Monday, 9 August 2021

ជនជាតិ​ដើម​ភាគតិច​ប្រឈម​បាត់​អត្តសញ្ញាណ​ព្រោះ​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្តល់​ដី​សមូហភាព


Khmer Circle

With their communal forests decimated and farm lands seized off them, we ask: "Are they not humans too?" Where are their defenders and 'associations' to fight on their behalf when their entities and liverlihoods are being undermined and threatened?

Don't forget that their parents and grand parents were among the first to have been recruited by the Vietcongs and their KR allies owing to their remote, semi-autonomous geography and existence and, ultimately helping pave the way for the current regime to be installed in power. 

Their reward? 'Thank you Peace'! 

🔺🔺🔺

ដោយ ជីវិតា
2021-08-08 rfa
ជនជាតិ​ដើម​ភាគតិច​ប្រឈម​បាត់​អត្តសញ្ញាណ​ព្រោះ​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្តល់​ដី​សមូហភាព 

ជនជាតិ​ដើម​ភាគ​តិច នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ជាតិ​អន្តរជាតិ លើក​ទី​២៤ នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ខែត្រ​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨។
រូប​សហគមន៍


ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​ការបាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន ដោយសារតែ​ដំណើរការ​ដ៏​យឺតយ៉ាវ​នៃ​នីតិវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​របស់​រដ្ឋាភិបាល​។ តំណាង​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​មួយ​នេះ ដើម្បី​លើកស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។ មន្ត្រី​រដ្ឋាភិបាល​បកស្រាយ​ថា ភាព​យឺតយ៉ាវ​នេះ​បង្កឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។

តំណាង​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​សម្រួល​នីតិវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដើម្បី​ជួយ​ពួកគាត់​ក្នុង​ការ​រក្សា​ដី​កំណើត រួម​ទាំង​អត្តសញ្ញាណ ប្រពៃណី វប្បធម៌ និង​ជំនឿ​របស់​ពួកគាត់​ផង​ដែរ។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR) ពិនិត្យ​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ការបាត់បង់​ដី បើ​ពួកគាត់​មិន​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ទេ​នោះ​។ ក៏ប៉ុន្តែ​ដំណើរការ​ធ្វើ​ប័ណ្ណ​នេះ មាន​ភាពស្មុគស្មាញ​ខ្លាំង ចំណាយ​អស់​ថវិកា​ច្រើន និង​ប្រើ​ពេលវេលា​ច្រើន​ឆ្នាំ​ទៀត​ផង។


ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​បង្ហោះ​វីដេអូ និង​សារ​អំពី​បញ្ហា​នេះ​ជា​បន្តបន្ទាប់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​។ ស្ថាប័ន​ដដែល​វាយតម្លៃ​ថា តាម​អត្រា​ប្រចាំឆ្នាំ​បច្ចុប្បន្ន កម្ពុជា​ត្រូវ​ប្រើ​ពេល​ប្រហែល ១​រយ​ឆ្នាំ (១០០)​ទៀត ទើប​អាច​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​របស់​ពួកគាត់៖ «​បើ​រយៈពេល ១០០​ឆ្នាំ​មែន គឺ​វា​យូរណាស់ ហើយ​ការ​ផ្លាស់ប្ដូរ​ជាច្រើន​អាច​នឹង​កើតឡើង ដូច្នេះ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​ក៏​អាច​នឹង​ត្រូវ​បាត់បង់​ដែរ​។ ដូចនេះ​ហើយ វា​ទាមទារ​ឱ្យ​យើង​ពិនិត្យ​ឡើងវិញ​លើ​ដំណើរការ​នេះ​។ បង្កើត​ការសន្ទនា និង​ស្វែងរក​ដំណោះស្រាយ ធ្វើ​យ៉ាងណា​ដើម្បី​ធានា​ឱ្យ​បាន​ថា ដំណើរការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​នេះ មាន​ភាព​ងាយស្រួល លឿន ប្រកបដោយ​បរិយាប័ន្ន និង​មាន​ប្រសិទ្ធភាព​ជាង​មុន»។

កម្ពុជា​មាន​ជនជាតិ​ដើម​ភាគតិច​ប្រមាណ ៤៥៥​សហគមន៍ ប៉ុន្តែ​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ មានតែ ៣០​សហគមន៍​ប៉ុណ្ណោះ ដែល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​។ នេះ​គឺ​ដោយសារតែ​ការចុះបញ្ជី​ដី​សមូហភាព​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល និង​ច្រើន​ស្ថាប័ន។

