ដោយ សេក បណ្ឌិត
2021-08-06 rfa
(ឆ្វេង) លោក ម៉ាកូ រូប៊ីអូ (Marco Rubio) (កណ្ដាល) លោក អ៊ែដ ម៉ារ៍ឃី (Ed Markey) និងលោក ឌិក ឌើប៊ិន (Dick Durbin) សមាជិកព្រឹទ្ធសភាអាមេរិក
រូប៖ ហ្វេសប៊ុកលោកទាំងពីរ
សមាជិកព្រឹទ្ធសភាអាមេរិក ថា លោក ហ៊ុន សែន និងបក្ខពួក ត្រូវតែទទួលខុសត្រូវចំពោះការធ្វើឲ្យខូចខាតប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស
សមាជិកព្រឹទ្ធសភាអាមេរិកគ្រោងលើកយកសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មលើក្រុម មេដឹកនាំរបបលោក ហ៊ុន សែន ដែលធ្វើឲ្យខូចខាតប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស ទៅបង្ហាញនៅក្នុងសម័យប្រជុំពេញអង្គនៃសភាសហរដ្ឋអាមេរិក។ អ្នកនាំពាក្យបក្សកាន់អំណាចថា រដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍ចំពោះការប្រកាសរបស់សមាជិកព្រឹទ្ធសភាអាមេរិកនេះទេ ព្រោះជាសិទ្ធិ និងជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា (Cambodia Democracy and Human Rights Act) មានគោលបំណងឲ្យរបបលោក ហ៊ុន សែន ទទួលខុសត្រូវលើទង្វើបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ខណៈដែលក្រុមមេដឹកនាំរបបនេះ កំពុងបន្តបង្ក្រាប ស្ថាប័នប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្ស និងកម្ទេចសំឡេងនយោបាយប្រឆាំង។
សមាជិកព្រឹទ្ធសភាអាមេរិក ៣រូបមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ រួមមាន លោក អ៊ែដ ម៉ារ៍ឃី (Ed Markey) លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងលោក ឌិក ឌើប៊ិន (Dick Durbin) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៥ ខែសីហាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងដឹកនាំប្រទេសតាមបែបឯកបក្សដែលរំលោភរដ្ឋធម្មនុញ្ញកម្ពុជា តាមរយៈអំពើពុករលួយ ការហាមឃាត់សិទ្ធិអ្នកនយោបាយបក្សប្រឆាំង ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ច្បាប់បែបគាបសង្កត់ ព្រមទាំងការបង្ក្រាបលើសេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ជាពិសេស គណបក្សប្រឆាំងដ៏សំខាន់ គឺបក្សសង្គ្រោះជាតិ ត្រូវបានគេបំបិទចោល ហើយថ្នាក់ដឹកនាំបក្សនេះ ក្នុងនោះរួមទាំងមានលោក កឹម សុខា ផង ត្រូវបានគេធ្វើទុក្ខបុកម្នេញ ចាប់ដាក់ពន្ធនាគារ និងខ្លះទៀត ត្រូវបាននិរទេសខ្លួន។
ប្រធានអនុគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា លោក អ៊ែដ ម៉ារ៍ឃី (Ed Markey) ថ្លែងថា ពលរដ្ឋខ្មែរសមតែទទួលបាននូវអ្វីដែលជាការសន្យានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១។ នោះគឺលទ្ធិប្រជាធិបតេយ្យបែបតំណាងដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ មិនមែនជាការគ្រប់គ្រងបែបផ្ដាច់ការឯកបក្សបែបនេះឡើយ។ លោកបន្តថា សំណើច្បាប់ដាក់ទណ្ឌកម្មនេះ បញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងមិនឈរឱបដៃនៅស្ងៀមនោះទេ ពីព្រោះលោក ហ៊ុន សែន និងបក្ខពួករបស់គាត់ បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ធ្វើទុក្ខបុកម្នេញនិងដាក់គុកសកម្មជននយោបាយប្រឆាំង ដាក់ទិសដៅបង្ក្រាបលើសេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនឯងកាន់តែខ្លាំងតាមរយៈអំពើពុករលួយដ៏រាលដាលនៅកម្ពុជា។
