ដោយ ខែ សុណង
2021-06-05 rfa
ជំនួបរវាងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ឆ្វេង) និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
រូបពីហ្វេសប៊ុកលោក កឹម សុខា
មេធាវីការពារក្ដីឱ្យលោក កឹម សុខា ឱ្យដឹងថា ក្រុមមេធាវីគ្រោងដាក់លិខិតស្នើឱ្យតុលាការទម្លាក់ចោលបទលើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។ គម្រោងនេះក្រោយពេលក្រុមមេធាវីបានជួបជជែកគ្នាដើម្បីពិនិត្យមើលពីអត្ថបទច្បាប់ទ្រឹស្ដី ឬក៏មាត្រាខ្លះដែលពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា។
មេធាវីការពារឱ្យលោក កឹម សុខា គឺលោក ផែង ហេង ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី៥ ខែមិថុនា ថា ក្រុមមេធាវីនឹងជួបកូនក្ដីជាមុនសិន មុននឹងសម្រេចដាក់សំណើទៅតុលាការស្នើឱ្យទម្លាក់ចោលបទលើលោក កឹម សុខា។ លោក ផែង ហេង ថា សំណើនេះគ្រោងនឹងធ្វើក្នុងពេលឆាប់ៗនេះ។ លោកមេធាវីលើកឡើងទៀតថា មតិជាតិនិងមតិអន្តរជាតិនៅតែចាត់ទុកថាលោក កឹម សុខា ជាបុគ្គលស្អាតស្អំ និងចាត់ទុកករណីចោទប្រកាន់លើលោក កឹម សុខា ថាជារឿងនយោបាយ។ លោកថា សូម្បីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ក៏នៅតែហៅលោក កឹម សុខា ថា ជាប្រធានគណបក្សសង្គ្រោះជាតិដែរ៖ «យើងជជែកទាក់ទងការទាមទារឱ្យទម្លាក់ចោលបទ ដូច្នេះយើងរកអត្ថបទច្បាប់ ឬក៏ទ្រឹស្ដី ឬក៏មាត្រាខ្លះរំលេចចូលក្នុងអត្ថបទដែលយើងស្នើសុំឱ្យទម្លាក់ចោទ»។
ការឱ្យដឹងពីមេធាវីការពារក្ដីលោក កឹម សុខា ពេលនេះ ក្រោយពេលអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន បានមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា។ អ្នកស្រីបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានជំនួបដាច់ដោយឡែកជាមួយមេបក្សប្រឆាំង លោក កឹម សុខា និងមន្ត្រីអង្គការសង្គមស៊ីវិល។ ក្នុងជំនួបជាមួយលោក កឹម សុខា អ្នកស្រីបានពិភាក្សាអំពីបញ្ហាមួយចំនួន ដែលមានសារៈសំខាន់រួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងការធានាបានសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។ អ្នកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រប្រជាពលរដ្ឋខ្មែរ គាំទ្រក្តីបំណងចង់ឱ្យមានលទ្ធិប្រជាធិបតេយ្យ និងគាំទ្រសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ។
មេធាវីការពារឱ្យលោក កឹម សុខា គឺលោក ផែង ហេង យល់ថា លោក កឹម សុខា បានលើកឡើងពីការទាមទារឱ្យទម្លាក់បទចោទលើរូបលោក និងការស្ដារនីតិសម្បទាឱ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ។ លោកមេធាវីបន្តថា ការជជែកស៊ីជម្រៅបែបណាទៀត មានតែរង់ចាំមើលរដ្ឋាភិបាលអាចសម្របសម្រួលបែបណា?
