Tuesday, 17 August 2021

«ការ​ផ្អឹប​ទុក​រឿង​ក្តី​មន្ត្រី​សង្គ្រោះ​ជាតិ ជា​យុទ្ធសាស្ត្រ​កម្ចាត់​កម្លាំង​បក្ស​ប្រឆាំង»


ដោយ មាន ឫទ្ធិ
2021-08-16
«ការ​ផ្អឹប​ទុក​រឿង​ក្តី​មន្ត្រី​សង្គ្រោះ​ជាតិ ជា​យុទ្ធសាស្ត្រ​កម្ចាត់​កម្លាំង​បក្ស​ប្រឆាំង» 

(ឆ្វេង) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ (ឆ្វេង) ហ្វេសប៊ុក​លោក ហ៊ុន សែន

 

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា ការ​ផ្អឹប​ទុក​សំណុំរឿង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាង ១០០​នាក់​នៅ​តុលាការ​ក្រុងភ្នំពេញ​នោះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច ដើម្បី​កម្ចាត់​កម្លាំង​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​។ មន្ត្រី​សិទ្ធិមនុស្ស​វិញ​ឱ្យ​ដឹង​ថា ការ​អូស​បន្លាយ​សំណុំរឿង​បែបនេះ​រំលោភ​លើ​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស​របស់​ជនជាប់ចោទ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បកស្រាយ​ថា ភាព​យឺតយ៉ាវ​នៃ​សំណុំរឿង​ខ្លះ​អាច​ដោយសារតែ​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩។

សំណុំរឿង​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាង​១០០​នាក់​នៅ​តុលាការ​ក្រុងភ្នំពេញ បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​កន្លះ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​សវនាការ​លើក​ចុងក្រោយ​កាលពី​ថ្ងៃទី​១៨​កុម្ភៈ។ ការ​ផ្អឹប​ទុក​សំណុំរឿង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​អ្នកសង្កេតការណ៍​វាយតម្លៃ​ថា ជា​យុទ្ធសាស្ត្រ​របស់​របប​លោក ហ៊ុន សែន ដើម្បី​កម្ចាត់​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សេសសល់​នៅ​កម្ពុជា។


អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់​ថា ការ​ផ្អឹប​ទុក​សំណុំ​រឿង​នេះ មាន​ទាំង​ហេតុផល​ផ្លូវច្បាប់ និង​នយោបាយ​។ លោក​ថា ហេតុផល​ផ្លូវច្បាប់ គឺ​អាច​ដោយសារ​តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​លើ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​។ ចំណែក​ហេតុផល​នយោបាយ​វិញ លោក​មើល​ឃើញ​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​របប​ដឹកនាំ​បច្ចុប្បន្ន ដើម្បី​កម្ចាត់​កម្លាំង​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​គណបក្ស​សង្គ្រោះជាតិ ដ្បិត​អ្នក​ជាប់​បណ្ដឹង​ទាំងនោះ​សុទ្ធ​សឹង​ជា​អ្នក​ជិតស្និទ្ធ​នឹង​ថ្នាក់ដឹកនាំ ឬ​ជា​មន្ត្រី​មូលដ្ឋាន​កាន់​ឆ្នាំ​របស់​បក្ស​ប្រឆាំង៖ «ការ​ផ្អឹប​សំណុំរឿង​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់​ហ្នឹង ជា​យុទ្ធសាស្ត្រ​មួយ​ដែល​គណបក្សកាន់អំណាច​ប្រើ ដើម្បី​សម្លាប់​ជីវិត​នយោបាយ​ចុងក្រោយ​របស់​គណបក្សប្រឆាំង​។ ក៏ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា សកម្មជន​នៃ​គណបក្សប្រឆាំង​ទាំង​ជាង​១០០​នាក់​នោះ គឺ​ពួកគាត់​នៅតែ​រក្សា​ជំហរ និង​គោលនយោបាយ​នៃ​ការ​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ទោះបីជា​នៅពេល​ខ្លះ​មាន​អ្នក​ចុះចូល ឬក៏​មាន​អ្នក​ទៅ​បង្កើត​គណបក្ស​ថ្មី​ក៏ដោយ»។

