Wednesday, 21 July 2021

តុលាការ​ចោទ​យុវជន​មាតា​ធម្មជាតិ​ដែល​ជាប់​ឃុំ​លើក​មុន​មួយ​ករណី​ទៀត


2021-07-21 rfa
តុលាការ​ចោទ​យុវជន​មាតា​ធម្មជាតិ​ដែល​ជាប់​ឃុំ​លើក​មុន​មួយ​ករណី​ទៀត 

លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែ​វរស្មី ជាសកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​ កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកអ្នកទាំងបី

 

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​​ចោទ​ប្រកាន់​​សកម្មជន​មាតា​ធម្មជាតិ​បី​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី មួយ​ករណី​ថ្មី​ទៀត គឺ​បទ «រួម​គំនិត​ក្បត់»។ មន្ត្រី​សិទ្ធិ​មនុស្ស និង​គ្រួសារ​របស់​អ្នក​ការពារ​បរិស្ថាន​ទាំង​នោះ​ចាត់​ទុក​​បទ​ចោទ​ប្រកាន់​ថ្មី​នេះ​ថា ធ្វើ​ឡើង​ដោយ​​មិន​ត្រឹម​ត្រូវ និង​កាន់​តែ​អយុត្តិធម៌​សម្រាប់​ពួកគេ។

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​នាក់​ពី​បទ «រួម​គំនិត​ក្បត់» បន្ថែម​ពី​លើ​បទ​ចោទ «ញុះញង់» ដែល​ពួកគេ​កំពុង​ជាប់​ទោស​នៅ​ក្នុង​ពន្ធនាគារ។ ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បាន​កោះហៅ​អ្នក​​ទាំង​បី​មក​សាកសួរ​ជា​បន្ត​បន្ទាប់​នៅ​ដើម​សប្ដាហ៍​នេះ។ ប៉ុន្តែ​ការ​សាកសួរ​នេះ មិន​មាន​វត្តមាន​របស់​មេធាវី​ការពារ​ក្តី​នោះ​ទេ ព្រោះ​ក្រុម​មេធាវី​ដែល​ការពារ​ក្តី​ឱ្យ​ពួក​គេ​លើក​មុន មិន​បាន​ដឹង​ពី​ការ​បញ្ជូន​ពួក​គេ​ចេញ​ពី​ពន្ធនាគារ​ដើម្បី​ដំណើរការ​សាកសួរ​នេះ។


មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​នាក់ គឺ​លោក សំ ចំរើន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី ២១កក្កដា​ថា លោក ថុន រដ្ឋា បាន​ផ្តល់​ដំណឹង​មក​ថា រូប​គេ​ត្រូវ​បាន​បញ្ជូន​មក​សាកសួរ​​អំពី​បទ​ចោទ​ប្រកាន់​ថ្មីនេះ កាល​ពី​ថ្ងៃ​ទី ១៩កក្កដា។ ចំណែក​កញ្ញា ឡុង គន្ធា លោក​ថា អាជ្ញាធរ​បាន​​បញ្ជូន​មក​សាកសួរ​កាល​ពី​ព្រឹក​ថ្ងៃទី២០ កក្កដា ហើយ​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​បញ្ជូន​មក​​សាកសួរ​នៅ​ថ្ងៃ​ទី ២១កក្កដា។ លោក​បញ្ជាក់​ថា មេធាវី​ផ្សេង​ទៀត​ជា​អ្នក​កាន់​សំណុំ​រឿង​ថ្មី​នេះ ចំណែក​​លោក​ការពារ​ក្តី​ឱ្យ​ពួកគេ​​តែ​នៅ​ក្នុង​សំណុំ​រឿង​ទាក់ទង​នឹង​បទ​ចោទ​ញុះញង់​មួយ​​ប៉ុណ្ណោះ៖ «ច្បាស់​ណាស់​ហើយ​ដែល​រឿង​ក្ដី​ហ្នឹង សំណុំ​រឿង​លេខ២៤០០ ជាមួយ​អាឡិច និង​យុវជន​មាតា​ធម្មជាតិ​បី​នាក់​ក្រោយ​ហ្នឹង គឺ​ក្នុង​បទ​ល្មើស​តែ​មួយ​ជាមួយ​គ្នា​ទៀត គឺ​បទ​រួម​គំនិត​ក្បត់»។

