ដោយ សេក បណ្ឌិត
2021-08-22
ប្រធានសមាគមអាដហុក លោក នី សុខា (រូបកណ្ដាល) ពេលបញ្ជូនមកដល់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
RFA/Rann Samnang
អតីតអ្នកទោសមនសិការដែលត្រូវចាប់ខ្លួនដោយការងារសិទ្ធិមនុស្ស លោក នី សុខា ត្រូវបានគេជ្រើសតាំងជាប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) រយៈពេលជាងមួយខែហើយ បន្តពីដំណែងពីលោក ធន សារាយ ដែលចូលនិវត្តន៍។ លោក នី សុខា ធ្លាប់ត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារជាង១ឆ្នាំ និងទទួលរងការគំរាមកំហែងជាច្រើនលើក តែលោកនៅតែពេញចិត្តធ្វើការងារក្នុងវិស័យសិទ្ធិមនុស្សនេះ ដើម្បីរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា មានយុត្តិធម៌សង្គម សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពេញលេញ។ តើលោក នី សុខា ជាបុគ្គលបែបណា និងមានប្រវត្តិការងារអ្វីខ្លះ?
ក្រោយឡើងកាន់ដំណែងថ្មីថ្មោងជាប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក នី សុខា ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនដើម្បីចូលរួមជំរុញឲ្យមានដំណើការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញនៅក្នុងប្រទេសកម្ពុជា ទោះបីប្រឈមការធ្វើទុក្ខបុកម្នេញបែបណាក្តី។ បុរសសម្បុរស រាងស្តើងខ្ពស់ស្រឡះរូបនេះ តែងតែរិះគន់ត្រង់ៗលើអាជ្ញាធរដ្ឋាភិបាល តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិធំៗ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដោយសំអាងលើច្បាប់ជាតិ និងអន្តរជាតិយ៉ាងច្បាស់លាស់។
លោក នី សុខា ថ្លែងថា ការណ៍ដែលធ្វើការងារក្នុងវិស័យសិទ្ធិមនុស្សសព្វថ្ងៃនេះ ព្រោះលោក ចង់ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជា មានសុខដុមរមនាសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប មិនមែនសម្រាប់តែអ្នកមានលុយ និងអ្នកមានអំណាច៖ «ខ្ញុំអត់មានចង់ឃើញអ្វី ក្រៅពីសង្គមជាតិ យើងប្រជាពលរដ្ឋយើង រស់នៅដោយសេចក្តីថ្លៃថ្នូរមានការគោរពសិទ្ធិគ្នាទៅវិញទៅមកនៅក្នុងសង្គមហ្នឹង សង្គមមួយដែលមានយុត្តិធម៌ មានការគោរពច្បាប់បានត្រឹមត្រូវ មិនមានការជិះជាន់គ្នា ការគាប់សង្កត់គ្នា គឺជាគោលដៅចម្បងរបស់ខ្ញុំដែលខ្ញុំក្នុងមួយជីវិតនេះ មិនចង់បានអំណាចបុណ្យសក្តិអីទៀតទេ»។
លោក នី សុខា កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧២ ក្នុងគ្រួសារកសិករមួយនៅភូមិស្នាយពល់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ដែលមានបងប្អូនបង្កើត៦នាក់។ លោកគឺជាកូនទី៥។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ម៉ែន លក្ខិណា ក្នុងឆ្នាំ១៩៩៣។ បច្ចុប្បន្នក្នុងវ័យ៤៩ឆ្នាំ លោកមានកូន៥នាក់ ក្នុងនោះស្រី ១នាក់ ប្រុស៤នាក់ និងមានទីលំនៅក្នុងរាជធានីភ្នំពេញ។