ជុំវិញករណីនេះ អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានសាលាដំបូងរាជធានី ភ្នំពេញ លោក តាំង ស៊ុន ឡាយ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី០៥ ខែមិថុនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន តែងឆ្លើយតបដដែលៗថា សំណុំរឿងនេះផុតពីដៃរដ្ឋាភិបាលហើយ និងកំពុងស្ថិតក្រោមសមត្ថកិច្ចតុលាការ ដូច្នេះរដ្ឋាភិបាលមិនអាចធ្វើអ្វីបានទេ។
រីឯមន្ត្រីស្និទ្ធនឹងលោក កឹម សុខា រំពឹងថា នឹងមានដំណោះស្រាយនយោបាយឆាប់ៗនេះ ខណៈអាមេរិកកំពុងជួយអន្តរាគមន៍ជំរុញឱ្យមេបក្សប្រឆាំង និងគណបក្សប្រឆាំងអាចចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។
មន្ត្រីបក្សប្រឆាំងស្និទ្ធនឹងលោក កឹម សុខា គឺលោក មាជ សុវណ្ណារ៉ា យល់ថា ពេលនេះអាមេរិកកំពុងធ្វើនយោបាយការទូតស្រាយចំណងវិបត្តិនយោបាយនៅកម្ពុជាហើយ។ លោកថា ករណីកម្ពុជាជំពាក់បំណុលអាមេរិកជាង៥០០លានដុល្លារក្នុងសម័យសេនាប្រមុខ លន់ ណុល និងការបន្តផ្ដល់ការអនុគ្រោះពន្ធGSPអាចនឹងត្រូវយកទៅនិយាយ ដើម្បីឱ្យមានការ ទម្លាក់បទចោទលោក កឹម សុខា ឱ្យគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោត និងដោះលែងអ្នកជាប់ឃុំ ឬអ្នកទោសមនសិការ៖ «កម្ពុជាត្រូវការអីពីអាមេរិកអាមេរិកត្រូវការអីពីកម្ពុជាតើសេចក្ដីថ្លែងការណ៍ដោះដូរគ្នាក្នុងកម្រិតណាគឺទាំងក្រសួងការបរទេស អាមេរិក ឬកម្ពុជាក្ដីទាំងស្ថានទូតកម្ពុជាប្រចាំអាមេរិកក្ដីទាំងស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏គេកំពុងធ្វើពិធីសារថាតើត្រូវជជែកគ្នាក្នុងកម្រិតណាៗ?»។
ចំណែក អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិញ លោកយល់ថា បើអាមេរិក ឬសហគមន៍អន្តរជាតិមិនបន្ថែមទម្ងន់ណាមួយ លើរដ្ឋាភិបាលកម្ពុជាទេ គឺភាគីកម្ពុជានៅតែនិយាយថា សំណុំរឿងនេះជាកិច្ចការតុលាការ។ ទោះយ៉ាងណាលោកថា ដំណើរការនៃការចោទប្រកាន់លើលោក កឹម សុខា និងសកម្មជន បក្សប្រឆាំង ឬសកម្មជនបរិស្ថានរបស់តុលាការកម្ពុជា មិនត្រូវស្ថាប័នអន្តរជាតិផ្ដល់តម្លៃនោះទេ៖ «ដំណើរការ ឬនីតិវិធីហ្នឹងប្រព្រឹត្តិទៅតាមគោលការណ៍ច្បាប់មានតុលាការជាធរមាន មានខ្លឹមសារត្រឹមត្រូវដែលអន្តរជាតិផ្ដល់តម្លៃយើងអត់អាចមានស្តង់ដារច្បាប់ពីរបីនោះទេ ព្រោះអីធម្មនុញ្ញអង្គការសហប្រជាជាតិមានតែមួយទេ»។
វិបត្តិនយោបាយបានជាប់គាំងអស់ជាច្រើនឆ្នាំក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧ ហើយសិទ្ធិនយោបាយរបស់លោកត្រូវបានដកហូតនៅពេលរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ។ ទោះយ៉ាងណាសំណុំរឿងនេះមិនទាន់ត្រូវបានបញ្ចប់ការជំនុំជម្រះនៅឡើយទេ ទោះមានសំណើពីមេធាវីលោក កឹម សុខា សុំឱ្យតុលាការបន្ត ជម្រះក្ដីនេះជាច្រើនដងមកហើយក៏ដោយ។ ហេតុផលរបស់តុលាការ គឺសំណុំរឿងដ៏កក្រើកមួយនេះ មិនមែនជាអាទិភាពនោះទេ ដែលហេតុផលនេះស្របទៅនឹងការចង់បានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ឱ្យបន្តសំណុំរឿងនេះនៅក្រោយការបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ។
ទោះជាយ៉ាងនេះក្តី អំឡុងពេលជួបជាមួយលោក ហ៊ុន សែន អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន បានអំពាវនាវដល់អាជ្ញាធរឱ្យទម្លាក់ចោលបទចោទប្រកាន់ដែលមានចរិតនយោបាយលើអ្នកនយោបាយប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជនជាបន្ទាន់។ ជាងនេះទៅទៀត មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហនយោបាយ និងពលរដ្ឋឡើងវិញ នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខផងដែរ៕
No comments:
Post a Comment