ស្រដៀងគ្នានេះដែរ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបទៀត គឺលោក ម៉ាកូ រូប៊ីអូ (Marco Rubio) ថ្លែងថា ក្រោមការដឹកនាំបែបអាជ្ញាសឹករបស់ជនផ្ដាច់ការ ហ៊ុន សែន ប្រទេសកម្ពុជាបន្តដើរថយក្រោយឡើងវិញ បន្ទាប់ពីមានការរីកចម្រើនខ្លះនាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ បញ្ជាក់ថា លោកមានមោទនភាពដែលបានចូលរួមដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់សមាជិកសភាទាំងពីរគណបក្ស ដើម្បីធ្វើឲ្យលោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះការបង្ក្រាបលើគូប្រជែងនយោបាយ និងវិទ្យុអាស៊ីសេរី។
ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ទៀតលោក ឌិក ឌើប៊ិន (Dick Durbin) មានប្រសាសន៍ថា រឿងដែលកាន់តែច្បាស់នោះ គឺថា អ្វីដែលនៅសេសសល់តិចតួចនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ កំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ។លោកសង្កត់ធ្ងន់ថា លោក និងសហការីប្រកាន់ជំហរ រួមគ្នាប្រឆាំងនឹងទង្វើរំលោភសិទ្ធិមនុស្សជាចំហរបស់លោក ហ៊ុន សែន ហើយទាមទារឱ្យមានការដាក់ទណ្ឌកម្មលើក្រុមអ្នក ដែលបំផ្លាញអនាគតដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ។
ប្រសិនបើចូលជាធរមាន ច្បាប់នេះនឹងបើកផ្លូវឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររបបសព្វថ្ងៃ និងមន្ត្រីយោធា ឬកងសន្តិសុខ ដែលបានចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជានោះ។ ទណ្ឌកម្មទាំងនោះរួមមានបង្កកទ្រព្យសម្បត្តិដែលពួកគេលាក់ទុកនៅសហរដ្ឋអាមេរិក និងបិទទិដ្ឋាការមន្ត្រីទាំងនោះ ដោយមិនឲ្យជាន់ទឹកដីអាមេរិកជាដើម។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនចាប់អារម្មណ៍រឿងអាមេរិកព្រមានដាក់ទណ្ឌកម្មនេះទេ ព្រោះជាការលើកឡើងដដែលៗ ជាយូរមកហើយ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា គ្មានភាពចាំបាច់ងាកទៅរកលទ្ធិប្រជាធិបតេយ្យឯណាទៀត នោះទេ ដោយលោកអះអាងថា សព្វថ្ងៃនេះ រដ្ឋាភិបាលកំពុងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យស្រាប់ទៅហើយ៖ «ប៉ះពាល់គឺ ប៉ះពាល់តែអ្នកមានលុយយកទៅដាក់ឲ្យគេរឹបអូសតែប៉ុណ្ណឹងទេ ប៉ុន្តែចំពោះមន្ត្រីទូទៅនៅទូទាំងប្រទេសកម្ពុជា អត់មានប៉ះពាល់ទេ ព្រោះអត់មានលុយយកទៅដាក់ឲ្យគេរឹបអូសទេ»។
ទោះជាយ៉ាងណាក្ដី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៥ សីហាថា ដំណឹងស្តីពីការពន្លឿនច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបក្រុងភ្នំពេញនេះ អាចធ្វើឲ្យមានការជ្រួលច្របល់ក្នុងជួរគណបក្សប្រជាជនកម្ពុជា ពីព្រោះលោកថា មានមន្ត្រីគណបក្សនេះជាច្រើន ដែលមានក្រុមគ្រួសាររស់នៅសហរដ្ឋអាមេរិក ហើយបានយកទ្រព្យសម្បត្តិជាច្រើនរបស់ខ្លួនទៅលាក់នៅសហរដ្ឋអាមេរិក។