ជំហាន​ដំបូង សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវ​ស្នើសុំ​ការ​ទទួល​ស្គាល់ និង​បញ្ជាក់​ភាព​ត្រឹមត្រូវ​នៃ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ បន្ទាប់​ពី​មានការ​ទទួលស្គាល់​អត្ត​សញ្ញាណ​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​រួច​ហើយ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវ​ស្នើសុំ​ចុះបញ្ជី​ជា​នីតិបុគ្គល​នៅ​ក្រសួង​មហាផ្ទៃ​បន្ត​ទៀត ដើម្បី​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ស្របតាម​ច្បាប់​ភូមិបាល​ឆ្នាំ ២០0១​។ ចុង​ក្រោយ ទើប​សហគមន៍​អាច​ស្នើសុំ​ចុះបញ្ជី​ដី​សមូហភាព​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

នៅ​ក្នុង​ដំណាក់កាល​នីមួយៗ​នេះ មាន​នីតិវិធី​ស្មុគស្មាញ​ជាច្រើន​ទៀត ដូចជា​ការ​ជួប​ប្រជុំ ការកំណត់​បែបបទ និង​លក្ខន្តិកៈ​នានា ការ​បំពេញ​ឯកសារ​ច្រើន​ប្រភេទ ការ​ស្នើ​សុំ​ទទួលស្គាល់​ពី​អាជ្ញាធរ​តាំងពី​ថ្នាក់​ឃុំ​ដល់​ថ្នាក់​ខេត្ត ការវាស់វែង​តាម​លក្ខណៈ​បច្ចេកទេស និង​ការពិនិត្យ​សម្រេច​ពី​ស្ថាប័ន​ជំនាញ ជាដើម។

ឯកសារពិគ្រោះ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ចេញផ្សាយ​កាលពី​ចុងឆ្នាំ​២០២០ ឱ្យ​ដឹង​ថា ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​មួយ អាច​ប្រើ​​​ពេល​រហូតដល់​ជិត ១០​ឆ្នាំ និង​ចំណាយ​ថវិកា​រហូតដល់​ជិត ១០​ម៉ឺន​ដុល្លារ។

ក្រៅពី​មាន​នីតិវិធី​ស្មុគស្មាញ​ច្រើន​ហើយ​នោះ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច មាន​ឧបសគ្គ​ចម្បង​មួយទៀត គឺ​កត្តា​នយោបាយ។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​លោក ប៉ឹក សោភ័ណ មាន​ប្រសាសន៍​ថា កត្តា​នយោបាយ​នេះ​ចែក​ជា​ពីរ​ចំណុច​សំខាន់​។ លោក​ថា ទីមួយ​រដ្ឋាភិបាល​ហាក់​ឱ្យ​តម្លៃ​លើ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ជាជាង​ការចុះបញ្ជី​ដី​សមូហភាព​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។ ចំណែក​ទី​ពីរ​វិញ លោក​ថា អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​រើសអើង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មិន​គាំទ្រ​គណបក្ស​កាន់អំណាច៖ «​រាជរដ្ឋាភិបាល​ប្រកាន់​យក​គោល​នយោបាយ​អភិវឌ្ឍ​បែប​វិស័យ​កសិ-​ឧស្សាហកម្ម គឺ​វា​ប៉ះពាល់​ទៅដល់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​លោក​ធ្លាប់​បាន​ប្រើ​តាម​បែប​ប្រពៃណី​តាំងពី​យូរយារ​ណាស់​មក​ហើយ​។ រឿង​ទី​ពីរ ជា​រឿង​ប្រកាន់​នូវ​និន្នាការ​នយោបាយ គឺ​សំដៅ​ថា សហគមន៍​នៅ​តំបន់​នេះ​មួយ តំបន់​នោះ​មួយ មាន​និន្នាការ​នយោបាយ​ទៅ​គណបក្ស​នេះ ទៅ​គណបក្ស​នោះ​។ ហើយ​រាជរដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ ក៏​ប្រកាន់​យកគំនិត​ថា សហគមន៍​ហ្នឹង​ចុះបញ្ជី​ដី​ទៅ​នឹង​បង្កើត​ជា​តំបន់អបគមន៍​ជាដើម ដូច្នេះហើយ​បានជា​ដំណើរការ​ហ្នឹង​វា​ធ្វើ​ឱ្យ​កាន់តែ​រាំងស្ទះ»។