ការ​ចោទ​ប្រកាន់​ពួក​គេ​ទាំង​បី​នាក់​ពី​បទ «រួម​គំនិត​ក្បត់» នេះ គឺ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជាមួយ​សកម្មជន​មាតា​ធម្មជាតិ​បួន​នាក់​ផ្សេង​ទៀត កាល​ពី​ខែ​មិថុនា ឆ្នាំ២០២១។ អ្នក​ទាំង​បួន​រួម​មាន លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុធ និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែល​ជា​ជន​ជាតិ​អេស្ប៉ាញ (Spanish)។ អ្នក​ទាំងបួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ក្នុង​នោះ​ពួកគេ​ភាគ​ច្រើន​ជាប់​ចោទ​មួយ​ករណី​ទៀត គឺ​បទ «ប្រមាថ​ព្រះមហាក្សត្រ»។ លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងយុវជន លី ចាន់ដារ៉ាវុធ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ រីឯ​លោក អាឡិច កំពុង​រស់​នៅ​ក្រៅ​ប្រទេស។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​ លោក អ៊ឹម វណ្ណៈ និង​អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី ២១កក្កដា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែ​វរស្មី កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០។ ការ​ចាប់​ខ្លួន​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​កញ្ញា ឡុង គន្ធា បាន​ប្រកាស​ពី​គម្រោង​ស្លៀក​ពាក់​ស ដើរ​ពី​វត្តភ្នំ​ទៅ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ជួប​លោក​និយាយ​ពី​រឿង​ផល​ប៉ះពាល់​នៃ​ការ​​លុប​បឹង​តា​មោក​នៅ​ជាយ​រាជធានី​ភ្នំពេញ។ តុលាការ​បាន​ផ្ដន្ទាទោស​ពួក​គេ​ទាំង​បី​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ១៨ ខែ​ដល់ ២០ខែ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ទាក់ទង​នឹង​ការ​បន្ថែម​បទ​ចោទ​មួយ​ទៀត​នេះ ប្រពន្ធ​របស់​លោក​ ថុន រដ្ឋា លោកស្រី ប៉ាត់ រស្មី ថ្លែង​ថា នេះ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ប្តី​លោក​ស្រី និង​សហការី​របស់​គាត់។ លោកស្រី​បន្ត​​ថា នេះ​ក៏​ជា​រឿង​ឈឺចាប់​សម្រាប់​គ្រួសារ​លោក​ស្រី​ដែរ ព្រោះ​ប្ដី​លោក​ស្រី​ធ្វើ​ការ​ងារ​បរិស្ថាន​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ និង​សង្គម បែរជា​​តុលាការ​ចោទ​គាត់​ពី​បទ «រួម​គំនិត​ក្បត់​» ដោយ​ខុស​ឆ្គង​បែបនេះ​ទៅ​វិញ។ លោកស្រី​បន្ថែម​ថា ករណី​នេះ​បង្ហាញ​ថា ច្បាប់​ស្រុក​ខ្មែរ​ស្ថិត​នៅ​លើ​មាត់​របស់​ពួក​អាជ្ញាធរ​ និង​មន្ត្រី​តុលាការ៖ «បើ​និយាយ​ឱ្យ​ចំ​ទៅ​ច្បាប់​លើ​នីតិ​មាត់ មិន​មែន​ច្បាប់​លើ​នីតិរដ្ឋ​ទេ ដោយសារ​កន្លង​ម​ក​ប្តី​ខ្ញុំ​ធ្វើ​ការ​តែ​បរិស្ថាន ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​មែន​ទែន។ អ៊ីចឹង​តុលាការ​គ្មាន​ភាព​ឯករាជ្យ​ទេ ហើយ​គ្មាន​យុត្តិធម៌​សម្រាប់​ប្ដី​ខ្ញុំ​ទេ​មើល​ទៅ»។

គិត​មក​ដល់​ពេល​នេះ អ្នក​ការពារ​បរិស្ថាន​ទាំង​បី​រូប​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។ តាម​អំណាច​សាលក្រម​ផ្ដន្ទា​ទោស​ក្នុង​សំណុំ​រឿង​ញុះញង់ ពួក​គេ​ត្រូវ​​ជាប់​ឃុំ​រហូត​ដល់​ខែមីនា និង​ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ ប៉ុន្តែ​ការ​ជាប់​ចោទ​ពី​បទ «រួម​គំនិត​ក្បត់» មួយ​ករណី​ទៀត​នេះ អាច​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ជាប់ឃុំ​កាន់​តែ​យូរ​ ព្រោះ​បទ​ចោទ​នេះ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​ផ្ដន្ទា​ទោស។

