Wednesday, 21 July 2021

អាណត្តិ​ការងារ​​លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​រឹតត្បិត​​អ្នក​​ការពារ​​បរិស្ថាន​​បង្កើត​​ឱ្យ​មាន​​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​​ធំ​ធេង​​

Khmer Circle

One does not need a Master's Degree in Biological Sciences to realise that putting environmental activists behind bars while giving licenses to timber cartels to cut down the trees result in deforestation and environmental calamities!

Don't blame global warming for the rising heat waves...

🔺🔺🔺

អាណត្តិ​ការងារ​​លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​រឹតត្បិត​​អ្នក​​ការពារ​​បរិស្ថាន​​បង្កើត​​ឱ្យ​មាន​​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​​ធំ​ធេង​​

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានលោក​ សាយ សំអាល់ ដែលបាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​វ័យក្មេងជាងគេនៅ​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន។

 

ដោយ សុជីវី
2021-07-21 rfa

 

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានលោក​ សាយ សំអាល់ បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន។​ មិន​ខុស​គ្នា​ពី​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​មុន​ទេ លោក​ សាយ សំអាល់ ត្រូវ​ក្រុម​សកម្ម​ជន​ការពារ​ធនធាន​ធម្មជាតិ​មើល​ឃើញ​ថា ជា​​មន្ត្រី​អសមត្ថភាពដោយ​​សារ​​លោក​​មិន​​អាច​​ទប់​ស្កាត់​​ការ​​បំផ្លិច​​​បំផ្លាញ​​​ព្រៃ​ឈើ​​របស់​​ជាតិ​​បាន។​ លោក​មិន​ហ៊ាន​ប្រើ​តួ​នាទី​ និង​អំណាច​របស់​លោក​ ដើម្បី​តតាំង​ជា​មួយ​ក្រុមហ៊ុន​ និង​ឈ្មួញ​ឈើ​ទុច្ចរិត​មាន​ខ្នង​ក្រាស់​ ដែល​បាន​​បំផ្លាញ​ភោគ​ទ្រព្យ​ធម្មជាតិ​មហា​សាល​នោះ​ឡើយ។

បើគិតតែ​រឿង​ព្រៃ​ឈើ​មួយ​មុខ​ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ​រយៈ​ពេល​ជិត ​១០ ​ឆ្នាំ​កន្លង​ទៅ​នេះ ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​បាន​​កើត​មាន​ពេញ​ផ្ទៃ​ប្រទេស​ ទាំង​ក្នុង​តំបន់​ព្រៃ​អភិរក្ស ទាំង​ក្នុង​តំបន់​ព្រៃ​ឈើ​ការ​ពារ​ដោយ​អនុ​ក្រឹត្យ។ ទិន្នន័យ​ផ្កាយ​រណប​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​រួម (Joint Research Center, JRC) របស់​គណៈ​កម្ម​ការ​អឺរ៉ុប និង​ទិន្នន័យ​បម្រែ​បម្រួល​ព្រៃ​ឈើ​សាកល (Global Forest Change) របស់​សាកលវិទ្យាល័យ​ម៉ារីលែន​ (University of Maryland) នៃ​សហរដ្ឋ​អាមេរិក រក​ឃើញ​ថា គ្រាន់​តែ​ក្នុង​ឆ្នាំ​២០១៩​មួយ ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ បាន​បាត់​បង់​ព្រៃ​រហូត​ដល់​ទៅ ៧​ពាន់​ ៥រយ​ហិកតារ គឺ​ស្មើ​នឹង​ការ​កើន​ឡើង​ដល់​ទៅ ៧៣% ពី​ឆ្នាំ​២០១៨ ដែល​មាន​ន័យ​ថា​ ក្នុង​១​ម៉ោង ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​នេះ បាត់​បង់​ព្រៃ​ស្មើ​នឹង​ទំហំ​ធំ​ជាង​តារាង​បាល់ទាត់​មួយ។ តួ​លេខ​នេះ ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ទី​១០ ក្នុង​ពិភព​លោក​ដែល​រង​ការ​បាត់​បង់​ព្រៃ​ឈើ​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​២០១៩ គឺ​រហូត​ដល់​ទៅ​ជាង ៦​ម៉ឺន ​៣​ពាន់ ​ហិកតារ។​ ភាគ​ច្រើន​នៃ​ព្រៃ​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​ធ្វើ​អា​ជីវ​កម្ម​ដោយ​ខុស​ច្បាប់​​ទៅ​កាន់​ប្រទេស​វៀតណាម។