ករណី​រើសអើង​ផ្នែក​នយោបាយ​នេះ ហាក់​កើតឡើង​ទៅលើ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេរ​ខេត្តព្រះវិហារ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​នៅ​តំបន់​អារ៉ែង ខេត្ត​កោះកុង។ សហគមន៍​ទាំងពីរ​នេះ មួយ​ជា​សហគមន៍​ដែល​ធ្លាប់​គាំទ្រ​គណបក្សប្រឆាំង និង​មួយទៀត​ជា​សហគមន៍​ដែល​តវ៉ា​ប្រឆាំង​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការសាងសង់​ទំនប់វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង។ សហគមន៍​ទាំងពីរ​នេះ​បាន​ស្វះស្វែង​ជា​ខ្លាំង​ដើម្បី​ចុះ​បញ្ជី​ដី​សមូហភាព ប៉ុន្តែ​ជាច្រើន​ឆ្នាំ​មក​នេះ មិន​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ​។ ករណី​ស្រដៀង​គ្នា​នេះ ក៏​កើតឡើង​នៅ​តាម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ក្នុង​ភូមិភាគ​ឥសាន​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បាន​ច្រានចោល​ការ​លើក​ឡើង​ទាំងនេះ​។​

សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន ថ្លែង​ថា រដ្ឋាភិបាល​យកចិត្តទុកដាក់​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច តាមរយៈ​ការ​ទទួល​ស្គាល់​សហគមន៍ និង​ការចុះបញ្ជី​ដី​កម្មសិទ្ធិ​សមូហភាព​ជូន​ពួកគាត់​ជា​បន្តបន្ទាប់​។ លោក​បក​ស្រាយ​ថា ភាព​យឺតយ៉ាវ​នៃ​នីតិវិធី​មួយចំនួន​ក្នុង​ដំណើរ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​នេះ គឺ​ដោយសារតែ​ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩​។ លោក​បន្ថែម​ថា ការ​ចុះបញ្ជី​ដី​សមូហភាព​នេះ ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​បំពេញ​ការងារ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​នីតិវិធី​របស់​ខ្លួន មិនមែន​ធ្វើ​តាម​ការ​ចង់បាន​របស់​បុគ្គល ឬ​ក្រុម​ណាមួយ​នោះ​ទេ៖ «​នៅក្នុង​កិច្ចការ​នេះ យើង​មិនអាច​វាយតម្លៃ​អ្វី​ដែល​យើង​ស្នើ យើង​ចង់បាន​រហ័ស​តាម​ការ​ចង់​បាន​របស់​យើង​នោះ​ទេ ពីព្រោះ​សំណើ​របស់​សហគមន៍​នីមួយៗ គណៈកម្មការ​ជំនាញ មន្ត្រី​ជំនាញ​ត្រូវការ​សិក្សា វាយតម្លៃ​នូវ​ធាតុ​ពិត នូវ​ការ​កាន់​កាប់​ជាក់ស្តែង នូវ​គោលបំណង​នៃ​សហគមន៍​ទាំងនោះ និង​កម្មវត្ថុ​ជា​ចម្បង​។ អ៊ីចឹង​យើង​ត្រូវ​មាន​ដំណាក់កាល​តាម​បែប​បទ​រដ្ឋបាល បច្ចេកទេស តាម​បែបបទ​ទទួលស្គាល់​នូវ​ដី​កម្មសិទ្ធិសហគមន៍​ទាំងអស់​នោះ»។

ប៉ុន្តែ​ការ​បកស្រាយ​បែបនេះ​របស់​មន្ត្រី​រដ្ឋាភិបាល ត្រូវ​បាន​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចាត់ទុកថា ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​លេស​ដោះសា។