មន្ត្រី​សង្គម​ស៊ីវិល និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​រូប​នេះ យល់​ថា សំណុំរឿង​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់​នោះ អាច​នឹង​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​២០២៣ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នយោបាយ​កើតឡើង​ទេ​នោះ​។ លោក​បន្ថែម​ថា យុទ្ធសាស្ត្រ​បែប​នេះ ជា​ការ​ធានា​ជ័យជម្នះ​ទុក​ជាមុន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក សេង ម៉េងប៊ុនរ៉ុង ថ្លែង​ថា របប​លោក ហ៊ុន សែន មិន​ហ៊ាន​កាត់ទោស​មន្ត្រី​បក្ស​ប្រឆាំង​ដ៏​ច្រើន​បែប​នេះ​ទេ ព្រោះ​អាច​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម ហើយ​ម្យ៉ាង​ពួក​លោក​ក៏​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ដែរ​។ លោក​ជឿ​ថា ការ​ផ្អឹប​ទុក​សំណុំ​រឿង​នេះ ជា​យុទ្ធសាស្ត្រ​បំបិទ​សំឡេង​គណបក្ស​ប្រឆាំង៖ «គាត់​ទុក​សំណុំរឿង​ហ្នឹង​ចេះតែ​ពន្យារពេល​រហូត​ដើម្បី​ចង់​បំបិទ​សំឡេង​ពួក​ខ្ញុំ​ដែល​ពួកគាត់​ចោទ​ហ្នឹង ដើម្បី​កុំឱ្យ​អ្នកខ្លះ​ដែល​នៅក្នុង​ប្រទេស​មាន​សកម្ម​ភាព ឬមួយ​ក៏​កុំឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​អ្វី​ផ្សេងទៀត​។ ហើយ​ពួក​ខ្ញុំ​ដែល​នៅ​ក្រៅ​ស្រុក​នេះ ក៏​មិនអាច​ចូល​ទៅ​ក្នុង​ប្រទេស​វិញ​បាន​អ៊ីចឹង គឺ​គាត់​ធ្វើ​ក្នុង​ន័យ​ហ្នឹង»។

តុលាការក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០​នាក់ ពី​បទ «​រួមគំនិត​ក្បត់​» «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង «​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់​បង្គាប់​» ដោយសារតែ​ពួកគេ​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាល​ពី​វិច្ឆិកា ឆ្នាំ​២០១៩។ ជនជាប់ចោទ មួយចំនួន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ និង​មួយ​ចំនួន​ទៀត​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ដើម្បី​គេច​ចេញពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ។ តុលាការ​បាន​បើក​សវនាការ​ទ្រង់ទ្រាយ​ធំ​លើ​សំណុំ​រឿង​នេះ ៤​លើក​រួច​មក​ហើយ កាល​ពី​ចុង​ឆ្នាំ​២០២០ និង​ដើមឆ្នាំ​២០២១ ប៉ុន្តែ​ក៏​បាន​ផ្អាក​ទៅវិញ ចាប់ពី​ខែ​កុម្ភៈ​រហូត​មក។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ ឱ្យ​ដឹង​ថា សំណុំ​រឿង​នេះ​មាន​ជនជាប់ចោទ​សរុប​ជិត ១៥០​នាក់ ក្នុង​នោះ អ្នកខ្លះ​ជាប់ចោទ​មួយ​បទល្មើស និង​ខ្លះទៀត​ជាប់​ពីរ​បទល្មើស​។ លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​កំណត់​ពេល​ជាថ្មី ដើម្បី​បន្ត​សវនាការ​នៅ​ឡើយ​ទេ​។ លោក​ពន្យល់​ថា ការ​អូស​បន្លាយ​ពេល​សវនាការ​នេះ ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូន​ក្តី​លោក​ជា​ខ្លាំង ជាពិសេស​អ្នក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ លោក​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​សវនាការ​រឿង​ក្តី​នេះ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ៖ «

ជនជាប់ចោទ​ត្រូវតែ​ទទួល​បាន​នូវ​សវនាការ​មួយ​ឱ្យ​បាន​ឆាប់រហ័ស និង​ឱ្យ​បាន​សវនាការ​មួយ​ត្រឹមត្រូវ​ប្រកបដោយ​យុត្តិធម៌ ដែល​ជា​សិទ្ធិ​របស់​ជនជាប់ចោទ​ទាំងអស់​ដែល​ធានា​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ អ៊ីចឹង​ការ​អូស​បន្លាយ​សវនាការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់ចោទ​នៅ​ក្នុង​ឃុំ​ផង និង​សិទ្ធិ​របស់​ជនជាប់ចោទ​ដែល​នៅ​ក្រៅ​ឃុំ​ផង ព្រោះ​ពួកគាត់​ចង់​ដឹង​អំពី​ការ​កាត់ទោស​របស់​គាត់ ការ​សម្រេច​របស់​ចៅក្រម ទើប​បាន​ជា​គាត់​មាន​អារម្មណ៍​មួយ​ថា ជ្រះស្រឡះ​ពី​ខ្លួន»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​តុលាការក្រុង​ភ្នំពេញ លោក តាំង ស៊ុន ឡាយ និង​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ដើម្បី​បកស្រាយ​រឿង​នេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល បាន​បដិសេធ​ការ​លើកឡើង​ទាំងនេះ។ សមាជិក និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា តុលាការ​មាន​សំណុំរឿង​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ហើយ​ការ​ជម្រះ​រឿង​ក្តី​នីមួយៗ ត្រូវ​ធ្វើ​ឡើង​ទៅតាម​លេខ​រៀង​។ លោក​លើក​ហេតុផល​ថា ភាព​យឺតយ៉ាវ​ក្នុង​សំណុំរឿង​មួយចំនួន អាច​បណ្តាល​មក​ពី​រាតត្បាត​ជំងឺ​កូវីដ​-១៩ មិនមែន​ដោយសារ​រង​ឥទ្ធិពល​នយោបាយ ដូច​ការចោទប្រកាន់​នោះ​ទេ៖ «អ្នក​ដែល​លើកឡើង​ហ្នឹង​គួរតែ​បង្ហាញ​ភស្តុតាង​ថា តើ​តុលាការ តើ​ចៅក្រម​រង​ឥទ្ធិពល​នយោបាយ រង​ឥទ្ធិពល​ពី​ថ្នាក់ដឹកនាំ​ត្រង់​ចំណុច​ណា​? ដូច្នេះហើយ​បើ​យើង​គ្មាន​ភស្តុតាង គ្មាន​អ្វី​ទេ ហើយ​ចេះតែ​និយាយ​ដូច្នេះ វា​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​ទេ ជា​រឿង​មួយ​ធ្វើ​ឱ្យ​សង្គម ធ្វើ​ឱ្យ​ប្រជាជន​មាន​បញ្ហា​សតិ​អារម្មណ៍»។