Say_Sam_Al_Minister_of_Environment_21_07_2021_02.jpg
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងពេលចុះទស្សនកិច្ចការល្បាតព្រៃឈើ។ (រូប៖ ក្រសួងបរិស្ថាន)

 

កើត​នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​១៩៨០​ លោក​ សាយ​ សំអាល់​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជីវ​វិទ្យា​វិទ្យា​សាស្ត្រ (Biological Sciences) នៅ​មហា​វិទ្យា​ល័យ​ម៉ូណាស (Monash University) ប្រទេស​អូស្ត្រាលី។​ លោក​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែង​តាំង​លោក ​សាយ សំអាល់​ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ក្រោយ​ពេល​លោក​ចាញ់​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​កំពង់​ចាម​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣​ នៃ​នី​តិ​កាល​​ទី​៥​​។

​លោក សាយ សំអាល់​ មាន​អាយុ ៣៣ឆ្នាំ​ នៅពេល​លោក​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​គឺ​ជា​រដ្ឋ​មន្ត្រី​វ័យកេ្មង​ជាងគេ​។ នៅពេល​លោក​ចូលកាន់​តំណែង​នេះ​ដំបូង​ ក្រុម​អ្នក​ការពារ​បរិស្ថាន​ និង​មជ្ឈដ្ឋាន​ទូទៅ​ហាក់​មានក្ដី​សង្ឃឹម​ច្រើន​ថា ​រដ្ឋមន្ត្រី​វ័យ​ក្មេង​រូប​នេះ​ ប្រហែលជា​អាច​ទប់ស្កាត់​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​បាន ​ព្រោះ​លោក​នៅ​វ័យ​ក្មេង​ ឈាម​ថ្មី​ និង​បាន​សិក្សា​ខ្ពស់​នៅ​ប្រទេស​ជឿន​លឿន​ផង​នោះ ​អាច​មាន​គំនិត​ និង​របៀប​ដឹកនាំ​ថ្មី​ជាង​មន្ត្រី​ចាស់​គំរឹល​ជាច្រើន​រូប​ផ្សេងទៀត ​ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​តាំង​ពី​ចុង​ទសវត្សរ៍​៨០​មក​។ ប៉ុន្តែ​ក្ដី​សង្ឃឹម​ទាំងអស់​នោះ ​បាន​ក្លាយ​ជា​ការ​ខកចិត្ត ​និង​ក្ដី​បារម្ភ​ទៅ​វិញ​ ដោយសារ​តែ​​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅតែ​បន្ត​កើត​មាន​ឥត​ស្រាកស្រាន្ត​ និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ក៏​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។

Say_Sam_Al_Minister_of_Environment_21_07_2021.jpg
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន។ (រូប៖ ក្រសួងបរិស្ថាន)

ប្រធាន​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់​ធំ​លោក​ ហឿន សុភាព ​និយាយ​ថា​ ក្នុង​អាណត្តិ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ​មាន​ការ​តឹង​តែង​ជា​មួយ​អ្នក​​ការពារ​ព្រៃ​ឈើ​ តែ​ធូរ​រលុង​ជា​មួយ​អ្នក​បំផ្លាញ​ព្រៃ​ឈើ។​ លោក​ថា ​ជាក់​ស្តែង​មន្ត្រី​បរិស្ថាន​បាន​ឃាត់​ចាប់​អ្នក​កាប់​ឈើ​ និង​អ្នក​ដឹក​ឈើ​ខុស​ច្បាប់​ គេ​គ្រាន់​តែ​ពិ​ន័យ​​ជា​ប្រាក់​ រួច​ប្រគល់​សម្ភារៈ​ឱ្យ​វិញ​ ក្រោយ​មក​អ្នក​ទាំង​នោះ​ ចូល​ព្រៃ​កាប់​ឈើ​ដដែល​។ ការ​ឃាត់​ខ្លួន​នេះ​ទៀត​សោត​ក៏​កម្រ​ធ្វើ​ឡើង​ចំពោះ​ក្រុមហ៊ុន​ធំ​ៗ​ណាស់៖ «អ្នក​កាប់​ឈើ​នៅ​តែ​កាប់​ដដែលៗ ​វា​អត់​មាន​ទោស​ទណ្ឌ​អី ​អ្នក​ធ្លាប់​ធ្វើ​យូរ​ឆ្នាំ​ ដូច​ជា​អត់​មាន​រឹត​បន្តឹង​ពួកគាត់​។ ​ការ​ឃាត់​ចាប់​វត្ថុតាង ​ដូច​គោយន្ត ម៉ូតូ និង​គោយន្ត​យើង​ឃើញ​ មុខ​មាត់​អ្នក​រកស៊ី​ដដែល ​ដូចជា ​ពុំ​មាន​អ្នក​ថ្មី​ទេ។ ​អ្នក​ការពារ​គេ​មាន​វិធានការ​តឹងតែង​ សម្រាប់​អ្នក​បំផ្លាញ ​ដូចជា ​ពុំ​មាន​វិធានការ​ខ្លាំង»។

