Monday 7 June 2021

ជន​ចាស់ជរា​មួយ​ចំនួន​មាន​សុខភាព​ទ្រុឌទ្រោម​ដោយសារ​គ្មាន​​អាហារ​ហូប​គ្រប់​គ្រាន់​​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​​


ដោយ មាន ឫទ្ធិ
2021-06-07 rfa
ជន​ចាស់ជរា​មួយ​ចំនួន​មាន​សុខភាព​ទ្រុឌទ្រោម​ដោយសារ​គ្មាន​​អាហារ​ហូប​គ្រប់​គ្រាន់​​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​​ 

នាយក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ(UNDP) ប្រចាំ​នៅ​កម្ពុជា ចង់​ឃើញ​រដ្ឋាភិបាល​ដាក់ចេញ​ប្រព័ន្ធ​សោធន​និវត្តន៍ និង​ប្រព័ន្ធ​គាំពារ​សង្គម​ដល់​​មនុស្ស​ចាស់នៅ​កម្ពុជា​។
រូប៖ UNDP


ជន​ចាស់​ជរា​​មួយ​ចំនួន​​ថ្លែង​ថា ​អំឡុង​ពេល​នេះ​​ពួកគាត់​គ្មាន​លទ្ធភាព​ធ្វើ​ការងារ​​​រក​ប្រាក់​ចំណូល​​ចិញ្ចឹម​ជីវិត​​នោះ​ទេ​ ខណៈ​ដែល​កូន​ចៅ​របស់​ពួកគាត់​​អត់​ការងារ​​និង​ខ្លះ​ទៀត​​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក ដោយ​​ពុំ​បាន​​នៅ​មើល​ថែ​ពួកគាត់​​ឡើយ។

ពលរដ្ឋ​រស់​នៅ​ភូមិ​តា​មុំ​ ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​ លោក​ស្រី ហ៊ា យ៉ាន រៀបរាប់​ប្រាប់​អាស៊ី​សេរី​ថា ​​​​លោក​ស្រី​និង​ប្ដី​គាត់​​​ពុំ​​មានលទ្ធភាព​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​នោះ​ទេ​ ​ព្រោះ​ពួកគាត់​​​មាន​វ័យ​ចាស់​ជរា​ ដោយ​​ឈឺ​ដេក​នៅ​លើ​កន្ទេល​ជាង​​ ២ ឆ្នាំ​មក​ហើយ។ ​ស្ត្រី​វ័យ​ ៦៦ ​ឆ្នាំ​រូប​នេះ​បន្ត​ថា អំឡុង​ពេល​ផ្ទុះ​​ការ​​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ​ ជីវភាព​របស់​ពួកគាត់​កាន់​តែ​ដុនដាប​​ ​ហើយ​សុខភាព​ទ្រុឌទ្រោម​ ដោយសារ​​​ហូប​​អាហារ​មិន​​គ្រប់គ្រាន់។ បន្ថែម​ពី​នេះ​កូន​​របស់​គាត់​ក៏​មិន​បាន​នៅ​​មើល​ថែ​ដិតដល់​ដូច​ពេល​មុនៗ​ដែរ ​ព្រោះ​ពួកគេ​មាន​ជីវភាព​ក្រីក្រ​​ហើយ​នាំ​គ្នា​​ធ្វើ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​៖ «សុំ​នាយករដ្ឋមន្ត្រី​ជួយ​ខ្ញុំ​ផង​ ខ្ញុំ​ទៅ​រក​អី​អត់​រួច​ទេ​ ប្ដី​ក៏​ចាស់​ ប្រពន្ធ​ក៏​កើត​រោគ​ទឹកនោម​ផ្អែម ខ្ញុំ​ទៅ​រក​អី​អត់​រួច​។ ​សុំ​ឱ្យ​លោក​ជួយ​ខ្ញុំ​ផង​ សុំ​ផ្ដល់​ថវិកា​ជួយ​ខ្ញុំ​ផង​គ្រាន់​ទិញ​ថ្នាំ​លេប​រាល់​ខែ​ផង​ ខ្ញុំ​ទៅ​បើក​រាល់​តែ​ខែ​ហ្នឹង​ឯង​ តា​នេះ​ក៏​ទី​រក​អី​មិន​រួច​ ក៏​នៅ​ពីរ​នាក់​យាយ​នឹង​តា​ហ្នឹង​ឯង​លោក​គ្រូ​»។


ដូច​គ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាម​រោទ៍​ ខេត្ត​ព្រៃវែងលោក ឆាង ផន ថ្លែង​ថា សព្វ​ថ្ងៃ​នេះ​លោក​និង​ប្រពន្ធ​របស់​​​គាត់ កំពុង​ឈឺ​ដេក​​នៅ​ផ្ទះ ​ដោយ​ពុំ​មាន​លទ្ធភាព​​​រក​​ប្រាក់​​ចិញ្ចឹម​ជីវិត​ និង​ព្យាបាល​ជំងឺ​របស់​ខ្លួន​​ឡើយ។ ​បុរស​វ័យ​ ៨៦ ​ឆ្នាំ​រូប​នេះ ប្រាប់​ថា ​អាជ្ញាធរ​មិន​បាន​បញ្ចូល​ឈ្មោះ​គ្រួសារ​គាត់​ក្នុង​បញ្ជី​ជន​ក្រីក្រ​ ដើម្បី​​ទទួល​​ប្រាប់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នោះ​ទេ។ លោក​បញ្ជាក់​ថា ​​​រយៈ​ពេល​ជាង ​១ ឆ្នាំ​មក​​នេះ​ ពួកគាត់​​ពុំ​ដែល​បាន​ហូប​ចំណី​ឆ្ងាញ់​ៗ​​នោះ​ឡើយ​​៖ «សុខភាព​ខ្សោយ​ណាស់​លោក​គ្រូ​ ខ្សោយ​ទាំង​យាយ​ទាំង​ខ្ញុំ​ តែ​ខ្ញុំ​នៅ​ដើរបាន​បន្តិចបន្តួច​។ ​បាទ​អត់​ងងុយ​ផង​ យាយ​គាត់​អត់​ស្រួល​ខ្លួន​គាត់​ ទាំង​យប់​ទាំង​ថ្ងៃ​ គាត់​ពិការ​ផង​ ដើរ​អត់​រួច​ទេ​។ ​រាល់​ថ្ងៃ​ខ្ញុំ​ហូប​តែ​ទឹក​ស៊ីអ៊ីវ​ទឹក​ត្រី​ហ្នឹង​ ជួន​កាល​បាន​ម្ហូប​បងប្អូន​ឱ្យ​មក​ហ្នឹង​បាន​ទទួល​ទាន​ បាន​ប្អូន​ជិត​ខាង​ហ្នឹង​ឱ្យ​អង្ករ​ឱ្យ​អី​បន្តិចបន្តួច​ ខ្ញុំ​ខ្វះ​ខាត​ច្រើន​»។

Ciclo_Khmer_21_04_2021.jpg
 

បុរសវ័យចំណាស់បន្តស្វែងរកប្រាក់ជាអ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញដើម្បីចិញ្ចឹមជីវិត។ (រូប៖ គេផ្តល់ឱ្យ)