ឆ្លើយតប​ចំណុច​នេះ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សេង ម៉េងប៊ុនរ៉ុង ថ្លែង​ថា ភស្តុតាង​រឹងមាំ​ដែល​បង្ហាញ​ថា តុលាការ​គ្មាន​ឯករាជ្យ​នោះ គឺ​ចៅក្រម និង​មន្ត្រី​តុលាការ​ភាគច្រើន ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ពួកគេ​នឹង​សម្រេច​អ្វី​ទៅតាម​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស។

ជុំវិញ​ការ​អូស​បន្លាយ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​អាច​យោង​លើ​ហេតុផល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ បាន​នោះ​ទេ​។ លោក​បញ្ជាក់​ថា ទោះជា​ក្នុង​ស្ថានភាព​បែប​ណាក៏ដោយ អាជ្ញាធរ​ត្រូវតែ​ធានា​នូវ​សិទ្ធិ​របស់​ជនជាប់ចោទ។ ដូចជា​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌ និង​សិទ្ធិ​មិន​ត្រូវ​បាន​ឃុំខ្លួន​លើស​ពេល​កំណត់ ជាដើម​។ លោក​ពន្យល់​ថា ការ​អូស​បន្លាយ​សំណុំរឿង​បែប​នេះ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ជាច្រើន​ទៀត​របស់​ជនជាប់ចោទ ជាពិសេស​សិទ្ធិ​នយោបាយ​របស់​ពួកគាត់៖ «គាត់​ត្រូវ​បាត់បង់​សិទ្ធិ​ច្រើន​ណាស់ ដូចជា​សិទ្ធិ​ធ្វើ​ដំណើរ សេរីភាព​ក្នុង​ការ​ជួបជុំ​គ្រួសារ សេរីភាព​អ្វី​ផ្សេង​ហ្នឹង វា​មាន​ភាព​បាត់បង់។ ហើយ​សេរីភាព​ធ្វើ​នយោបាយ​ជាពិសេស​ហ្នឹង គឺថា​វា​បាត់​ទាំងស្រុង​តែម្តង ដោយសារ​យើង​ដឹង​ហើយ​ថា ច្បាប់​នៅ​កម្ពុជា​យើង​មិនអាច​ឱ្យ​អ្នក​ជាប់​ពន្ធនាគារ​ទៅ​ធ្វើ​នយោបាយ ឬ​ទៅ​បោះឆ្នោត​បានទេ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា ការ​ចោទប្រកាន់ និង​សវនាការ​លើ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០​នាក់​នោះ គឺជា​យុទ្ធសាស្ត្រ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​កម្ចាត់​កម្លាំង​ដែល​នៅ​សេសសល់​ចុងក្រោយ​របស់​គណបក្សប្រឆាំង​នៅ​គ្រប់​ទីកន្លែង​។ គោលដៅ​ធំ​បំផុត​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​បំភ័យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​មិន​ឱ្យ​វិល​ចូល​កម្ពុជា​វិញ និង​ធ្វើ​ឱ្យ​សកម្មជន​នៅក្នុង​ស្រុក​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។ អង្គការ​អន្តរជាតិ​ដដែល​វាយ​តម្លៃ​ថា យុត្តិធម៌​ក្នុង​រឿង​នេះ​មិនអាច​កើតមាន​នោះ​ទេ ព្រោះ​តុលាការ​កម្ពុជា​គ្រាន់តែ​ជា​ឧបករណ៍​លេងសើច និង​ចាំ​ស្តាប់​តែ​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅតែ​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដោះលែង​សកម្មជន​ទាំងឡាយ​ដែល​កំពុង​ជាប់​ឃុំ ដើម្បី​ស្ដារ​ស្ថានការណ៍​ស្រុក​ទេស​ឡើង​វិញ ពីព្រោះ​មានតែ​បែបនេះ​ទេ ទើប​កម្ពុជា​អាច​បោះជំហាន​ទៅ​រក​ការ​ឯកភាព​ជាតិ និង​ចៀស​ផុត​ពី​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៕

1 comment:

Anonymous said...

How smart is the evil Vietnam ?

Khmer people in the whole country, this international thief Vietnam found a half man half animal named Hun Sen to implement Vietnam's plan to absorb Cambodia.
And it works beautifully because Ah Hun Sen has complied and given in to all Yuon's demands, including the catastrophic K5 project.