ភាព​បរាជ័យ​មួយ​ទៀត​របស់​ក្រសួង​បរិស្ថាន​ គឺ​សហរដ្ឋ​អាមេរិក​បាន​ផ្ដាច់​ជំនួយ​ពី​រដ្ឋា​ភិបាល​កម្ពុជា​លើ​គម្រោង ​«ព្រៃ​ឡង់​បៃ​តង» កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ ជា​ការ​ឆ្លើយ​តប​នឹង​វិធាន​ការ​របស់​រដ្ឋាភិបាល​ដែល​បិទ​ខ្ទប់​សំឡេង​ និង​សកម្ម​ភាព​របស់​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ មិន​ឱ្យ​ពួក​គេ​ចូល​ល្បាត​មើល​បទ​ល្មើស​នៅ​​តំបន់​ព្រៃ​ឡង់​ តំបន់​ការពារ​ដែល​កំពុង​បន្ត​រង​ការ​កាប់​បំផ្លាញ។​

ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​លើក​ឡើង​ថា កំណត់​ត្រា​អាក្រក់​ជាង​នេះ​ទៅ​ទៀត​ ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា គឺ​យុវជន​ការពារ​ធនធាន​ធម្ម​ជាតិ​ជាង​ ១០ ​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្នុង​​នោះ​មាន​សមាជិក​អង្គ​ការ​មាតា​ធម្ម​ជាតិ​ចំនួន ​៦ ​នាក់។​ អ្នក​ទាំង​ ៦​នាក់​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នោះ​ មាន​លោក​ ថុន រដ្ឋា ​កញ្ញា ​ឡុង គន្ធា ​កញ្ញា​ ភួន កែវ​រស្មី ​លោក​ លី ចាន់ដារ៉ាវុធ ​កញ្ញា​ ស៊ុន រដ្ឋា ​និង​លោក​ យឹម លាងហ៊ី។

Environmental_activist_Alex.jpg
យុវជនបរិស្ថានដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ដោយសារសកម្មភាពការពារបរិស្ថាន តែមន្ត្រីរដ្ឋាភិបាលចាត់ទុកថា ជាសកម្មភាពស្រឡាញ់បរិស្ថានក្លែងក្លាយ។

ស្ថាបនិក​ចលនា​មាតា​ធម្ម​ជាតិ​លោក​ អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) លើក​ឡើង​ថា ការ​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​​ជា​ច្រើន​​រូប​នេះ​ ឆ្លុះ​បញ្ចាំង​ថា​ លោក​ សាយ សំអាល់​ មិន​ខ្វល់ខ្វាយ​ពី​យុវជន​ដែល​លះ​បង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ឡើយ។​ លោក​បញ្ជាក់​​ថា​ ក្នុង​អាណត្តិ​របស់​រដ្ឋមន្ត្រី​រូប​នេះ​ ចំនួន​អ្នក​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​កើន​ឡើង​ច្រើន​ សកម្ម​ភាព​បូម​ខ្សាច់​តាម​ដង​ទន្លេ​មេគង្គ​ និង​ទន្លេ​បាសាក់​កើត​មាន​​យ៉ាង​​អនាធិបតេយ្យ​ ធ្វើ​ឱ្យ​បាក់​ច្រាំង​ទន្លេ។​ រី​ឯ​សកម្មភាព​រុករក​រ៉ែមាស​នៅ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​មណ្ឌលគិរី​ បង្ក​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ និង​ធនធាន​ធម្ម​ជាតិ​​យ៉ាង​ធំ​ធេង៖ «អត់​ដែល​មានក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ​រាប់​រយ​រាប់ពាន់​ឆ្នាំ​កន្លង​មក​ សហគមន៍​មូលដ្ឋាន​ចង់​ចូល​ព្រៃ ​និង​ចង់​ល្បាត​ធ្វើ​បាន​តើ ​មាន​តែសម័យ ​សាយ ​សំអាល់ ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ស្រឡាញ់​ព្រៃឈើចូលល្បាត ​ពុំ​មែន​ចូល​កាប់​។ ​គាត់​អត់​អនុញ្ញាត ​គាត់​បញ្ជា​ឱ្យ ​បេអឹម​ ទៅ​រារាំង​និង​គំរាម​ចាប់​ដាក់គុក។ ​អាហ្នឹង​ជា​រឿង​មួយ ​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា ​មិនដែលមាន ​ជា​រឿង​មួយដែល​យើង​ចារ​នៅ​ប្រវត្តិសាស្ត្រ»។

