមួយចំនួន មានក្តីសង្ឃឹមខ្ពស់ថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) នឹងអាចជួយឱ្យកម្ពុជាដើរទៅរកផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដោយសារអ្នកស្រីបានលើកឡើងពីចំណុចទាំងនេះទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នករត់ផាសអាប់ (PassApp) នៅរាជធានីភ្នំពេញ លោក គង់ ស្រ៊ន់ លើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតទំនាក់ទំនងល្អឡើងវិញ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។ លោកបន្តថា វត្តមានអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺជាសញ្ញាល្អមួយ ដែលប្រជាពលរដ្ឋខ្មែរចង់ឱ្យសហរដ្ឋអាមេរិករំលឹកឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដល់រដ្ឋាភិបាលកម្ពុជា ដោយធានានូវសិទ្ធិបញ្ចេញមតិពេញលេញស្របតាមច្បាប់។ លោកបន្ថែមថា កម្ពុជាត្រូវប្រកាន់ប្រជាធិបតេយ្យឱ្យពិតប្រាកដ ព្រោះស្ថានភាពនយោបាយអាក្រក់ ក៏ប៉ះពាល់ដល់ចំណូល និងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៖ «ខ្ញុំមើលត្រង់ចំណុចនេះសំខាន់ណាស់ប្រជាពលរដ្ឋខ្មែរយើងរស់នៅក្នុងប្រទេសកម្ពុជាហាក់បីដូចជាខ្វះសិទ្ធិសេរីភាព យើងអត់មានសិទ្ធិបញ្ចេញមតិ រិះគន់ នៅមានកម្រិត ប្រសិនជាមតិយល់ស្របតាមសង្គមសព្វថ្ងៃនេះ អត់អីទេយើងអាចរស់នៅបានសុខស្រួល បើសិនជាយើងមានការរិះគន់យើងប្រហែលពិបាករស់នៅ»។
ស្រដៀងគ្នានេះដែរ កម្មការិនីរោងចក្រ នៅរាជធានីភ្នំពេញ លោកស្រី អ៊ុក ចន្ធី ថ្លែងថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានផ្តល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងការរំលោភបំពានសិទ្ធិ។ លោកស្រីថា បច្ចុប្បន្នកម្មកររោងចក្រមិនមានសិទ្ធិសេរីភាពពេញលេញនោះទេ ព្រោះពួកគាត់បាត់បង់សិទ្ធិមួយចំនួនដោយសារការកេងចំណេញពីថៅកែរោងចក្រ ដែលធ្វើឱ្យពួកគាត់បាត់បង់អត្ថប្រយោជន៍ពីការងារ ខណៈប្រាក់ឈ្នួលកម្មករទាប និងមិនអាចធ្វើឱ្យកម្មកររស់នៅក្នុងជីវភាពសមរម្យបានទេ។ លោកស្រីមើលឃើញថា រដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់អំពីទុក្ខលំបាក និងសិទ្ធិរបស់កម្មករឡើយ។ កម្មការិនីរូបនេះសង្ឃឹមថា សំណើរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញ នូវលក្ខខណ្ឌការងារ និងការគោរពសិទ្ធិកម្មករ ជាពិសេស ដំឡើងប្រាក់ខែជូនកម្មករជាដើម៖ «ដូចឈប់កូវីដអ៊ីចឹងក៏ដោយ រោងចក្រខ្ញុំជាដើម កាត់ប្រាក់ខែគ្នាមិនបើកប្រាក់ខែឱ្យពេញគ្នាធ្វើការមួយខែមិនឱ្យប្រាក់កម្រៃគ្នាពេញទេ មិនដឹងប៉ុន្មានភាគរយទេគិតទៅខ្ញុំបាន ៧០ដុល្លារ ខ្ញុំសង្ឃឹមថាក្រោយពេលអនុរដ្ឋមន្ត្រីសហរដ្ឋអាមេរិកគាត់ត្រឡប់ទៅវិញ សង្ឃឹមថា រាជរដ្ឋាភិបាលគាត់កែទម្រង់កម្មករហ្នឹងឱ្យមានជីវភាពប្រសើរឡើងវិញ»។
ដូចគ្នានេះដែរ ជាងថតរូបនៅខេត្តសៀមរាប លោក អ៊ី ធា ជឿជាក់ថា ការដែលមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកលើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជានោះ នឹងអាចជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាវិលត្រឡប់ទៅរកគោលការណ៍សិទ្ធិមនុស្សឡើងវិញ៖ «ទស្សនកិច្ចរបស់គាត់ជាការល្អ ព្រោះកន្លងមកយើងឃើញជាក់ស្ដែងហើយកម្ពុជាយើងធ្លាក់ដុនដាបខ្លាំងរឿងប្រជាធិបតេយ្យ កាលណាបិទសិទ្ធប្រជាពលរដ្ឋអត់មានសិទ្ធិនិយាយស្តី តវ៉ាអីទៅប៉ះពាល់ការងារអនុវត្តរបស់រដ្ឋដែរ ជួនមានបញ្ហាអីតិចគាត់ចេញតវ៉ាពិបាក ក្នុងការដោះស្រាយឱ្យអាជ្ញាធរជួយគាត់អត់មានសិទ្ធិនិយាយទេ និយាយអត់បានតែម្ដង»។
នៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ មិថុនា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសិទ្ធិមនុស្ស និងកិច្ចការពារសេរីភាពជាមូលដ្ឋាន ដែលជាគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ អ្នកស្រីបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្ដេជ្ញាចិត្តទាំងថ្នាក់ជាតិ និងអន្តរជាតិអំពីការគោរពសិទ្ធិមនុស្ស ហើយធានាឱ្យបានផងដែរនូវកិច្ចគាំពារដល់សិទ្ធិកម្មករនិយោជិត។ ជាងនេះទៅទៀត អ្នកស្រីបានអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យទម្លាក់ចោលបទចោទប្រកាន់ដែលមានចរិតនយោបាយលើអ្នកនយោបាយប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជនជាបន្ទាន់។ ម្យ៉ាងវិញទៀត អ្នកស្រីជំរុញឱ្យរដ្ឋាភិបាលបើកលំហនយោបាយ និងពលរដ្ឋឡើងវិញ នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ។
ឆ្លើយតបរឿងនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ទទួលស្គាល់ថា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមែន ប៉ុន្តែលោកថា ការលើកឡើងនោះមិនសង្កត់ធ្ងន់នោះទេ៖ «សិទ្ធិមនុស្សអត់មានសន្យាទៅវិញទៅមកយ៉ាងណាទេ ក៏ប៉ុន្តែជាគោលការណ៍រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តត្រឹមត្រូវទៅតាមគោលការណ៍ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលក្នុងនេះសហរដ្ឋអាមេរិកក៏ជាសាក្សីមួយក្នុងចំណោមប្រទេស១៨ដែរ បើអនុវត្តដើរតាមគន្លងត្រូវនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក៏ដូចការគោរពសិទ្ធិមនុស្សហើយ ខ្ញុំយល់ថាមិនពិបាកអីហ្នឹងកែលម្អនូវចំណុចអវិជ្ជមានមួយចំនួនតូច ដែលជួបប្រទះនៅក្នុងការអនុវត្តន៍ជាក់ស្ដែងទេ»។
សហគមន៍អន្តរជាតិនិយមប្រជាធិបតេយ្យ បានវាយតម្លៃពីការធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីរបបលោក ហ៊ុន សែន បានចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ បន្ទាប់មក របបនេះបានរំលាយគណបក្សសង្រ្គោះជាតិ ហើយយកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សនេះ ទៅចែកគ្នាកាន់កាប់ និងបានហាមប្រាមអ្នកនយោបាយបក្សនេះចំនួន ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ។ ជាងនេះទៅទៀត តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់សកម្មជនបក្សប្រឆាំងរាប់រយនាក់ដោយចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់ ក្នុងនោះពួកគេមួយចំនួនត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារថែមទៀត។
ទន្ទឹមនឹងការកម្ទេចដៃគូប្រជែងដ៏ធំរបស់ខ្លួននេះ របបក្រុងភ្នំពេញក៏បានវាយបង្ក្រាបឥតស្រាកស្រាន្តទៅលើក្រុមអង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នព័ត៌មានឯករាជ្យផងដែរ ជាពិសេសរបបនេះបានរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ទាំងនៅក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ិនធើណិត។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ដែលបានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកដែរនោះ បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ភាគីពាក់ព័ន្ធក្នុងនោះក៏រួមទាំងសហរដ្ឋអាមេរិកផង គួរបន្តផ្តល់នូវសារសំខាន់ ដើម្បីកសាងសង្គមកម្ពុជាមួយ ដែលក្រៅពីគ្មានសង្គ្រាមហើយ គឺមានការកសាងសន្តិភាព ក្នុងនោះរួមទាំងការធានានូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការស្ដារនូវស្ថានភាពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ៕
No comments:
Post a Comment