ក្រោយបញ្ចប់របបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ លោក នី សុខា បានតស៊ូរៀនសូត្ររហូតបញ្ចប់បាក់ឌុបក្នុងឆ្នាំ១៩៩០។ បន្ទាប់មក ដោយសារតែប្រទេសកម្ពុជា នៅបន្តមានសង្គ្រាមរ៉ាំរ៉ៃនោះ លោក បានចូលបម្រើកងទ័ពពីរឆ្នាំ និងធ្លាប់ចូលរួមប្រយុទ្ធជាមួយពួកខ្មែរក្រហម នៅសមរភូមិភ្នំវល្លិ៍ នាដើមឆ្នាំ១៩៩១។ លុះដល់ពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ លោក នី សុខា បានលាឈប់ពីជីវភាពកងទ័ពវិញ ហើយបានចាប់ផ្តើមចូលប្រឡូងក្នុងសកម្មភាពការពារសិទ្ធិមនុស្សនៅក្នុងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)ចាប់តាំងពីឆ្នាំ១៩៩២មក។ ដំបូងឡើយ លោក គឺជាបុគ្គលិកស្ម័គ្រចិត្តរបស់អាដហុកប្រចាំនៅសាខាខេត្តបាត់ដំបង៖ «ខ្ញុំមាននិស្ស័យខាងវិស័យច្បាប់ ខាងវិស័យសិទ្ធិមនុស្សហ្នឹង ចូលចិត្តឈឺឆ្អាលរឿងអយុត្តិធម៌ក្នុងសង្គម និងការរំលោភសិទ្ធិអីហ្នឹង ខ្ញុំក៏ចូលប្រឡូកការងារជាអ្នកស្ម័គ្រចិត្តនៅក្នុងសមាគមអាដហុកនៅពេលនោះទៅ»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ុំ ច័ន្ទគា (ស្ដាំ) និងប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ក្រោយពីចូលបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ Photo ADHOC
ក្នុងពេលបំពេញការងារជាអ្នកសិទ្ធិមនុស្សនេះ លោក នី សុខា បានចំណាយពេល៧ឆ្នាំ ដើម្បីសិក្សាបន្ថែម រហូតបានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រជំនាញនីតិសាធារណៈ នៅសាកលវិទ្យាមួយ ព្រមទាំងទទួលបានការបណ្តុះបណ្តាលផ្នែកសិទ្ធិមនុស្សទាំងក្នុងប្រទេស និងក្រៅប្រទេសជាច្រើនផងដែរ។ ដោយសារតែការតស៊ូបំពេញការងារ និងភាពឈ្លាសវៃ លោក នី សុខា ត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់រហូតត្រូវបានជ្រើសតាំងជាប្រធានរបស់ស្ថាប័នសិទ្ធិមនុស្សដ៏ធំនិងល្បីល្បាញមួយនេះ កាលពីដើមខែកក្កដា កន្លងទៅ៖ «យើងក៏មិនភ្លេចគុណលោក ធន សារាយ ដែលលោកមានគុណជួយបណ្តុះបណ្តាលពួកយើង អប់រំពួកយើងឲ្យមានសមត្ថភាពក្នុងការដឹកនាំសមាគមអាដហុកបន្តទៀត។ យើងក៏មានមោទនភាព និងប្តេជ្ញាចិត្តដែរ ដោយខិតខំបន្តបេសកកម្មពីលោកប្រធាន ធន សារាយ។ យើងនៅតែប្រកាន់ជំហរមួយគឺជាអ្នកការពារសិទ្ធិមនុស្ស ដោយមិនប្រកាន់និន្នាការនយោបាយ មិនបម្រើឲ្យគណបក្សនយោបាយ គឺយើងធ្វើការដោយឯករាជ្យ និងអព្យាក្រិត្យ»។