លោក​ អាឡិក ​សង្កេត​ឃើញ​ថា​ លោក​ សាយ សំអាល់​ មិន​ហ៊ាន​តតាំង​ជា​មួយ​ ក្រុមហ៊ុន​កាប់​ឈើ​មាន​ខ្នង​ក្រាស់​ ដូច​ជា​ ក្រុមហ៊ុន​ ទ្រី ភាព ​និង​ ក្រុមហ៊ុន​ចិន​ជា​ដើម​ ដោយ​សារ​រដ្ឋមន្ត្រី​រូប​នេះ​ ខ្លាច​ឥទ្ធិពល​របស់​ក្រុម​អ្នក​មាន​អំណាច​ទាំង​នោះ។​ ហេតុ​ដូច្នេះ​ហើយ​ លោក​ អាឡិក ​ថា លោក​ សាយ សំអាល់​ ជា​មនុស្ស​អសមត្ថ​ភាព​​ក្នុង​ការ​ការ​ពារ​សម្បត្តិ​ធម្ម​ជាតិ​របស់​ខ្មែរ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ ​ក្រសួង​បរិស្ថាន​ដែល​គ្រប់គ្រង​ដោយ​លោក សាយ សំអាល់ ​ក្នុង​រយៈ​ពេល ​៨ ​ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​ក៏​បាន​កសាង​ស្នាដៃ​មួយ​ចំនួន​ផង​ដែរ។​ លោកបាន​កសាង​អគារ​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ទំនើប​មួយ។​ លោក​បាន​ពង្រីក​វិសាល​ភាព​តំបន់​ការពារ​ធម្ម​ជាតិ​ តំបន់​ការពារ​ទេស​ភាព​ តំបន់​រ៉ាំសា​ តំបន់​របៀង​អភិ​រក្ស​ជីវ​ចម្រុះ​ និង​តំបន់​អេកូទេស​ធម្ម​ជាតិ​ ២៣​ ខេត្ត​ក្រុង​ ឬ​ស្មើ​នឹង​ជាង​ ៧០​ កន្លែង។​ លើស​ពី​នេះ​ លោក​បាន​ផ្ដួចផ្ដើម​ឱ្យ​ចុះ​បញ្ជី​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ និង​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង​ខាង​លិច​ជា​ដើម។ ទោះ​ជា​បែប​នេះ​ក្ដី​ អ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​ក្រសួង​បរិស្ថាន​មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​ដែល​កើត​មាន​ក្នុង​តំបន់​ការពារ​ទាំង​នោះ​បានឡើយ​។​ លេស​ឬ​ហេតុ​ផល​ការពារ​ខ្លួន​មួយ​របស់​ក្រសួង​បរិស្ថាន​នោះ​ គឺ​ថា​ ក្រសួង​មាន​ធនធាន​មនុស្ស​តិច​ ដែល​មិន​អាច​រាយ​ពង្រាយ​ដើម្បី​ល្បាត​ការពារ​ព្រៃ​ឈើ​ដល់​គ្រប់​ទី​កន្លែង​នោះ​ទេ។

Say_Sam_Al_with_New_office_of_Environment_21_07_2021.jpg
ទីស្តីការក្រសួងបរិស្ថានដ៏ល្អប្រណិតស្ថិតនៅជាប់ដៃទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុង​អាណត្តិ​ការងារ​របស់​លោក​សាយ សំអាល់ ក៏​មាន​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​ចំនួន​ត្រូវ​បាន​រំលាយ​ចោល​ដែរ រួម​មាន  ដែន​ជម្រក​សត្វ​ព្រៃ​ស្នូល​ក្នុង​ខេត្ត​ក្រចេះ​ និង​ ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ ​ក្នុង​ខេត្ត​បាត់ដំបង។​ តំបន់​អភិ​រក្ស​ទាំង​ពីរ​នេះ​ មាន​ផ្ទៃ​ដី​ជិត​ ២០​ម៉ឺន​ហិកតារ​ ត្រូវ​បាន​រដ្ឋាភិបាល​រំសាយ​ កាល​ពី​ឆ្នាំ​ ២០១៨​កន្លង​ទៅ ដោយ​ក្រសួង​អះអាង​ថា​ លែង​មាន​តម្លៃ​ជា​តំបន់​អភិរក្ស​ ប៉ុន្តែ​សកម្ម​ជន​បរិស្ថាន​មិន​យល់​ដូច្នេះ​ឡើយ។​

មន្ត្រី​រាជ​ការ​ធ្វើ​ការ​នៅ​មន្ទីរ​បរិស្ថាន​ម្នាក់​ ដែល​ស្និទ្ធ​នឹងលោក​ សាយ សំអាល់​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​អាស៊ីសេរី​ថា លោក​ សាយ សំអាល់​ មាន​សមត្ថ​ភាព​ខ្ពស់​ ចិត្ត​ទូលាយ​ រុះរាយ​រាក់​ទាក់​ជា​មួយ​មន្ត្រី​តូច​តាច​ថ្នាក់​ក្រោម​ និង​អនុ​វត្ត​សកម្ម​ភាព​ការងារ​បាន​ច្រើន។​ លោក​ថា ​រដ្ឋមន្ត្រី​រូប​នេះ​ បាន​កសាង​ស្នាដៃ​ជា​ច្រើន​ ក្នុង​​អាណត្តិ​ការងារ​របស់​លោក​រួម​មាន ជំរុញ​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស​ជាង​ ១​ពាន់​ នាក់​ ដែល​ធ្លាប់​ជា​មន្ត្រី​កិច្ច​សន្យា​ ឱ្យ​ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​រាជ​ការ​ ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ សម្ភារៈ​ចុះ​ល្បាត​ កាំ​ភ្លើង​ និង​ថវិកា​ចុះ​ល្បាតជា​ដើម។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ មាន​ចំណុច​ខ្វះ​ខាត​ដែរ​ ដោយ​សារ​ព្រៃ​ឈើ​ក្រៅ​តំបន់​ការពារ​ធម្ម​ជាតិ​បាត់​បង់​ស្ទើរ​ទាំង​ស្រុង។​

​ជុំ​វិញ​រឿង​នេះ​ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ រដ្ឋមន្ត្រី​រូប​នេះ​ ពុំ​អាច​ប្រើ​សមត្ថ​ភាព​ និង​ចំណេះ​ដឹង​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​ បម្រើ​ឱ្យ​ប្រយោជន៍​ជាតិ​ពេញ​លេញ​ឱ្យ​ល្អ​ប្រសើរ​នោះ​ទេ​ ព្រោះ​ការងារ​របស់​លោក​ ឋិត​ក្រោម​នឹម​នយោបាយ​របស់​បក្ស​កាន់​អំណាច។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូល​ដ្ឋាន​នៃ​សមាគម​អាដហុក​លោក​ ប៉ែន ប៊ុណ្ណារ៍​ សង្កេត​ឃើញ​ថា​ ក្រសួង​បរិស្ថាន​​មិន​ដែល​ធ្វើ​ជាដើម​បណ្តឹង ​ប្តឹង​បរិហារ​ ក្រុម​ឈ្មួញ​ និង​អ្នក​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​នោះ​ទេ​។ ​លោក​ថា​ ក្រសួងបរិស្ថាន​ដែល​ជា​ក្រសួង​សាមី​ ខ្វះ​ជំហរ​ម៉ឺងម៉ាត់​ក្នុងការ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដែល​ច្បាប់​​អនុញ្ញាត​។ លោកថា  អ្នក​ដែល​រក​ស៊ី​បំផ្លាញ​ព្រៃឈើ​ធំៗ​មាន​អំណាច ​និង​ឥទ្ធិពល​ជាង​រដ្ឋមន្ត្រី​ ដែល​ទាមទារ​ឱ្យ​មន្រ្តីរដ្ឋាភិបាល​ហ៊ាន​ប្រើ​ដាវ​អាជ្ញាសឹក​កុំ​និយាយ​​តែ​​មាត់​ ដើម្បី​កាត់​សាច់​ស្អុយ​រលួយ​ចេញ​ទើប​ធ្វើ​ឱ្យ​វិបត្តិ​ព្រៃឈើ​អាច​ដោះស្រាយ​បាន​៖ «បទល្មើស​ឧក្រិដ្ឋ​ពាក់ព័ន្ធ​មនុស្ស​មួយ​ចំនួន ​មាន​ឥទ្ធិពល​ជាង​គាត់​ទៀត​ អ៊ីចឹង​បាន​ធ្វើ​ឱ្យ​សង្គម​យើង​ហ្នឹង ​ជា​សង្គម​មួយ​ដែលយក​ឥទ្ធិពល​នរណា​ម្នាក់​មក​គ្រប​ ទៅ​លើ​ប្រព័ន្ធ​ដឹកនាំ​ទាំងអស់​ហ្នឹង។​ ទោះ​បី​ឃើញ​បទល្មើស​ឧក្រិដ្ឋ​លុប​ដី​បឹង ​ផ្ទាល់​ភ្នែក ​ស្គាល់​អត្តសញ្ញាណ​ តែ​ធ្វើ​អី​អត់​កើត​។ ​តើ​ឥទ្ធិពល​អ្នក​កាប់​ព្រៃឈើ ​មាន​ឥទ្ធិពល​យ៉ាង​ម៉េច ​? តាម​ពិត​ខ្ញុំ​គិត​ថា​ វា​មាន​ឥទ្ធិពល​ជាង​រដ្ឋមន្ត្រី ​ក្រសួង​​បរិស្ថាន​ទៀត»។