ចំណែក​​ជន​ចាស់​ជរា​មួយ​ក្រុម​នៅ​​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​វិញ ពួកគាត់​ប្រាប់​ថា ​អំឡុង​ពេល​នេះ​ពួកគាត់​ប្រឹង​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ពលរដ្ឋ​ទាំង​នេះ​ត្អូញត្អែរ​ថា ពួកគាត់​តូច​ចិត្ត​ដែល​​​អាជ្ញាធរ​​​​​​មិន​បាន​ឧបត្ថម្ភ​ស្បៀងអាហារ​​ជូន​ដល់​ពួកគាត់​​​អំឡុង​ពេល​នេះ។ បន្ថែម​ពី​នេះ​​ពួកគាត់​ក៏​ពុំ​មាន​​​កូន​ចៅ​នៅ​មើល​ថែ ឬ​ផ្ដល់​ប្រាក់​​ទិញ​អាហារ​ហូប​ចុក​ដែរ៖ «បើ​យើង​មិន​រក​វា​អត់​ស៊ី​ហើយ​អត់​ហូបហើយ ​បើ​ចាំគេ​បើក​អំណោយ​អី​ហ្នឹង​គ្មាន​ទេ​ គេ​បើក​បក្ស​ពួក​គេ​​ អ្នក​ណា​ផ្ទះ​ថ្ម​អ្នក​ហ្នឹង​បាន​ហើយ​ អ្នក​ណា​ផ្ទះ​ស្បូវ​ដូច​ពួក​ខ្ញុំ​គេ​មើល​មិន​ឃើញ​ទេ​។ សូម​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ឱ្យ​គាត់​ជួយ​ដល់​ជន​ក្រីក្រ​ផង ខ្ញុំ​ទៅ​រក​អី​មិន​បាន​ដូច​ខ្ញុំ​នៅ​ពីក្មេង ឥឡូវ​ភ្នែក​ក៏​កាន់​តែ​ងងិត​កម្លាំង​ក៏កាន់​តែ​ខ្សោយ រក​អី​មិន​បាន​ដិតដល់​ទេ​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​​»។

ប្រជាពលរដ្ឋ​ទាំង​នេះ​​ អំពាវនាវ​ដល់​រដ្ឋាភិបាល​ផ្ដល់​​ប្រាក់​សោធន​និវត្តន៍​ ឬ​គោលនយោបាយ​គាំពារ​សង្គម​ជូន​ដល់​ពួកគាត់​ ដើម្បី​​ដោះស្រាយ​ជីវភាព​​ក្នុង​វ័យ​ជរា​នេះ​។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច​ អតីត​យុវជន​ និង​យុវនីតិសម្បទាលោក ទូច ចាន់នី​ ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​លទ្ធភាព​​ផ្ដល់​ប្រាក់​សោធន​និវត្តន៍​ ជូន​ដល់​មនុស្ស​ចាស់​នោះ​ទេ។ លោក​​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​​អំឡុង​ពេល​នេះ​ឡើយ​។ បន្ថែម​ពី​នេះ​លោក​​ក៏​​បាន​ផ្ដាំផ្ញើ​ដល់​​ជន​ចាស់​ជរា​ទាំង​អស់ ​គួរតែ​ចេះ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​​​ដែល​នៅ​ជិត​ពួកគាត់​ ដើម្បី​ជួយ​ដោះស្រាយ​​ទុក្ខ​លំបាក​របស់​​ពួកគាត់​៖ «មនុស្ស​ចាស់​នេះ​គេ​បង្កើត​សមាគម​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​អន្តរាគមន៍​ពី​ស្ថាប័ន​មនុស្សធម៌នានា​ ដូច​ជា កាកបាទ​ក្រហម សមាគម​យុវជន​សមាគម​ស្ត្រី សមាគម​គ្រូបង្រៀន​អីចឹង​អាហ្នឹង​វា​មាន។ យើង​បង្កើត​បណ្ដើរៗ​ឥឡូវ​ហ្នឹង​វា​មាន​ចង់​គ្រប់​អស់​ហើយ ​តែ​ជា​រួម​ការ​ជួយ​ហ្នឹង​វា​មិន​បាន​ដូច​​ចិត្ត​យើង​ទេ​។ ​អីចឹង​ទេ​បាន​លោក​យាយ​លោក​តា​ណា​ដែល​ជួប​ការ​លំបាក សូម​ឱ្យ​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ទៅ​រដ្ឋអំណាច​មូលដ្ឋាន​ភូមិ​ឃុំ​»។

​ទោះ​ជា​យ៉ាង​ណា​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ​​រដ្ឋាភិបាល​គួរតែ​ប្រញាប់​ដាក់​ចេញ​គោល​នយោបាយ​គាំពារ​សង្គម​ និង​ផ្ដល់​ប្រាក់​សោធន​និវត្តន៍​ជូន​ដល់​មនុស្ស​ចាស់។

Worker_Siclo.jpg
 

បុរសវ័យចំណាស់ព្យាយាមធាក់ស៊ីក្លូរកប្រាក់ចិញ្ចឹមជីវិតនៅក្បែផ្សារកណ្តាលនៃទីក្រុងភ្នំពេញ ក្នុងអំឡុងពេលដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់កាលពីអំឡុងខែមេសាឆ្នាំ២០២១។ (រូប៖ គេផ្តល់ឱ្យ)