នាយិកា​ប្រតិបត្តិ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​សកម្មជន​ទាំង​បី​នាក់​ពី​បទល្មើស​ថ្មី​មួយ​ទៀត​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគេ​ជា​ខ្លាំង ជាពិសេស​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌៖ «បុគ្គល​ដែល​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​រួច​ទៅ​ហើយ​ហ្នឹង អ៊ីចឹង​បើ​មាន​ការ​ថែម​បទ​ចោទ​ថែម​ទៀត​ហ្នឹង វា​នឹង​​អាច​ប៉ះពាល់​ដល់​​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​ពួក​គាត់ ព្រោះ​ថា​តើ​ពួក​គាត់​អាច​មាន​ឱកាស​ក្នុង​ការ​ការពារ​ខ្លួន​ ហើយ​និង​មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​មេធាវី​គ្រប់គ្រាន់​ទេ​ចំពោះ​បទ​ចោទ​ថ្មី​ហ្នឹង»។

អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​ក្រុម​អ្នក​ការពារ​បរិស្ថាន​ទាំងនេះ ហាក់​ដូចជា​អាជ្ញាធរ​ចង់​បញ្ជូន​សារ​ទៅ​កាន់​ពលរដ្ឋ​ថា ការ​ខ្វាយ​ខ្វល់ និង​ភាព​សកម្ម​នៅ​ក្នុង​កិច្ច​ការពារ​បរិស្ថាន​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ទណ្ឌ។ អ្នកស្រី​បញ្ជាក់​ថា ចំណុច​នេះ​ផ្ទុយ​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ អ្នកស្រី​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ការពារ​បរិស្ថាន​ជា​បន្ទាន់ និង​ងាក​មក​ផ្តល់​សិទ្ធិ​សេរីភាព​ឱ្យ​ពួក​គេ​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ដូច​ដើម​ឡើង​វិញ៖ «អាជ្ញាធរ​លោក​គួរតែ​បញ្ឈប់​នូវ​ការ​យាយី ហើយ​និង​ការ​ចោទ​ប្រកាន់​ ឬក៏​លាប​ពណ៌​ផ្សេងៗ​ចំពោះ​សកម្មជន​ដែល​គាត់​ចូល​រួម​យ៉ាង​សកម្ម​ ដើម្បី​មិន​មែន​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​ប្រយោជន៍​ការពារ​ធនធាន​ធម្មជាតិ​របស់​ស្រុក​ខ្មែរ​យើង​ហ្នឹង»។

ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​ និង​ផ្ដន្ទា​ទោស​អ្នក​ការពារ​បរិស្ថាន​ជា​បន្តបន្ទាប់​នេះ បាន​នាំមក​នូវ​ការ​រិះគន់ និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​​ពី​គ្រប់​មជ្ឈដ្ឋាន។ សហគមន៍​ជាតិ និង​អន្តរជាតិ បាន​​ចាត់​ទុក​ទង្វើ​បង្ក្រាប​នេះ​ថា ជា​ការ​សង​សឹក​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ទៅ​លើ​ការងារ​ការពារ​បរិស្ថាន​របស់​សកម្មជន​ទាំង​នោះ។

សហគមន៍​ជាតិ និង​អន្តរជាតិ នៅ​តែ​​ទាម​ទារ​យ៉ាង​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​អ្នក​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​លើក​មុន និង​លើក​ក្រោយ ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​សកម្មភាព​ការពារ​បរិស្ថាន​មិនមែន​ជា​បទល្មើស​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​ទម្លាក់​ចោល​បទ​ចោទ និង​ផ្តល់​សិទ្ធ​​សេរីភាព​ដល់​ពួកគេ​វិញ គឺ​ជា​ការ​ផ្តល់​ឱកាស​​ឱ្យ​ពួកគេ​អាច​​វិល​មក​បំពេញ​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​បន្ត​ទៅ​ទៀត៕

1 comment:

Anonymous said...

The members of mother nature have been accused of conspiracy. Conspiracy Kanduoy Meh Vear.

Ah Kwack Hun Sen's cronies who destroyed Khmer natural resource have been promoted and got richer and richer whereas Khmer people who have tried to protect Khmer natural resource became Khmer traitors.

This is the Law of Kdor Ah Hun Sen.