Prey_Lang_and_Say_Sam_Al_21_07_2021.jpg
ទិដ្ឋភាពព្រៃឡង់ដែលត្រូវបានឈ្មួញកាប់បំផ្លាញ់កន្លងមក។

អាស៊ីសេរី​បាន​ផ្ញើ​សំណួរ​តាមបណ្តាញ​សង្គម​ហ្វេសបុក​ផ្លូវការ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ​រយៈពេល​មួយ​សប្ដាហ៍​មក​ហើយ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​លោក​​ឆ្លើយតប​ការ​លើក​ឡើង​ទាំង​អស់​នេះ ​ប៉ុន្តែ​ពុំមាន​ការឆ្លើយ​ទេ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ភក្ត្រា​ ប្រាប់​អាស៊ីសេរី​ តាម​បណ្ដាញ​សង្គម​ស៊ីវិល​ សិកណល (Signal)​ថា សកម្ម​ភាព​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​​ដែល​កំពុង​ជាប់ឃុំ​ទាំងនោះ ​គឺ​ជា​ការ​ស្រឡាញ់​បរិស្ថាន​ក្លែង​ក្លាយ​ ដែល​លោក​ចាត់​ទុក​ថា​ កំពុង​ព្យាយាម​ប្រែ​ក្លាយ​ខ្លួនឯង​ជាជន​ល្មើស​ មក​ជា​ជន​រង​គ្រោះ។​ លោក​ថា​ ក្រុម​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​ទាំង​នោះ  ពួក​គេ​មាន​អង្គ​ការ​ចាត់​តាំង​ខុស​ច្បាប់​ និង​ប្រើ​ប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម​ ដោយ​មាន​ជន​បរទេស​​ជា​​អ្នក​​គូស​វាស​ផែន​ទី​ឱ្យ​ធ្វើ​សកម្មភាព​ និង​ប្រតិបត្តិ​ការ។​ លោក​បញ្ជាក់​ថា ក្រុម​នេះ​មាន​ការ​បញ្ជា​ពី​ក្រោយ​ខ្នង​ដោយ​ជន​បរទេស​ម្នាក់​ឈ្មោះ  អាឡិច​សង់​ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជា​ជន​ជាតិ​អេស្បាញ។​ លោកបន្តថា សកម្មភាព​របស់​ក្រុម​នេះ​កន្លង​មក​ គឺ​សុទ្ធ​តែ​មាន​ផែនការ​ និង​ការ​ចង្អុល​បង្ហាញ​របស់​មេ​ខ្លោង​ដែល​ជា​ជន​បរទេស​នៅ​ខាង​ក្រៅ​ប្រទេស​ទាំង​អស់។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ នេត្រ ភក្ត្រា​ បែប​នេះ លោក​ អាឡិក​ ចាត់​ទុក​សំ​ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​ដោះ​សា​​ដដែល​ៗ​ គ្មាន​ប្រសិទ្ធ​ភាព​ និង​ភូតភរ​ពលរដ្ឋ​ខ្លួន​ឯង។​ លោក​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​ និង​មហា​ជន​ នឹង​កាន់​តែ​បាត់​ទំនុក​ចិត្ត​ចំពោះ​ការ​បក​ស្រាយ​របស់​អ្នក​នាំ​ពាក្យ​រូប​នេះ​ដែល​លោក​ថា ​ គ្មាន​សីលធម៌​ និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។  លោក​សង្កត់​ធ្ងន់​ថា ការ​ចាប់​ខ្លួន​ក្រុម​យុវជន​បរិស្ថាន​ ឆ្លុះ​បញ្ចាំង​ថា​ របប​ក្រុង​ភ្នំពេញ​ខ្លាច​ឥទ្ធិពល​​យុវជន​ ដែល​ក្លាហាន​លាត​ត្រដាង​ពី​ឧក្រិដ្ឋ​កម្ម​ធនធាន​ធម្ម​ជាតិនៅកម្ពុជា៖ «អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ និយាយ​ដូចសារ​ព័ត៌មាន​ក្លែងក្លាយរបប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ​ដូច​ប្រេតញូវ​ជាដើម​ វា​អត់​មាន​ប្រសិទ្ធភាព​ទេ​ គឺ​អ្នក​ឯង​បកស្រាយ​ប៉ុន្មានដង​ក៏​ដោយ ​ក៏​នៅ​តែ​ឃើញ​ថា​ ជា​ការ​ចាប់ចង​តាម​អំពើ​ចិត្ត​​ទេ ​ពុំ​មែន​ជា​ការ​ចាប់​ដើម្បី​អនុវត្ត​ច្បាប់​ទេ​។ ​ភាគ​ច្រើន​គេ​យក​មនុស្ស​ចរិតពាល​ គេ​ពុំសូវ​យក​មនុស្ស​មានធម៌ ​ឬ​ក៏​ពុំ​សូវ​យក​មនុស្ស​ដែល​មាន​ គុណភាព ​ដូច​សឹង្ហបុរី ​និង​វៀតណាម​ ប្រទេស​ផ្ដាច់ការ​មែន​ តែ​អ្នក​នាំ​ពាក្យ​គេ​ឆ្លាត»។

