Friday 4 June 2021

ប្រទេស​ចិន​អះអាង​ថា ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​ រួម​ចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់


ដោយ សុជីវី
2021-06-03 rfa
ប្រទេស​ចិន​អះអាង​ថា ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​ រួម​ចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ 

លោក វ៉ាង វេនប៊ិន ​(Wang Wenbin) ​អ្នកនាំពាក្យ​ការបរទេស​ចិន និង​អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក
រូប៖ ហ្វេសប៊ុក Wang Wenbin និង U.S. Asia Pacific Media Hub

 

ប្រទេស​ចិន​អះអាង​ជាថ្មី​ថា​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​បាន​ចូលរួម ចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

ការ​អះអាង​នេះ​ធ្វើ​ឡើង​ភ្លាមៗ ​នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ដែល​បាន​ព្រួយបារម្ភ​អំពី​វត្តមាន​របស់​យោធា​ចិន​នៅ​កម្ពុជា។

ទីភ្នាក់ងារ​សារព័ត៌មាន​អេភី (AP) បាន​រាយការណ៍​​កាលពីថ្ងៃទី៣ ខែមិថុនា​ថា ​អ្នកនាំពាក្យ​ការបរទេស​ចិន លោក វ៉ាង វេនប៊ិន ​(Wang Wenbin) លើក​ឡើង​ថា​ប្រទេស​ចិន និង​កម្ពុជា​មាន​មិត្តភាព​ជា​ប្រពៃណី ហើយ​ភាគី​ទាំង​ពីរ​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ។ លើស​ពី​នេះ​លោក​ថា ​ភាគី​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​លើ​វិស័យ​ផ្សេងៗ​គ្នា ដែល​បាន​នាំ​មក​នូវ​ផលប្រយោជន៍​ជាក់​ស្តែង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​បាន​រួមចំណែក​វិជ្ជមាន​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។


ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១ មិថុនា   អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ​បាន​សម្ដែង​កង្វល់​ជា​ខ្លាំង​អំពី​សកម្មភាព​យោធា​របស់​ចិន​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា គំរាមកំហែង​សន្តិសុខ​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។ អ្នកស្រី​ក៏​បាន​ជំរុញ​មេដឹកនាំ​កម្ពុជា​ឱ្យ​រក្សា​គោលនយោបាយ​ការបរទេស​ប្រកប​ដោយ​តុល្យភាព និង​ឯករាជ្យ ដោយ​តម្កល់​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជាធំ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ កាល​ពី​ថ្ងៃទី៣ មិថុនា ថា រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​អាមេរិក​ចុះ​ពិនិត្យ​ទីតាំង​កំពង់ផែ​រាម ដើម្បី​ឱ្យ​អស់​មន្ទិល​សង្ស័យ​ថា​មាន​មូលដ្ឋាន​ទ័ព​ចិន។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​យោធា​បរទេស​ទៅ​ទស្សនា​ផែ​យោធា​នេះ មិន​មាន​អ្វី​ប៉ះពាល់​កម្ពុជា​នោះ​ទេ ហើយ​ថា វា​អាច​បណ្ដាល​មក​ពី​ការ​យល់​ចិត្ត​គ្នា​ក្រោយ​ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​កម្ពុជា និង​អាមេរិក។​

ចំណែក​ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ចុះ​ទៅ​ពិនិត្យ​មើល​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ជាប្រចាំ និង​ញឹកញាប់ ដោយ​អនុព័ន្ធ​យោធា​បរទេស​ទាំងអស់​នៅ​កម្ពុជា​ អាច​រួមចំណែក​ដល់​ការ​បង្កើន​តម្លាភាព។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​នេះ លោក ទៀ បាញ់ បាន​ប្រាប់ ​វិទ្យុ​អាស៊ី​សេរី​ថា កម្ពុជា​ពិត​ជា​បាន​អនុញ្ញាត​ឱ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ប្រាកដ​មែន ក្រោយ​បាន​វាយកម្ទេច​ចោល​អាគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ លោក ផៃ ស៊ីផាន ថា ការ​វាយ​កម្ទេច​អាគារ​ជំនួយ​របស់​អាមេរិក ដោយសារ​តែ​ពុំ​មាន​តម្រូវការ ​សម្រាប់​វិស័យ​យោធា​នៅ​កំពង់​ផែ​រាម៖ «វា​អត់​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​ពីព្រោះ​កន្លែង​នឹង​ធ្វើ​សម្រាប់​សន្តិសុខ​លំហ​សមុទ្រ​ក្នុង​ការ​ជួយ​សង្គ្រោះ។ វា​ជា​កិច្ចការ​ស៊ីវិល​សុទ្ធសាធ។ ហើយ​ដល់​តែ​យើង​ត្រូវ​ការពង្រីក ប៉ុន្តែ​យើង​មាន​កន្លែង​មួយទៀត​ដើម្បី​ផ្លាស់​ប្ដូរ​ទៅ​សង់​នៅ​កន្លែង​ហ្នុង»។

លោក ទៀ បាញ់ ថា​ចិន​ផ្តល់​ជំនួយ​ឥត​សំណង រួម​ជាមួយ​វត្តមាន​កងកម្លាំង​របស់​ចិន​មក​ជួយ​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។ លោក​ថា នៅ​ពេល​ធ្វើ​ចប់ ចិន​នឹង​ប្រគល់​ឲ្យ​កម្ពុជា ហើយ​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ប្រើប្រាស់​មូលដ្ឋាន​នោះ៕

No comments: