Tuesday, 3 August 2021

តុលាការ​​ផ្ដន្ទាទោស​​​​​សកម្មជន​បក្ស​​ប្រឆាំង​​៩​​នាក់​​ ដាក់​​ពន្ធនាគារ​​​ចាប់​​ពី​​១​​ឆ្នាំ​ឡើង ​ពាក់ព័ន្ធ​​ការ​​តវ៉ា​​​នៅ​​មុខ​​ស្ថានទូត​ចិន​



ដោយ ទីន ហ្សាការីយ៉ា
2021-08-02 rfa
តុលាការ​​ផ្ដន្ទាទោស​​​​​សកម្មជន​បក្ស​​ប្រឆាំង​​៩​​នាក់​​ ដាក់​​ពន្ធនាគារ​​​ចាប់​​ពី​​១​​ឆ្នាំ​ឡើង ​ពាក់ព័ន្ធ​​ការ​​តវ៉ា​​​នៅ​​មុខ​​ស្ថានទូត​ចិន​ 

លោក ហូរ វ៉ាន់ តំណាង​រាស្ត្រជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ និង​អ្នកស្រី សាត ផា ជាមនុស្ស​ពីរនាក់​ក្នុង​ចំណោម ៩ នាក់ ដែល​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ដាក់​​ពន្ធនាគារ​​​ចា​ប់​​​ពី​​​១​​​​ឆ្នាំ​ឡើង ​ពាក់ព័ន្ធ​​ការ​​តវ៉ា​​​នៅ​​មុខ​​ស្ថានទូត​ចិន​ កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០ ប្រឆាំងមូលដ្ឋានយោធា​ចិននៅ​កម្ពុជា។
រូប៖ RFA

 

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា​ បាន​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស​​​​​​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​​ ៩នាក់​​ ដាក់​ពន្ធនាគារ​​​ចាប់​ពី​​ ១២​ខែ ដល់ ​២០​ខែពី​បទ​ផ្ដើម​គំនិត និង​ញុះញង់ ពាក់ព័ន្ធ​នឹងការ​តវ៉ា ​នៅ​មុខ​ស្ថានទូត​ចិន ​​​កាល​ពី​ឆ្នាំ​២០២០​​​។ សាច់ញាតិ​និង​សង្គម​ស៊ីវិល​​សោកស្ដាយ​ចំពោះ​​សាល​ក្រម​នេះ និង​ទាមទារ​ឲ្យ​តុលាការ​​​ទម្លាក់​បទ​ចោទ។

នៅ​មុន​​ពេល​ប្រកាស​សាលក្រម​បន្តិច​ សកម្មជន​​ជាប់​ឃុំ​ម្នាក់ គឺ​លោកស្រី លឹម សាន ​បាន​រាយ​ការណ៍​​ប្រាប់​តុលាការ​​អំពី​​ស្ថានភាព​​ក្នុង​ពន្ធនាគារ​ ម២​ ថា ​មាន​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំ​​ ​​ការ​​​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជាប់​ឃុំ​​ដែល​មាន​ជំងឺ​ និង​មាន​​​ឆ្មាំ​ពន្ធនាគារ​ខ្លះ​​ជេរ​ប្រមាថ​អ្នក​ជាប់​ឃុំជាដើម​។
Detainees_female_from_CC2_Correction_Center.jpg
 

ឡានដឹកអ្នកទោសស្ត្រី ពី​មណ្ឌល​អប់រំកែប្រែ "ម២" យក​មក​ធ្វើ​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២១។ រូបពីវីឌីអូពលរដ្ឋផ្ដល់ឱ្យ


ទោះ​យ៉ាង​ណា​ ក្រោយ​ការ​ស្ដាប់​សេចក្ដី​រាយការណ៍​រួច​ មន្ត្រី​តុលាការ​មិន​បាន​​សន្យា​ដោះ​ស្រាយ​​បញ្ហា​នេះ​យ៉ាង​ណា​ទេ​ តែ​បាន​​បន្ត​នីតិវិធី​ប្រកាស​សាលក្រម​​។ ​តុលាការ​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​​ផ្ដន្ទាទោស​​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់ គឺ​លោក ហូ វ៉ាន់ និង​សកម្មជន​​ម្នាក់​ គឺ​លោក សាន សីហៈ​ ដែលកំពុងភៀសខ្លួននៅ​ក្រៅ​ប្រទេស​ឲ្យ​ជាប់​ពន្ធនាគារ ​២០​ខែ ​ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ​សង្គម។