ជាមួយគ្នានេះ​ដែរ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​មើល​ឃើញ​ថា  ទោះ​បី​ជា​ដូរ​រដ្ឋ​មន្ត្រី​ថ្មី​ទៀត​ ក៏ពុំ​អាច​ដោះស្រាយ​វិបត្តិ​បរិស្ថាន​បាន​ប្រសើរ​ឡើយ​ ដរាប​ណា​កម្ពុជា​នៅ​តែ​​ស្ថិត​ក្រោម​ប្រព័ន្ធ​ដឹកនាំ​របស់​លោក ​ហ៊ុន សែន ដែល​តម្រូវ​ឱ្យ​មន្ត្រី​ដើរ​តាម​គន្លង​បក្ស​ និង​គ្រួសារ​និយម​នោះ។

Ouch_Leng_Environment_22_04_2021_02.jpg
លោក អ៊ូច ឡេង វីរៈជនបរិស្ថាននិងសកម្មជនបរិស្ថានផ្សេងទៀតត្រូវបានអាជ្ញាធរខេត្តក្រចេះដោះលែងវិញកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីឃាត់ខ្លួនដោយសារតែសកម្មភាពចុះល្បាតព្រៃឈើ។

អតីតតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​អ៊ុំ សំអាន មើលឃើញ​ថា​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ មាន​ទំនាក់​ទំនង​ស្និទ្ធ​ជា​មួយ​ឧកញ៉ា​កាប់​បំផ្លាញ​ព្រៃ​ឈើ ដូច​ជា​ លោក​ ទ្រី ភាព ​ជា​ដើម​ ហើយ​ចំណូល​ដែល​បាន​មក​ពី​ការ​កាប់​ឈើ​ទាំង​នោះ ត្រូវ​ផ្គត់​ផ្គង់​ឱ្យ​គណបក្ស​កាន់​អំណាច និង​អាជ្ញាធរ​ខិល​ខូច។

លោក​ចោទ​ថា ​លោក ​សាយ សំអាល់​ មិន​ត្រឹមតែ​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​ល្អ​នោះ​ទេ​ ថែម​ទាំង​ព្យាយាម​លាក់បាំង​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ ឬ​បិទ​ភ្នែក​បិទ​ត្រចៀក​ ធ្វើ​មិន​ឃើញ ​ធ្វើ​មិន​ឮ ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​អ្នក​ការពារ​ធនធានធម្មជាតិ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​បាន​ថតរូប ​និង​ចងក្រង​របាយការណ៍​ផ្សព្វផ្សាយ​ជា​ហូរ​ហែ​​កន្លង​មក​ ដើម្បី​តែ​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​ឯកជន​៖ «យុវជន​បន្ត​ពូជរបស់​គណបក្ស​ប្រជាជន ​វា​ត្រូវ​ស្នង​តំណែង​ពី​ឪពុក​ ត្រូវ​ដើរ​តាម​គោល​នយោបាយ ​របស់​​ឪពុក ​និង​គោល​នយោបាយរបស់​បក្ស​។ ​បក្ស​ពុក​រលួយ ​ត្រូវ​ពុក​រលួយ​ បក្ស​បណ្ដោយ​ឱ្យ​កាប់​ព្រៃឈើ ​បក្ស​ឱ្យ​បំផ្លាញ​បរិស្ថាន​ ដើម្បី​យក​លុយ​ចូល​បក្ស ​ត្រូវ​ធ្វើ​អ៊ីចឹង​។ ដូច្នេះ​ទោះ​បី​ជាយុវជន​ជំនាន់​ក្រោយ ​ចង់​ធ្វើ​ស្អាតស្អំ​ក៏​ទៅ​មិន​រួច​ដែរ»។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​សុំ​លាក់​អត្តសញ្ញាណ​ឱ្យ​ដឹង​បន្ថែម​ថា លោក​ សាយ សំអាល់ បាន​បង្កើត​យន្ត​ការ​ថ្មី​ៗ​មួយ​ចំនួន​ ដើម្បី​កៀរគរ​ការ​ចូល​រួម​ទ្រទ្រង់​វិស័យ​បរិស្ថាន​ រួម​មាន​ បង្កើត​ឱ្យ​មាន​ចលនា​សាលា​ប្រកួត​ប្រជែង​ប្រជា​ប្រិយភាព​បរិស្ថាន​ អារាម​មេត្រី​ភាព​បរិស្ថាន​ បង្កើត​ឱ្យ​មាន​ប័ណ្ណ​សរសើរ​ និង​ការ​គ្រប់​គ្រង​​កាក​សំណល់​សំរាម​បាន​ល្អ​ប្រសើរ​ជាង​មុន និង​ យន្ត​ការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្រាស្ទីកជា​ដើម។​

ទោះ​ជា​យ៉ាង​ណា សកម្ម​ជន​បរិស្ថាន​និយាយ​ថា ក្នុង​អាណត្តិ​ការងារ​របស់​លោក​ សាយ សំអាល់​ ព្រៃ​សហគមន៍​ជា​ច្រើន​ នៅ​ខេត្ត​ភាគ​ឦសាន​ និង​ តាម​បណ្តា​ខេត្ត​មួយ​​ចំនួន​ទៀត រលាយ​ហិន​ហោច​ស្ទើរ​ទាំង​ស្រុង ដូច​ជា​ ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ​ ឋិត​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ព្រៃ​សហគមន៍​ភ្នំ​សេះ​ ក្នុង​ខេត្ត​ក្រចេះ  និង​ព្រៃ​សហគមន៍​​ភូមិ​ពុលុ​ ក្នុង​ខេត្ត​មណ្ឌលគិរី ជា​ដើម។ លើស​ពី​នេះ​ សកម្ម​ភាព​កាប់​ព្រៃ​កោង​កាង​ជា​ច្រើន​រយ​ហិកតារ​ក្នុង​ខេត្ត​កោះកុង​ និង​ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិកតារ​ នៅ​តំបន់​បឹង​ទន្លេសាប​។

នាយឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើផ្ទៃប្រទេស ធ្លាប់មាន​ប្រសាសន៍​ទាំង​ខកចិត្ត​ថា ​លោក​សោកស្ដាយ​ខ្លាំង​ដែល​កម្ពុជា​បាត់បង់​ទាំង​ព្រៃឈើ​ ទាំង​ប្រាក់​ចំណូល​ចូលជាតិ​ ប៉ុន្តែ​ប្រាក់​រាប់​លាន​ដុល្លារ​ពីការ​វិនាស​ហិន​ហោច​នៃ​ព្រៃឈើ​ទាំងនោះ​បែរ​ជា​បាន​ទៅ​ប្រទេស​ជិតខាង​កម្ពុជា​ទៅវិញ៕

 

2 comments:

Anonymous said...

Hang this asshole Say Sam Al.

Anonymous said...

The members of mother nature have been accused of conspiracy. Conspiracy Kanduoy Meh Vear.

Ah Kwack Hun Sen's cronies who destroyed Khmer natural resource have been promoted and got richer and richer whereas Khmer people who have tried to protect Khmer natural resource became Khmer traitors.

This is the Law of Kdor Ah Hun Sen.