រយៈពេលជិត៣០ឆ្នាំមកនេះ លោក នី សុខា បានបំពេញការងារជាច្រើនក្នុងការជួយលើកកម្ពស់ការគោរពសិទ្ធិមនុស្សក្នុងសង្គមកម្ពុជា តាមរយៈការអប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងច្បាប់ ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។ ពិសេសជាងនេះ គឺការជួយដល់ប្រជាពលរដ្ឋ ក្រីក្រ ទន់ខ្សោយ ដែលទទួលរងនូវការរំលោភបំពារបំពានសិទ្ធិពីសំណាក់បុគ្គលមានអំណាច និងមានទ្រព្យ តាមរយៈការជួយប្រឹក្សាយោបល់ផ្លូវច្បាប់ ជួយសរសេរពាក្យបណ្តឹង ចុះអង្កេតតាមដានប្រមូលពត៌មាន និងធ្វើអន្តរាគមន៍ជួយរងគ្រោះ ដោយមិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួន។ពេលខ្លះលោក បានទទួលរងនូវការសំឡុតគំរាមកំហែងប្រើហិង្សា ឬសម្លាប់ និងព្រមានចាប់ដាក់ពន្ធនាគារជាដើម ព្រោះជាទូទៅអ្នកដែលអាចរំលោភបំពានសិទ្ធិមនុស្ស គឺសុទ្ធតែជាបុគ្គលមានលុយ និងមានអំណាច៖ «មានពេលម្តងនោះ ប៉ូលិសម្នាក់នៅខាងពន្ធនាគារ ដែលកាលណោះ ខាងសមាគមអាដហុក មានការចូលទៅពន្ធនាគារ ដើម្បីពិនិត្យស្ថានភាពអ្នកជាប់ឃុំ ហើយពេលដែលគាត់ស្រវឹង គាត់ដកកាំភ្លើងភ្ជង់ក្បាលខ្ញុំហ្មង។ គាត់ថែមទាំងបានមាក់ងាយមកលើយើងថា ស្អីអាសិទ្ធិមនុស្ស អាអាដហុក ដោយមិនមានជារឿងអីធំដំសោះ តែគាត់ហាក់ដូចជាមិនសប្បាយចិត្តជាមួយការងាររបស់យើង។ ក្រោយៗមកទៀត ក៏មានរឿងមិនខុសគ្នាដែរ។ ពេលមានការបណ្តេញចេញដោយបង្ខំឈូសឆាយផ្ទះ ហើយយើងចុះទៅឃ្លាំមើលរឿងបណ្តេញចេញនេះ ក៏ខាងសមត្ថកិច្ច ខាងប៉ូលិស បាញ់ក្បែរៗជើងយើង សំឡុតឲ្យយើងចេញពីទីនោះ»។
ធ្ងន់ធ្ងរជាងនេះ លោក នី សុខា ធ្លាប់ត្រូវបានអាជ្ញាធររដ្ឋាភិបាល បានចាប់ខ្លួនលោក និងបុគ្គលិកអាដហុក៣រូបទៀត រួមទាំងបងប្រុសបង្កើតរបស់លោកម្នាក់ផងដែរ គឺលោក នី ចរិយា ជាអគ្គលេខាធិការរងគ.ជ.ប ដាក់ពន្ធនាគារ១៤ខែ កាលពីឆ្នាំ២០១៦ ដោយសារតែការងារមនុស្សធម៌ជួយជនរងគ្រោះ។ តុលាការបានចោទប្រកាន់អ្នកទាំង៥រូបពីបទសមគំនិត និងសូកប៉ាន់សាក្សី ក្នុងសំណុំរឿងសញ្ចារកម្មពាក់ព័ន្ធនឹងប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ប៉ុន្តែមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចាត់ទុកថាជាសំណុំរឿងនយោបាយ។
(ពីឆ្វេង) អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និងលោក ណៃ វ៉ង់ដា ពេលបញ្ជូនមកសាលាឧទ្ធរណ៍ កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Brach Chev
រដ្ឋាភិបាល ហ៊ុន សែន បានដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់វិញ ក្រោយមានការថ្កោលទោសពីសហគមន៍ជាតិ និងអន្តរជាតិ។ លោក នី សុខា ថ្លែងថា ការចាប់ឃុំខ្លួនលោកទាំងអយុត្តិធម៌នៅពេលនោះ ធ្វើឲ្យឈឺចាប់ និងមិនអាចបំភ្លេចបានមកដល់សព្វថ្ងៃ៖ «ខ្ញុំមានការឈឺចាប់ខ្លាំងមែនទែន ព្រោះថា អ្វីដែលយើងបានធ្វើ គឺមិនបានទៅរំលោភ ឬក៏ធ្វើអី្វឲ្យមានកំហុសខាងផ្លូវច្បាប់ទេ យើងគ្រាន់តែធ្វើក្នុងនាមជាអ្នការពារសិទ្ធិមនុស្ស ក្នុងនាមគោលការណ៍របស់សមាគម ដើម្បីជួយជនរងគ្រោះដែលគាត់គ្មានទីពឹងខាងផ្លូវច្បាប់ ដោយឲ្យគាត់មានលទ្ធភាពទៅតតាំងតាមផ្លូវច្បាប់ដើម្បីឲ្យមានជាយុត្តិធម៌នៅក្នុងសង្គម បែរជាទទួលរងនូវការចោទប្រកាន់ថា យើងសូកប៉ាន់សាក្សីទៅវិញ»។