ប្រធាន​អង្គការ​តម្លា​ភាព​កម្ពុជា​លោក ប៉ិច ពិសី ​មាន​ប្រសាសន៍​ថា ​សព្វ​ថ្ងៃ​ជន​ចាស់​ជរា​ខ្លះ​រស់​នៅ​​​គ្មាន​កូនចៅ​​មើល​ថែ​ ខណៈ​ដែល​ពួកគាត់​មាន​ជីវភាព​ក្រីក្រ​ ​ហើយ​​មិន​មាន​លទ្ធភាព​រក​ប្រាក់​​​ចិញ្ចឹម​ជីវភាព​នោះ​ឡើយ​។ លោក​យល់​ថា ​ស្ថានភាព​បែប​នេះ​​បាន​​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ចាស់ ប្រសិន​បើ​​រដ្ឋាភិបាល​នៅ​​តែ​​មិន​​​​គិត​គូ​ដល់​​ពួកគាត់​​នោះ​៖ «អត់​ទាន់​គ្រប់​គ្រាន់​ទេ​ នៅ​ទីជនបទ​នៅ​ភ្នំពេញ​ជា​ដើម​យើង​ឃើញ​ថា ​បន្ទុក​នៃ​ការ​មើល​ចាស់​ជរា​ហ្នឹង​ធ្លាក់​មក​លើ​កូន​ចៅ។​បើ​សិន​ជា​កូន​ចៅ​របស់​គាត់​ហ្នឹង​មាន​ជីវភាព​គួរសម​មិន​ជា​បញ្ហា​ទេ​ ក៏​ប៉ុន្តែ​រដ្ឋ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​​ មើល​មនុស្ស​ចាស់​ដែរ​ជា​ពិសេស​ មនុស្ស​ចាស់​ដែល​អត់​ទី​ពឹង​ បាន​ន័យ​ថា ​កូន​ចៅ​គាត់​គ្មាន​លទ្ធភាព​ជួយ​ទេ​។ ​អីចឹង​យើង​ឃើញ​ហើយ​ ​ចាស់​ៗ​បច្ចុប្បន្ន​បើ​សិន​មិន​មាន​កូន​ចៅ​មើល​ថែ​ទេ​ គឺ​គាត់​ត្រូវ​ពឹង​ទៅ​លើ​វត្ត​អារាម​»។

ដោយ​ឡែក​​ប្រធាន​អង្គការ​មនុស្ស​ចាស់​កម្ពុជា​លោក ទុំ វីរ៉ា​ វិញ​ លោក​​​មាន​ប្រសាសន៍​ថា ​ចាប់​តាំង​ពី​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ​មក​ ​គឺ​​មនុស្ស​ចាស់​នៅ​កម្ពុជា​ជា​ច្រើន​​នាក់​​​មាន​ជីវភាព​កាន់តែ​វេទនា។ ​ក្នុង​នោះ​​ពលរដ្ឋ​ខ្លះ​កូន​របស់​គាត់​អត់​ការងារ​ធ្វើ​ និង​អ្នក​ខ្លះ​ទៀត​​ខ្លួន​គាត់​ផ្ទាល់​មិន​ហ៊ាន​ទៅ​​ប្រកប​របរ​នៅ​ទីក្រុង​​ដូច​ពេល​​មុន​ៗ​ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩។ ​លោក​យល់​ថា ដើម្បី​ជួយ​សម្រួល​ដល់​ជន​ចាស់​ជរា​ ​រដ្ឋាភិបាល គួរតែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​ពួកគាត់​៖ «​យើង​ថា​ម៉េច​គឺ​ទាក់​ទង​ជា​មួយ​គុណតម្លៃ​របស់​មនុស្ស​ដែល​គាត់​វ័យ​ចាស់ គាត់​បាន​ចូល​រួម​ចំណែក​ច្រើន​ទៅ​ដល់​សង្គម​ បើ​ទោះ​បី​គាត់​ស្ថិត​​ក្នុង​ស្ថានភាព​ជីវភាព​គាត់​​របៀប​ណា​ក៏​ដោយ​។ ប៉ុន្តែ​វា​គឺជា​គុណូបការៈ​មួយ​ដែល​​យើង​គួរតែ​ទាំង​រដ្ឋាភិបាល​ ក៏​ជា​កម្ពុជា​យើង​គួរតែ​​គិត​គូ​ផ្ដល់​​ជូន​គាត់​ជា​ការ​តប​​ស្នង​ទៅ​ដល់​ពួកគាត់​»។