អ្នក​ប្រឹក្សា​យោបល់​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ឱ្យ​ដឹង​ថា សហគមន៍​ខ្លះ​បាន​បំពេញ​នីតិវិធី និង​ស្នើសុំ​ចុះបញ្ជី​ដី​សមូហភាព​ជាង ១០​ឆ្នាំ​មក​ហើយ មិនមែន​ទើប​ធ្វើ​នៅ​ឆ្នាំ​២០២០ ពេល​ផ្ទុះ​ជំងឺ​កូវីដ​-១៩ នោះ​ទេ​។ លោក​យល់​ថា រដ្ឋាភិបាល​មិន​បាន​គិតគូរ​ពិតប្រាកដ​ពី​សុខទុក្ខ និង​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​នោះ​ឡើយ តែ​ចង់​ទុក​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​ច្រើនជាង​។ លោក​ថ្លែង​ទៀត ការ​ចុះបញ្ជី​ដី​សមូហភាព​ឱ្យ​សហគមន៍​មួយចំនួន​នា​ពេល​កន្លង​ទៅ​នោះ រដ្ឋាភិបាល​ហាក់​ធ្វើ​ដើម្បី​យក​ទៅ​អួត​ម្ចាស់​ជំនួយ និង​សរសេរ​របាយការណ៍​ថា​ខ្លួន​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​តែ​ប៉ុណ្ណឹង​ឯង៖ «​បើ​គាត់​(​រដ្ឋាភិបាល​)​គិត គាត់​មិន​បណ្ដែតបណ្ដោយ​រហូតដល់​ថ្ងៃ​ហ្នឹង​ទេ ចុះបញ្ជី​បានតែ​ប៉ុន្មាន​សហគមន៍​ហ្នឹង​ទេ​។ អ៊ីចឹង​គាត់​រំលោភសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​រួច​បាត់​ទៅ​ហើយ​។ រាល់ថ្ងៃ គាត់​គិត​បានតែ ១%​ទេ​។ គាត់​គិត​ដើម្បី​អ្វី​? គឺ​គាត់​គិត​ដើម្បី​មាន​ម្ចាស់​ជំនួយ ឬ​អ្នក​ឧបត្ថម្ភ​ពី​មជ្ឈដ្ឋាន​នេះ មជ្ឈដ្ឋាន​នោះ​។ បើ​និយាយ​ឱ្យ​ចំ​មានន័យថា គាត់​ធ្វើស្រែ​លើ​ខ្នង​ជនជាតិ​ដើម​ភាគតិច​តែម្តង»។

សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ចែងថា «​ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ជា​ម្ចាស់ ប្រើប្រាស់ អភិវឌ្ឍ និង​គ្រប់គ្រង​ដីធ្លី ដែនដី និង​ធនធាន​ដែល​ខ្លួន​មាន ដោយសារ​ហេតុផល​នៃ​កម្មសិទ្ធិ​ជា​ប្រពៃណី ឬ​ការ​កាន់កាប់ ឬ​ការប្រើប្រាស់​ជា​ប្រពៃណី​ដទៃទៀត​។ រដ្ឋ​នីមួយៗ​ត្រូវ «​ទទួលស្គាល់ និង​ការពារ​តាមផ្លូវ​ច្បាប់​ចំពោះ​ដីធ្លី ដែនដី និង​ធនធាន​នានា​ដោយ​គោរព​យ៉ាង​ត្រឹមត្រូវ​ចំពោះ​ទំនៀមទម្លាប់ ប្រពៃណី និង​ប្រព័ន្ធ​កាន់កាប់​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ពាក់ព័ន្ធ»។

អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​តាម​លិខិតុបករណ៍​ជាតិ និង​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ ក្នុង​បរិបទ​នេះ ការសម្រួល​នីតិវិធី និង​ពន្លឿន​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច គឺជា​រឿង​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ។

ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​កែទម្រង់​ជាច្រើន​ចំណុច​ដល់​រដ្ឋាភិបាល​នៅក្នុង​ឯកសារពិគ្រោះ​ចេញផ្សាយ​កាលពី​ចុងឆ្នាំ ២០២០​។ ក្នុង​នោះ​ចំណុច​សំខាន់​ជាងគេ គឺ​ការកែទម្រង់​ច្បាប់ និង​បែបបទ​រដ្ឋបាល​ថ្មី ដែល​អាច​ជួយ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ចូលរួម​ប្រកបដោយ​ផ្លែផ្កា​នៅក្នុង​ដំណើរ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​។ ជាមួយ​គ្នា​នេះ ស្ថាប័ន​ដដែល​អំពាវនាវ​ដល់​គ្រប់​ភាគី​ឱ្យ​គាំទ្រ​ការសម្រួល​នីតិវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​នេះ ដើម្បី​រក្សា​ដី​ជនជាតិ​ដើម​ភាគតិច​។ ការ​រក្សា​ដី​ជនជាតិ​ដើម​ភាគតិច មានន័យ​ស្មើនឹង​ការ​រក្សា​អត្តសញ្ញាណ ប្រពៃណី វប្បធម៌ និង​ជំនឿ​របស់​ពួកគាត់​យ៉ាង​ដូច្នេះ​ដែរ៕

No comments: