ដោយ សេក បណ្ឌិត
2021-08-14
សកម្មជនគណបក្សសង្គ្រោះជាតិដែលរងការលួចវាយប្រហារឱ្យរងរបួស ខណៈជនដៃដល់នៅតែរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជនបក្សប្រឆាំងមួយចំនួនដែលរងគ្រោះដោយការលបវាយពីសំណាក់ជនមិនស្គាល់មុខ ឱ្យដឹងថា ពួកគាត់កំពុងរស់នៅទាំងឈឺចាប់ផ្លូវកាយនិងចិត្ត ដោយសារតែអាជ្ញាធរមិនរកយុត្តិធម៌ជូនពួកគាត់។
ចៅសង្កាត់រងទី២ជាប់ឆ្នោត នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករាអ្នកស្រី ទេព ច័ន្ទសុខៃយ៉ា រៀបរាប់ថា រយៈពេលជិត ២ ឆ្នាំមកហើយ ដែលអ្នកស្រីត្រូវជនមិនស្គាល់មុខលបវាយត្រង់ក្បាលបណ្តាលឱ្យដួលសន្លប់បោកទៅនឹងថ្នល់ ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់យកមកផ្តន្ទាទោសនៅឡើយទេ។ អ្នកស្រីឱ្យដឹងថា ក្រោយរងនូវអំពើហិង្សាកាលពីចុងឆ្នាំ២០១៩មក ជើងនិងដៃខាងស្តាំរបស់អ្នកស្រីពិបាកធ្វើចលនា និងឈឺចុកចាប់ស្ទើររាល់រាល់ថ្ងៃ។ ជនរងគ្រោះរូបនេះបន្ថែមថា អាការៈនេះមិនថមថយទេ ទោះបីលោកស្រីទទួលបានការព្យាបាលពីគ្រូពេទ្យខ្លះៗក៏ដោយ ។ អ្នកស្រីចាត់ទុកករណីហិង្សាកន្លងមកនេះថាជាការរឿងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយជាអំពើយុត្តិធម៌សម្រាប់អ្នកស្រី និងសកម្មជនបក្សប្រឆាំងផ្សេងទៀត៖ «រូបភាពនេះហើយដែលខ្ញុំបញ្ជាក់ថាអូសទាញក្នុងរូបភាពនយោបាយមិនបានវាយបំបាក់ស្មារតីខ្ញុំ ឱ្យខ្ញុំមានការឈឺចាប់ចុះចូលគាត់ចង់បានតួនាទីតំណែងចឹងអត់ទេ ហើយបើសិនជាគាត់ឈ្នះដោយយុត្តិធម៌មិនគួរប្រើរបៀបវាយឆ្មក់អូសទាញចឹងទេ ខ្ញុំធ្វើការងារនេះ គឺខ្ញុំចង់បានយុត្តិធម៌ ចង់បានប្រជាធិបតេយ្យសម្រាប់កូនចៅខ្ញុំស្រករក្រោយទេ»។
ចំណែកសមាជិកក្រុមប្រឹក្សាសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញលោក ខៀវ ឌីន វិញ ពេលនេះលោកមានជំងឺវង្វេងស្មារតី ដោយសារតែជនដៃដល់វាយចំក្បាលរបស់លោកកាលពីឆ្នាំ២០១៩។
ប្រពន្ធលោកលោក ខៀវ ឌីន គឺលោកស្រី ពេជ្រ សុខណា ឱ្យដឹងថា ប្តីលោកស្រីបានធ្លាក់ខ្លួនឈឺធ្ងន់ជាង ២០ ថ្ងៃហើយ ដោយគ្រូពេទ្យប្រាប់ថា ប្តីលោកស្រីប៉ះទង្គិចត្រង់សរសៃប្រសាទតូចៗនៃខួរក្បាលដែលធ្វើឱ្យគាត់មានជំងឺវង្វេងស្មារតី និងមិននិយាយជាដើម។ លោកស្រីត្អូញត្អែរថា គ្រួសារលោកស្រីគ្មានប្រាក់ឱ្យថ្លៃពេទ្យសម្រាប់ពិនិត្យនិងព្យាបាលប្តីនោះទេ៖ «គាត់ធ្លាប់ជួយក្រុមគ្រួសារបាន ដល់ពេលគាត់ជួយអត់បានក្នុងខ្លួនគាត់ក៏ពិបាកយើងក៏ពិបាកគ្រប់បែបគ្រប់យ៉ាងរស់នៅក្នុងការអត់ធ្មត់ ត្រូវមើលគាត់បន្តទៀត ចឹងយើងមិនទុកបណ្តែតបណ្តោយទេ យ៉ាងណាក៏ដោយត្រូវតែមើលគាត់ ឥឡូវនេះកំពុងព្យាបាលគាត់»។
លោកស្រី ពេជ្រ សុខណា បន្តថា លោកស្រីសោកស្តាយចំពោះអាជ្ញាធរដែលខកខានស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ ស្រ្តីវ័យ ៦៤ ឆ្នាំរូបនេះទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនចាប់ជនដៃដល់យកមកទទួលខុសត្រូវជុំវិញករណីហិង្សានេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញលោក សាន សុខសីហា ដើម្បីសាកសួរពីការស៊ើបអង្កេត រឿងនេះបានទេ នៅថ្ងៃទី១៤ ខែសីហា។
ប៉ុន្តែលោក សាន សុខសីហា ធ្លាប់ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចមិនផ្អិបករណីនេះចោលនោះទេ ប៉ុន្តែលោកស្នើឱ្យគ្រួសារជនរងគ្រោះសហការជាមួយសមត្ថកិច្ច និងទុកចិត្តលើសមត្ថកិច្ច។