ចំណែក​​សកម្មជន ​៤នាក់​ទៀត គឺលោកស្រី ហុង អាន ​​លោកស្រី លឹម សាន លោកស្រី យ៉យ ស្រីមុំ និង​​លោក តុន និមល​ ជាប់​ពន្ធនាគារ​ ១៨​ខែ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ​សង្គម។ ឯ​សកម្មជន​ ៣នាក់​ទៀត គឺ​លោកស្រី ប៉ៃ រ៉េន លោកស្រី សាន ស្រីនាថ និង​លោកស្រី សាត ផា ផ្ដន្ទាទោស​ ១២​ខែ ក្នុង​​បទ​ចោទ​​ញុះញង់​ដូច​គ្នា និង​ពិន័យ​ប្រាក់​ម្នាក់​ពីរ​លាន (២លាន) ​រៀល​។​​​
Detainees_Male_truck_from_CC1_Correction_Center.jpg
 

ឡានដឹកអ្នកទោសប្រុស ពី​មណ្ឌល​អប់រំកែប្រែ ហៅ​កាត់ថា "ម១" យក​មក​ធ្វើ​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២១។ រូបពីវីឌីអូពលរដ្ឋផ្ដល់ឱ្យ

ក្រោយ​​ប្រកាស​សេចក្ដី​សម្រេច​នេះ មន្ត្រី​តុលាការ​​មិន​​បាន​អនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ ៧​នាក់ ​ដែល​មាន​វត្តមាន​​​​បញ្ចេញ​មតិ​​អ្វី​ឡើយ​ តែ​​បើក​ផ្លូវ​ឲ្យ​​​​​​​សកម្មជន​​​​ទាំង​អស់​ប្ដឹង​ឡើង​ទៅ​ឧទ្ធរណ៍ ក្នុង​ករណី​មិន​ពេញ​ចិត្ត​។

កូន​របស់​លោកស្រី លឹម សាន គឺលោកស្រី ផាន សាត ដែល​ចូល​ស្ដាប់​ការ​ប្រកាស​សាលក្រម​នេះ ​ហៅ​ការ​សម្រេច​ក្ដី​នេះ​ថា​ អយុត្តិធម៌។ លោកស្រីនៅ​តែ​អះអាង​ថា​ម្ដាយ​របស់​លោកស្រី​ធ្វើ​សកម្មភាព​សម្ដែង​មតិ​ស្រប​ច្បាប់​​​ហើយ​​មិន​មែន​ជា​ការ​ញុះញង់​ឡើយ។ លោកស្រី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​សកម្ម​ជន​​ទាំង​អស់​​ឲ្យ​មាន​សេរីភាព​វិញ៖ «គំនិត​ខ្ញុំ​ជា​កូន​ខ្ញុំ​ចង់​ (ប្ដឹង) ​ទៅ​ឧទ្ធរណ៍​ទៀត ព្រោះ​ខ្ញុំ​អត់​សុខ​ចិត្ត​នឹង​សាលក្រម​ហ្នឹង​ទេ ដែល​កាត់​ទោស​ម៉ែ​ខ្ញុំ​ដែល​គាត់​គ្មាន​កំហុស គ្មាន​ខុស​អ្វី​សោះ។ ខ្ញុំ​អត់​យល់ស្រប ខ្ញុំ​អត់​សុខ​ចិត្ត ដែល​ម៉ែ​ខ្ញុំ​គ្មាន​កំហុស​អ្វី​ផង»។​

អាស៊ី​សេរី មិន​អាច​សុំ​​ការ​បញ្ជាក់​បន្ថែម​ពី​មេធាវី​ការ​ពារក្តី​​សំណុំ​រឿង​នេះ គឺ​​លោក សំ សុគង់ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​សីហា។ តែ​យ៉ាង​ណា លោក​ធ្លាប់​លើក​ឡើង​ថា ​សកម្មភាព​​​​​​តវ៉ា​​របស់​​កូន​ក្ដី​​​ជា​ការ​​​សម្ដែង​​មតិ ​ដែល​​ធានា​​ដោយ​រដ្ឋធម្មនុញ្ញ​ និង​កតិកា​សញ្ញា​អន្តរ​ជាតិ​​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ ដែល​បញ្ជាក់​ថា ​​រាល់​ការ​សម្ដែង​​មតិ​ពុំ​មែន​​ជា​បទ​ល្មើស​ទេ។