(ពីឆ្វេង) កញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ និងលោក នី សុខា ប្រធានសមាគមអាដហុក (ADHOC) ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។ RFA
បើទោះបីជា លោកទទួលរងការធ្វើទុក្ខបុកម្នេញនិងគំរាមកំហែងជាច្រើនលើកហើយក្តី ក៏អ្នកការពារសិទ្ធិមនុស្សរូបនេះ នៅតែមានសេចក្តីក្លាហាននិយាយការពិត ដើម្បីឲ្យរដ្ឋាភិបាល កែលម្អស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលកំពុងធ្លាក់ចុះដុនដាប់ក្នុងពេលបច្ចុប្បន្ននេះឲ្យល្អប្រសើរឡើងវិញ។
ភរិយារបស់លោក នី សុខា គឺអ្នកស្រី ម៉ែន លក្ខិណា និយាយថា លោកស្រីតែងតែបារម្ភអំពីសុវត្ថិភាពស្វាមីជានិច្ច ព្រោះការងារសិទ្ធិមនុស្សនេះ តែងតែប្រឈមជាមួយបុគ្គលមានលុយមានអំណាច ប៉ុន្តែអ្នកស្រី មិនដែលហាមឃាត់ស្វាមីឡើយ។ អ្នកស្រីបន្តថា ស្វាមីអ្នកស្រីជាបុគ្គលដែលមានសមានចិត្តល្អម្នាក់ចំពោះមនុស្សទូទៅ ហើយមានឆន្ទៈមុតមាំ និងពុះពារជួយជនរងគ្រោះដោយអំពើអយុត្តិធម៌ និងមិនចេះត្អូញត្អែការងារឲ្យគ្រួសារបានដឹងនោះទេ៖ «គាត់ជាមនុស្សមានមនោសញ្ចេតនា ចិត្តគាត់គឺថា ជាមួយអ្នកណាក៏ដូចអ្នកណាដែរ ចង់គេធ្វើអាក្រក់ដាក់គាត់ក៏ដោយ គាត់នៅតែល្អជាមួយគេ។ នេះជាចរិតស្វាមីខ្ញុំ។ គាត់មិនដែលធ្វើអំពើអ្វីអាក្រក់ដាក់លើអ្នកណាទេ»។
អ្នកសម្របសម្រួលសមាគមអាដហុក (adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ពីអំពើពុករលួយក្នុងទំនាស់ដីធ្លីនាតំបន់បឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤។ RFA/Morm Moniroth
ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ក្នុងនាមជាមិត្តរួមអាជីពតាំងពីឆ្នាំ១៩៩២មក ថ្លែងសរសើរ លោក នី សុខា ថា មនុស្សរួសរាយរាក់ទាក់ស្លូតបូត ប៉ុន្តែបំពេញការងារសិទ្ធិមនុស្សប្រកបដោយភាពម៉ឺងមាត់ ព្រមទាំងមានចំណេះដឹងរឹងមាំផ្នែកច្បាប់៖ «លោកបានឆ្លងកាត់បទពិសោធន៍ច្រើននៅមូលដ្ឋាន រហូតដល់ក្លាយជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ។ សម្រាប់ចរិតរបស់លោកវិញ លោករួសរាយរាក់ទាក់ជាមួយសហការី។លោកមិនមានចរិតឆ្មើងឆ្មៃទេ រហូតមានការពេញចិត្តពេញថ្លើមពីអតីតប្រធាន លោក ធន សារាយ ហើយក៏មានការគាំទ្រ និងបោះឆ្នោត ដើម្បីជ្រើសរើសឲ្យលោកធ្វើជាថ្នាក់ដឹកនាំ ដោយយើងមានការជឿទុកចិត្តលើសមត្ថភាពរបស់លោក»។
ងាកទៅលោក នី សុខា វិញ លោកថ្លែងថា ទោះបីជាការងារសិទ្ធិមនុស្សនេះ មិនអាចធ្វើឲ្យលោកមានលុយមានអំណាច និងប្រឈមគ្រោះថ្នាក់ក្តី ក៏លោកសប្បាយចិត្ត និងមានមោទនភាពនៅពេលឃើញជនរងគ្រោះជាច្រើនដែលលោកបានជួយទាំងនោះ ទទួលបានយុត្តិធម៌៕
1 comment:
Congratulation Mr. Ny Sokha for your new position.
Best wishes and good luck to you !!
Post a Comment