ជុំវិញរឿងនេះ សហស្ថាបនិកនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍ថា ការណ៍ដែលសភាអាមេរិក ធ្វើច្បាប់ដាក់ទណ្ឌកម្មនេះ ក្រៅពីពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សហើយនោះ ក៏មានជាប់ពាក់ព័ន្ធនឹងឥទ្ធិពលចិននៅកម្ពុជា និងនៅក្នុងតំបន់ផងដែរ។ លោកជឿថា សេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មនេះ អាចនឹងត្រូវបានអនុម័ត និងចូលជាផ្លូវការ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែមិនធ្វើឲ្យមានប្រក្រតីភាពនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងមិនប្រកាន់យកគោលនយោបាយអព្យាក្រឹត្យ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេនោះ៖ «សហរដ្ឋអាមេរិក យល់ថា ការដាក់ទណ្ឌកម្មលើប្រទេស វាធ្វើឲ្យប៉ះពាល់ដល់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋជាជាងប៉ះពាល់លើមេដឹកនាំប្រទេស ព្រោះយើងដឹងថា មេដឹកនាំប្រទេស គាត់មានលទ្ធភាពក្នុងការរស់នៅក្នុងការដាក់ទណ្ឌកម្មនេះរាប់ទសវត្សរ៍ដូច្នេះហើយបានជាច្បាប់ក្រោយៗនេះ ភាគច្រើនគេធ្វើកម្រិតទៅលើបុគ្គលវិញ។ ដូច្នេះបុគ្គលដែលរងការដាក់ទណ្ឌកម្មនេះ ទី១ គឺខូចមុខមាត់ខូច កេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិ ខូចមុខមាត់របស់បុគ្គល និងមុខមាត់របស់ប្រទេសលើឆាកអន្តរជាតិ ត្រូវបានគេមើលស្រាលពេបជ្រាយថា ជាប្រទេសរំលោភសិទ្ធិមនុស្ស និងជាប្រជាធិបតេយ្យ។ទី២ គឺប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់បុគ្គលដែរ ដោយសារតែយើងដឹងថា ការធ្វើចរាចរលុយស្ថិតក្នុងប្រព័ន្ធរូបិយវត្ថុដុល្លារអន្តរជាតិ គឺត្រូវបានសហរដ្ឋអាមេរិក ច្បាស់ជាបង្កកឬទប់ស្កាត់»។
ទោះជាសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន មិនទាន់ចូលជាធរមានក៏ដោយ ក៏សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ជាហូរហែមកហើយ ដោយប្រើប្រាស់ច្បាប់សាកលគ្លូបល មែគនីតស្គី អ៊ែក (Global Magnitsky Act)។ អ្នកទាំងនោះ រួមមានមេកងអង្គរក្សលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម និងសមាជិកគ្រួសារ៣ នាក់ទៀត ព្រមទាំងមេឈ្មួញឈើដ៏ធំនៅស្រុកខ្មែរ គឺលោក ទ្រី ភាព និងក្រុមហ៊ុនរបស់លោក។ សហរដ្ឋអាមេរិកក៏ប្រើច្បាប់ដដែលនេះ ដើម្បីដាក់ទណ្ឌកម្មលើក្រុមហ៊ុនរដ្ឋចិន យូឌីជី (UDG) នៅខេត្តកោះកុងផងដែរ។ សហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលទាំងនេះ និងក្រុមហ៊ុនរបស់ពួកគេ បន្ទាប់ពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ អំពើពុករលួយ និងការច្បាមយកសម្បត្តិធម្មជាតិរបស់កម្ពុជាដោយខុសច្បាប់ជាដើម៕
2 comments:
Ah Yuon's slave Hun Sen will listen or comply when he receives shit on his face first, then follow by punches on his teeth.
The root cause of Khmer suffering was that the evil Vietnam put Ah Runteas Banh Hun Sen in power to obliterate Khmer race and to make Cambodia a part of Vietnam.
So, do not surprise by the horrible news in Cambodia. Ah Hun Sen is just doing his job to make his master Yuon happy.
Post a Comment