ចំណែក​​សង្គម​ស៊ីវិល​​​ក៏​និយាយ​ថា ​​​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​ស្ថានទូត​ចិន​នោះ ជា​​ការ​សម្ដែង​មតិ​​ដែរ​។ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​​ និង​តស៊ូ​មតិ​​នៃ​សមាគម​​បណ្ដាញ​យុវជន​កម្ពុជា ​(CYN)​ ​លោក ហេង គឹមហុង ជំរុញ​ឲ្យ​​តុលាការ​​ពិចារណា​​​ការ​ផ្ដន្ទាទោស​ឡើងវិញ ព្រោះ​ការ​ឃុំ​ខ្លួន​​​ដោយ​អយុត្តិធម៌​ណា​មួយ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «ខ្ញុំ​ជឿជាក់​ថា​ ប្រហែល​ជា​ពួកគាត់​យល់​ថា​ ប្រទេស​ចិន ដែល​ជា​ភាគី​ហត្ថលេខី​យ៉ាង​សំខាន់​ ដែល​គាំទ្រ​មក​នូវ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សេរីភាព​សម្រាប់​ប្រទេស​ទើប​ពួកគាត់​ទាមទារ​ស្នើសុំ​ ហើយ​បើ​សិន​ជា​ការ​ទាមទារ​ស្នើសុំ​ជា​បទ​ល្មើស​ ខ្ញុំ​យល់​ថា ​មិន​គួរ​កើត​មាន​ទាល់​តែ​សោះ»។

នគរបាល​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ​៧​នាក់ ​ជា​បន្ត​បន្ទាប់​ដោយ​ចោទ​ថា​​ ការ​​​​ប្រមូល​ផ្ដុំ​គ្នា​​​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០​​​២០ ដែល​​​​ទាមទារ​​ឲ្យ​ចិន​គោរព​​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​​ ២៣​ តុលា​​ ជា​សកម្មភាព​ញុះញង់។ ក្រោយ​មក​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​​ចោទ​ថា​​ លោក ហូរ វ៉ាន់ មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​តវ៉ា​នោះ​។

រហូត​មក​ដល់​ពេល​នេះ​ មាន​​សកម្មជន​នយោបាយ សង្គម ព្រំដែន ​ បរិស្ថាន ​ ដីធ្លី គ្រូ​បង្រៀន ព្រះសង្ឃ ​យុវជន ​ក្មេង​​​​អាយុ​​​ក្រោម​ ១៨​ឆ្នាំ និង​អ្នក​​​ចម្រៀង សរុប​​​ជាង (៨០នាក់​​​ហើយ​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។​ ពួកគាត់​ភាគ​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ និង​ចូលរួម​គំនិត​ក្បត់​។ ប៉ុន្តែ​ក្រុម​អ្នក​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរ​ជាតិ ហៅ​ការ​ចោទ​ប្រកាន់​​ទាំង​នោះ​ថា ​​​មាន​ចេតនា​បង្ក្រាប​​សំឡេង​រិះគន់​​។ ពួកគេ​ទាម​ទារ​ឲ្យ​​របប​ក្រុង​ភ្នំពេញ​និង​តុលាការ​ដោះលែង​​សកម្មជន​ទាំង​នោះ​វិញ ដោយ​ឥត​លក្ខខណ្ឌ​​៕​

1 comment:

Anonymous said...

First, thank you to all the courageous Khmer people, excluding the chicken Khmer people.

Ah Hun Sen is a crazy dog.

What do people expect from a crazy dog ?

What must people do when the dog is crazy ?

If Khmer people opt to stay quite, "Som Teh Sok ", and let Ah Yuon's slave Hun Sen kill one by one, then shut the fuck up and wait for your turn to go to hell from Ah devil Hun Sen's orders.