ទោះជាយ៉ាងណា ជនរងគ្រោះ និងគ្រួសារបានអាះអាងថា នេះគ្រាន់តែលេសដោះសាររបស់អាជ្ញាធរតែប៉ុណ្ណោះ ពីព្រោះអាជ្ញាធរមិនដែលផ្តល់ព័ត៌មានអំពីការវិវឌ្ឍនៃដំណើរការស៊ើបអង្កេតដល់ពួកគាត់នោះឡើយ ក្នុងរយៈពេលជាច្រើនខែឆ្នាំមកនេះ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក នី សុខា មានប្រសាសន៍ថា សង្គមស៊ីវិលសោកស្តាយចំពោះអាជ្ញាធររដ្ឋាភិបាល ដែលមិនទាន់វែកមុខជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ លោកថា ការខកខាននេះ គឺបង្ហាញពីអសមត្ថភាពរបស់អាជ្ញាធរ និងការរើសអើងនិន្នាការនយោបាយ ដែលបញ្ហានេះបង្កើតឱ្យមានអំពើនិទណ្ឌភាពនៅក្នុងសង្គមកម្ពុជា។ លោកជំរុញឱ្យសមត្ថកិច្ចត្រូវវែកមុខជនដៃដល់ និងអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់៖ «ពេលខ្លះជនរងគ្រោះខ្លះគាត់អត់ប្តឹងតែម្តងដោយសារគាត់ហាក់បីដូចជាខ្វះជំនឿទៅលើសមត្ថកិច្ច ពីព្រោះថា សមត្ថកិច្ចមិនដែលវែកមុខជនល្មើសឃើញផង ដូច្នេះហើយយើងមើលឃើញថា ប្រៀបធៀបទៅនឹងករណីមួយចំនួនផ្សេងទៀតដែលសមត្ថកិច្ចហាក់បីដូចជា យើងមើលឃើញមានសមត្ថភាពខ្ពស់ណាស់ ដូចជារឿងសកម្មជនបក្សប្រឆាំងមួយចំនួនគ្រាន់តែបញ្ចេញមតិ គ្រាន់តែទាមទារតវ៉ាអី ហើយអ្នកខ្លះទៅចាប់ដល់តាមព្រំដែនទៀត»។
ករណីហិង្សាលើសមាជិកបក្សសង្គ្រោះជាតិ និងក្រុមគ្រួសាររបស់ពួកគេកើតមានច្រើននៅចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០ ពេលដែលស្ថានការណ៍នយោបាយឡើងកម្តៅខ្លាំង ជាពិសេសការប្រកាសវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។ សកម្មជនបក្សប្រឆាំងនិងសាច់ញាតិរបស់ពួកគេជាង ៣០ នាក់ ត្រូវបានជនមិនស្គាល់មុខលួចវាយដំបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះខ្លះបានស្លាប់ និងធ្លាក់ខ្លួនពិការអស់មួយជីវិត។ ក្នុងករណីហិង្សាទាំងនោះ ភាគច្រើនបំផុត អាជ្ញាធរមិនបានចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសឡើយ។ ជនរងគ្រោះខ្លះមិនត្រឹមតែមិនទទួលបានយុត្តិធម៌នោះទេ តែថែមទាំងត្រូវបានជនល្មើសលួចវាយប្រហារផ្ទួនៗគ្នាពីរលើក ហើយអ្នកខ្លះទៀត ថែមទាំងត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារទៀតផង។
ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សាលើសកម្មជនគណបក្សសង្គ្រោះជាតិជាញឹកញាប់នេះ។ ពួកគេចាត់ទុក ករណីទាំងនេះ ថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដែលត្រូវតែបញ្ឈប់ជាបន្ទាន់។ ចំណែកក្រុមសកម្មជនបក្សសង្គ្រោះជាតិវិញ ពួកគាត់ លើកឡើងថា ការបណ្តែតបណ្តោយឲ្យជនល្មើសបន្តរស់នៅក្រៅសំណាញ់ច្បាប់បែបនេះ ធ្វើឲ្យពួកគាត់ជាជនរងគ្រោះរស់នៅជាមួយភាពឈឺចាប់និងការភ័យខ្លាច៕
3 comments:
At some point Khmers will have to wake up and fight instead of doing nothing. Hun Sen isn't resting. He is destroying Cambodia. A puppet to the end. A curse to Cambodia. Any means necessary to remove him.
Dear compatriots (who got hurt by Ah Chker Chkuot Hun Sen),
Thank You so much for your courage and your spirit of nationalism.
Wishing more Khmer people will follow your footsteps.
Because of Cambodia has some assholes such as these former CNRP's members, that's why the evil Vietnam always wanted to swallow Cambodia. They stoop so low, make Cambodia an easy target for the evil Yuon to take over Cambodia.
Pleu Ey Kor Pleu Maless Ah Runteas Banh !! Ah Sonn Chhay, Ah Yem Torl Panha Rith, Ah Pol Hom, Ah Kong Korm, Ah Cannibal Ou Chan Roth, Kanha LeuKeu Kem Mono Li Lear, etc...
Post a Comment