​របាយការណ៍​​ជំរឿន​ក្រសួង​ផែនការណ៍​​​​កាល​ពី​ឆ្នាំ​២០១៩ ​ឱ្យ​ដឹង​ថា​ ​កម្ពុជា​មាន​ប្រជាពលរដ្ឋ​ជាង​ ១៥ ​លាន​នាក់​ (១៥.៣០០.០០០) ក្នុង​នោះ​​មនុស្ស​ចាស់​ដែល​មាន​អាយុ​ ៦០ ​ឆ្នាំ​ឡើង​ទៅ​ ​មាន​ជាង​ ១លាន ​៣​សែន​នាក់​(១.៣០០.០០០)។​

ថ្មីៗ​នេះ​នាយក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ(UNDP) ប្រចាំ​នៅ​កម្ពុជាលោក នីក បេរេសហ្វ័ដ​ (Nick Beresford) ​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​​ដាក់​ចេញ​ប្រព័ន្ធ​​សោធន​និវត្តន៍ និង​​ប្រព័ន្ធ​គាំពារ​​សង្គម​​ដល់​​​មនុស្ស​ចាស់​ដែរ​ ព្រោះ​ចំនួន​ប្រជាជន​​វ័យ​​ចំណាស់​​នៅ​កម្ពុជា​​បាន​​កើន​ឡើង​​។ លោក​ព្រមាន​ថា បើ​ទោះ​បី​​ជា​ពេល​នេះ​​កម្ពុជា​មាន​​ប្រជាជន​​វ័យ​ក្មេង​​ច្រើន​ក៏​ដោយ ប៉ុន្តែ​ស្ថានភាព​​​​នឹង​មិន​នៅ​បែប​នេះ​​រហូត​នោះ​​ឡើយ។ លោកបញ្ជាក់​ថា នៅ​ពាក់​​កណ្តាល​​ទសវត្សរ៍ ២០២១​​ កម្ពុជា​​អាច​​នឹង​មាន​ចំនួន​​មនុស្ស​ចាស់​កើនឡើង​ក្នុង​ល្បឿន​លឿន​ជាង​​មនុស្ស​ដែល​ឋិត​ក្នុង​វ័យ​កម្លាំង​ពលកម្ម។ ដូច្នេះ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរតែ​គិត​គួរ​​ផ្ដល់​​ប្រព័ន្ធ​សោធន​និវត្តន៍ ​និង​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​មនុស្សចាស់ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋ។ ​​​​បន្ថែម​ពី​នេះ​ ចំនួន​​មនុស្ស​ចាស់​អាច​នឹង​កើន​​ឡើង​​ដល់ទៅ ២១% ក្នុង​ឆ្នាំ២០៥០ ​ខាងមុខ​ ​ហើយ​​ប្រសិន​បើ​រដ្ឋាភិបាល​​ដោះស្រាយ​បញ្ហា​នេះ​ទេ​នោះ ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​​ក្នុង​វ័យ​កម្លាំង​ពលកម្ម នឹង​ក្លាយ​ជា​អ្នក​ទទួល​បន្ទុក​រ៉ាប់រង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​មនុស្ស​វ័យ​ចាស់​ទាំង​នោះ​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង៕

1 comment:

Anonymous said...

Even though Khmer people have worked hard, they could not benefit anything from their labor because Ah Chker Chkuot Hun Sen let Yuon control the price of their products such as rice, corn, etc...

Ah Roleuy Hun Sen is a special devil who gave in to whatever his master Yuon have demanded him to. That's the main reason why he could stay in power a long time.

Nobody is cheaper or dumber than Ah Chker Chkuot Hun Sen.